Ninh Binh - គោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាពក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - ដោយសារជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ហេតុដូច្នេះហើយ ខេត្ត Ninh Binh បានតម្រូវឲ្យបណ្ដាស្រុក និងសហគ្រាសបម្រើសេវាកម្មទេសចរណ៍បន្តរឹតបន្តឹងការងារបង្ការជំងឺរាតត្បាត បណ្ដាសកម្មភាពនៃពិធីបុណ្យទានក្នុងក្របខ័ណ្ឌនៃឆ្នាំទេសចរណ៍ជាតិ ២០២១ ដែលនឹងប្រព្រឹត្តទៅនៅក្នុងមូលដ្ឋាន។ ជាមួយគ្នានេះ ផ្នែកទេសចរណ៍ខេត្ត Ninh Binh បានអនុវត្តផែនការដោយម្ចាស់ការ ធានាបរិយាកាសទេសចរណ៍ប្រកបដោយសុវត្ថិភាព និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតក្នុងស្ថានភាពថ្មីផងដែរ។
Ninh Binh - គោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាពក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩ - ảnh 1សកម្មភាពពិនិត្យសីតុណ្ហភាព (រូបថត៖ TTXVN)

ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ ត្រូវបានគ្រប់គ្រង បង្កលក្ខណៈសម្រាប់ខេត្ត Ninh Binh ចាប់ផ្តើមកម្មវិធីទេសចរណ៍ឡើងវិញនៅក្នុងតំបន់។ ចាប់ពីដើមឆ្នាំមក បណ្ដាគោលដៅទេសចរណ៍នៅក្នុងខេត្ត ដូចជា មណ្ឌលទេសចរណ៍ Tam Coc – Bich Dong មណ្ឌលអេកូទេសចរណ៍ Trang An មណ្ឌល កេរ្កិ៍ដំណែលប្រវត្តិសាស្ត្រវប្បធម៌ Hoa Lu និងវត្ត Bai Dinh បានទទួលស្វាគមន៍ភ្ញៀវទេសចរអញ្ជើញមកទស្សនា យ៉ាងច្រើនកុះករ។ នៅតាមកន្លែងទទួលស្វាគមន៍ភ្ញៀវទេសចរទាំងអស់នោះ មន្ទីរទេសចរណ៍ខេត្ត Ninh Binh បានតម្រូវឲ្យអង្គភាពនានាធ្វើការបាញ់ថ្នាំសម្លាប់មេរោគ រៀបចំជែលលាងដៃ ម៉ាស់ នៅតាមតំបន់ចេញចូល ក៏ដូចជាកន្លែងលក់បំបុត្រ។ភ្ញៀវទេសចរជាច្រើនបានឲ្យដឹងថា ពួកគេទទួលបានការផ្សព្វផ្សាយយ៉ាងល្អិតល្អន់ និងជាក់ស្ដែងស្ដីពីការប្រយុទ្ធប្រឆាំងជំងឺ ទើបពួកគេមានអារម្មណ៍នឹងនរចិត្ត នៅពេលធ្វើដំណើរទេសចរណ៍នៅដើមឆ្នាំថ្មីនៅខេត្ត Ninh Binh។ អ្នកស្រី Nguyen Thi Hoa ដែលជាភ្ញៀវទេសចរម្នាក់មកពីទីក្រុងហាណូយដែលបានមកទស្សនារមណីដ្ឋាន Trang An បានឲ្យដឹងថា៖

“យើងខ្ញុំត្រូវបានពិនិត្យសីតុណ្ហភាព ពាក់ម៉ាស ប្រើជែលលាងដៃ ហើយរក្សាគម្លាតសុវត្ថិភាពក្នុងអំឡុងពេលទៅទស្សនាផ្ទាល់។ ខ្ញុំឃើញថា នេះគឺជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាពក្នុងបរិបទនៃជំងឺរាតត្បាតផងដែរ”។ ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវទេសចរនៅពេលដែលចំនួនមនុស្សមកដល់ខេត្ត Ninh Binh បានកើនឡើងនោះ គណៈគ្រប់គ្រងមណ្ឌលទេសចរណ៍រមណីដ្ឋាន Trang An បានរួមសហការជាមួយសហគ្រាស ដែលធ្វើអាជីវកម្មលើវិស័យទេសចរណ៍ ធ្វើដំណើរ និងមូលដ្ឋានស្នាក់នៅដើម្បីមានភាពជាម្ចាស់ការក្នុងការក្ដាប់ជាប់ស្ថានភាព នៅតាមគោលដៅទេសចរណ៍ ដែលមានភ្ញៀវទេសចរយ៉ាងច្រើនកុះករ។ លោក Pham Sy Khanh អនុប្រធានគណកម្មការគ្រប់គ្រងរមណីដ្ឋានទេសចរណ៍ Trang An បានឲ្យដឹងថា៖ “យើងខ្ញុំមានបទពិសោធន៍តាំងពីឆ្នាំ ២០១៩ ហើយ ពោលគឺ នៅពេលដែល ចំនួនភ្ញៀវទេសចរអញ្ជើញមកទស្សនា Trang An កើនឡើងយ៉ាងច្រើនកុះករនោះ យើងខ្ញុំនឹងធ្វើការផ្សព្វផ្សាយមណ្ឌលកេរ្កិ៍ដំណែល ទេសចរណ៍ តាមរយៈបណ្តាញព័ត៌មាន។ ឧទាហរណ៍ថា នៅពេល Trang An មានភ្ញៀវទេសរច្រើនលើសលុបនោះ យើងខ្ញុំនឹងធ្វើការណែនាំភ្ញៀវទេសចរ បែរទៅចាប់អារម្មណ៍ទស្សនានៅតំបន់ផ្សេងៗទៀត ដូចជា៖ Tam Coc  Bai Dinh រាជធានីបុរាណ Hoa Lu និងឧទ្យានជាតិ Cuc Phuong” ។

Ninh Binh - គោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាពក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩ - ảnh 2សកម្មភាពរក្សាគម្លាតនៅមណ្ឌលទេសចរណ៍ (រូបថត៖ TTXVN)

លើលពីនេះទៅទៀត ផ្នែកសុខាភិបាលខេត្ត Ninh Binh  ក៏បានសម្របសម្រួលជាមួយផ្នែកទេសចរណ៍និងអាជ្ញាធរមូលដ្ឋានផងដែរ ដើម្បីធ្វើការត្រួតពិនិត្យការងារបង្ការ និងប្រយុទ្ធប្រឆាំងជំងឺនៅតាមគោលដៅទេសចរណ៍ ហើយតាមដានស្ថានភាពសុខភាពរបស់ភ្ញៀវទេសចរនិងពលករយ៉ាងទៀងទាត់ ដើម្បីជូនដំណឹងដល់ស្ថាប័នមានសមត្ថកិច្ចនៅពេលមានរោគសញ្ញាដូចជាក្អកគ្រុនក្តៅ និងពិបាកដកដង្ហើម។ លោក Vu Manh Duong  ប្រធានមន្ទីរសុខាភិបាលខេត្ត Ninh Binh បានឲ្យដឹងថា៖ “យើងខ្ញុំបានណែនាំដល់អង្គភាពនានា ជាពិសេសគឺមណ្ឌលទេសចរណ៍ ដើម្បីអនុវត្តន៍ គោលការណ៍ 5 ចំណុច របស់ក្រសួងសុខាភិបាលឲ្យបានល្អនូវគឺ ពាក់ម៉ាស សម្លាប់មេរោគ រក្សាគម្លាត ប្រកាសសុខភាព និងមិនប្រមូលផ្គុំគ្នាច្រើន។ នៅពេលដែលមានចំនួនភ្ញៀវទេសចរច្រើនកុះករនោះ យើងខ្ញុំបានធ្វើការផ្សព្វផ្សាយ ជាពិសេសគឺយើងខ្ញុំបានស្នើឲ្យមន្ទីរទេសចរណ៍ឱ្យមានដំណោះស្រាយ ដែលតម្រូវឲ្យអង្គភាពទេសចរណ៍នៅក្នុង និងក្រៅខេត្តជួយសម្រួលចំនួនភ្ញៀវទេសចរឲ្យងាយស្រួលក្នុងការគ្រប់គ្រងផងដែរ”។

Ninh Binh គឺជាខេត្តមួយដែលមានកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រ និងរម្មណីដ្ឋាន ដ៏ល្បីឈ្មោះជាច្រើន និងបរិស្ថានអេកូឡូស៊ីធម្មជាតិ។ ការអនុវត្តន៍ការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ យ៉ាងតឹងរឹងនៅតាមមណ្ឌលទេសចរណ៍នានានឹងរួមចំណែកកសាងខេត្ត Ninh Binh ឲ្យក្លាយទៅជាគោលដៅប្រកបដោយសុវត្ថិភាព គួរឲ្យទាក់ទាញ ជិតស្និទ្ធ ក៏ដូចជារួមចំណែកអនុវត្តន៍ “ គោលដៅពីរទន្ទឹមគ្នា” ពោលគឺប្រយុទ្ធប្រឆាំងជំងឺប្រកបដោយប្រសិទ្ធភាពផង និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឲ្យកាន់តែរីកចម្រើនផងដែរ៕


 

ប្រតិកម្មទៅវិញ

ផ្សេងៗ