Thua Thien Hue ឆ្ពោះទៅរក “រាជវាំងអាវផាយ” នៃភាគកណ្តាលវៀតណាម
(VOVWORLD) - មហោស្រព “អាវផាយ Hue” នឹងក្លាយជាចំណុចលេចធ្លោពិសេសមួយនៅឯព Festival Hue ២០២០ ដែលប្រព្រឹត្តទៅនៅដើមខែកញ្ញាឆ្នាំ ២០២០។ មិនត្រឹមតែប៉ុណ្ណោះ មហោស្រព អាវផាយ នឹងក្លាយជាព្រឹត្តិការណ៍បន្តបន្ទាប់តាមរយៈ បណ្តាពិធីបុណ្យប្រចាំឆ្នាំរបស់ខេត្ត Thua Thien Hue។ តាមរយៈពិធីបុណ្យទាំងនេះ បានរួមចំណែកក្នុងការលើកកម្ពស់ពាណិជ្ជសញ្ញានិងជាអត្តសញ្ញាណវប្បធម៍នៃ អាវផាយ Hue ក៏ដូចជា អាវផាយប្រពៃណីរបស់វៀតណាមនៅលើទ្វីបទាំង ៥។ គោលដៅដែលទីក្រុង Hue ចង់ឆ្ពោះទៅការថែរក្សាសម្រស់វប្បធម៌នៃអាវផាយរបស់វៀតណាមហើយទន្ទឹមនឹងនោះ ផ្សព្វផ្សាយវប្បធម៌និងបង្កើតផលិតផលទេសចរណ៍ដ៏វិសេសវិសាលនេះផងដែរ។
អាវផាយ Hue (រូបថតៈ VOV) |
នៅឆ្នាំ ១៧៤៤ បន្ទាប់ពីបានឡើងគ្រងរាជ្យ ដោយបានប្រកាសខ្លួនជាស្តេចនៅក្នុង វិមាន Phu Xuan ស្តេចត្រាញ Nguyen Phuc Khoat បានលើកឡើងពីការកែទម្រង់នូវសម្លៀកបំពាក់ក្នុងរាជវាំង។ ហើយកាលនោះ អាវផាយត្រូវបានប្រជាជនភាគកណ្តាល យកចិត្តទុកដាក់ខ្លាំងណាស់ និងក្លាយជាសំលៀកបំពាក់សំខាន់របស់ប្រជាជននៅភាគកណ្តាលតែម្តង។ ឆ្លងកាត់រយៈពេលឡើងនិងចុះនៃប្រវត្តិសាស្ត្រ ពីប្រភពដើមគឺទីក្រុង Hue អាវផាយវៀតណាមបានក្លាយជានិមិត្តរូបនៃអត្តសញ្ញាណវប្បធម៌សំលៀកបំពាក់របស់ប្រជាជន វៀតណាម ទាំងដ៏ឧឡារិកនិងទាំងមានលក្ខណៈថ្លៃថ្នូរ ហើយយើងមិនអាចមើលរំលងបានឡើយ ខណៈពេលដែលអាវផាយវៀតណាមត្រូវបានប្រកៀកស្មារជាមួយសំលៀកបំពាក់វប្បធម៌ចម្រុះនៅជុំវិញពិភពលោកផង។
ថ្វីត្បិតដូច្នេះក៏ដោយ ការបញ្ជាក់ថា Hue គឺជាប្រភពដើមនៃអាវផាយវៀតណាម ហើយលក្ខណៈនៃអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Hue ត្រូវបានបង្ហាញតាមរយៈអាវផាយ នៅតែមិនទាន់មានចម្លើយ ហើយមិនទាន់មានការស្រាវជ្រាវជាក់លាក់ណាមួយឡើយ។ ហេតុដូច្នេះខេត្ត Thua Thien Hue មិនត្រឹមតែចង់កសាងពាណិជ្ជសញ្ញាអាវផាយ Hue ប៉ុណ្ណោះទេ ថែមទាំងចង់ផ្សព្វផ្សាយសម្រស់វប្បធម៌របស់សហគមន៍សម្រាប់សំលៀកបំពាក់អាវផាយ នៅលើទឹកដីដែលត្រូវបានចាត់ទុកថាជាប្រភពដើមនៃអាវផាយនេះ។ ក្រៅពីផ្សព្វផ្សាយឲ្យប្រជាជនស្លៀកសម្លៀកបំពាក់ជាអាវផាយនៅក្នុងមហោស្រព Festival Hue ២០២០ គណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue និងមន្ទីរ អង្គភាព ស្ថាប័ន និងទីភ្នាក់ងារនានាក្នុងតំបន់ នឹងរៀបចំកម្មវិធីសហគមន៍ចំនួន ៥ រួមមាន៖ អាវផាយរបស់នារី Hue; អាវផាយតាមសាលារៀន; អាវផាយក្នុងជីវភាពរស់នៅប្រចាំថ្ងៃ; អាវផាយនៅតាមពិធីបុណ្យប្រពៃណីនិងអាវផាយក្នុងពិធីបុណ្យវង្សានុវង្ស។ តាមរយៈកម្មវិធីទាំងនេះ បានបង្កើតការរីកសាយភាយ ដើម្បីលើកកម្ពស់តួនាទីរបស់ប្រជាជន Thua Thien Hue ក្នុងការអភិរក្សនិងលើកស្ទួយតម្លៃរបស់អាវផាយ Hue អាវផាយវៀតណាមផងដែរ។ អ្នករចនាម៉ូត Dang Thi Minh Hanh បានចាត់ទុកថា៖ “នៅក្នុងផ្នត់គំនិតរបស់ប្រជាជនវៀតណាម នៅពេលនិយាយដល់ Hue ប្រជាជននៅតែចងចាំនូវរូបភាពដែលមិនផ្លាស់ប្តូរ នោះគឺអាវផាយពណ៌ស្វាយ ដួន និងសក់វែងអន្លាយ។ រូបភាពទាំងអស់នេះបង្កើតបានជាលក្ខណៈដ៏វិសេសវិសាលនៃអត្តសញ្ញាណ Hue។ ហេតុដូច្នេះយើងមានកត្តាគ្រប់គ្រាន់ដើម្បីបង្កើតពាណិជ្ជសញ្ញាអាវផាយមួយ ដែលគ្មានកន្លែងណាដែលមានពណ៌ស្វាយដូចទីក្រុង Hue នោះទេ”។
មជ្ឈដ្ឋានអ្នកជំនាញបានជឿជាក់ថា ឯកសារ វត្ថុធាតុ វត្ថុបុរាណនិងមូលដ្ឋានវិទ្យាសាស្ត្រដែលបានមកពីការស្រាវជ្រាវអំពីអាវផាយនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះ សម្រាប់បង្កើតសារមន្ទីរអាវផាយវៀតណាម។ នេះក៏នឹងក្លាយជាផលិតផលទេសចរណ៍គួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកទេសចរនៅពេលមកទស្សនាទីក្រុង Hue ម្តងៗ ។ រួមជាមួយគ្នានេះ វិស័យវប្បធម៍ខេត្ត Thua Thien Hue នឹងបន្តថែរក្សាអាវផាយប្រពៃណីសម័យដើម ហើយតែងតែបង្កើតការប្រឡងរចនាម៉ូតអាវផាយជាប្រចាំដើម្បី ច្នៃប្រឌិតអាវផាយឲ្យសមស្របនឹងសម័យទំនើប។ វិចិត្រករ Nguyen Duc Binh ប្រធានក្លឹបភូមិសាលាវៀតបានផ្តល់យោបល់ថា៖ “សម្រាប់ទាំងបុរសនិងស្ត្រី។ លើសពីនេះទៅទៀត ខ្ញុំគិតថា Hue ក៏ត្រូវការសារមន្ទីរផ្ទាល់ខ្លួនសម្រាប់តាំងបង្ហាញអាវផាយដែរ។ ម្យ៉ាងវិញទៀត នៅក្នុងសារមន្ទីរនឹងក្លាយជាកន្លែងផ្សព្វផ្សាយតម្លៃរបស់អាវផាយ ថែរក្សានិងស្រាវជ្រាវវិទ្យាសាស្ត្រទៀតផង។ ទី ២ គឺត្រូវស្តារឡើងវិញ ម៉ូតអាវផាយប្រពៃណីសម័យដើម។ ហើយខ្ញុំមើលឃើញថា មុខ របរដេរអាវផាយប្រពៃណីសម័យដើមដូចជាមិនមានទៀតទេ គួរតែមានរបបលើកទឹកចិត្តសម្រាប់មុខរបរនេះផងដែរ”។
Thua Thien Hue ឆ្ពោះទៅរក “រាជវាំងអាវផាយ” នៃភាគកណ្តាលវៀតណាម |
រហូតមកដល់ពេលនេះ អាវផាយវៀតណាម មិនត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ជាផ្លូវការទេ។ ខេត្ត Thua Thien Hue កំពុងកសាងសំណុំឯកសារដើម្បីទទួលស្គាល់ថា អាវផាយប្រពៃណីរបស់ Hue ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ។ បន្ទាប់មកគឺស្នើជូនដល់គណៈកម្មការវិទ្យាសាស្ត្រអប់រំនិងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) ដើម្បីទទួលស្គាល់ អាវផាយជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ លោក Phan Ngoc Tho ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue បានឲ្យដឹងថា៖ “ពិតណាស់ថា នៅក្នុងគម្រោង “ទីក្រុង Hue - រាជវាំងនៃអាវផាយ” យើងនឹងបង្កើតកន្លែងសម្រាប់តាំងបង្ហាញអាវផាយ ដើម្បីណែនាំអំពីអាវផាយវៀតណាម និងអាវផាយ Hue។ ទីពីរ ពិតថា នឹងមានថ្ងៃណាមួយមានពិធីបុណ្យអាវផាយ ដោយក្នុងថ្ងៃនោះ ប្រជាជន Hue ទាំងអស់នឹងស្លៀកសម្លៀកបំពាក់អាវផាយ ហើយនឹងចាប់ផ្តើមនៅថ្ងៃទី ២ ខែកញ្ញា ស្ថិតនៅក្នុងព្រឹត្តិការណ៍ Festival Hue ពោលគឺធ្វើយ៉ាងម៉េច ដើម្បីឆ្ពោះទៅរកថ្ងៃណាមួយដែលប្រជាជនទាំងអស់ ពាក់អាវផាយទាំងបុរសនិងស្ត្រីផងដែរ”។
នៅក្នុងបរិបទនៃការធ្វើសមាហរណកម្មអន្តរជាតិនិងការរួមបញ្ចូលវប្បធម៌កាន់តែខ្លាំងក្លាឡើង ការថែរក្សាតម្លៃរបស់អាវផាយ ពីតំបន់ដីដែលជាប្រភពដើមរបស់អាវផាយនេះ នឹងត្រូវបានរំពឹងថា ប្រែក្លាយទីក្រុង Hue ទៅជា “រាជវាំងអាវផាយ” របស់វៀតណាមនាពេលអនាគត៕