ក្លោងទ្វារឋានសួគ៌ O Quy Ho - គោលដៅដ៏ស្រស់ស្អាតនៅខេត្ត Lai Chau
(VOVWORLD) - មណ្ឌលទេសចរណ៍ O Quy Ho ស្ថិតនៅឃុំ Son Binh ស្រុក Tam Duong ខេត្ត Lai Chau។ កន្លែងនេះគឺជាគោលដៅដ៏ស្រស់ស្អាតមួយនៅខេត្ត Lai Chau ។
ជ្រលងភ្នំ O Quy Ho |
តំបន់ទេសចរណ៍ច្រកទ្វារឋានសួគ៌ O Quy Ho ត្រូវបានសាងសង់នៅលើកំពូលជ្រលងភ្នំO Quy Ho ដែលមានផ្ទៃប្រមាណ ៥២ ហិកតា។ នៅទីនេះមានសណ្ឋាគារ Heaven Gate លំដាប់ផ្កាយ ៥ ផ្ទះ Bungalow ដ៏ស្រស់ស្អាត បន្ទប់ស្នាក់នៅដ៏ប្រណិត ដោយមានផាសុកភាពពេញលេញ ដែលនាំមកនូវអារម្មណ៍កក់ក្តៅដល់ភ្ញៀវ។ ភ្ញៀវទេសចរមានជម្រើសជាច្រើនអំពីម្ហូបអាហារប្រចាំតំបន់ដ៏សម្បូរបែប។ លោក Nguyen Ngoc Son អ្នកគ្រប់គ្រងមណ្ឌលទេសចរណ៍ច្រកទ្វារឋានសួគ៌ O Quy Ho បានឲ្យដឹងថា៖ “មណ្ឌលទេសចរណ៍ច្រកទ្វារឋានសួគ៌ O Quy Ho រួមមានតំបន់សម្រាកលំហែកាយ ភោជនីយដ្ឋាន និងតំបន់សម្រាប់ទស្សនា។ មណ្ឌលទេសចរណ៍របស់យើងខ្ញុំមានចំណុចដ៏វិសេសវិសាលចំនួន ២ គឺទស្សនាច្រកទ្វារឋានសួគ៌ និងវត្តតូចមួយ។ យើងខ្ញុំកំពុងសាងសង់ homestay ពីឈើ ហើយអាចបើកទ្វារចូលមើលជ្រលងភ្នំខាងក្រោមបាន។ បរិវេណសណ្ឋាគារមានបម្រើសេវាកម្មខារ៉ាអូខេ ស្ប៉ា ងូតទឹកឱសថ ហើយមាន homestay ផ្ទះកញ្ចក់នៅតំបន់ទេសចរណ៍។ ឈរនៅវត្ត O Quy Ho ភ្ញៀវទេសចរអាចគយគន់ទេសភាពជុំវិញជ្រលងភ្នំ O Quy Ho ហើយមើលទៅខាងឆ្វេងដៃនឹងឃើញកំពូលភ្នំ Fansipan ដែលជាភ្នំខ្ពស់បំផុតនៅវៀតណាម។ រដូវកាលទទួលភ្ញៀវទេសចរច្រើនបំផុតគឺចាប់ពីខែមេសា ដល់ខែសីហាជាមួយនឹងភ្ញៀវទេសចរជាមធ្យមប្រមាណ ៥០០ នាក់ក្នុងមួយថ្ងៃ ជាពិសេស នាចុងសប្តាហ៍ ឬថ្ងៃបុណ្យទាន ចំនួនភ្ញៀវទេសចរឡើងដល់ ១ ០០០ នាក់។ បរិមាណភ្ញៀវទេសចរបរទេសស្រូបយកពី ២០-២៥% ភាគច្រើនជាភ្ញៀវទេសចរដែលមានសញ្ជាតិបារាំងផងដែរ”។
អញ្ជើញទៅទស្សនាច្រកទ្វារឋានសួគ៌ O Quy Ho ភ្ញៀវទេសចរតែងតែទៅទស្សនាជ្រលងភ្នំ O Quy Ho ដែលជាជ្រលងភ្នំវែង គ្រោះថ្នាក់ និងធំសម្បើមបំផុតទាំង ៤ នៅតំបន់ Tay Bac វៀតណាម (រួមមាន O Quy Ho, Pha Din, Khau Pha និង Mã Pí Lèng)។ លោក Nguyen Ba Nam ភ្ញៀវទេសចរម្នាក់មកពីទីក្រុងហាណូយបានឲ្យដឹងថា៖ “នេះគឺជាលើកដំបូងហើយ ដែលខ្ញុំបានទៅទស្សនា O Quy Ho ។ ខ្ញុំទើប ទៅទស្សនាស្ពានកញ្ចក់ Rong May ហើយមកទស្សនា O Quy Ho ។ ទេសភាពធម្មជាតិពិតជាធំសម្បើម និងស្រស់បំព្រងណាស់។ បើមានឱកាស ខ្ញុំនឹងមកទស្សនា O Quy Ho ម្ដងទៀងផងដែរ”។
ក្លោងទ្វារឋានសួគ៌ O Quy Ho |
ឆ្លងច្រកទ្វារឋានសួគ៌ O Quy Ho ភ្ញៀវទេសចរនឹងអញ្ជើញទៅដល់លំហទីធ្លាឋានសួគ៌ ដែលមានផ្លូវក្រាលថ្មីសទាំងសង្ខាង។ នៅចំកណ្តាលមាននិមិត្តរូបនៃមជ្ឈមណ្ឌលឋានសួគ៌ ដែលក្រាលថ្មស រៀបជារង្វង់មូលចំនួន ២ ហើយនៅកណ្តាលមានដុំថ្ម៥ដុំ ដាក់បញ្ឈរដែលមាន៥ពណ៌ផ្សេងគ្នា។ នៅខាងក្រោយមានផ្លាកសញ្ញារាងបួនជ្រុងធំមួយដាក់លើថ្មធំមួយ ដែលមានរាងដូចស្នូកអណ្តើក ឆ្លាក់អក្សរថា “ច្រកទ្វារឋានសួគ៌ ២០៣៥ ម៉ែត្រ មនុស្សគ្រប់គ្នាកំពុងឈរនៅលើខ្នងអណ្តើកនៃរៀងព្រេង O Quy Ho ដ៏ពិសិដ្ឋ។ ចូរត្រិះរិះអំពីប្រការដ៏ល្អប្រសើរអំពីសុខភាព ជោគជ័យ និងអាយុយឺនយូរ។ វត្ត O Quy Ho ត្រូវបានបើកកដ្ឋានសាងសង់ចាប់ពីឆ្នាំ ២០១៧ ហើយបើកសម្ពោធនៅឆ្នាំ ២០១៩ ។ ព្រះពុទ្ធបដិមាទាំងអស់ធ្វើពីថ្មប្រណិត ។ ឆ្លងទីធ្លាឋានសួគ៌ ចូលជ្រៅទៅខាងក្នុង ភ្ញៀវទេសចរនឹងបានគយគន់ទិដ្ឋភាពទេពអប្សរ។ អ្នកស្រី Nguyen Thi Hien ភ្ញៀវទេសចរម្នាក់មកពីទីក្រុងហាណូយមានអារម្មណ៍ថា៖ “នេះគឺជាលើកដំបូងហើយ ដែលយើងខ្ញុំមកទស្សនា O Quy Ho ។ ក្រុមយើងខ្ញុំមានគ្នាចំនួន ១០ នាក់។ ទេសភាពនៅ O Quy Ho ស្អាតអស្ចារ្យ ហើយអាកាសធាតុត្រជាក់ស្រួលណាស់។ គោលដៅនេះសក្តិសមជាមណ្ឌលកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រជាតិ។ ខ្ញុំសង្ឃឹមថាខ្ញុំបានទៅទស្សនាគោលដៅទីនេះជារៀងរាល់ឆ្នាំ”។
ល្បាក់ទឹក Cau May និងច្រកទ្វារឋានសួគ៌នៅតំបន់ O Quy Ho ត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមរៀបចំណាត់ថ្នាក់ជាកេរ្កិ៍ដំណែលជាតិក្នុងឆ្នាំ ២០១៥។ នាពេលខាងមុខ មណ្ឌលទេសចរណ៍ច្រកទ្វារឋានសួគ៌ O Quy Ho បន្តត្រូវបានវិនិយោគ ពង្រីក សាងសង់តំបន់ resort អាងហែលទឹក ឡានអគ្គិសនី ដើម្បីជូនភ្ញៀវទេសចរទៅទស្សនាល្បាក់ទឹក Tien និងជ្រោះទឹក Tien ផងដែរ៕