ខ្ពង់រាប Moc Chau ខ្សែផ្លូវសម្រាប់ដំណើរស្វែងរកតំបន់ពាយព្យ
(VOVWORLD) - Moc Chau គឺជាតំបន់ទេសចរណ៍គួរឲ្យទាក់ទាញមួយនៃខេត្ត Son La ដែលជាខេត្តព្រៃភ្នំស្ថិតនៅភាគខាងជើងវៀតណាម។ ការធ្វើដំណើរទៅកាន់ Moc Chau តែងនៅរដូវក្តៅឬរដូវរងារ ពេលដែលផ្ទៃមេឃធ្លាក់អ័ព្ទពណ៌សឬពន្លឺព្រះអាទិត្យបញ្ចេញពន្លឺមាសនៅឯជើងព្រៃ គឺសុទ្ធតែធ្វើឱ្យអ្នកទេសចរស្រស្រឡាំងកាំង ដោយសារសម្រស់ធម្មជាតិដ៏ស្រស់ស្អាតរបស់ Moc Chau។ មានចម្ងាយប្រហែល ១៩០ គីឡូម៉ែត្រពីទីក្រុងហាណូយ ដោយមានអាកាសធាតុត្រជាក់ពេញមួយឆ្នាំ Moc Chau គឺជាទិសដៅទេសចរណ៍គួរឲ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរនៅទូទាំងប្រទេស ក្នុងដំណើរកម្សាន្តចុងសប្តាហ៍ នៅតំបន់ភាគពាយព្យដ៏មនោរម្យនេះ។
អ្នកទេសចរទៅទស្សនាតំបន់អេកូទេសចរណ៍នៅ Bung Bac នៃខេត្ត Ba Ria-Vung Tau (រូបថត៖ bariavungtautourism.com.vn) |
នៅខែមករានិងកុម្ភៈនៃ ប្រតិទិនសុរិយាគតិ ខ្ពង់រាប Moc Chau បញ្ចេញសម្រស់ឆើតឆាយនៃផ្កាម៉ាកខៃនិងផ្កាព្រូន (Man)។ នៅ Moc Chau ផ្លែព្រូន ត្រូវបានដាំនៅតាមចំការ ពេលខ្លះ ដើមព្រូនគ្របដណ្តប់ភូមិមួយទាំងមូល ដូច្នេះនៅពេលដែលព្រូនរីកស្គុះស្គាយ មានន័យថា ពុំមានផ្កាណាដែលហ៊ានបង្អួតសម្រាស់ឡើយ។ បើចង់គយគនសម្រស់ស្អាតរបស់ផ្កាព្រូន អ្នកគួរទៅលេង Moc Chau ក្នុងប៉ុន្មានថ្ងៃចុងក្រោយចុងឆ្នាំនិងដើមឆ្នាំថ្មីផងណា។
ចាប់ពីខែឧសភាដល់ខែសីហា គឺជារដូវផ្លែព្រូនទុំ។ អំឡុងពេលនេះ បណ្តាខេត្តដីសណ្តចូលរដូវក្តៅ ខណៈដែល Moc Chau ស្ថិតក្នុងអាកាសធាតុត្រជាក់ស្រួល ដូច្នេះពេលវេលានេះរឹតតែមនោរម្យសម្រាប់អ្នក។ ជាពិសេស ពេលនេះក៏ជាពេលដែលសួនផ្កាព្រូនមានផ្លែទុំ អ្នកអាចទៅលេងនិងបេះផ្លែព្រូនជាមួយប្រជាជនដែរ។
ប៉ុន្តែនៅខែតុលាដល់ខែធ្នូ ផ្កាខាត់ណាខៀវនិងផ្កាឈូករដ្ឋព្រៃ (ដែលវៀតណាមហៅថា Hoa Da quy) រីកស្គុះស្គាយ។ ចាប់ពីខែតុលាដល់ខែធ្នូ ផ្កាឈូករដ្ឋព្រៃនិងផ្កាខាត់ណាខៀវចាប់ផ្តើមរីកគ្របដណ្តប់ពណ៌សពេញភ្នំ។ បើអ្នកចង់ថតរូប អ្នកគួរចូលជ្រៅក្នុងភូមិ ដើម្បីទទួលបានរូបថតដ៏ស្រស់ស្អាត។
មកដល់ខ្ពង់រាប Moc Chau អ្នកទេសចរនឹងទទួលបានទេសភាពធម្មជាតិដ៏ស្រស់បំព្រងនិងជាទីមនោរម្យ ជាមួយកំពូលភ្នំ Pha Luong ចំការតែមានរាងបេះដូង ជ្រលងដើមព្រូនលាតសន្ធឹងធំល្វឹងល្វើយ រឺផ្កាចម្រុះ ពណ៌រីកស្គុះស្គាយពេញដងផ្លូវ។ ក្រៅពីរីករាយនឹងស្រូបខ្យល់អាកាសបរិសុទ្ធ ចូលមកទីនេះ អ្នកទេសចរនឹងបានដើរឆ្លងកាត់ស្ពានកញ្ចក់ស្នេហ៍ដែលបានសាងសង់នៅលើទីខ្ពស់ បែបទំនើប ជាមួយនឹងបច្ចេកវិទ្យា 5D ដំបូងបង្អស់នៅប្រទេសវៀតណាម។ ឈរលើស្ពាននេះនឹងជួយភ្ញៀវទេសចរទទួលបានភាពអស្ចារ្យបំផុត ដោយមើលឃើញច្បាស់ពីសម្រស់ស្រស់ស្អាតរបស់តំបន់ខ្ពង់រាប Moc Chau ពីខាងលើ។ លោកស្រី Nguyen Bich Hoa មកពីខ័ណ្ឌ Bac Tu Liem នៃទីក្រុងហាណូយបានចែករំលែកថា៖ “Moc Chau មានទេសភាពគួរឲ្យចាប់អារម្មណ៍ណាស់ ខ្យល់អាកាសបរិសុទ្ធ ខ្ញុំចូលចិត្តណាស់។ ហេតុដូច្នេះ ពេលដែលយើងចង់ជួបជុំមិត្តភក្តិ យើងបានសម្រេចចិត្តទៅលេងកំសាន្តនៅ Moc Chau ខេត្ត Son La នេះតែម្តង។ ទេសភាពនៅទីនេះពិតជាស្រស់ស្អាតខ្លាំងណាស់ ដោយមានទឹកហូរពីលើកំពូលភ្នំ យើងខ្ញុំពិតជាចូលចិត្តទេសភាពនៅទីនេះណាស់!”។
ភ្ញៀវទេសចរទស្សនានិងស្វែងយល់ពីដំណើរការផលិតស្ព្រៃស្អាត នៅស្រុក Chau Duc (រូបថត៖ bariavungtautourism.com.vn) |
មកដល់ Moc Chau អ្នកទេសចរបានសម្របខ្លួនចូលក្នុងលំហវប្បធម៌ ដែលមានលក្ខណៈពិសេសរបស់ជន ជាតិភាគជាតិថៃ និង Mong នៅលើវាលស្មៅពណ៌ខៀវស្រងាត់។ ពីលំនាំផ្ទះតាមបែបប្រពៃណី ម្ហូបជនជាតិដើម របាំប្រជាប្រិយ ពិធីបុណ្យទាននានា រហូតដល់ល្បែងប្រជាប្រិយ ដែលសុទ្ធតែនាំមកនូវបទពិសោធន៍ពិសេស។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺសកម្មភាពទាំងអស់នេះមានលក្ខណៈតភ្ជាប់សមាជិកនិងផ្សារភ្ជាប់សហគមន៍ជាមួយគ្នា។ លោកស្រី Nguyen Thi Huong មកពីស្រុក Thuan Thanh ខេត្ត Bac Ninh បានឲ្យដឹងថា៖ “មកដល់ Moc Chau ជួបសំណេះសំណាលជាមួយប្រជាជន Moc Chau ខ្ញុំមានអារម្មណ៍ ថា ទីនេះមានខ្យល់អាកាសបរិសុទ្ធ ប្រជាជនរួសរាយរាក់ទាក់។ កាលពីម្សិលមិញ ខ្ញុំបានទៅចំការតែ ហើយខ្ញុំរីករាយណាស់ដែលបានឃើញប្អូនៗកុមារនៅទីនោះ។ មកលេង Moc Chau ការនឿយហត់នៅកន្លែងធ្វើការ និងភាពតានតឹងហាក់ដូចជារលាយទាំងអស់ ហើយមានអារម្មណ៍ផាសុកភាពណាស់!”។
យោងតាមលោកស្រី Nguyen Thi Hoa អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Moc Chau ឱ្យដឹងថា ត្រឹមតែក្នុងខែតុលាប៉ុណ្ណោះ Moc Chau បានស្វាគមន៍ភ្ញៀវទេសចរណ៍ជាង ៧៥.០០០ នាក់ មកទស្សនានិងទទួលបទពិសោធន៍។ ប្រការនេះត្រូវបានរំពឹងទុកពីលទ្ធផលវិជ្ជមានជាច្រើន នៅក្នុងសកម្មភាពទេសចរណ៍ នៅក្នុង ឆ្នាំដែលត្រូវបានចាត់ទុកថា មានការលំបាក រួមជាមួយវិស័យសេដ្ឋកិច្ចជាច្រើនទៀតដោយសារតែ ផលប៉ះពាល់អវិជ្ជមានពីជំងឺរាតត្បាតកូវីដ ១៩។
“ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែប្រសើរឡើង នៅក្នុងរយៈពេលខាងមុខភារកិច្ចមួយត្រូវបានដាក់ចេញសម្រាប់យើងគឺ ការគ្រប់គ្រងតំបន់ទេសចរណ៍ Moc Chau នេះឲ្យមានភាពកាន់តែទាក់ទាញ ក៏ដូចជាលើកកម្ពស់តួនាទីរបស់ Moc Chau កាន់តែប្រសើរឡើង។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនទេសចរណ៍នានា ត្រូវមានទិសដៅទេសចរណ៍ និងមានយុទ្ធសាស្រ្តជាក់ស្តែងផងដែរ ពោលគឺ ធ្វើយ៉ាងម៉េចដើម្បីផ្សព្វផ្សាយរូបភាពរបស់ Moc Chau ក៏ដូចជាភាពរស់រាយរាក់ទាក់របស់ប្រជាជននៅទីនេះឲ្យកានតែទូលំទូលាយ។ យើងសង្ឃឹមថា ក្រោយពេលដែលជំងឺរាតត្បាតកូវីដ ១៩ ត្រូវរុញថយក្រោយនោះ ទេសចរណ៍ Moc Chau នឹងស្តារឡើងវិញយ៉ាងឆាប់រហ័សជាពុំខាន”។ នេះបើយោងតាមប្រសាសន៍របស់លោកស្រី Nguyen Thi Hoa។
ស្រុក Moc Chau កំពុងជម្រុញនិងដឹកនាំកន្លែងស្នាក់នៅ សណ្ឋាគារនិងផ្ទះសំណាក់ដើម្បីអនុវត្តផែនការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតយ៉ាងម៉ឺងមាត់ ព្រមទាំងលើកកំពស់គុណភាពសេវាកម្ម ជាពិសេស រក្សានូវអត្តសញ្ញាណវប្បធម៌របស់ជនជាតិភាគតិចនៅតាមតំបន់ បង្កើតលក្ខណៈពិសេស សក្តិសមនឹង Moc Chau ដែលជាគោលដៅទេសចរណ៍នៅលើខ្សែផ្លូវភាគពាយព្យ ដ៏ស្រស់ស្អាតនៃប្រទេសវៀតណាម៕