កោះ Cu Lao Xanh - គ្រាប់ពេជ្របៃតងនៅចំកណ្តាលទឹកដីខេត្ត Binh Dinh
(VOVWORLD) - ឃុំកោះ Nhon Chau ឬហៅថាកោះ Cu Lao Xanh នៅទីក្រុង Quy Nhon ខេត្ត Binh Dinh មិនត្រឹមតែមានទីតាំងយុទ្ធសាស្ត្រការពារជាតិ សន្តិសុខ និងអធិបតេយ្យភាពកោះសមុទ្ររបស់ប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំងជាគោលដៅទេសចរណ៍គួរឱ្យចាប់អារម្មណ៍ទៀតផង។
កោះ Cu Lao Xanh - គ្រាប់ពេជ្របៃតងនៅចំកណ្តាលទឹកដីខេត្ត Binh Dinh |
នាបច្ចុប្បន្ន ខេត្ត Binh Dinh កំពុងអនុវត្តន៍ការអភិរក្សជាជំហានៗ ពង្រីករាល់តម្លៃដែលមានស្រាប់របស់ ឃុំកោះ Nhon Chau ដើម្បីអភិវឌ្ឍន៍កោះនេះឲ្យក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍កោះសមុទ្ររបស់មូលដ្ឋានផងដែរ។ ក្នុងវិស្សមកាលរដូវក្តៅនេះ ជារៀងរាល់ថ្ងៃមានភ្ញៀវទេសចររាប់រយនាក់បានអញ្ជើញមកស្វែងយល់ និងទស្សនាទេសភាពនៅ “គ្រាប់ពេជ្របៃតង” - ឃុំកោះ Nhon Chau ទីក្រុង Quy Nhon ។ កោះ Cu Lao Xanh ស្រស់ស្អាតប្រៀបប្រដូចជាផ្ទាំងគំនូរជាមួយពណ៌បៃតងលាតសន្ធឹងនៅលើដើមដូងបក់តាមខ្យល់ ជួរចំបក់ខ្ចីរត់តាមឆ្នេរសមុទ្រ។ ឆ្នេរខាងមុខគឺជាខ្សាច់ពណ៌សបែរមុខទៅដីគោក ដែលជាកន្លែងរស់នៅរបស់ប្រជាជននៅកោះ។ ចំណែកឯឆ្នេរខាងក្រោយគឺជាផ្ទាំងថ្មដ៏ធំសម្បើមដាក់នៅលើគ្នាដែលមានរូបរាងគួរឲ្យចាប់អារម្មណ៍។ អញ្ជើញមកដល់ Cu Lao Xanh ភ្ញៀវទេសចរបានសម្របខ្លួនទៅក្នុងលំហររហោស្ថានគួរឱ្យចាប់អារម្មណ៍ សម្របខ្លួនជាមួយជីវភាពរស់នៅរបស់ប្រជាជន ដូចជាស្ទួចត្រីមឹក ជ្រមុជគយគន់ផ្កាថ្ម។ ប្រការទាំងនេះបាននាំមកនូវបទពិសោធន៍ដ៏អស្ចារ្យនៅលើទឹកដីពោរពេញទៅដោយពណ៌បៃតងនៅចំកណ្ដាលសមុទ្រ។
ពីរដ្ឋធានីហាណូយ លោក Dao Quoc Khang រួមជាមួយសមាជិកគ្រួសារទាំង ១៣ នាក់បានទៅទស្សនាកោះ Cu Lao Xanh ហើយលទ្ធផលនៃដំណើរកម្សាន្តមិនធ្វើឲ្យលោកខកចិត្តឡើយ៖ “ខ្ញុំមានអារម្មណ៍ថាស្រុកកំណើត និងប្រទេសជាតិរបស់យើងពិតចាស្អាតណាស់។ កោះសមុទ្រអភិវឌ្ឍន៍គឺជាប្រៀបខ្លាំងនៃវិស័យទេសចរណ៍វៀតណាម។ ខ្ញុំពិតជាមានមោទណភាពចំពោះទឹកដី និងសមុទ្រដ៏ធំទូលាយរបស់មាតុភូមិណាស់។ ដោយមានល្បឿនអភិវឌ្ឍន៍ដូច្នេះ គោលដៅនេះនឹងទាក់ទាញភ្ញៀវទេសចរក្នុងស្រុកយ៉ាងច្រើនកុះករនាពេលខាងមុខផងដែរ”។
នៅលើឃុំកោះ Nhon Chau មានគោលដៅទេសចរណ៍ជាច្រើនសម្រាប់ភ្ញៀវទេសចរអញ្ជើញមកស្វែងយល់ និងទស្សនា ដូចជាបង្គោលភ្លើងហ្វារ Cu Lao Xanh ដែលមានអាយុកាលជាង ១០០ ឆ្នាំ ជាមួយនឹងស្ថាបត្យកម្មបូព៌ាទិស-បស្ចឹមទិសដ៏វិសេសវិសាល។ បង្គោលទង់ជាតិដែលជាទីបង្អែកអំពីស្នារតី ជួយប្រជានេសាទមានអារម្មណ៍នឹងនរចិត្តនៅពេលចេញទូក ច្បាប់សមុទ្រ។ ទន្ទឹមនឹងនេះ ភ្ញៀវទេសចរក៏អាចងូតទឹកជ្រោះ Gieng Tien (អណ្ដូងទេពអប្សរ)។ អ្នកស្រី Nguyen Thi Cuc ភ្ញៀវទេសចរម្នាក់មកពី ខេត្ត Tay Ninh បានឲ្យដឹងថា៖ “នាងខ្ញុំឃើញថាទីកន្លែងនេះពិតជាត្រជាក់ស្រួល ស្រស់បំព្រង ហើយខ្យល់អាកាសបរិសុទ្ធណាស់។ នាងខ្ញុំគិតថាគួរតែបើកសេវាកម្មម្ហូបអាហារ ដើម្បីបម្រើភ្ញៀវទេសចរនៅទីនេះផងដែរ”។
នាបច្ចុប្បន្ន ដោយសារមធ្យោបាយធ្វើដំណើរពី ទីក្រុង Quy Nhon ទៅកាន់កោះនៅតែមានកម្រិត ដូច្នេះហើយជារៀងរាល់ថ្ងៃមានភ្ញៀវទេសចរប្រមាណ ១០០ នាក់តែប៉ុណ្ណោះបានធ្វើដំណើរទៅកាន់កោះ។ លោក Ho Nhat Le ប្រធានគណៈកម្មាធិការប្រជាជនឃុំកោះ Nhon Chau ទីក្រុង Quy Nhon មានគោលបំណងថា ចរាចរណ៍ផ្លូវទឹកនឹងកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ បង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរអញ្ជើញទៅទស្សនាកោះ៖ “ភ្ញៀវទេសចរអញ្ជើញទៅទស្សនាភូមិសាស្ត្រឃុំកោះនឹងចូលរួមវិភាគទានដល់វិស័យសេដ្ឋកិច្ចជាច្រើន បង្កើតប្រាក់ចំណូល និងការងារធ្វើជូនបងប្អូនប្រជាជន។ ពួកគេនឹងធ្វើការជាមួយទីភ្នាក់ងារទេសចរណ៍ ដើម្បីរកប្រាក់ចំណូលបន្ថែម និងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រជាជននៅកោះផងដែរ”។
បង្គោលភ្លើងកោះ Cu Lao Xanh ̣(រូបថត៖ Le Thi Phuong) |
នារយៈពេលកន្លងទៅ រដ្ឋ និងខេត្ត Binh Dinh បានចំណាយប្រភពធនធានជាច្រើន ដើម្បីវិនិយោគលើកោះ Nhon Chau។ អាស្រ័យហេតុនេះ ទិដ្ឋភាពសេដ្ឋកិច្ច-សង្គមរបស់ឃុំកោះមានជំហានអភិវឌ្ឍន៍គួរឲ្យចាប់អារម្មណ៍ ហើយកំពុងជាគោលដៅរបស់ភ្ញៀវទេសចរ។ នារយៈពេលខាងមុខ ខេត្ត Binh Dinh គ្រោងនឹងសាងហេដ្ឋារចនាសម្ព័ន្ធបម្រើការពារជាតិ សន្តិសុខផង និងអភិវឌ្ឍន៍សេដ្ឋកិច្ច បម្រើការធ្វើដំណើររបស់ប្រជាជនផង។ លោក Ho Quoc Dung លេខាគណៈកម្មាធិការបក្សខេត្ត Binh Dinh បានឲ្យដឹងថា៖ “បញ្ហាធំគឺធ្វើយ៉ាងម៉េចដើម្បីរៀបចំផែនការ ដាស់សក្ដានុពលរបស់ឃុំកោះ Nhon Chau និងតភ្ជាប់គោលដៅទេសចរណ៍នានា។ នារយៈពេលខាងមុខ យើងត្រូវវិនិយោគលើគម្រោងចំណុចរំលេចទេសចរណ៍មួយ នៅលើឃុំកោះ Nhon Chau ដើម្បីទាក់ទាញភ្ញៀវទេសចរ។ ថ្នាក់ដឹកនាំខេត្តបានប្រគល់ភារកិច្ចជូនស្ថាប័នពាក់ព័ន្ធនានាព្រមទាំងអំពាវនាវដល់វិនិយោគិនបោះទុនវិនិយោគឲ្យបានឆាប់ៗផងដែរ”។
ចាប់ពីពេលនេះដល់ឆ្នាំ ២០៣០ ខេត្ត Binh Dinh នឹងបែងចែកថវិកាវិនិយោគ កែលម្អ និងពង្រីកផ្លូវចរាចរណ៍ សាងសង់ប្រព័ន្ធភ្លើងបំភ្លឺផ្លូវ ដាំដើមឈើលើកោះ។ ទន្ទឹមនឹងនោះ ខេត្ត Binh Dinh បានពន្លឿនការអនុវត្តផែនការមេឃុំកោះ Nhon Chau ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ អភិវឌ្ឍន៍ទេសចរណ៍ និងការពារយ៉ាងរឹងមាំ សន្តិសុខ និងការពារជាតិនៅលើកោះ។ នាពេលអនាគតដ៏ខ្លី ឃុំកោះ Nhon Chau មិនត្រឹមតែអភិវឌ្ឍន៍អំពីសេដ្ឋកិច្ចសមុទ្រ ចិញ្ចឹម និងនេសាទជលផលប៉ុណ្ណោះទេ ថែមទាំងប្រែក្លាយទីកន្លែងនេះទៅជាគោលដៅទេសចរណ៍កោះសមុទ្រគួរឲ្យទាក់ទាញរបស់ទីក្រុង Quy Nhon និងខេត្ត Binh Dinh ទៀតផង៕