ខេត្ត Quang Ngai ពង្រីកសក្ដានុពលទេសចរណ៍
To Tuan -  
(VOVWORLD) -Quang Ngaiជាខេត្តមួយស្តិតនៅតំបន់ឆ្នេរសមុទ្រភាគកណ្ដាលវៀតណាមដែលមានចំងាយប្រមាណជាង៨៨០គីឡូម៉ែត្រពីប៉ែកខាងត្បូងរដ្ឋធានីហាណូយ។ដោយមានទីតាំងទេរខ្នងមកភ្នំ Truong Son និងបែរមុខទៅសមុទ្រខាងកើតនោះខេត្ត Quang Ngaiមានរមណីយដ្ឋានជាច្រើនទាំងនៅលើព្រៃភ្នំ ទាំងនៅវាលសណ្ដនិងនៅកោះសមុទ្រ។នេះជាសក្ដានុពលដ៏ធំធេងដើម្បីអភិវឌ្ឍន៍ទេសចរណ៍។
Quang Ngaiជាខេត្តមួយស្តិតនៅតំបន់ឆ្នេរសមុទ្រភាគកណ្ដាលវៀតណាមដែលមានចំងាយប្រមាណជាង៨៨០គីឡូម៉ែត្រពីប៉ែកខាងត្បូងរដ្ឋធានីហាណូយ។ដោយមានទីតាំងទេរខ្នងមកភ្នំ Truong Son និងបែរមុខទៅសមុទ្រខាងកើតនោះខេត្ត Quang Ngaiមានរមណីយដ្ឋានជាច្រើនទាំងនៅលើព្រៃភ្នំ ទាំងនៅវាលសណ្ដនិងនៅកោះសមុទ្រ។នេះជាសក្ដានុពលដ៏ធំធេងដើម្បីអភិវឌ្ឍន៍ទេសចរណ៍។
ពេលនិយាយដល់ទេសចរណ៍សមុទ្រនៅវៀតណាមម្ដងៗអ្នកផងតែងតែរំលឹកដល់ឆ្នេរសមុទ្រនៅ Da Nang Nha Trang និងVung Tauដោយរំលងទេសភាពធម្មជាតិដ៏ស្រស់ត្រកាលរបស់សមុទ្រខេត្ត Quang Ngai។តាមពិតឆ្នេរសមុទ្រនៅខេត្តនេះមានប្រវែងជិត១៥០គីឡូម៉ែត្រហើយមានឆ្នេរស្អាតៗដូចជា Khe Hai My Khe Minh Tan និងSa Huynh។
ឆ្នេរសមុទ្រនៅខេត្ត Quang Ngai
|
ឆ្នេរMy KheចំណុះភូមិCo Luy ឃុំTinh Khe ស្រុក Son Tinh ដែលមានចំ ងាយ ១២គីឡូម៉ែត្រពីប៉ែកខាងកើតទីក្រុងQuang Ngai។ ឆ្នេរនេះមានខ្សាច់សម៉ត់ ទឹក សមុទ្រខៀវថ្លាយង់ហើយអាកាសធាតុក្ដៅល្មមពេញមួយឆ្នាំ។នាបច្ចុប្បន្ននេះនៅឆ្នេរ My Kheគេបានកសាងសណ្ឋាគារនិងផ្ទះសំណាក់ជាច្រើនដើម្បីបំរើទេសចរ។មកលេងឆ្នេរMy Khe ភ្ញៀវនិងបានស្រូបយកខ្យល់អាកាសបរិសុទ្ធជាមួយទេសភាពធម្មជាតិដ៏ស្រស់ត្រកាល។តាមអ្នកស្រីPhung My Loan ជាភ្ញៀវទេសចរមួយរូបមកពីរដ្ឋធានីហា ណូយ បានឲ្យដឹងថា
“ខ្ញុំធ្លាប់បានទៅទស្សនារមណីយដ្ឋានជាច្រើនហើយតែមិនសូវមានកន្លែងណាដែលរក្សាបានធម្មជាតិដូចនៅទីកន្លែងនេះទេ។ទោះបីជាថ្ងៃក្ដៅបន្តិចក្ដីតែទេសភាពស្រស់ស្អាតទឹកសមុទ្រថ្លា។មកសំរាកលំហែកាយនៅឆ្នេរនេះធ្វើឲ្យខ្ញុំនិងក្រុមគ្រួសារសប្បាយចិត្តណាស់”។
ធ្វើដំណើរទៅកាន់ប៉ែកខាងត្បូងខេត្តQuang Ngai ភ្ញៀវទេសចរនឹងទៅដល់ឆ្នេរSa Huynhចំណុះស្រុក Duc Pho ដែលមានចំងាយប្រមាណ៦០គីឡូម៉ែត្រពីទី ក្រុង Quang Ngai។ឆ្នេរSa Huynhល្បីឈ្មោះនៅភូមិភាគកណ្ដាលវៀតណាមទាំងមូល។ ពាក្យ Sa Huynh មានន័យថា ខ្សាច់មាសព្រោះខ្សាច់នៅឆ្នេរនេះមានពណ៌មាសដែលភ្លឺរលោងក្នុងពន្លឺព្រះអាទិត្យ។នៅលំហសមុទ្រមានកោះថ្មតូចជាច្រើនលេចលើផ្ទៃសមុទ្រ ខៀវស្រងាត់។ស្ដីពីបញ្ហាពង្រីកទេសចរណ៍នៅតំបន់នេះ លោក Nguyen Thanh Tan ជាកម្មាភិបាលគណៈកម្មាធិការប្រជាជនស្រុក Duc Phoបានឲ្យដឹងថា
“ស្រុក Duc Phoមានឆ្នេរសមុទ្រប្រវែង៤០គីឡូម៉ែត្រដែលមានកំពង់ផែសមុទ្រចំនួនពីរកន្លែងគឺ My A និងSa Huynh។ក្រៅពីនោះនៅស្រុក Duc Phoក៏មានជួរភ្នំជាប់សមុទ្រដែលបង្កើតឡើងរមណីយដ្ឋានស្រស់ត្រកាលនិងប្រភពជលផលដ៏សំបូរបែបទៀតផង។នេះជាចំណុចសំរាប់ស្រុកពង្រីកវិស័យទេសចរនិងធ្វើសេដ្ឋកិច្ចសមុទ្រ ”។
តំបន់ទឹក ធ្លាក់ Trang |
អញ្ជើញមកទស្សនាខេត្ត Quang Ngaiភ្ញៀវទេសចរតែងតែទៅមើលតំបន់ទឹក ធ្លាក់ TrangចំណុះឃុំThanh An ស្រុក Minh Long ដែលមានចំងាយប្រមាណ២០ គីឡូម៉ែត្រ ពី ប៉ែកនិរតីក្រុងQuang Ngai។ទឹកធ្លាក់នេះព័ទ្ធជំវិញទៅដោយព្រៃ ឈើ ពណ៌បៃតងខៀវស្រងាត់។នៅទីកន្លែងនេះមានបឹងធម្មជាតិទឹកថ្លានិងត្រជាក់។ល្បាក់ទឹកTrangនេះជារមណីយដ្ឋានទាក់ទាញភ្ញៀវទេសចរមកទស្សនាយ៉ាងខ្លាំង។
ដោយមានទេសភាពធម្មជាតិដ៏ស្រស់ស្អាតទាំងនៅសមុទ្រនិងនៅតំបន់ព្រៃភ្នំនោះនាសព្វថ្ងៃ រដ្ឋអំណាចនិងប្រជាជនខេត្តQuang Ngaiកំពុងបង្កើនការវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិឲ្យកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ៕
To Tuan