ឆ្នាំទេសចរណ៍ជាតិ ២០២៣ - នាំទេសចរណ៍ខេត្ត Binh Thuan រីកចម្រើន
(VOVWORLD) - ឆ្នាំទេសចរណ៍ជាតិ ២០២៣ ក្រោមប្រធានបទ "Binh Thuan - ប្រមូលផ្ដុំបៃតង" បាន និងកំពុងប្រព្រឹត្តទៅដោយមានសកម្មភាពវប្បធម៌ កីឡា និងទេសចរណ៍ជាច្រើននៅខេត្ត Binh Thuan និងនៅតាមតំបន់ជាច្រើនទៀតនៅទូទាំងប្រទេស។ នេះគឺជាឱកាសសម្រាប់ខេត្ត Binh Thuan ឧទ្ទេសនាម និងផ្សព្វផ្សាយរាល់តម្លៃវប្បធម៌ ប្រវត្តិសាស្ត្រ ធនធាន ផលិតផលទេសចរណ៍ និងសកម្មភាពរបស់តំបន់ដល់ភ្ញៀវទេសចរ។
សមុទ្រ Hon Rom (ទីក្រុង Phan Thiet) ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍន៍ពាណិជ្ជសញ្ញាទេសចរណ៍ Binh Thuan។ រូបថត៖ VNA |
តាមនោះ បង្កើតភាពទាក់ទាញយ៉ាងខ្លាំងក្លាសម្រាប់ភ្ញៀវទេសចរ ក៏ដូចជាវិនិយោគិនទាំងក្នុង និងក្រៅប្រទេស រួមចំណែកអភិវឌ្ឍន៍ផ្នែកទេសចរណ៍របស់ប្រទេសជាតិទាំងមូលនិយាយរួម និងខេត្ត Binh Thuan និយាយដោយឡែក។
ក្នុងឆ្នាំនេះ សកម្មភាពដែលមានលក្ខណៈអន្តរខេត្ត ជាតិ និងអន្តរជាតិជាង ២០០ ត្រូវបានរៀបចំឡើងនៅភូមិសាស្ត្រខេត្ត Binh Thuan។ អញ្ជើញមកដល់ខេត្ត Binh Thuan ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិបានប្រើប្រាស់ផលិតផលទេសចរណ៍សម្បូរបែប រួមជាមួយបរិយាកាសមហោស្រពដ៏វិសេសវិសាល គួប្សំជាមួយសកម្មភាពផ្លាស់ប្តូរ ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍។ លោកស្រី Nguyen Lan Ngoc អនុប្រធានមន្ទីវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Binh Thuan បានឲ្យដឹងថា៖ “ការជ្រើសរើសយកប្រធានបទ “ប្រមូលផ្ដុំបៃតង” គឺជាគោលដៅមួយ ដែលវិស័យទេសចរណ៍ខេត្ត Binh Thuan បាន និងកំពុងឆ្ពោះទៅរកនាពេលអនាគត នោះគឺការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព។ “ប្រមូលផ្ដុំបៃតង” គឺជាទេសចរណ៍បៃតង ឧស្សាហកម្មបៃតង និងកសិកម្មបៃតងផងដែរ”។
ជាមួយនឹងឆ្នេរសមុទ្រប្រវែង ១៩២ គីឡូម៉ែត្រ ខេត្ត Binh Thuan មានកោះ កូនកោះ ឈូងសមុទ្រ និងឆ្នេរសមុទ្រជាច្រើន ជាមួយនឹងឆ្នេរខ្សាច់ស ទឹកសមុទ្រខៀវថ្លា បង្កើតគោលដៅទេសចរណ៍ល្បីៗជាច្រើន។ ក្រៅពីនោះ ខេត្ត Binh Thuan ក៏មានធនធានទេសចរណ៍មនុស្សធម៌ជាច្រើន ជាមួយកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រ វប្បធម៌ និងពិធីបុណ្យប្រពៃណីជាច្រើន។ ការទទួលរៀបចំឆ្នាំទេសចរណ៍ជាតិ ២០២៣ បានបង្កើតឱកាសសម្រាប់ទេសចរណ៍ខេត្ត Binh Thuan ពង្រីកតួនាទីតភ្ជាប់អភិវឌ្ឍន៍ទេសចរណ៍រវាងខេត្ត ក្រុងនានា ព្រមទាំងអះអាងពីឋានៈ ពាណិជ្ជសញ្ញាទេសចរណ៍វៀតណាមនិយាយរួម និងទេសចរណ៍ខេត្ត Binh Thuan និយាយដោយឡែក។ លោក Nguyen Minh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Binh Thuan បានឲ្យដឹងថា៖ “យើងខ្ញុំបានបង្កើតគណៈកម្មការដឹកនាំ ដើម្បីរៀបចំសកម្មភាព និងព្រឹត្តិការនៃឆ្នាំទេសចរណ៍ជាតិ។ តាមនោះយើងខ្ញុំបានបែងចែកការទទួលខុសត្រូវយ៉ាងជាក់លាក់ដល់សមាជិកគ្រប់រូបនៃគណៈដឹកកនាំ ជាពិសេសយើងខ្ញុំបានបង្កើតអនុគណៈកម្មការចំនួន ៥ ដើម្បីត្រៀមរៀបចំខ្លឹមសារទាំងអស់ក្នុងព្រឹត្តិការណ៍ឆ្នាំ ២០២៣ ឱ្យបានពេញលេញ និងហ្មត់ចត់ផងដែរ”។
លោក Doan Anh Dung ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Binh Thuan (រូបថត៖ កាសែតសេដ្ឋកិច្ច និងទីក្រុង) |
ក្នុងក្របខ័ណ្ឌនៃឆ្នាំទេសចរណ៍ជាតិ ២០២៣ ព្រឹត្តិការណ៍វប្បធម៌ កីឡា និងទេសចរណ៍លំដាប់អន្តរជាតិជាច្រើនត្រូវបានរៀបចំឡើងនៅខេត្ត Binh Thuan ដូចជាមហោស្រពម្ហូបអាហារអន្តរជាតិ ជំរុំរដូវក្តៅ ទិវាបុណ្យកីឡាអន្តរជាតិ សប្តាហ៍វប្បធម៌តាមដងវិថី មហោស្រពក្រុមតន្ត្រីករអន្តរជាតិ មហោស្រពសិល្បៈសម្ដែងពិភពលោក។ ព្រឹត្តិការណ៍ជាតិរួមមានពានរង្វាន់កីឡាដូចជា រត់ម៉ារ៉ាតុង ប្រណាំងទូក rowing និង canoeing ប្រណាំងកង់ វាយកូនឃ្លីលើតុ ការប្រណាំងទូកប្រពៃណី វាយកូនហ្គោល ក្ដាច់គុន vovinam និងកម្មវិធីសប្តាហ៍មាសទេសចរណ៍ខេត្ត Binh Thuan - ការប្រមូលផ្ដុំបៃតង។ លោក Doan Anh Dung ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Binh Thuan បានអះអាងថា៖ ខេត្ត Binh Thuan នឹងរៀបចំឆ្នាំទេសចរណ៍ជាតិ ២០២៣ ប្រកបដោយជោគជ័យ។ “នេះគឺជាឱកាសដ៏ថ្លៃថ្លា ដើម្បីឧទ្ទេសនាម ផ្សព្វផ្សាយរាល់តម្លៃវប្បធម៌រូបី អរូបី និងធម្មជាតិដ៏វិសេសវិសាលរបស់ខេត្ត Binh Thuan ដល់ភ្ញៀវទេសចរទាំងក្នុង និងក្រៅប្រទេស។ តាមនោះ បង្កើតកម្លាំងចលករដ៏ខ្លាំងក្លា សម្រាប់ផ្នែកទេសចរណ៍ស្ដារឡើងវិញ អភិវឌ្ឍន៍ក្នុងដំណាក់កាលថ្មីផងដែរ”។
ក្រោយរយៈពេលជាង ២ ឆ្នាំ រងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ ១៩ មក ឆ្នាំ ២០២២ ខេត្ត Binh Thuan បានទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាង ៥,៧ លានលើកនាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ៧៥ ៥០០ លើកនាក់។ ឆ្នាំនេះ ខេត្ត Binh Thuan ដាក់ចេញគោលដៅទទួលស្វាគមន៍ភ្ញៀវទេសចរជាង ៦,៥ លានលើកនាក់ ព្រមទាំងជំរុញខ្លាំងការតភ្ជាប់ជាមួយខេត្ត ក្រុង ដើម្បីបង្កើតខ្សែទេសចរណ៍តភ្ជាប់ សំដៅទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្ត Binh Thuan ឲ្យបានច្រើនថែមទៀតនាពេលខាងមុខផងដែរ៕