Ba Ria - Vung Tau អភិវឌ្ឍកសិកម្មបច្ចេកវិទ្យាខ្ពស់តាមទិសដៅនិរន្តរភាព
(VOVWORLD) - កសិកម្មបច្ចេកវិទ្យាខ្ពស់ត្រូវបានកំណត់ជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភសេដ្ឋកិច្ចទាំងបួនរបស់ខេត្ត Ba Ria - Vung Tau យោងតាមសេចក្តីសម្រេចចិត្តរបស់បក្សភាគខេត្ត នីតិកាលទី VII អណត្តិឆ្នាំ ២០២០-២០២៥។ នាពេលថ្មីៗនេះ បើទោះបីជារងផលប៉ះពាល់ជាច្រើនពីបម្រែបម្រួលអាកាសធាតុ និងបញ្ហាប្រឈមពីការធ្វើសមាហរណកម្មក៏ដោយ ក៏ Ba Ria - Vung Tau នៅតែផ្តោតការយកចិត្តទុកដាក់អនុវត្តស្របតាមទិសដៅដែលបានដាក់ចេញ ហើយជាជំហានដំបូងសម្រេចបានលទ្ធផលជាវិជ្ជមាន ដោយបានបញ្ជាក់និងលើកកំពស់តួនាទីរបស់កសិកម្មបច្ចេកវិទ្យាខ្ពស់ក្នុងការអភិវឌ្ឍន៍ខេត្ត។
សហករណ៍កសិកម្ម Xuan Truong នៅឃុំ Binh Ba ស្រុក Chau Duc ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០២ ដោយមានផ្ទៃដីដាំស្រកានាគចំនួន ១២ហិកតា។ ដំបូងឡើយ សហករណ៍បានចលនាសមាជិកផលិតតាមវិធីសាស្ត្រ “អនុវត្តផលិតកម្មកសិកម្មល្អនៅវៀតណាម” (VietGap) និងស្តង់ដារអន្តរជាតិ Global Gap ដើម្បីរក្សាស្ថិរភាពនៃការបញ្ចេញលក់ ដោយមិនពឹងផ្អែកលើឈ្មួញកណ្តាលឡើយ។ នៅចុងឆ្នាំ ២០២១ ដោយសារតែតម្រូវការកាន់តែតឹងរ៉ឹងរបស់បណ្តាប្រទេស ជាពិសេសទីផ្សារអាមេរិក សហករណ៍កសិកម្ម Xuan Truong បានសហការជាមួយសហករណ៍ផ្សេងទៀតក្នុងតំបន់ ដើម្បីណែនាំប្រជាជនឱ្យផលិតតាមស្តង់ដារសរីរាង្គ ចូលរួមក្នុងកម្មវិធី “ឃុំមួយផលិតផលមួយ” (OCOP) ធានាប្រាក់ចំណូលសម្រាប់សមាជិកសហករណ៍។ លោក Trinh Van Tien សមាជិកនៃសហករណ៍កសិកម្ម Xuan Truong បានឲ្យដឹងថា៖ “សមាជិកសហករណ៍កំពុងខិតខំ រួមគ្នាដើម្បីនាំយកផលិតផលទៅកាន់ទីផ្សារ។ បច្ចុប្បន្ននេះ សហករណ៍កំពុងកាត់បន្ថយថ្នាំការពាររុក្ខជាតិ ដាក់ជីជីវសាស្រ្តតាមទិសដៅសរីរាង្គ មិនប្រើប្រាស់សារធាតុគីមីច្រើន។ យើងមានតំបន់ដាំដុះចំនួន ៤ ហើយតំបន់នីមួយៗប្រមូលផលបាន ៤ តោន។ បច្ចុប្បន្ន តម្លៃមានស្ថិរភាព ប្រាក់ចំណូលខ្ពស់ ហើយជាទូទៅគឺខ្ពស់ជាងដាំម្រេចទៀត ។
គំរូចិញ្ចឹមបង្គាអនុវត្តបច្ចេកវិជ្ជាខ្ពស់នៅសហករណ៍ Cho Ben ស្រុក Long Dien។ រូបថត៖ Gia Khang |
ដោយមានគោលការណ៍គាំទ្រការអភិវឌ្ឍន៍កសិកម្មបច្ចេកវិជ្ជាខ្ពស់របស់ខេត្ត Ba Ria - Vung Tau សហករណ៍កសិកម្មបច្ចេកវិទ្យាខ្ពស់ Long Thanh Phat ខេត្ត Dong Nai បានវិនិយោគក្នុងទឹកប្រាក់ចំនួន៨០ពាន់លានដុង (៣,៣លានដុល្លារអាមេរិក) ដើម្បីចិញ្ចឹមមាន់ឧស្សាហកម្មនៅឃុំ Hoa Hoi ស្រុក Xuyen Moc ខេត្ត Ba Ria - Vung Tau។ លោក Le Van Quyet ប្រធានក្រុមប្រឹក្សាភិបាល នាយកសហករណ៍កសិកម្មបច្ចេកវិទ្យាខ្ពស់ Long Thanh Phat បានឲ្យដឹងថា បើប្រៀបធៀបនឹងកសិកម្មបែបប្រពៃណី បច្ចុប្បន្ននេះ អត្រានៃការបាត់បង់ពូជមានកម្រិតទាប ហើយផលិតភាពកើនឡើងជិត ៣ដង ដោយមានប្រាក់ចំណូលជិត ៥០ពាន់លានដុង (២លានដុល្លារ) ក្នុងមួយឆ្នាំ៖ “ការចិញ្ចឹមមាន់បែបនេះពិតជាល្អសម្រាប់បរិស្ថាន មានផលិតភាពខ្ពស់ ហើយជាពិសេសមាន់មិនកើតជំងឺច្រើនទេ។ ចិញ្ចឹមតាមរបៀបនេះ យើងអាចគ្រប់គ្រង "មីក្រូអាកាសធាតុក្នុងទ្រុង" ពោលគឺយើងអាចបំពេញតម្រូវការតាមអាយុកាលរបស់សត្វមាន់ ដូច្នេះទើបមាន់កើតជំងឺតិច និងផលិតភាពខ្ពស់”។
មកទល់នឹងពេលនេះ ខេត្ត Ba Ria - Vung Tau បានទាក់ទាញអាជីវកម្ម វិនិយោគិន អង្គការ និងបុគ្គលចំនួន ៤៨៤ ឱ្យចូលរួមក្នុងវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់។ ក្នុងនោះ មានអាជីវកម្មនិងគ្រឹះស្ថានផលិតកម្មដំណាំដាំដុះចំនួន ៣៤២ កសិដ្ឋានចិញ្ចឹមសត្វចំនួន ១២៧ និងអាជីវកម្មដែលវិនិយោគលើវិស័យជលផលចំនួន ១៧ ។
ស្រុក Chau Duc គឺជាតំបន់ដែលត្រូវបានជ្រើសរើសដោយខេត្ត Ba Ria - Vung Tau ដើម្បីសាកល្បងផលិតកម្មកសិកម្មបច្ចេកវិទ្យាខ្ពស់។ រហូតមកដល់ពេលនេះ មានគំរូប្រកបដោយប្រសិទ្ធភាពជាច្រើននៅក្នុងតំបន់; ផលិតផលពីកម្មវិធីបច្ចេកវិទ្យាខ្ពស់ស្រូកយក ៤០% នៃសេដ្ឋកិច្ចក្នុងស្រុក។ លោក Nguyen Tan Ban ប្រធានគណៈកម្មាធិការប្រជាជនស្រុក Chau Duc បានឲ្យដឹងថា ៖ “នាពេលខាងមុខ ស្រុក Chau Duc នឹងផ្តោតលើផលិតកម្មកសិកម្មបច្ចេកវិទ្យាខ្ពស់ តាមទិសដៅនៃការតភ្ជាប់ខ្សែសង្វាក់តម្លៃ និងផ្តោតលើការនាំចេញដើម្បីបង្កើនតម្លៃ។ តាមនោះ នឹងជួយប្រជាកសិកររកប្រាក់ចំណេញលើផ្ទៃដីកសិកម្ម ៨.០០០ ហិកតា ក្នុងស្រុកនាពេលអនាគត”។
ការប្រមូលផលផ្លែមាននៅស្រុក Dat Do។ រូបថត៖ Gia Khang |
យោងតាមលោកស្រី Le Thi Trang Dai ប្រធានគណៈកម្មាធិការប្រជាជនស្រុក Xuyen Moc បានឲ្យដឹងថា មុនពេលអភិវឌ្ឍន៍ទេសចរណ៍ Xuyen Moc គឺជាដីកសិកម្មសុទ្ធសាធ។ បន្ទាប់ពីសេចក្តីសម្រេចចិត្តលេខ ៩ របស់គណៈកម្មាធិការបក្សខេត្ត Ba Ria - Vung Tau បានរៀបចំផែនការតំបន់ផលិតកម្មកសិកម្មបច្ចេកវិទ្យាខ្ពស់ក្នុងការដាំដំណាំកៅស៊ូ ម្រេច និងដើមឈើហូបផ្លែ ដំណាក់កាល ២០២០-២០២៥ ហើយជាជំហានដំបូង ផលិតផលទាំងនេះបានកសាងពាណិជ្ជសញ្ញាប្រកបដោយកិត្យានុភាព៖ “Xuyen Moc បានរៀបចំផែនការអនុវត្តបច្ចេកវិទ្យាខ្ពស់ពីតំបន់និងមណ្ឌុលសម្រាប់ផលិតកម្មកសិកម្មបច្ចេកវិជ្ជាខ្ពស់ ហើយដំបូងឡើយមានគំរូ និងសហករណ៍ដែលបានធានាការបញ្ចេញលក់។ លើសពីនេះ នៅ Xuyen Moc មានគំរូកម្មវិធីជាច្រើនរបស់ Viet Gap, Life Gap ដូចជាផ្លែមាន Nhan Tam ផលិតផលម្រេច Bau May ជាដើម”។
ក្នុងដំណាក់កាល ២០២១-២០២៥ Ba Ria - Vung Tau មានបំណងនាំយកសមាមាត្រផលិតកម្មកសិកម្មបច្ចេកវិទ្យាខ្ពស់ឡើងដល់ជាង ៥០% នៃតម្លៃផលិតកម្មកសិកម្មសរុប។ យ៉ាងហោចណាស់មានតំបន់ចំនួន ១០ និងសារជីវកម្មបច្ចេកវិទ្យាខ្ពស់ចំនួន៥។ ១០០% នៃផ្ទៃដីដែលបានរៀបចំផែនការសម្រាប់អភិវឌ្ឍកសិកម្មបច្ចេកវិទ្យាខ្ពស់ត្រូវបានយកមកវិញ ដើម្បីអនុវត្តន៍គម្រោងផលិតកម្ម។ ជាមួយនឹងគោលដៅនេះ Ba Ria - Vung Tau នឹងបន្តលើកកម្ពស់ប្រកបដោយប្រសិទ្ធភាពនូវគំរូកម្មវិធីបច្ចេកវិទ្យាខ្ពស់ រួមចំណែកដល់ការអភិវឌ្ឍន៍ផលិតកម្មកសិកម្មប្រកបដោយនិរន្តរភាព នាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់សហករណ៍ អាជីវកម្ម និងប្រជាកសិករ៕