Van Don - កំពង់ផែពាណិជ្ជកម្មដើមដំបូងរបស់ប្រទេស Dai Viet (មហាវៀត)

(VOVWORLD) -  Van Don គឺជាកំពង់ផែពាណិជ្ជកម្មដើមដំបូងបំផុតរបស់វៀតណាមហើយមានអាយុកាលជាច្រើនសតវត្សរ៍មកហើយ។ នាបច្ចុប្បន្ន ស្រុកកោះ Van Don ខេត្ត Quang Ninh កំពុងទាញជាអតិរមានូវគុណសម្បត្តិ ពង្រីកសក្តានុពលរបស់ខ្លួនទាំងផ្នែកធម្មជាតិ និងវប្បធម៌ ដើម្បី “ហោះហើរ” ក្លាយទៅជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍមិនត្រឹមតែចំពោះខេត្ត Quang Ninh ប៉ុណ្ណោះទេ ថែមទាំងរបស់ប្រទេសជាតិទាំងមូលទៀតផង។

Van Don - កំពង់ផែពាណិជ្ជកម្មដើមដំបូងរបស់ប្រទេស Dai Viet (មហាវៀត) - ảnh 1វិហារសក្ការៈបូជាស្ដេច Ly Anh Tong (រូបថត៖ phapluatplus.vn)

ចេញដំណើរពីកំពង់ផែ Cai Rong ឆ្ពោះទៅទស្សនាកោះល្បីៗដូចជា Quan Lan, Ngoc Vung, Co To នោះ មិនសូវមានភ្ញៀវទេសចរណា ដែលស្គាល់ដល់វិហារតូចមួយដែលស្ថិតនៅជើងភ្នំថ្មនោះទេ។ នោះគឺជាវិហារសក្ការៈបូជាស្ដេច Ly Anh Tong ហើយព្រះអង្គបានចេញព្រះរាជក្រឹត្យបង្កើតទឹកដី Van Don ក្នុងឆ្នាំ ១១៤៩ ដោយប្រែក្លាយទីកន្លែងនេះទៅជាកំពង់ផែពាណិជ្ជកម្មដើមដំបូងរបស់ប្រទេស Dai Viet ។ ដោយបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្រោមរាជវង្ស Tran និង Le So ហើយបានប្រតិបត្តិការក្នុងរយៈពេលជិត ៧ ទស្សវត្សរ៍នោះ កំពង់ផែពាណិជ្ជកម្ម Van Donមិនត្រឹមតែជាកន្លែងដោះដូរទំនិញជាមួយបណ្ដាប្រទេសជិតខាងប៉ុណ្ណោះទេ ថែមទាំងដើរតួនាទីដ៏សំខាន់ជាផ្លូវដឹកជញ្ជូនតាមសមុទ្រអន្តរជាតិរវាងអាស៊ីខាងជើង និងអាស៊ីខាងត្បូង ឥណ្ឌា និងមហាសមុទ្រមេឌីទែរ៉ាណេ រហូតដល់ចុងសតវត្សរ៍ទី ១៨ ទៀតផង។

លោក Nguyen Minh Trang អតីតប្រធានគណៈកម្មាធិការប្រជាជនស្រុក Van Don បានចែករំលែកថា៖ ដោយមានទីតាំងយុទ្ធសាស្ត្រអំពីកិច្ចការពារជាតិ -សន្តិសុខនោះ Van Don ធ្លាប់បានកត់ត្រានៅក្នុងយុទ្ធជ័យដ៏អង់អាចក្លាហានជាច្រើនរបស់ដូនតាក្នុងបុព្វហេតុបង្កើត និងការពារប្រទេសជាតិ។ លោកបានឲ្យដឹងថា៖ “ទឹកដីនេះមានប្រពៃណីនានា ដែលជះឥទ្ធិពលយ៉ាងជ្រាលជ្រៅដល់អារម្មណ៍ និងមនោសញ្ចេតនាហើយធ្វើឲ្យប្រជាជននៅទីនេះតែងតែចងចាំដល់ប្រភពដើមរបស់ខ្លួន នៅពេលឃ្លាតទៅឆ្ងាយៗ។ យើងត្រូវថែរក្សា និងលើកកម្ពស់ប្រពៃណី និងវប្បធម៌ដ៏យូរអង្វែងរបស់ Van Don។ ប្រការនេះក៏ជាកម្លាំងចលករដ៏ធំធេង ដើម្បីអភិវឌ្ឍន៍ ចំពោះប្រជាជននៅស្រុកកោះ Van Don ផងដែរ”។

ទោះយ៉ាងណាក៏ដោយ ក្រោយរយៈពេលអភិវឌ្ឍន៍មក ស្រុកកោះ Van Don ត្រូវប្រឈមមុខនឹងការលំបាកជាច្រើន ព្រោះថានេះគឺជាស្រុកកោះដាច់ដោយឡែកពីគេឯង។ ក្នុងទសវត្សរ៍ទី ៨០ និង ៩០ នៃសតវត្សរ៍មុនៗ សេដ្ឋកិច្ចរបស់ស្រុកពឹងផ្អែកលើការនេសាទជលផលតែប៉ុណ្ណោះ ហេដ្ឋារចនាសម្ព័ន្ធទន់ខ្សោយការធ្វើចរាចរជួបការពិបាក ហើយជីវភាពរស់នៅរបស់ប្រជាជនក៏ជួបការលំបាកផងដែឬ។ នៅដើមឆ្នាំ២០១៥ ឃុំកោះទាំងអស់ត្រូវបានតភ្ជាប់ជាមួយបណ្តាញអគ្គសនីជាតិ។ បន្តចក្ខុវិស័យយុទ្ធសាស្ត្ររបស់ដូនតា នៅឆ្នាំ ២០០៧ លោកនាយករដ្ឋមន្ត្រីបានសម្រេចចិត្តបង្កើតមណ្ឌលសេដ្ឋកិច្ច Van Don ហើយនៅខែកុម្ភៈ ឆ្នាំ ២០២០ បានអនុម័តលើការកសាងមណ្ឌលសេដ្ឋកិច្ច Van Don ដល់ឆ្នាំ ២០៤០។ ស្រុកកោះ Van Don ត្រូវបានសងសង់ឲ្យក្លាយទៅជាមណ្ឌលសេដ្ឋកិច្ចសមុទ្រពហុផ្នែក ជាមជ្ឈមណ្ឌលឧស្សាហកម្មលេងកម្សាន្ត ដែលមានកាស៊ីណូ ទេសចរណ៍កោះសមុទ្រលំដាប់ខ្ពស់ និងសេវាកម្មទូទៅ ព្រមទាំងជាច្រកផ្លូវដោះដូរពាណិជ្ជកម្មអន្តរជាតិ បង្កើតផលិតផលប្លែកៗ ទំនើបៗជាមួយគុណភាពខ្ពស់ មានពាណិជ្ជសញ្ញា ហើយមានសមត្ថភាពប្រកួតប្រជែងអន្តរជាតិ។ ដោយបានរស់នៅអស់រយៈពេលប្រមាណ ២០ ឆ្នាំ នៅស្រុកកោះនេះលោក Doan Huu Moc មកពីទីរួមស្រុក Cai Rong បានឲ្យដឹងថា៖ “ស្រុកកោះចាប់ផ្ដើមអភិវឌ្ឍន៍តាំងពីពេលមានមណ្ឌលទេសចរណ៍ និងវត្ត Cai Bau។ នៅពេលអនុវត្តន៍ផែនការមេ ដោយមានគោលការណ៍សាងសង់ព្រលានយន្តហោះ និងផ្លូវហាយវេនោះ មុខមាត់ស្រុកកោះត្រូវបានផ្លាស់ប្ដូរ ពោលគឺ ហេដ្ឋារចនាសម្ព័ន្ធពីផ្លូវថ្នល់ គម្រោងអចលនទ្រព្យ ការវិនិយោគសាងសង់កំពង់ផែនោះ ភ្ញៀវទេសចរបានអញ្ជើញមកទស្សនាយ៉ាងច្រើនកុះករ។ ប្រជាជនមានក្ដីសង្ឃឹមយ៉ាងខ្លាំងក្លាអំពីអនាគតផងដែរ”។

ពីលក្ខណៈដ៏វិសេសវិសាកអំពីភូមិសាស្ត្រ និងភាពខុសគ្នាអំពីយន្តការនោះ  ទីក្រុង Quang Ninh បានប្រែក្លាយស្រុកកោះ Van Don ទៅជា "មេដែក" ជាជំហានៗ ដើម្បីទាក់ទាញទុនវិនិយោគជាមួយនឹងគម្រោងដ៏ "ធំសម្បើម" ជាច្រើនបណ្ដារមណីយដ្ឋានសម្រាកលំហែកាយលំដាច់ខ្ពស់ កំពង់ផែ មជ្ឈមណ្ឌលបច្ចេកវិទ្យាខ្ពស់ និងនគរឆ្លាតវៃ ជាមួយទឹកប្រាក់ជាង ៦០ លានលានដុង។ នៅឆ្នាំ ២០២១ ទឹកប្រាក់ប្រមាណ ៦ លានលានដុងត្រូវបានវិនិយោគសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងបណ្ដាសំណង់បម្រើការអភិវឌ្ឍន៍នៅស្រុកកោះ Van Don។ នាដើមឆ្នាំ ២០២១ ខេត្ត  Quang Ninh បានអនុម័តលើភារកិច្ចកសាងសំណុំឯកសារវិទ្យាសាស្ត្រ ដើម្បីស្នើឲ្យរដ្ឋាភិបាលទទួលស្គាល់កេរ្កិ៍ដំណែលប្រវត្តិសាស្ត្រកំពង់ផែពាណិជ្ជកម្ម Van Don ជាកេរ្កិ៍ដំណែលជាតិពិសេស។ ខេត្ត Quang Ninh មានគោលបំណងស្ដាររាល់តម្លៃប្រពៃណីឡើងវិញ ដើម្បីបង្កើតផលិតផលទេសចរណ៍ថ្មី ប្លែកៗ ហើយបន្តទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។ លោក Dao Van Vu អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Van Don បានឲ្យដឹងថា៖ “នាពេលខាងមុខ ស្រុកកោះ Van Don នឹងផ្តោតសំខាន់លើការស្ដាររមណីដ្ឋានប្រវត្តិសាស្ត្រ ក្នុងនោះមានសាលាភូមិ Quan Lan និងពិធីបុណ្យ Quan Lan – បេតិកភណ្ឌអរូបីជាតិ។ ទន្ទឹមនឹងនេះ ផ្ដោតសំខាន់លើការសិក្សាស្រាវជ្រាវ ទាក់ទាញវិនិយោគិនមកបណ្ដាក់ទុនលើប្រព័ន្ធទេសចរណ៍ខាងវិញ្ញាណ ស្ដារកំពង់ផែពាណិជ្ជកម្មបុរមបុរាណនៅលើកោះ Ngoc Vung និង Thang Loi។ យើងខ្ញុំបានកំណត់ថា នេះគឺជាគោលដៅអាទិភាព ដោយនាំតំបន់ទាំងនេះក្លាយទៅជាមណ្ឌលទេសចរណ៍កោះសមុទ្រដ៏វិសេសវិសាល ឲ្យសមស្រមនឹងផែនការ ក៏ដូចជាអភិវឌ្ឍន៍មណ្ឌលសេដ្ឋកិច្ច Van Don តាមទិសដៅនគរកោះសមុទ្របៃតង ឆ្លាតវៃ និងប្រកបដោយចីរភាពផងដែរ”។

Van Don - កំពង់ផែពាណិជ្ជកម្មដើមដំបូងរបស់ប្រទេស Dai Viet (មហាវៀត) - ảnh 2លោក Nguyen Minh Trang អតីតប្រធានគណៈកម្មាធិការប្រជាជនស្រុក Van Don (រូបថត៖ VOV)

នៅឆ្នាំ ២០២២ ផ្លូវហាវេ Van Don - Mong Cai នឹងត្រូវដាក់ឱ្យដំណើរការ ដោយបានសម្រេចរួចរាល់ច្រករបៀងផ្លូវហាយវេរវាងវៀតណាម ជាមួយចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដោយបន្តអះអាងពីឋានៈ នៃ"កម្លាំងចលករ" របស់ Van Don ក្នុងទិសដៅអភិវឌ្ឍន៍របស់ខេត្ត Quang Ninh។ មិនត្រឹមតែជាកំពង់ផែពាណិជ្ជកម្មពីអតីតកាលប៉ុណ្ណោះទេ Van Don កំពុង "បើកទ្វារ"ពង្រីកផ្លូវគោក និងផ្លូវសមុទ្រ ដើម្បីក្លាយទៅប្រភពដោះដូរពាណិជ្ជកម្ម មជ្ឈមណ្ឌលសេវាកម្មនាបច្ចុប្បន្ន និងអនាគត ក៏ដូចជានាំមកនូវតម្លៃសេដ្ឋកិច្ចវប្បធម៌ដ៏វិសេសវិសាលពីចក្ខុវិស័យ និងការយល់ដឹងឆ្ពោះទៅរកសមុទ្ររបស់ដូនតាយើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ