“ ចំណាប់អារម្មណ៍វៀតណាម” ផាត់ពណ៌បន្ថែមសម្រាប់ផ្ទាំងគំនូរទេសចរណ៍ទីក្រុងហូជីមិញ
(VOVWORLD) - មណ្ឌលទេសចរណ៍ “ចំណាប់អារម្មណ៍វៀតណាម” ស្ថិតនៅភូមិ Phu Binh ឃុំ An Phu ស្រុក Cu Chi ដែលមានចំងាយប្រមាណ ៥០ គីឡូម៉ែត្រពីមជ្ឈមណ្ឌលទីក្រុងហូជីមិញ។ “ចំណាប់អារម្មណ៍វៀតណាម” មិនត្រឹមតែជួយមនុស្សគ្រប់រូបបានរស់នៅឡើងវិញក្នុងឆន្ទៈមោះមុតរបស់ប្រជាជាតិវៀតណាមនៅគ្រប់សម័យកាលកសាង និងការពារប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំងចូលរួមចំណែកអប់រំយុវជន អោយចេះគោរពតម្លៃលើប្រភពធនធានធម្មជាតិ និងបរិស្ថានទៀតផង។
មណ្ឌលទេសចរណ៍ “ចំណាប់អារម្មណ៍វៀតណាម” ស្ថិតនៅភូមិ Phu Binh ឃុំ An Phu ស្រុក Cu Chi |
មណ្ឌលទេសចរណ៍ “ចំណាប់អារម្មណ៍វៀតណាម” មានទំហំជាង ២០ ហិកតា ដែលត្រូវបានគ្របដណ្តប់ដោយរុក្ខជាតិ ស្មៅ ផ្កា និងគុម្ពឫស្សីយ៉ាងខៀវស្រងាត់។ នៅក្បែរក្លោងទ្វារគឺមានរូបពងមាន់ដ៏ធំមួយដែលរំលឹកអំពីប្រភពដើមរបស់ប្រជាជាតិ ជាមួយរឿងដំណាលរបស់ព្រះបីតា Lac Long Quan និងមាតា Au Co។ បន្ទាប់មក គឺជារូបភាពខ្មាតតូចតំណាងឲ្យវប្បធម៌នៃតំបន់ទាំងបី ខាងជើង ភាគកណ្ដាល និងខាងត្បូងដូចជា៖ កំពែង Co Loa ល្បាក់ទឹក Ban Gioc ផ្ទះ rong របស់ Tay Nguyen ដែលត្រូវបានបង្ហាញឡើងវិញនៅក្នុងបរិវេណមណ្ឌលទេសចរណ៍នេះ។ សំណង់នីមួយៗសុទ្ធតែបង្កប់នូវរឿងរ៉ាវ និងសារវប្បធម៌ ដែលម្ចាស់មណ្ឌលទេសចរណ៍នេះបានផ្ដាំផ្ញើផងដែរ។
មានមនុស្សយ៉ាងតិចណាស់ដែលដឹងថា ដើម្បីបង្កើតមណ្ឌលទេសចរណ៍ “ អនុស្សាវរីយ៍វៀតណាម” ដូចបច្ចុប្បន្ននេះ គឺក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងទៅ លោកស្រី Tran Thi Tuyet Nga នៅ Cu Chi បានចំណាយកម្លាំងកាយចិត្តដើម្បីលុបវាលភក់ ដែលពោរពេញទៅដោយរណ្ដៅនៃគ្រាប់បែក។ ដោយធ្លាប់ចូលរួមតស៊ូប្រយុទ្ធ រស់នៅក្នុងព្រៃ ហើយធំដឹងក្ដីនៅក្នុងព្រៃ Cu Chi ដូច្នេះ លោកស្រី Nga មានការយល់ដឹងយ៉ាងច្បាស់អំពីទឹកដីនេះ។ នៅពេលប្រទេសជាតិមានសុខសន្តិភាព ជាមួយនឹងគោលបំណងចង់ស្ដារ ក៏ដូចជារក្សាទុកនូវរាល់តម្លៃវប្បធម៌វៀតណាមនោះ លោកស្រី Tran Thi Tuyet Nga បានបង្កើតសហគមន៍ភូមិរបរ ចំណាប់អារម្មណ៍វៀតណាម ហើយអភិវឌ្ឍន៍ទៅជាមណ្ឌលទេសចរណ៍។ លោកស្រីបានឲ្យដឹងថា៖
“ដោយបានចូលរួមតស៊ូក្នុងសង្គ្រាម បានជាខ្ញុំមានការយល់ដឹងយ៉ាងច្បាស់លាស់នូវរាល់ការឈឺចាប់នៃទឹកដីនេះ។ ក្រោយពេលរំដោះជាតិ ខ្ញុំបានបញ្ចាប់ការសិក្សានៅបរទេស ហើយបានវិលត្រឡប់មកប្រទេសវិញ។ នៅពេលមកដល់ស្រុកកំណើតវិញ ខ្ញុំបានសម្រេចចិត្តធ្វើអ្វីមួយ។ ដូច្ចេះខ្ញុំបានជំនះពុះពារលើការលំបាក ដើម្បីធ្វើវប្បធម៌យ៉ាងម៉ត់ចត់សម្រាប់ប្រទេសជាតិ”។
រយៈពេល ៣០ ឆ្នាំនៃការកសាងមណ្ឌលទេសភាព “ ចំណាប់អារម្មណ៍វៀតណាម”គឺជាពេលវេលា ដែលលោកស្រី Nga បានឆ្លងកាត់ការឡើងចុះជាច្រើន ដើម្បីប្រដេញតាមទស្សនៈធ្វើទេសចរណ៍ប្រកដោយចីរភាព ដោយបានផ្ដាំផ្ញើនូវមោទនភាពជាតិ ការអភិរក្ស និងការអភិវឌ្ឍព្រលឹងវប្បធម៌វៀតណាម ។ លោកស្រី Nga បានធ្វើដំណើរទៅកាន់គ្រប់តំបន់ទាំងអស់ដើម្បីប្រមូលវត្ថុបុរាណប្រវត្តិសាស្ត្រនិងវប្បធម៌ ឬរុក្ខជាតិ និងឫស្សីរាប់រយប្រភេទនៅក្នុងតំបន់ទាំង ៣ ព្រមទាំងអញ្ជើញសិប្បករមកពីភូមិរបរនានា ដើម្បីធ្វើជាមគ្គុទេសក៍ទេសចរណ៍នៅក្នុងមណ្ឌលទេសចរណ៍នេះ។ លោកស្រី Nguyen Thi Huong សិប្បការិនីម្នាក់ មកពីភូមិរបរធ្វើក្រដាសDong Cao (ខេត្ត Bac Ninh ) បានឲ្យដឹងថា៖ លោកស្រីមានអារម្មណ៍សប្បាយរីយរាយណាស់ ខណៈពេលដែលបានឧទ្ទេសនាមរបរប្រពៃណីរបស់ដូនតាដល់ភ្ញៀវទេសចរ ជាពិសេសគឺសិស្សានុសិស្ស។
“សិស្សានុសិស្សចូលចិត្តការងារនេះណាស់ ជាពិសេសគឺការបោះពុម្ពរូបថត។ ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីយរាយណាស់ ព្រោះថារបរប្រពៃណីរបស់ស្រុកកំណើតខ្លួនត្រូវបានផ្សព្វផ្សាយ និងឧទ្ទេសនាមដល់មនុស្សគ្រប់រូបផងដែរ”។
ក្រៅពីការអភិរក្ស និងថែរក្សា វប្បធម៌ជាតិនោះ លោកស្រី Tran Thi Tuyet Nga ក៏មានគោលបំណងអប់រំដល់យុវជនវ័យក្មេងតាមរយៈទេសចរណ៍ផងដែរ។ ក្នុងបរិវេណមណ្ឌលទេសចរណ៍នេះគឺមានមណ្ឌលបច្ចេកវិទ្យាខ្ពស់ ដែលជាទីក្លែងសម្រាប់ភ្ញៀវទេសចរ ជាពិសេសគឺសិស្សានុសិស្សស្វែងយល់អំពីតួនាទីរបស់ដីនិងទឹក ដំណើរការធ្វើកសិកម្មសរីរាង្គ ឬស្វែងយល់អំពីដំណើរការ ដាំដុះផ្សិត ដំណើរការយកប្រេងពីរុក្ខជាតិនិងឱសថរបស់វៀតណាម។ លោក Van Cong Hung នាយករង មណ្ឌលទេសចរណ៍ “ អនុស្សាវរីយ៍វៀតណាម” បានចែករំលែកថា៖
“គំនិតបង្កើតមណ្ឌលចំណីអាហារគ្មានជាតិគីមី បច្ចេកវិទ្យាស្អាតដែលហៅថាមណ្ឌលឆ្លងកាត់បទពិសោធន៍សម្រាប់ការអប់រំគឺជាគំនិតផ្ដូចផ្ដើមដ៏ល្អរបស់លោកស្រី Nga។ សិស្សានុសិស្ស និងនិស្សិតអាចមកទីនេះ ដើម្បីធ្វើអន្តរកម្ម ស្វែងយល់វិទ្យាសាស្ត្រទូទៅ ដូចជារៀបបយកទឹកស្ដាត របៀបធ្វើដីស្ដាត និងរបៀបរក្សាបរិស្ថានស្រស់ស្អាតផងដែរ”។
នៅគ្រប់ពេលវេលាក្នុងឆ្នាំ នៅពេលដែលមានបំណងចង់ស្វែងរកកន្លែងសម្រាកលំហែកាយនោះ ប្រជាជន និងភ្ញៀវទេសចរសុទ្ធតែអាចមកដល់ មណ្ឌលទេសចរណ៍អនុស្សាវរីវៀតណាម។ មណ្ឌលទេសចរណ៍នេះកំពុងបន្ថែមពណ៌ដល់ផ្ទាំងគំនូរទេសចរណ៍របស់ទីក្រុងហូជីមិញផងដែរ៕