Van Ho- សម្រស់ដែលទាក់ទាញភ្ញៀវទេសចរ
(VOVWORLD) - ភូមិស្រុកដែលលាក់ខ្លួនក្នុងអ័ព្ទ ល្បាក់ទឹក ចម្ការតែដុះតាមជួរភ្នំ ឬផ្សារនៅតំបន់ព្រៃភ្នំដ៏អ៊ូអរដោយសំណើចបានបង្កើតផ្ទាំងគំនូរទេសភាពដ៏ស្រស់បំព្រងដែលទាក់ទាញភ្ញៀវទេសចរនៅពេលមានឱកាសអញ្ជើញទស្ស Van Ho - ស្រុកច្រកទ្វាររបស់ខេត្ត Son La ។
ផ្សារ Chieng Di 2 ឃុំ Van Ho ស្រុក Van Ho (Son La) ទាក់ទាញភ្ញៀវទេសចរណ៍ជាមួយនឹងលក្ខណៈពិសេសបែបបុរាណ និងប្រពៃណី។ រូបថត៖ VOV |
នាថ្ងៃសៅរ៍ និងថ្ងៃអាទិត្យជារៀងរាល់សប្តាហ៍ នៅភូមិ Chieng Di ២ ឃុំ Van Ho ស្រុក Van Ho ខេត្ត Son La មានប្រជុំផ្សារដ៏អ៊ូអរ ពោរពេញទៅដោយអត្តសញ្ញាណនៅតំបន់ព្រៃភ្នំ។ ស្តង់ទំនិញនៅទីនេះត្រូវបានតម្លើងពីខ្ទមតូចៗធ្វើពីឫស្សីដ៏សាមញ្ញនៅចំកណ្ដាលសួនច្បារព្រូន។ ស្តង់ទំនិញជាមួយផលិតផលប្រចាំតំបន់ដ៏វិសេសវិសាលរបស់បងប្អូនជនជាតិ Mong ដូចជា៖ សាច់ក្របី ជ្រក់ទំពាំង ទំពាំងស្ងួត បន្លែ ផ្លែឈើគ្រប់មុខ ឧបករណ៍ផលិតកម្ម ផលិតផលចរបាប់ និងសំលៀកបំពាក់ជនជាតិ។ លោក Song A Nha កម្មាភិបាលភូមិ Chieng Di 2 ឃុំ Van Ho ស្រុក Van Ho បានឲ្យដឹងថា៖ “ផលិតផលទាំងអស់សុទ្ធតែត្រូវបានផលិតនៅក្នុងតំបន់ ដោយបាតដៃរបស់បងប្អូនជនជាតិ Mong។ ភូមិបានណែនាំដល់ប្រជាជនធ្វើការតាមរដូវកាល ដើម្បីមានទំនិញដាក់លក់ក្នុងប្រជុំផ្សារផងដែរ”។
ពេលប្រជុំផ្សារ Chieng Di ២ ក៏ទាក់ទាញភ្ញៀវទេសចរដោយស្នូរសំឡេងបុកនំដ៏អ៊ូអរ; ល្បែងប្រជាប្រិយ រួមជាមួយស្នូរសំឡេងខ្លុយ Môngហៅមិត្តភក្តិលាន់លឺរំពងតាមព្រៃភ្នំ។ អ្នកស្រី Le Thi Le ភ្ញៀវទេសចរម្នាក់មកពីខេត្ត Vinh Phuc បានចែករំលែកថា៖ “ចំពោះយើងខ្ញុំ លក្ខណៈដ៏វិសេសវិសាលបំផុតគឺពេលប្រជុំផ្សារ។ ដូច្នេះហើយ យើងខ្ញុំសប្បាយរីករាយណាស់ ហើយបានក្រោកពីព្រលឹមដើម្បីទៅប្រជុំផ្សារ។ ប្រជាជននៅទីនេះមានទឹកចិត្តស្មោះត្រង់ណាស់ យើងខ្ញុំសប្បាយចិត្តណាស់ដែលបានមកលេងទីនេះ”។
ភ្ញៀវទេសចរអញ្ជើញមកទស្សនាកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះហើយ ពេលប្រជុំផ្សារនានាបាននាំមកនូវប្រាក់ចំណូលគួរឲ្យកត់សម្គាល់សម្រាប់ប្រជាជនក្នុងតំបន់ ព្រមទាំងផ្សព្វផ្សាយពីលក្ខណៈវប្បធម៌វិសេសវិសាលរបស់បងប្អូនប្រជាជនក្នុងតំបន់។
ខុសពីបរិយាកាសដ៏អ៊ូអររបស់ពេលប្រជុំផ្សារ ល្បាក់ទឹក Nang Tien នៅឃុំ Chieng Khoa ស្រុក Van Ho បាននាំមកនូវអារម្មណ៍សុខសាន្តដល់ភ្ញៀវទេសចរ។ ភ្ញៀវទេសចរអញ្ជើញមកទីនេះបានសម្របខ្លួនទៅក្នុងធម្មជាតិដ៏ធំសម្បើម និងរហោស្ថាន មនោរម្យរបស់តំបន់ព្រៃភ្នំភាគពាយ័ព្យ។ ល្បាក់ទឹក Nang Tien ទាំង ៣ ជាន់ត្រូវបានហ៊ុំព័ទ្ធដោយកម្រាលរុក្ខជាតិធម្មជាតិ ជាមួយស្លែបៃតង និងរុក្ខជាតិដុះចេញពីថ្ម។ លោកស្រី Nguyen Thi Huyen ភ្ញៀវទេសចរម្នាក់មកពីទីក្រុងហាណូយបានឲ្យដឹងថា៖ “នេះគឺជាលើកដំបូងហើយ ដែលនាងខ្ញុំបានទស្សនាល្បាក់ទឹក Nang Tien។ ក្រោយរយៈពេល ២ ម៉ោងទស្សនាទីនេះ នាងខ្ញុំឃើញថាទេសភាពពិតជាស្រស់បំព្រងណាស់”។
ល្បាក់ទឹក Nang Tien នៅឃុំ Chieng Khoa ស្រុក Van Ho បាននាំមកនូវអារម្មណ៍សុខសាន្តដល់ភ្ញៀវទេសចរ។ រូបថត៖ VOV |
តំបន់ដីនេះក៏បានរក្សាទុកកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ និងវប្បធម៌ជាច្រើនដូចជា៖ កេរ្តិ៍ដំណែលថ្នាក់ជាតិផ្នូរ Tang Me (ឃុំ Suoi Bang); ប្រាសាទ Hang Mang (ឃុំ Quang Minh); ប្រាសាទ Nàng Bẳng Mương (ឃុំ Chiềng Khoa); តំបន់មូលដ្ឋានបដិវត្តន៍ Moc Ha។ ទន្ទឹមនឹងនោះ ពណ៌ចម្រុះវប្បធម៌ដ៏សម្បូរបែបនៅតាមភូមិទេសចរណ៍សហគមន៍របស់ជនជាតិ Mong នៅ Hua Tat ជនជាតិ Dao នៅ Na Bai និងជនជាតិ Thai នៅ Phu Mau។ លោកស្រី Nguyen Thi Lu ប្រធានការិយាល័យវប្បធម៌ និងព័ត៌មានស្រុក Van Ho ខេត្ត Son La បានឲ្យដឹងថា៖ “ក្រៅពីប្រភពវិនិយោគរបស់រដ្ឋ យើងខ្ញុំក៏បានអនុវត្តន៍សង្គមភាវូបនីយកម្ម ប្រគល់ឲ្យអង្គការ និងបុគ្គលវិនិយោគ និងធ្វើអាជីវកម្មលើសំណង់កេរ្កិ៍ដំណែល រមណីដ្ឋានដើម្បីបម្រើវិស័យទេសចរ។យើងខ្ញុំនឹងបន្តរួមជាមួយបងប្អូនប្រជាជនពង្រីកតម្លៃប្រពៃណី ជួយឧបត្ថម្ភការស្ដារឡើងវិញពិធីបុណ្យទាន ភ្ជាប់ជាមួយល្បែងប្រជាប្រិយ វប្បធម៌ សិល្បៈ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងរួមចំណែកធ្វើពិពិធកម្មផលិតផលទេសចរណ៍របស់ស្រុកផងដែរ”។
សម្រស់ធម្មជាតិ វប្បធម៌ចម្រុះពណ៌ រួមជាមួយនឹងការឧស្សាហ៍ព្យាយាម និងភាពច្នៃប្រឌិតរបស់បងប្អូនប្រជាជននៅតំបន់ព្រៃភ្នំបានតុបតែងដល់ផ្ទាំងគំនូរទេសចរណ៍ Van Ho គ្រោងនឹងក្លាយទៅជាគោលដៅដ៏ទាក់ទាញ ដែលមិនអាចរំលងបានក្នុងដំណើរឆ្ពោះទៅតំបន់ភូមិភាគពាយ័ព្យផងដែរ៕