កោះកុក Chi Lang Nam - ទីកន្លែងទេសចរណ៍គួរអោយទាក់ទាញនៅវៀតណាម

(VOVWORLD) - កោះកុក Chi Lang Nam ស្ថិតនៅឃុំ Chi Lang Nam ស្រុក Thanh Mien ខេត្ត Hai Duong ភាគខាងជើងប្រទេសវៀតណាម។ នៅកោះនេះ ជារៀងរាល់ ពេលថ្ងៃរះនិងថ្ងៃលិច មាន សត្វកុកនិងក្រសាររាប់ម៉ឺនក្បាលហោះហើរពេញផ្ទៃមេឃ ដែលបង្កើតឡើងទស្សនីយភាពធម្មជាតិមានតែមួយគត់ដែលគ្មានទីណាក៏មាន ឡើយ។ អាស្រ័យដោយជាជម្រករួមនៃសត្វបក្សីជាច្រើនប្រភេទ ព្រមទាំងមាន បរិយាកាសរហោស្ថាន ផងនោះបានជា កោះកុក Chi Lang Nam កំពុងក្លាយ ទៅជាទីកន្លែងទេសចរណ៍គួរអោយទាក់ទាញចំពោះភ្ញៀវទេសចរយ៉ាងច្រើនកុះ ករ។

នាវេលាម៉ោង៥ព្រឹក ក្នុងពន្លឺព្រះអាទិត្យចែងចាំង ហ្វូងកុកនិងក្រសាររាប់ ពាន់ក្បាលកំពុង ហោះហើរទៅវិញទៅមកពេញផ្ទៃមេឃនៅលើបឹង An Duong។ សត្វ កុកនិងក្រសារគ្រប់ប្រភេទទំនៅតាមមែកដើមឫស្សី ដែលមើលទៅដូចទៅនឹង គំនូរទេសភាពដ៏ស្រស់បំព្រងមួយផ្ទាំង។ លោកស្រី Dang Thu Ha ភ្ញៀវទេសចរ ម្នាក់មកពីរដ្ឋធានីហាណូយ បានចែករំលែកថា៖

        “មិនគួរអោយជឿថា នៅទីនេះមានកុកយ៉ាងច្រើនលើសលុបយ៉ាងដូច្នេះ។ នេះ ជាលើកដំបូងដែលខ្ញុំបានឃើញទស្សនីយភាពនេះ។ នៅទីនេះក៏មានសកម្មភាព ជិះទូកដ៏សប្បាយយ៉ាងក្រៃលែងដែរ។ ក្រុមយើងខ្ញុំបានជិះទូកទៅកណ្ដាលបឹង ដើម្បីគយគន់ទេសភាពធម្មជាតិ។ វាអស្ចារ្យណាស់”។

        កោះកុកជាអព្ភូតហេតុមួយដែលធម្មជាតិបានប្រទានជូនប្រជាជននៅឃុំ Chi Lang Nam។ ប្រជាជននៅឃុំ នៅតែដំណាលរឿងរ៉ាវស្ដីពីការកកើតនៃកោះ ដ៏ពិសេសដោយឡែកនេះពីជំនាន់មួយទៅជំនាន់មួយដែរ។ តាមដំណាលថា កាលពី មុននេះ តំបន់បឹង An Duong ធ្លាប់ជាវាលស្រែលិចទឹកមួយ ដែលមានដីទួលខ្ពស់ មួយនៅកណ្ដាលបឹង។ នាសតវត្សទី១៥ គ្រោះទឹកជំនន់ធំមួយបានវាយបំបាក់ ទំនប់ទន្លេ ហើយធ្វើអោយទឹកហូរចូលវាលស្រែលិចលង់ ហើយប្រែក្លាយវាទៅជាបឹង An Duong នាបច្ចុប្បន្ន ព្រមទាំងប្រែក្លាយដីទួលខ្ពស់នៅកណ្ដាលវាលស្រែនោះ ក្លាយទៅជាកោះតូចមួយផងដែរ។ ពេលវេលាកន្លងផុតទៅ ហ្វូងកុកនិងក្រសារ ហោះហើរមករស់នៅលើកោះនេះកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ រហូតមកដល់ បច្ចុប្បន្ននេះ លើទំហំផ្ទៃដីជាង៣១ហិកតា ប្រព័ន្ធអេកូឡូស៊ីនៅទីនេះមានសត្វនិង រុក្ខជាតិប្រមាណ១៧០ប្រភេទ ដែលក្នុងនោះមានកុកចំនួន១៦ពាន់ក្បាល ក្រសារ ចំនួន៥ ពាន់ក្បាល ក៏ដូចជាបក្សីទឹកគ្រប់ប្រភេទជាច្រើនលើសលុបផងដែរ។

        កាលពីឆ្នាំ២០១៤ កោះកុកត្រូវបានក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ វៀតណាមរៀបចំណាត់ជាកេរ្តិ៍ដំណែលថ្នាក់ជាតិ។ លោក Nguyen Dang Giam អនុប្រធានគណៈគ្រប់គ្រងមណ្ឌលទេសចរណ៍ជាតិកោះកុក Chi Lang Nam បាន អោយដឹងថា ប្រជាជននៅទីនេះនិងតំបន់ជុំវិញនានា សុទ្ធតែចេះការពារនិងថែ រក្សារមណីយដ្ឋានកោះកុកនេះ។

        “ប្រជាជនតែងតែយកឫស្សីនិងប្រភេទដើមឈើផ្សេងៗទៀតទៅដាំនៅ កោះ។ គ្រួសាររស់នៅជុំវិញបឹងទាំងអស់សុទ្ធតែសន្យាមិនចោលសំរាមចូល ក្នុងបឹងឡើយ។ បុគ្គលនានាក្នុងគណៈគ្រប់គ្រងមានការទទួលខុសត្រូវដាំឬស្សី កាប់មែកឈើដាក់នៅកោះដើម្បីអោយហ្វូងកុកនិងក្រសារមកធ្វើសំបុក។ ហេតុដូច្នេះបានជា បរិមាណកុកនិងក្រសារកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយពួកវាក៏ស្និទ្ធស្នាលជាមួយមនុស្ស ផងដែរ”។

        ខេត្ត Hai Duong ពានអនុម័តលើគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេក ទេសនៅមណ្ឌលទេសចរណ៍និងអភិរក្សអេកូឡូស៊ីកោះកុក។ តាមគម្រោង ទំហំ ផ្ទៃដីនៃមណ្ឌលទេសចរណ៍នេះនឹងត្រូវបានបើកពង្រីកឡើងដល់ទៅ៦៩ហិកតា ដើម្បីកោះកុកបន្តជាកន្លែងទេសចរណ៍គួរអោយទាក់ទាញចំពោះភ្ញៀវជាតិនិង អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ