Can Cau - ប្រជុំផ្សារក្របីធំបំផុតនៅភាគពាយព្យ

(VOVWORLD) - រៀងរាល់ព្រឹកថ្ងៃសៅរ៍ នៅក្បែរផ្លូវជាតិលេខ ១៥៣ ចំណុះឃុំ Can Cau ស្រុក ព្រៃភ្នំ Si Ma Cai ខេត្ត Lao Cai គឺមានសភាពអ៊ូអរ សប្បាយរីករាយ ដោយមានប្រជុំផ្សារលក់ក្របីធំបំផុតនៅបណ្ដាខេត្តព្រៃភ្នំភាគខាងជើង។ មិនត្រឹមតែមានឈ្មួញមកទិញ និងលក់ក្របីប៉ុណ្ណោះទេ ថែមទាំងមានបងប្អូនជនជាតិ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានអញ្ជើញមកទស្សនា សម្របខ្លួនទៅក្នុងបរិយាកាសរហោស្ថាន ដែលពោរពេញទៅដោយអត្ថសញ្ញាណវប្បធម៌ជនជាតិដែលមានតាំងពីយូរលង់មកហើយនៅតំបន់ព្រៃភ្នំភាគពាយព្យនេះផងដែរ។
Can Cau - ប្រជុំផ្សារក្របីធំបំផុតនៅភាគពាយព្យ - ảnh 1ទិដ្ឋភាពនៅប្រជុំផ្សារក្របីធំបំផុតនៅភាគពាយព្យ

ធ្វើដំណើរពីទីរួមស្រុក Bac Ha តាមបណ្តោយផ្លូវលេខ ១៥៣ ប្រមាណ ៣០ គីឡូម៉ែត្រគឺមកដល់ប្រជុំផ្សារក្របី Can Cau ឃុំCan Cau ស្រុក Si Ma Cai ខេត្ត Lao Cai ហើយ។ ប្រជុំផ្សារ Can Cau ស្ថិតនៅក្នុងលំហដែលព័ទ្ធជុំវិញដោយវាលស្រែជម្រាលភ្នំដ៏ធំល្ងឹងល្វើយ។ ផលិតផលគ្រប់ប្រភេទត្រូវបានប្រជាជននាំយកមកលក់នៅទីនេះ ចាប់ពីសំលៀកបំពាក់ចរបាប់ ដែលបានត្បាញចេញពីបាតដៃដ៏ប៉ិនប្រប់របស់ស្ត្រី រហូតដល់សត្វព្រៃ ទំពាំង ឬឧបករណ៍ប្រើប្រាស់ដូចជា ចប កណ្ដៀវ ស្បែកជើងសម្រាប់ការងារភ្ជួររាស់ និងធ្វើកសិកម្ម។ តំបន់ដោះដូរនិងលក់ដូរក្របីមាន ស្ថិតនៅដាច់ដោយឡែកលើផ្ទៃដីដ៏ធំមួយ។ នៅទីនោះមានសត្វក្របីរាប់រយក្បាលមកពីស្រុក Bac Ha  Muong Khuong  នៅខេត្ត Lao Cai  ឬមកពី ស្រុក Sin Man  Hoang Su Phi នៅខេត្ត Ha Giang ដែលត្រូវបានប្រជាជននាំយកមកលក់។ នៅប្រជុំផ្សារនេះ មានលក់ក្របីគ្រប់ប្រភេទ ដូចជាក្របីពូជ ក្របីពេញវ័យសម្រាប់បម្រើការភ្ជួររាស់ ឬប្របីយកសាច់។

អតិថិជនដែលមកប្រជុំផ្សារទិញក្របីច្រើនតែ ជ្រើសរើសដោយយកចិត្តទុកដាក់ ហើយពេលខ្លះពួកគេទៅផ្សារច្រើនដង ប៉ុន្តែរកមិនទាន់បានក្របីណាគួរអោយពេញចិត្តឡើយ។ ចំណែកអ្នកលក់ក្របីវិញ ក៏មិនប្រកដថា នឹងលក់បានក្របីទៅឲ្យអតិថិជនក្នុងតម្លៃសមរម្យក្នុងពេលប្រជុំផ្សារតែមួយដែរ។ ហេតុដូច្នេះហើយមានក្របីខ្លះអាចរកឃើញម្ចាស់ថ្មីក្នុងពេលប្រជុំផ្សារច្រើនដង។ លោក Lu Van Dao អ្នកលក់ក្របីម្នាក់មកពីឃុំ Na Hoi ស្រុក Bac Ha បានឲ្យដឹងថា៖ “នៅឆ្នាំនេះដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ បានជាបរិមាណក្របីសម្រាប់លក់មានការថយចុះ។ អស់រយៈពេលជាង ២០ ឆ្នាំមកហើយខ្ញុំមានវត្តមាននៅស្ទើរតែគ្រប់ពេលប្រជុំផ្សារទាំងអស់។ ប្រជាជននៅទីនេះ សុទ្ធតែចាត់ទុកសត្វក្របីគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ ប៉ុន្តែដោយសារត្រូវការប្រាក់ ទើបលក់តែប៉ុណ្ណោះ។ នាដើមឆ្នាំ ប្រជាជនតែងតែទិញក្របីសម្រាប់បម្រើការងារភ្ជួររាស់ពេញមួយឆ្នាំផងដែរ”។

Can Cau - ប្រជុំផ្សារក្របីធំបំផុតនៅភាគពាយព្យ - ảnh 2ទិដ្ឋភាពនៅប្រជុំផ្សារក្របីធំបំផុតនៅភាគពាយព្យ

ប្រជុំផ្សារ Can Cau ល្បីឈ្មោះសម្រាប់ភ្ញៀវទេសចរ ព្រោះថាប្រជុំផ្សារនេះបានបន្សល់ទុកនូវផ្នត់វប្បធម៌ប្រពៃណីដែលមានអាយុកាលរាប់រយឆ្នាំរបស់ជនជាតិ Mong  Hoa  Dao ខ្មៅ  Tay   Nung និង Day។ ទោះបីជាពេលប្រជុំផ្សារនេះបានបើកនៅថ្ងៃសៅរ៍ ជារៀងរាល់សប្ដាហ៍ ចាប់ពីម៉ោង ៦ ដល់ថ្ងៃត្រង់ក៏ដោយ ប៉ុន្តែ ពេលប្រជុំផ្សារCan Cau គឺជាលំហរវប្បធម៌សហគមន៍ ដែល តែងតែត្រូវបានបងប្អូនជនជាតិទន្ទឹងរង់ចាំ។ លោកស្រី Tran Thanh Linh ភ្ញៀវទេសចរម្នាក់មកពីខេត្ត Hai Duong បានសំណេះសំណាលថា៖ “ផ្សារ Can Cau មានលក្ខណៈដាច់ដោយឡែក ពោលគឺមិនសូវមានសភាពអ៊ូអរ ហើយនៅតែរក្សាបានលក្ខណៈសាមញ្ញដោយឡែក។ មកប្រជុំផ្សារនេះ ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីយរាយណាស់ ហើយថែមទាំងបានមើលឃើញនារីជនជាតិ ដែលបានស្លៀកពាក់សម្លៀកបំពាក់ដ៏ស្រស់ស្អាត។ តាំងពីរពេលព្រឹកមក ខ្ញុំបានទទួលទានម្ហូបអាហារ ប្រចាំតំបន់ជាច្រើនមុខ និងពិសារស្រារបស់ជនជាតិនៅទីនេះ”។

ចំពោះបងប្អូនជនជាតិនៅទីនេះ ពេលប្រជុំផ្សារ Can Cau គឺជាលំហរវប្បធម៌សហគមន៍ ដែលតែងតែត្រូវបានទន្ទឹងរង់ចាំ ហើយជាថ្ងៃជួបជុំសំណេះសំណាលជាមួយមិត្តភក្តិ និងបងប្អូន។ នាបច្ចុប្បន្ន ផ្សារCan Cau នៅតែរក្សាបានលក្ខណៈប្រពៃណីជាច្រើននៃពេលប្រជុំផ្សារនៅតំបន់ព្រៃភ្នំ ដូច្នេះទទួលបានការចាប់អារម្មណ៍របស់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។ ចំពោះកូនកំលោះ និងកូនក្រមុំវិញ នៅពេលប្រជុំផ្សារម្ដងៗក៏ជាឱកាសដើម្បីណាត់ជួបគ្នាដើម្បី បង្ហាញពីសេចក្ដីស្នេហា។ តាមរយៈពេលប្រជុំផ្សារនេះ មានគូស្រករជាច្រើនបានរៀបការ ហើយក្លាយទៅជាជាស្វាមី ភរិយានឹងគ្នាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ