ជ្រលងភ្នំផ្លែផ្លាំ (plum) Na Ka - ឋានសួគ៌លើខ្នងភ្នំ
(VOVWORLD) - ទីរួមស្រុក Moc Chau ខេត្ត Son La មានភាពល្បីឈ្មោះតាំងពីយូរណាស់មកហើយថាជាតំបន់ដីពេញទៅដោយស្ពៃខៀវផ្កាសនិងចំការតែលាតសន្ធឹងខៀវស្រងាត់។ ថ្មីៗនេះ នៅលើផែនទីទេសចរណ៍ Moc Chau ក៏បានលេចចេញនូវឈ្មោះភូមិ Na Ka ដែលជាកន្លែងមានជ្រលងភ្នំដាំផ្លៃផ្លាំ (ភាសាវៀត ណាមហៅថាផ្លែ Man និងឈ្មោះវិទ្យាសាស្រ្តៈ Prunus domestica) ដ៏ស្អាតអស្ចារ្យ។ អញ្ជើញមកទស្សនាភូមិ Na Ka នាពេលនេះគឺចំទៅនឹងរដូវប្រមូលផលផ្លែផ្លាំ ហើយអ្នកនឹងលង់អារម្មណ៍ជាពុំខាន ចំពោះផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាត នៃតំបន់ភ្នំភាគពាយព្យ ស្រូបយកខ្យល់បរិសុទ្ធ និងរីករាយបេះផ្លែផ្លាំនៅលើមែក ឈើផងដែរ។
ជ្រលងភ្នំផ្លែផ្លាំមានចម្ងាយប្រហែល ១៦ គីឡូម៉ែត្រពីទីប្រជុំជនកសិដ្ឋាន Moc Chau (រូបថតៈ VOV) |
ជ្រលងភ្នំផ្លែផ្លាំ មានចម្ងាយប្រហែល ១៦ គីឡូម៉ែត្រ ពីទីរួមស្រុកកសិដ្ឋាន Moc Chau។ ដើម្បីទៅដល់ជ្រលងភ្នំ យើងត្រូវឆ្លងកាត់ ផ្លូវតូចចង្អៀតមួយ។ ដោយសារតែផ្លូវចូលពិបាកហើយមានចម្ងាយឆ្ងាយទៀត បាន ជា Na Ka ត្រូវបានភ្ញៀវទេសចរជាច្រើនមើលរំលងនៅពេលទៅទស្សនា Moc Chau ម្តងៗ។ ប៉ុន្តែប្រសិនបើ អ្នកអត់ធ្មត់ធ្វើដំណើរចូលជ្រលងភ្នំនោះ ពិតណាស់ថា អ្នកនឹងមិនខកចិត្តចំពោះសម្រស់ដ៏ស្រស់ស្អាតនៃព្រៃផ្លែផ្លាំជាពុំខាន។
ពេលវេលាសមស្របបំផុតសម្រាប់ទស្សនាជ្រលងភ្នំផ្លែផ្លាំគឺពេលព្រឹក នៅវេលាម៉ោង៨និង៣០ដល់៩និង៣០ នាទី ឬដើមពេលរសៀល។ យើងមិនគួរទៅពេលព្រឹកព្រលឹមពេកឡើយ ព្រោះអំឡុងពេលនោះ អ័ព្ទធ្លាក់ក្រាស់នឹងធ្វើឲ្យយើងមើលអ្វីមិនឃើញទេ។ ឬពេលរសៀលមិនមានពន្លឺព្រះអាទិត្យ យើងថតរូបមិនស្អាតទេ។ យោងតាមលោកស្រី Nguyen Thi Anh Tuyet ដែលជាម្ចាស់ចំការផ្លែផ្លាំមួយស្ថិតក្នុងជ្រលងភ្នំ Na Ka ថា ប្រមាណ ៣ ឆ្នាំថ្មីៗនេះ Na Ka ទាក់ទាញភ្ញៀវទេសចរណ៌មកទស្សនាយ៉ាងច្រើន៖ “ភ្ញៀវទេសចរតែងតែជ្រើស រើសពេលវេលាចាប់ពីខែទី១១ តាមច័ន្ទគតិសម្រាប់ទៅទស្សនាស្វែងយល់ពីជ្រលងភ្នំផ្លែផ្លាំ។ ពេលវេលាដ៏អស្ចារ្យបំផុតនោះគឺរដូវផ្ការីក គឺក្រោយពីបុណ្យចូលឆ្នាំថ្មី និងរដូវដើមឈើហូបផ្លែ ចាប់ពីខែមីនាដល់ចុងខែឧសភា ពោលគឺអំឡុងពេលនោះ ភ្ញៀវទេសចរចាប់ផ្តើមមកទស្សនាយ៉ាងច្រើនកុះករ។ ជារៀងរាល់ថ្ងៃ ចំនួនភ្ញៀវទេសចរមកលេងចំការផ្លែផ្លាំ អាចមានលើសពីមួយពាន់ទៅពីរពាន់នាក់ផងដែរ”។
មិនមែនជាការអួតអាងទាល់តែសោះបើយើងនិយាយថា ជ្រលងភ្នំផ្លែផ្លាំ គឺជាឋានសួគ៌នៅលើខ្នងភ្នំ។ ពី ព្រោះថា នៅពាក់កណ្តាលខែមករាដល់ចុងខែកុម្ភះគឺជាពេលវេលាដែលព្រៃផ្លែផ្លាំនៅទីនេះចាប់ផ្តើមចេញផ្កាដោយរីកស្គុះស្គាយ នាំមកនូវពណ៌សគួរឲ្យទាក់ទាញ។ ដល់ពាក់កណ្តាលខែមេសា ភូមិ Na Ka គួឲ្យចាប់អារម្មណ៍ណាស់ ដែលបានគ្របដណ្តប់ដោយផ្លែផ្លាំទំពាសពេញព្រៃដូចចង់ប្រាប់ថា ដល់រដូវប្រមូលផលហើយ។ មកដល់ Na Ka អំឡុងពេលនេះ អ្នកនឹងក្លាយទៅជាកសិករមួយរូប ស្ពាយកន្ត្រកលើស្មា ទៅបះផ្លែផ្លាំទុំក្រហមស្រស់។
កាលពីពីរបីឆ្នាំមុន ជ្រលងភ្នំ Na Ka គ្រាន់តែជាតំបន់ដាំផ្លែផ្លាំរបស់ប្រជាជនក្នុងតំបន់ប៉ុណ្ណោះ។ ហើយកាលនោះ ប្រជាជននៅទីនេះមិនទាន់គិតអំពីវិស័យទេសចរណ៍នោះទេ។ ប៉ុន្តែ ទេសភាពធម្មជាតិដ៏អស្ចារ្យបានទាក់ទាញភ្ញៀវទេសចរមកទស្សនាទីនេះ។ ដោយចាប់យកការនិយមចូលចិត្តរបស់ភ្ញៀវទេសចរ បានជាម្ចាស់ចំការផ្លែផ្លាំបានបើកសេវាកម្ម ដូចជា ឲ្យថតរូបក្នុងចំការនិងបានបះផ្លែផ្លាំផ្ទាល់ដៃក្នុងចំការតែម្តង។ មិនត្រឹមតែប៉ុណ្ណោះ នៅតាមចំការផ្លែផ្លាំ ជួនកាលមានខ្ទម ដែលមានកម្ពស់ពី ៤ ទៅ ៥ ម៉ែត្រពីលើដីសម្រាប់ភ្ញៀវទេសចរថតរូបឬមានកញ្ចុះឈើសម្រាប់ភ្ញៀវទេសចរសម្រាកខណៈពេលទៅលេងចំការម្តងៗ។ នៅខ្លោង ទ្វារចូលចំការ ភ្ញៀវទេសចរអាចជួបជាមួយស្ត្រីជនជាតិភាគតិច Mong ឲ្យជួលសំលៀកបំពាក់ជនជាតិដើម្បីថតរូបផងដែរ។
ចំណាយពេលពេញមួយថ្ងៃ ភ្ញៀវអាចស្វែងយល់ជ្រលងភ្នំផ្លែផ្លាំទាំងមូល។ យ៉ាងណាមិញ ភ្ញៀវទេសចរស្ទើរតែទាំងអស់មកទីនេះ សុទ្ធតែទទួលបានអារម្មណ៍ពេញចិត្ត ចំពោះបទពិសោធន៍នៅជ្រលងភ្នំផ្លែផ្លាំ Na Ka ជាពុំខាន។ លោក Trinh Hoang Duong អ្នកទេសចរមកពីទីក្រុងហាណូយ ពេលបានទស្សនាជ្រលងភ្នំផ្លែផ្លាំបានចែករំលែកថា៖ “ខ្ញុំចូលចិត្តខ្លាំងណាស់។ ខ្ញុំឃើញដើមផ្លែផ្លាំដែលមានអាយុកាលច្រើនឆ្នាំ ហើយផ្លែគឺស្រស់ស្អាតមិនគួរឱ្យជឿសោះ។ បរិយាកាសគឺអស្ចារ្យណាស់។ ជ្រលងភ្នំនេះ គឺធំល្វើយណាស់ហើយធំទូលាយទៀត។ ចំការមួយមានទំហំធំទូលាយរួចទៅហើយប៉ុន្តែមានចំការជាច្រើនដែលព័ទ្ធជុំវិញដោយភ្នំ គួរឲ្យទាក់ទាញមិនទែន។ ខ្ញុំពិតជាចូលចិត្តយ៉ាងក្រៃលេង ហើយខ្ញុំនឹងត្រឡប់មកវិញនាថ្ងៃណាមួយដែរ”។
Moc Chau តំបន់ដីដែលត្រូវបានគេចាត់ទុកថាជាដាឡាតនៃភាគពាយព្យរបស់វៀតណាម ហើយតំបន់នេះតែងតែស្រូបយកបេះដូងភ្ញៀវទេសចរជានិច្ច។ ចំណាយពេលសម្រាប់ទស្សនាជ្រលងភ្នំផ្លែផ្លាំ អ្នកទាំងអស់គ្នានឹងរីករាយជាមួយនឹងក្លិនក្រអូបនៃធម្មជាតិភ្នំនិងជីវភាពដ៏សុខសាន្ដ នៅពេលសំណេះសំណាលជាមួយអ្នកភូមិដ៏សាមញ្ញនៅទីនេះ។ ចូលទៅលេងក្នុងចំការផ្លែផ្លាំដ៏ធំល្វឹងល្វើយនៅក្នុងភូមិ Na Ka អ្នកទាំងអស់ហាក់ដូចជាអាចភ្លេចភាពមមាញឹកនៃជីវភាពប្រចាំថ្ងៃ។ ពោលគឺ ជ្រលងភ្នំផ្លែផ្លាំ Na Ka គឺជាទិសដៅសម្រាប់អ្នកដែលចង់ចាកចេញពីទីប្រជុំជនដ៏អូអរដើម្បីស្វែងរកភាពសុខសាន្តត្រានតាមបែបធម្មជាតិ៕