Minh The - ពិធីបុណ្យនិមិត្តរូបនៃរាល់បទប្បញ្ញត្តិភូមិ ឃុំ
(VOVWORLD) - ថ្ងៃទី ១៤ រោច ខែបុស្យ ជារៀងរាល់ឆ្នាំ ពិធីបុណ្យ Minh The ដ៏វិសេសវិសាល បាន ប្រព្រឹត្តិទៅនៅវត្ត Hoa Lieu ភូមិ Hoa Lieu ឃុំ Thuan Thien ស្រុក Kien Thuy ទីក្រុង Hai Phong។ នេះគឺជារបៀបផ្សព្វផ្សាយបទប្បញ្ញត្តិរបស់ភូមិ Hoa Lieu ជាមួយគោលបំណងថា មនុស្សគ្រប់រូបបានប្រព្រឹត្តិល្អជាមួយគ្នា មិនយកទ្រព្យសម្បត្តិសាធារណៈធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ពិធីបុណ្យ Minh The ឆ្នាំនេះ បានទាក់ទាញប្រជាជនចូលរួមយ៉ាងច្រើនកុះករ ក្រោយរយៈពេល ៣ ឆ្នាំអាក់ខានដោយសារជំងឺរាតត្បាតកូវីដ ១៩។
Minh The - ពិធីបុណ្យនិមិត្តរូបនៃរាល់បទប្បញ្ញត្តិភូមិ ឃុំ |
យោងតាមសៀវភៅប្រវត្តិសាស្ត្រ ពិធីបុណ្យ Minh The ត្រូវបានម្ចាស់ក្សត្រី Vu Thi Ngoc Toan (១៤៨៥-១៥៩០) រជ្ជកាល Mac សតវត្សរិ៍ទី ១៦ (ឆ្នាំ ១៥៦១) ផ្ដូចផ្ដើមគំនិត និងណែនាំដល់អ្នកភូមិ Hoa Lieu។ ព្រឹត្តិការណ៍នេះត្រូវបានកត់ត្រាក្នុងសិលាចារឹកបង្កើតវត្ត Hoa Lieu (កាលពីមុនហៅថាវត្ត Thien Phuc)។ សៀវភៅទំនៀមទំលាប់ភូមិ Hoa Lieu ឆ្នាំ ១៩២៣ បានសរសេរថា៖ ថ្ងៃទី ២៤ ខែមិគសិរ គឺជាពិធីបុណ្យ Mieng The នៅព្រះវិហារ ម្ចាស់បុណ្យកាន់កំបិតមកគូសរង្វង់ កាត់មាន់យកឈាន លាយជាមួយស្រា ដើម្បីផឹក ហើយស្បថថា មិនយកទ្រព្យសម្បត្តិសាធារណៈធ្វើជាកម្មសិទ្ធិឯកជនឡើយ»។
ក្នុងពិធីបុណ្យ នៅខាងមុខមាត់ទ្វារព្រះវិហារសក្ការបូជា ម្ចាស់ក្សត្រី Vu Thi Ngoc Toan គណៈចាត់តាំងបានដំឡើងវេទិកាស្បថសម្រាប់ដាក់គ្រឿងសំណែន អត្ថបទស្បថ Minh The ស្រា និងឧបករណ៍តុបតែងផ្សេងៗទៀត។ នៅក្រោមវេទិកាសម្បថបានគូសរង្វង់ពណ៌សប្រហែល ២ ម៉ែត្រ។ មុននឹងអាន អត្ថបទស្បថ Minh The ម្ចាស់បុណ្យនឹងកាន់កាំបិត រាំមួយរង្វង់រួចបោះវាទៅក្នុងកណ្តាលរង្វង់ ដោយបង្ហាញពីការតាំងចិត្តធ្វើតាមពាក្យសម្បថ។ ឥស្សរជនគ្រប់រូបក្នុងភូមិនឹងស្ដាប់ពាក្យសម្បថ Minh The ផឹកស្រាឈាមមាន់ និងស្បថនៅមុខសាក្សី។ លោក Pham Dang Khoa អតីតអនុប្រធានគណៈគ្រប់គ្រងកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រព្រះវិហារ Hoa Lieu ឃុំ Thuan Thien ស្រុក Kien Thuy ទីក្រុង Hai Phong បានឲ្យដឹងថា៖ “ពាក្យសម្បថនេះក៏មានលក្ខណៈនៃបទប្បញត្តិភូមិ។ អ្នកភូមិបានបោះឆ្នោតតែងតាំងមេភូមិ។ ដូច្នេះហើយ បើមេភូមិនិងជំនួយការរបស់លោកបានប្រើប្រាស់ទ្រព្យសម្បត្តិសាធារណៈ ដើម្បីបំពេញការងារសាធារណៈនឹងទទួលបានការគាំទ្រពីទេវតា។ ក្នុងភូមិ ចាប់ពីយុវជន ដែលមានអាយុ ១៨ ឆ្នាំ រហូតដល់មនុស្សចាស់ជរាគឺសុទ្ធតែត្រូវគោរពតាមបទប្បញ្ញត្តិរបស់ភូមិ ធ្វើអំពើល្អ ប្រៀនប្រដៅកូនចៅធ្វើបុណ្យ ហើយធ្វើយ៉ាងម៉េចដើម្បី “ស្មោះនឹងព្រះមហាក្សត្រ ស្នេហាមាតុប្រទេស” គឺត្រូវបានទេវតាគាំទ្រ។ ផ្ទុយទៅវិញ បើធ្វើខុសឆ្គងនោះទេវតានឹងដាក់ទោសវិញ”។
ចំណែកឯលោក Nguyen Trong Khai អតីតកម្មាភិបាលឃុំ Thuan Thien ស្រុក Kien Thuy បានឲ្យដឹងថា៖ “ដំបូងឡើយ យើងខ្ញុំរៀនបានប្រការដ៏ល្អបំផុតអំពីទំនាក់ទំនងជាមួយមនុស្ស។ ជាពិសេសគឺក្នុងគ្រួសារ និងក្រៅសង្គម មនុស្សគ្រប់រូបបានរស់នៅជាមួយគ្នាតាមរយៈមនោសញ្ចេតនាភូមិស្រុក និងតាមរយៈប្រពៃណី សិលធម៌ គឺជាប្រការដ៏សំខាន់បំផុតផងដែរ”។
Minh The - ពិធីបុណ្យនិមិត្តរូបនៃរាល់បទប្បញ្ញត្តិភូមិ ឃុំ |
ឆ្លងកាត់រយៈពេល ៥០០ ឆ្នាំ ពាក្យសម្បថ Minh The មានអត្ថន័យអប់រំប្រពៃណីស្នេហាជាតិ ក្រមសិលធម៌ របៀបរស់នៅស្អាតស្អំ ជាពិសេសគឺអប់រំមនោសញ្ចេនារវាងអ្នកភូមិស្រុក។ ទន្ទឹមនឹងការទទួលស្គាល់ប្រាសាទ- វត្ត Hoa Lieu គឺជាកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រថ្មាក់ជាតិនោះ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមបានប្រគល់វិញ្ញាបនបត្រទទួលស្គាល់ពិធីបុណ្យ Minh The របស់ភូមិ Hoa Lieu គឺជាកេរ្កិ៍ដំណែលវប្បធម៌អរូបីជាតិ។ ពិធីបុណ្យនេះមិនត្រឹមតែមានលក្ខណៈដ៏វិសេសវិសាលអំពីប្រវត្តិសាស្រ្ត វប្បធម៌ប៉ុណ្ណោះទេ ថែមទាំងមានលក្ខណៈសម័យអំពីការកសាងសណ្តាប់ធ្នាប់ វិន័យ និងស្មារតីគោរពច្បាប់។ លោក Pham Van Don ពលរដ្ឋម្នាក់នៅភូមិ Hoa Lieu ឃុំ Thuan Thien បានចាត់ទុកថា៖ “ខ្ញុំជាកូនអ្នកភូមិ Hoa Lieu ម្នាក់ ដែលបានគោរពតាមពាក្យសម្បថ។ ពាក្យសម្បថ ទាំងនេះបានជួយមនុស្សវ័យក្មេង និងយុវជនជំនាន់ក្រោយដើរតាមទិសដៅល្អ។ ក្នុងដួងចិត្តខ្លួន យើងខ្ញុំជានិច្ចកាលគោរពតាមពាក្យសម្បថផងដែរ”។
Minh The គឺជាពិធីបុណ្យដ៏វិសេសវិសាល ដោយមានការតភ្ជាប់រវាងជំនឿ ជាមួយការអប់រំសីលធម៌ និងបុគ្គលិកលក្ខណៈរបស់មនុស្ស។ ពិធីនេះបានជួយផ្សព្វផ្សាយបទប្បញ្ញត្តិរបស់ភូម ឃុំយ៉ាងទូលំទូលាយ ជាពិសេសគឺប្រៀនប្រដៅកុំឱ្យលោភលន់ មិនកេងប្រវ័ញ្ចទ្រព្យសម្បត្តិសាធារណៈ។ ដោយមានអត្ថន័យដ៏ល្អប្រសើរ ពាក្យសម្បថ Minh The និងពិធីបុណ្យត្រូវបានអ្នកភូមិគាំទ្រ ជួយជ្រោមជ្រែង បន្តថែរក្សា និងពង្រីក ដើម្បីកសាងស្រុកកំណើតឲ្យកាន់តែសម្បូរធូធារ ខ្លាំងមាំមួន ក៏ដូចជារួមចំណែកថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិវៀតណាមផងដែរ៕