Quang Nam - គោលដៅទេសចរណ៍បៃតងនៃឆ្នាំទេសចរណ៍ជាតិ ២០២២

(VOVWORLD) - អស់រយៈពេលជាច្រើនឆ្នាំកន្លងទៅ ទីក្រុង Hoi An ខេត្ត Quang Nam ត្រូវបានចាត់ទុកជាទីក្រុងបៃតង ទីក្រុងស្និទ្ធិស្នាលនឹងបរិស្ថាន។ ឆ្នាំទេសចរណ៍ជាតិ ២០២២ ត្រូវបានរៀបចំឡើងនៅទីក្រុង Hoi An ចាប់ពីចុងខែមិនា ដោយប្រធានបទ “Quang Nam - គោលដៅទេសចរណ៍បៃតង” បន្តអះអាងថា ទេសចរណ៍បៃតងជាទិសដៅស្នូលនៃទេសចរណ៍របស់ខេត្ត Quang Nam និយាយដោយឡែក និងទេសចរណ៍វៀតណាមនិយាយរួមនាពេលខាងមុខ។
Quang Nam - គោលដៅទេសចរណ៍បៃតងនៃឆ្នាំទេសចរណ៍ជាតិ ២០២២ - ảnh 1មណ្ឌលជីវៈបម្រុងពិភពលោក Cu Lao Cham ទីក្រុង Hoi An (រូបថត៖ VNA)

ទីក្រុង Hoi An គឺជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានដើមដំបូងនៅវៀតណាមដែលបានសាកពិសោធន៍អនុវត្តន៍ការបែងចែកសម្រាម ហើយនិយាយថាទេចំពោះថង់ប្លាស្ទិក។ មណ្ឌលជីវៈបម្រុងពិភពលោក Cu Lao Cham ទីក្រុង Hoi An ត្រូវបានចាត់ទុកជាគំរូនៃគោលដៅគ្មានសម្រាម។ បច្ចុប្បន្ននេះ ចំពោះសហគ្រាសទេសចរណ៍ជាច្រើននៅទីក្រុង Hoi An រឿងរ៉ាវទេសចរណ៍បៃតងលែងជារឿងថ្មីថ្មោងទៀតហើយ។ អ្នកស្រី Pham Thi Linh Chi ម្ចាស់ផ្ទះវីឡាទេសចរណ៍សួន Ong Tho បាននិយាយថា នាគ្រាដំបូងនៃការអនុវត្តការនិយាយថាទេចំពោះកាកសំណល់ប្លាស្ទិក កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងប្រអប់ជ័រដែលប្រើប្រាស់តែម្ដងនោះ បុគ្គលិកបម្រើ និងភ្ញៀវទេសចរណ៍សុទ្ធតែមានអារម្មណ៍ប្លែកៗ ហើយមនុស្សជាច្រើនមិនយល់ស្របឡើយ។ យោងតាមអ្នកស្រី Linh Chi បានឲ្យដឹងថា ដោយមានការប្ដេជ្ញាចិត្តអនុវត្តន៍យ៉ាងស្វិតស្វាញ ដូច្នេះហើយ នាបច្ចុប្បន្នការប្រើប្រាស់របស់របរស្និទ្ធិស្នាលជាមួយបរិស្ថានដូចជាទូយោបឺតពីអង្ករ និងកែវក្រដាសជាដើមបានក្លាយទៅជាទម្លាប់ និងផ្នត់រស់នៅហើយ។ ម្ចាស់ homestay និងផ្ទះវីឡាជាច្រើននៅទីក្រុង Hoi An បានផ្តោតសំខាន់លើការបែងចែកសម្រាមនៅផ្ទះបាយ ដើម្បីធ្វើជីសរីរាង្គ កាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។ អ្នកស្រី Pham Thi Linh Chi បានចាត់ទុកថា ប្រការនេះមិនត្រឹមតែជួយឱ្យមូលដ្ឋានស្នាក់នៅកសាងរូបភាពដោយឡែករបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងបញ្ជូនសារអំពីរបៀបធ្វើទេសចរណ៍ស្និទ្ធិស្នាលជាមួយបរិស្ថានទៀតផង៖ “បើខ្លាចឧបសគ្គ គឺខ្ញុំមិនធ្វើដូច្នេះតាំងពីដំបូងឡើយ ព្រោះថាខ្ញុំមានទឹកចិត្តទើបបានរីកសាយភាយទៅកាន់បុគ្គលិកនានា ដើម្បីជួយគ្នាទៅវិញទៅមក។ ក្រោយពេលទទួលបានជោគជ័យហើយ យើងអាចឃើញពីផលប្រយោជន៍អំពីទិសដៅប្រកបដោយនិរន្តរភាព ក៏ដូចជាគុណសម្បត្តិក្នុងការធ្វើអាជីវកម្ម ដូច្នេះហើយមនុស្សគ្រប់គ្នាសុទ្ធតែ សប្បាយចិត្តយ៉ាងក្រៃលែង ហើយរួមដៃគ្នាធ្វើការផងដែរ”។

លោក Pham Vu Dung នាយកក្រុមហ៊ុនចំកាត់ទេសចរណ៍ Hoa Hong បាននិយាយថា សហគមន៍ធុរកិច្ចនៅទីក្រុង Hoi An តែងតែខិតខំប្រឹងប្រែងបង្ហាញពីការទទួលខុសត្រូវចំពោះបេតិកភណ្ឌវប្បធម៌ពិភពលោក កសាងទីក្រុងទេសចរណ៍ជិតស្និទ្ធជាមួយបរិស្ថាន ហើយជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ៖ “ការអភិវឌ្ឍទេសចរណ៍តែងតែដើរទន្ទឹមគ្នាជាមួយនឹងផលប៉ះពាល់នៃការបំពុលបរិស្ថាន។ ចំពោះទីក្រុង Hoi An នេះគឺជាដំណាក់កាលរៀបចំរចនាសម្ព័ន្ធផលិតផលទេសចរណ៍ឡើងវិញ។ ប្រសិនបើយើងមានបំណងចង់ទទួលស្វាគមន៍ភ្ញៀវទេសចរវិលត្រលប់មកវិញ គឺយើងត្រូវតែគិតថា តើយើងមានផលិតផលអ្វីថ្មីទេ ក្រៅពីផលិតផលចាស់ដែលយើងបានធ្វើអាជីវកម្មអស់រយៈពេលជាង ២០ ឆ្នាំមកហើយ។ ទាំងនេះគឺជាគំរូតាមទិសដៅឆ្ពោះទៅរកផលិតផលកសិកម្មស្អាត និងកសិកម្មបៃតង”។

Quang Nam - គោលដៅទេសចរណ៍បៃតងនៃឆ្នាំទេសចរណ៍ជាតិ ២០២២ - ảnh 2លោក Phan Xuan Thanh ប្រធានសម្ព័ន្ធសមាគមទេសចរណ៍ខេត្ត Quang Nam (រូបថត៖ baoquangnam.vn)

នាបច្ចុប្បន្ន ទីក្រុង Hoi An មានគំរូទេសចរណ៍បៃតងចំនួន ៥ ដែលត្រូវបាន សាកពិសោធន៍ប្រកបដោយជោគជ័យ។ លើសពីនេះទៅទៀត ក្រៅពីសហគ្រាសជាង ៦០ អង្គភាព បានចុះហត្ថលេខាលើកិច្ចសន្យាស្ដីពីការនិយាយថាទេចំពោះសម្រាមប្លាស្ទិកនោះ គឺខិតខំប្រឹងប្រែងដល់ឆ្នាំ ២០២៥ មានអង្គភាពយ៉ាងហោចណាស់ពី ៧០ ទៅ ១០០ ទទួលបានវិញ្ញាបនប័ត្រទេសចរណ៍បៃតង។ នេះគឺជាមូលដ្ឋានសម្រាប់ទីក្រុង Hoi An ដែលត្រូវបានគេទទួលស្គាល់ជាគៅលដៅ "ទេសចរណ៍បៃតង"។ លោក Phan Xuan Thanh ប្រធានសម្ព័ន្ធសមាគមទេសចរណ៍ខេត្ត Quang Nam បានឲ្យដឹងថា ក្នុងនាមជាទីក្រុងដើមដំបូងនៅទូទាំងប្រទេស ដែលបានកសាងក្រមស្តង់ដារទេសចរណ៍បៃតងនោះ ខេត្ត Quang Nam និយាយរួម និងទីក្រុង Hoi An និយាយដោយឡែកបានសន្យាពីការទទួលខុសត្រូវរបស់អាជ្ញាធរ និងសហគមន៍ធុរកិច្ច នៅពេលអនុវត្តន៍គំរូទេសចរណ៍ប្រកបដោយនិរន្តរភាព និងជិតស្និទ្ធជាមួយបរិស្ថាន៖ “ការធ្វើទេសចរណ៍បៃតង ឬធ្វើគំរូណាមួយផ្សេងទៀតគឺយើងត្រូវមានទិសដៅ ពោលគឺត្រូវអនុវត្តន៍តាមក្រមស្តង់ដារ។ ឧទាហរណ៍ បើមានបំណង ចង់ចូលរួមក្នុងក្រមស្តង់ដារទេសចរណ៍បៃតងគឺយើងត្រូវកែច្នៃសំរាម សន្សំសំចៃសម្រាម សន្សំសំចៃភ្លើង និងសន្សំសំចៃទឹកស្អាតផងដែរ”។

នេះគឺជាលើកទី ២ ហើយ ដែលខេត្ត Quang Nam បានទទួលរៀបចំឆ្នាំទេសចរណ៍ជាតិ។ នេះគឺជាព្រឹត្តិការណ៍ទេសចរណ៍ប្រចាំឆ្នាំដ៏ធំបំផុតរបស់ផ្នែកទេសចរណ៍វៀតណាម ហើយជាឱកាសទាក់ទាញភ្ញៀវទេសចរ និងតភ្ជាប់ការអភិវឌ្ឍទេសចរណ៍រវាងមូលដ្ឋាននានា។ ឆ្នាំទេសចរណ៍ជាតិ ២០២២ មានព្រឹត្តិការណ៍ និងសកម្មភាពចំនួន ១៩២ ដែលលេចធ្លោគឺពិធីបើកដែលបានប្រព្រឹត្តិទៅនៅកោះមេម័រ Hoi An ទីក្រុង Hoi An ខេត្ត Quang Nam នាថ្ងៃទី ២៥ មិនា។ ខេត្ត Quang Nam បានទទួលរៀបចំព្រឹត្តិការណ៍ និងសកម្មភាពដ៏វិសេសវិសាលចំនួន ៦២ តាមកម្មវិធីចំនួន ៦ ដែលប្រព្រឹត្តទៅពេញមួយឆ្នាំផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ