Cao Bang - ទឹកដីបដិវត្តន៍វៀតណាម
(VOVWORLD) - Cao Bang គឺជាស្រុកកំណើតបដិវត្តន៍ ហើយកេរដំណែលនីមួយៗនៅទីនេះសុទ្ធតែបានផ្សារភ្ជាប់ ជាមួយនឹងដំណាក់កាលប្រវត្តិសាស្ត្រ នីមួយៗនៃបដិវត្តន៍ Cao Bang និយាយដោយឡែកនិងវៀតណាមនិយាយរួម។ទឹកដីនេះបានផ្សារភ្ជាប់ជាមួយនឹងកេរ្ក៍ឈ្មោះរបស់លោកប្រធានហូជីមិញនិងលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ជាមួយនឹងទីកន្លែងប្រវត្តិសាស្ត្រដែលមិនអាចបំភ្លេចបានដូចជារូងភ្នំ Coc Bo ព្រៃ Tran Hung Dao និងភ្នំ Bao Dong ជាដើម។
មណ្ឌលកេរដំណែលប្រវត្តិសាស្ត្រជាតិពិសេស Pac Bo (ស្ថិតនៅក្នុងភូមិសាស្ត្រឃុំ Truong Ha ស្រុក Ha Quang ខេត្ត Cao Bang) (រូបថត៖ baodantoc.vn) |
Cao Bang គឺជាទឹកដីដែលពោរពេញទៅដោយប្រពៃណីប្រវត្តិសាស្ត្រវប្បធម៌។យោងតាមតួរលេខស្ថិតិបានឲ្យដឹងថា មានកេរដំណែលចំនួន ២១៤ កន្លែង ក្នុងនោះ មានកេរដំណែលចំនួន ៣ ដែលត្រូវបានជាប់ចំណាត់ថ្នាក់ជាកេរដំណែលប្រវត្តិសាស្រថ្នាក់ជាតិពិសេសនោះគឺ មណ្ឌលប្រវត្តិសាស្ត្រជាតិពិសេស Pac Bo មណ្ឌលប្រវត្តិសាស្ត្រព្រៃ Tran Hung Dao និងមណ្ឌលកេរដំណែលប្រវត្តិសាស្ត្រជាតិពិសេស ទីកន្លែងជ័យជំនះព្រំដែនឆ្នាំ ១៩៥០ ។
ក្នុងដំណើរទៅទស្សនាទីកន្លែងបដិវត្តន៍នៅខេត្តCao Bang នោះ មណ្ឌលកេរដំណែលប្រវត្តិសាស្ត្រជាតិពិសេស Pac Bo (ស្ថិតនៅក្នុងភូមិសាស្ត្រឃុំ Truong Ha ស្រុក Ha Quang ខេត្ត Cao Bang) គឺជាទីកន្លែងដើមដំបូងដែលភ្ញៀវទេសចរបានអញ្ជើញទស្សនា។ ដោយមានចម្ងាយពីទីក្រុង Cao Bang ប្រមាណ ៥២ គីឡូម៉ែត្រតាមទិសខាងជើងនោះ Pac Bo តាមភាសា Tay Nung គឺមានន័យថា “ ប្រភពដើម” គឺជាទីកន្លែងដែលលោកប្រធានហូជីមិញបានបោះជំហានដំបូង វិលត្រឡប់មកមាតុភូមិវិញ នៅឆ្នាំ ១៩៤២ ក្រោយរយៈពេល ៣០ ឆ្នាំនៃការធ្វើដំណើរស្វែកមាគ៌ាសង្គ្រោះប្រទេសជាតិ។ អញ្ជើញមកទីនេះ ភ្ញៀវទេសចរមិនត្រឹមតែមានឱកាសស្វែងយល់អំពីដំណាក់កាលដ៏សំខាន់មួយ ក្នុងជីវិតធ្វើសកម្មភាពរបស់លោកប្រធានហូជីមិញ និងបដិវត្តន៍វៀតណាមប៉ុណ្ណោះទេ ថែមទាំងមានឱកាសទស្សនាផ្ទាំងគំនូរទេសភាពដ៏ស្រស់បំព្រងទៀតផង។ មណ្ឌលកេរដំណែល Pac Bo ត្រូវបានរដ្ឋទទួលស្គាល់ជាកេរដំណែលជាតិពិសេសនៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០១២។ អ្នកស្រី Be Thi Mai អ្នក ថែរក្សាវិមានធ្វើសក្ការបូជាលោកប្រធានហូជីមិញបានឲ្យដឹងថា៖ “នៅពេលអញ្ជើញមកទស្សនាទីនេះ មានយុទ្ធជនពិការ ដែលមានស្នាមរបួសលើរាងកាយមួយចំនួន នៅតែខិតខំប្រឹងប្រែងទៅទស្សនាកេរដំណែលទាំងមូល ដែលផ្សារភ្ជាប់ជាមួយលោកប្រធានហូជីមិញ នៅពេលលោកធ្វើសកម្មភាពនៅទីនេះកាលពីអតីតកាល។ នៅពេលអញ្ជើញមកដល់មាត់រូងភ្នំ ដែលជាទីកន្លែងស្នាក់នៅរបស់លោកនោះ ក្រុមពូមីងបានស្រក់ទឹកភ្នែក ដោយមានអារម្មណ៍អាណិតអាសូរលោកប្រធានហូជីមិញ។ ពូមីងបានរៀបរាប់ថា កាលពីអតីតកាល ពួកគេរងការធ្វើទារុណកម្មយ៉ាងឃោរឃៅណាស់ ប៉ុន្តែការឈឺចាប់លើរាងកាយនៅពេលពួកគេជាអ្នកទោសនយោបាយ គឺមិនអាចប្រៀបប្រដូចជាការលំបាករបស់លោកប្រធានហូជីមិញនៅទីនេះបានឡើយ” ។
បន្តដំណើរ ភ្ញៀវទេសចរបានអញ្ជើញទៅទស្សនាមណ្ឌលប្រវត្តិសាស្ត្រព្រៃ Tran Hung Dao (មានទីតាំងស្ថិតនៅក្រោមជើងភ្នំ Slam Cao ចំណុះឃុំ Tam Kim និងឃុំ Hoa Tham ស្រុក Nguyen Binh ខេត្ត Cao Bang) ។ នេះគឺជាទីកន្លែងដែលផ្សារភ្ជាប់ជាមួយជីវិតនិងបុព្វហេតុធ្វើសកម្មភាពបដិវត្តន៍របស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ។ នៅទីកន្លែងនេះកាលពី ៧៧ ឆ្នាំមុន ពោលគឺនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤ នៅក្នុងព្រៃ Tran Hung Dao នោះ លោក Vo Nguyen Giap បានប្រកាសបង្កើតក្រុមវៀតណាមឃោសនារំដោះកងទ័ព (នាបច្ចុប្បន្នគឺកងទ័ពប្រជាជនវៀតណាម)។ ភ្ញៀវទេសចរនឹងបានទស្សនាផ្ទាល់ភ្នែកពីទីកន្លែងធ្វើសកម្មភាពប្រចាំថ្ងៃពីការហូបចុក ការរស់នៅ រហូតដល់ការសិក្សារៀនសូត្រ របស់ក្រុម។ ទន្ទឹមនឹងនេះ ភ្ញៀវទេសចរនឹងបានទស្សនាទីកន្លែងដែលប្រព្រឹត្តិទៅការវាយប្រហារទទួលបានជោគជ័យដើមដំបូងចំនួន ២ របស់ក្រុមវៀតណាមឃោសនារំដោះកងទ័ព តាមរយៈទីកន្លែងសំខាន់ៗចំនួន ៥ នោះ គឺ៖ បណ្ដុំមណ្ឌលកេរដំណែលព្រៃ Tran Hung Dao (រួមមាន ទីកន្លែងបង្កើតក្រុមវៀតណាមឃោសនារំដោះកងទ័ព ខ្ទមសម្រាក ផ្ទះបាយអណ្តូងទឹក និងកំពូលភ្នំ Slam Cao); រូងភ្នំ Tham Khau (ឃុំ Tam Kim) ដែលជាស្ថានីយ៍ទំនាក់ទំនង; ប៉ុស្តិ៍ Phai Khat (ឃុំ Tam Kim) ដែលជាទីកន្លែងប្រព្រឹត្តិទៅការវាយប្រហារដើមដំបូងរបស់ក្រុមវៀតណាមឃោសនារំដោះកងទ័ពក្រោយថ្ងៃបង្កើត (ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ១៩៤៤) ; ប៉ុស្តិ៍ Na Ngan (ឃុំ Hoa Tham ) ដែលជាទីកន្លែងប្រព្រឹត្តិទៅការវាយប្រហារលើកទី ២ ប្រកបដោយជោគជ័យរបស់ក្រុម (២៦ ខែធ្នូ ឆ្នាំ ១៩៤៤) ; កេរដំណែល Va Pha (ឃុំ Tam Kim) ដែលជាទីកន្លែងបើកថ្នាក់ហ្វឺកហ្វឹន បណ្តុះបណ្តាល និងបំពាក់បំបន់កម្មាភិបាលសម្រាប់ខេត្តទាំងមូល (ខែកុម្ភៈ ឆ្នាំ ១៩៤៤)។ លោក Le Binh ភ្ញៀវទេសចរម្នាក់មកពីទីក្រុងហាណូយបានចែករំលែកថា៖ “នេះគឺជាលើកដំបូងហើយ ដែលខ្ញុំបានមកដល់ខេត្ត Cao Bang ហើយបានទស្សនាបណ្ដាកេរដំណែលប្រវត្តិសាស្ត្រនៅក្នុងទឹកដីនេះ។ កាលពីមុន ខ្ញុំត្រឹមតែបានស្គាល់ទីកន្លែងនេះតាមរយៈ សៀវភៅ និងទូរទស្សន៍ប៉ុណ្ណោះ ប៉ុន្តែនៅពេលបានទស្សនាផ្ទាល់ផ្នែក ខ្ញុំមានអារម្មណ៍រំជួលចិត្ត ហើយថែមទាំងកោតសរសើរចំពោះឆន្ទៈនិងការលះបង់របស់ជំនាន់មុនៗ ដើម្បីឯករាជ្យជាតិនាពេលបច្ចុប្បន្ននេះ។ ជាពិសេសខ្ញុំនិងអ្នកទាំងអស់គ្នា មានការយល់ដឹងថែមទៀតអំពីជីវិតធ្វើសកម្មភាពបដិវត្តន៍របស់លោកប្រធានហូជីមិញ និងលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ផងដែរ”។
នៅចុងបញ្ចប់នៃដំណើរទៅកាន់ប្រភពដើមបដិវត្តន៍នោះ ភ្ញៀវទេសចរនឹងបានអញ្ជើញទៅទស្សនាមណ្ឌលកេរដំណែលជាតិពិសេស៖ ទីកន្លែងជ័យជំនះព្រំដែនឆ្នាំ ១៩៥០ នៅស្រុក Thach An។ មណ្ឌលកេរដំណែលនេះ មានតម្លៃដ៏សំខាន់ពិសេស ដែលបានផ្សារភ្ជាប់ជាមួយបុព្វហេតុធ្វើសកម្មភាពបដិវត្តន៍របស់លោកប្រធានហូជីមិញ លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap និងជ័យជំនះនៃយុទ្ធនាការព្រំដែនឆ្នាំ ១៩៥០។ នេះគឺជាទីកន្លែងតែមួយគត់នៅក្នុងប្រវត្តិសាស្ត្រនៃការតស៊ូប្រឆាំងពួកអាណានិគមបារាំង និងចក្រពត្តិអាមេរិក ដែលលោកប្រធានហូជីមិញបានអញ្ជើញទៅកាន់សមរភូមិផ្ទាល់ ដើម្បីបញ្ជាយុទ្ធនាការនេះ។ មណ្ឌលកេរដំណែលជាតិពិសេសទាំងនេះគឺជាទីកន្លែងរក្សាទុកនូវប្រព័ន្ធកេរដំណែល ដែលផ្សារភ្ជាប់ជាមួយដំណាក់កាលប្រវត្តិសាស្ត្រដ៏សំខាន់ពិសេសនៃបដិវត្តន៍វៀតណាម ហើយរហូតមកដល់ពេលនេះបានក្លាយទៅជា “ អាស័យដ្ឋានក្រហម” ក្នុងដំណើរឆ្ពោះទៅរកប្រភពដើមនៅខេត្ត Cao Bang។ នេះមិនត្រឹមតែជាទីកន្លែងទស្សនា សិក្សាស្រាវជ្រាវ និងស្វែងយល់អំពីគុណតម្លៃប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជាកន្លែងអប់រំប្រពៃណីបដិវត្តន៍សម្រាប់មនុស្សជំនាន់ក្រោយទៀតផង៕