Vi Ro Ngheo - ភូមិបុរាណនៅក្នុងព្រៃផ្កា

(VOVWORLD) - ស្ថិតនៅលើកំពូលភ្នំនិងព្រៃឈើដ៏ធំល្ហល្ហេរនៃឃុំ Dak Tang ស្រុក Kon Plong ខេត្ត Kon Tum ភូមិ Vi Ro Ngheo ដែលជាភូមិ homestay របស់ជនជាតិ Xo Dang ត្រូវបានព្រះម៉ែធម្មជាតិប្រទានពរជាមួយនឹងផ្កាព្រៃគ្រប់ប្រភេទដែលរីកស្គុះស្គាយបង្អួតសម្រស់ក្នុងរដូវទាំង ៤ ពេញមួយឆ្នាំ។ នេះគឺជាគោលដៅទេសចរណ៍ដ៏ប្លែកនិងទាក់ទាញសម្រាប់ភ្ញៀវទេសចរដែលចូលចិត្តស្វែងយល់ពីវប្បធម៌ និងធម្មជាតិនៃតំបន់ Tay Nguyen។

Vi Ro Ngheo - ភូមិបុរាណនៅក្នុងព្រៃផ្កា - ảnh 1ទេសភាពដ៏សុខសាន្តត្រាណនៅភូមិ Vi Ro Ngheo។ (រូបថត៖ baodantoc.vn)

មានចម្ងាយជិត ៤០ គីឡូម៉ែត្រពីភាគខាងជើងនៃទីរួមស្រុក Mang Den ភូមិ Vi Ro Ngheo ស្ថិតនៅតាមមាត់ទន្លេ Dak Snghé។ ដោយស្ថិតនៅកម្ពស់ជាង ១២០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ភូមិ Vi Ro Ngheo មានសីតុណ្ហភាពជាមធ្យមពី ១៦ - ២៥ អង្សាសេប៉ុណ្ណោះ។ នេះគឺជាភូមិបុរាណរបស់ជនជាតិ Xo Dang ដែលជាភូមិដ៏រហោស្ថាន សុខសាន្តត្រាណ ជាមួយនឹងអាកាសធាតុស្រស់បរិសុទ្ធបំផុតនៅ Kon Tum។ នៅក្នុងភូមិមានគ្រួសារចំនួន ៦៣ ជាមួយនឹងប្រជាជនជាង ៣០០នាក់។ ដោយសារតែស្ថិតនៅដាច់ឆ្ងាយពីពិភពខាងក្រៅ ភូមិ Vi Ro Theo នៅតែរក្សាបាននូវលក្ខណៈស្ថាបត្យកម្មពិសេសនៃភូមិប្រចាំស្រុក។ អ្នកស្រី Pham Thi Hong ភ្ញៀវទេសចរមកពីទីក្រុងហាណូយបាននិយាយថា៖

“នៅទីនោះ នៅតែមានព្រៃស្រោង ហើយមនុស្សម្នាស្និទ្ធស្នាល និងរាក់ទាក់ណាស់។ ក្រុមរបស់យើងខ្ញុំបានស្នាក់នៅមួយយប់នៅទីនេះ ហើយមានឱកាសចូលរួមជីវភាពប្រចាំថ្ងៃរបស់បងប្អូនជនជាតិ Xo Dang... ខ្ញុំមានអារម្មណ៍ថា វាគួរអោយចាប់អារម្មណ៍ខ្លាំងណាស់”។

ភូមិនេះត្រូវបានព្រះម៉ែធម្មជាតិប្រទានពរជាមួយនឹងផ្កាព្រៃដែលរីកស្គុះស្គាយបង្អួតសម្រស់ក្នុងអំឡុងរដូវកាលទាំងបួន។ ក្រៅពីផ្កាជាច្រើនប្រភេទ ដែលត្រូវបានដាំតាមដងផ្លូវ ភូមិ Vi Ro Ngheo ក៏ត្រូវបានគេស្គាល់ថា ជាឋានសួគ៌នៃផ្កាអ័រគីដេព្រៃ ដែលផ្ទះណាមួយក៏មានផ្កាអ័រគីដេព្រៃ ពីរាប់សិបរហូតទៅរាប់រយផើង។ អ្នកស្រី Y Lan អ្នកភូមិ Vi Ro Ngheo បាននិយាយថា៖

“ពីមុន ផ្កាអ័រគីដេភាគច្រើនដុះនៅលើទួលភ្នំនិងក្នុងព្រៃឈើ។ ពេលភូមិក្លាយជាភូមិទេសចរណ៍សហគមន៍ ប្រជាជនយកវាទៅដាំនិងថែទាំ។ នៅក្នុងប៉ូន្មានថ្ងៃតេត ផ្ការីកយ៉ាងស្រស់ស្អាតណាស់ ដែលធ្វើឲ្យភូមិកាន់តែស្រស់ស្អាតដែរ”។

Vi Ro Ngheo - ភូមិបុរាណនៅក្នុងព្រៃផ្កា - ảnh 2ក្រៅពីផ្កាជាច្រើនប្រភេទ ដែលត្រូវបានដាំតាមដងផ្លូវ ភូមិ Vi Ro Ngheo ក៏ត្រូវបានគេស្គាល់ថា ជាឋានសួគ៌នៃផ្កាអ័រគីដេព្រៃ ដែលផ្ទះណាមួយក៏មានផ្កាអ័រគីដេព្រៃ ពីរាប់សិបរហូតទៅរាប់រយផើង។ (រូបថត៖ baodantoc.vn)

គុណសម្បត្តិភូមិសាស្ត្រ ដែលធម្មជាតិប្រទានពរឲ្យ គឺជាលក្ខខណ្ឌអំណោយផលសម្រាប់ភូមិ Vi Ro Ngheo អភិវឌ្ឍន៍ទេសចរណ៍។ លោក Pham Van Thang អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Kon Plong បានឲ្យដឹងថា៖

“យើងខ្ញុំបានចលនាគ្រួសារនីមួយៗជួយស្ដារឡើងវិញនូវតម្លៃវប្បធម៌ទាំងអស់។ យើងខ្ញុំបង្កើតក្រុមៗ ដើម្បីដាំបន្លែ ផ្គត់ផ្គង់សាច់មាន់ ទា ជ្រូក ហើយរៀបចំការចម្អិនអាហារ។ មុខម្ហូបនៅទីនេះមានបន្លែ ផ្លែឈើប្រចាំស្រុក និងត្រីអូរ ហើយយើងខ្ញុំក៏ចិញ្ចឹមជ្រូក ទា និងមាន់នៅហ្នឹងមូលដ្ឋាន ដូច្នេះពេលភ្ញៀវទេសចរមក អាចទទួលទានមុខម្ហូបប្រចាំស្រុក។ យើងខ្ញុំក៏បានឃោសនា និងចលនាប្រជាជន ហើយដាក់បញ្ចូលក្នុងបទប្បញ្ញត្តិថា ប្រជាជនទាំងអស់នៅមូលដ្ឋាន ពិតជាធ្វើទេសចរណ៍ ទទួលបានផលប្រយោជន៍ពីទេសចរណ៍ ព្រមទាំងលើកទឹកចិត្តប្រជាជនមិនលក់ដីផងដែរ”។

យោងតាមលោក Pham Van Thang អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Kon Plong ការដែលភូមិ Vi Ro Ngheo ត្រូវបានទទួលស្គាល់ជាភូមិទេសចរណ៍សហគមន៍មានអត្ថន័យសំខាន់ក្នុងការតម្រង់ទិសអភិវឌ្ឍន៍ផលិតផលទេសចរណ៍នៃមូលដ្ឋាន ដោយការធ្វើពិពិធកម្មទម្រង់បទពិសោធន៍សម្រាប់ភ្ញៀវទេសចរ បង្កើតការតភ្ជាប់រវាងភូមិទេសចរណ៍សហគមន៍នានា។ សម្រាប់ប្រជាជន Vi Ro Ngheo ការអភិវឌ្ឍទេសចរណ៍សហគមន៍នឹងរួមចំណែកថែរក្សានិងលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណី៖

“ស្រុកប្ដេជ្ញាកសាងភូមិទេសចរណ៍សហគមន៍ Vi Ro Ngheo ឱ្យជាប់នឹងស្តង់ដារអាស៊ីអាគ្នេយ៍នាពេលខាងមុខ។ បើចង់ធ្វើដូច្នេះបាន ក្រៅពីការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ស្រុកបានកំណត់បញ្ហានៃការអភិរក្ស និងលើកកំពស់តម្លៃវប្បធម៌របស់ជនជាតិ Xo Dang ជាកិច្ចការសំខាន់បំផុត។ ពេលកសាងភូមិទេសចរណ៍ គួរធ្វើយ៉ាងណាដើម្បីឲ្យបងប្អូនជនជាតិ Xo Dang អាចទទួលបានអត្ថប្រយោជន៍។ ដូច្នេះគណៈកម្មាធិការប្រជាជនឃុំបានកសាងផែនការលម្អិតសម្រាប់ការគ្រប់គ្រង”។

មកដល់ពេលនេះ មានគ្រួសារចំនួន ៥០/៦៣ គ្រួសារនៅភូមិ Vi Ro Ngheo បានចូលរួមសហករណ៍ទេសចរណ៍។ ដោយមានការជួយគាំទ្រពីអាជ្ញាធរនិងការខិតខំប្រឹងប្រែងរបស់ប្រជាជន ភូមិ Vi Ro Ngheo បានបង្កើតក្រុមអ្នករាំ និងអ្នកលេងគងឃ្មោះ ដើម្បីសម្ដែងនៅពេលភ្ញៀវទេសចរមកលេងភូមិ។ ស្រុកក៏បានតភ្ជាប់ដំណើរទេសចរណ៍រុករកបឹង និងល្បាក់ទឹកនៅជុំវិញភូមិ Vi Ro Ngheo។ ស្រុកនឹងរៀបចំការបញ្ជូនគ្រួសារទៅរៀនបទពិសោធន៍ពីគំរូទេសចរណ៍សហគមន៍ដែលទទួលបានជោគជ័យក្នុងខេត្តផ្សេងៗទៀត ដូច្នេះបងប្អូនជនជាតិ Xo Dang នឹងកសាងភូមិរបស់ខ្លួនកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ