តេតវៀតណាមក្នុងក្រសែភ្នែកជនបរទេស

(VOVWORLD) - បុណ្យចូលឆ្នាំថ្មី គឺជាពិធីបុណ្យធំបំផុតប្រចាំឆ្នាំនៅប្រទេសវៀតណាម។ សម្រាប់ជនជាតិវៀតណាមម្នាក់ៗ តេតគឺជាឱកាសដើម្បីមនុស្សគ្រប់រូបក្រឡែកមើលឡើងវិញនូវឆ្នាំចាស់ ហើយឆ្ពោះទៅឆ្នាំថ្មីជាមួយនឹងក្ដីសង្ឃឹមជាច្រើន។ សម្រាប់ជនបរទេសវិញ តើបុណ្យតេតជាអ្វី?

តេតវៀតណាមក្នុងក្រសែភ្នែកជនបរទេស - ảnh 1វិថី Hang Ma ដាក់លក់គ្រៀងតុបតែងយ៉ាងសម្បូរបែបសម្រាប់បុណ្យតេត។

នៅក្នុងប៉ុន្មានថ្ងៃមុនបុណ្យតេត នៅគ្រប់ច្រកល្ហកនៃទីក្រុងហាណូយ តែងតែមានភាពអ៊ូអរ មមាញឹក ជាពិសេសនៅតាមដងផ្លូវដែលដាក់លក់ទំនិញតេត បម្រើតម្រូវការរបស់ប្រជាជន។ នៅតាមទីកន្លែងទាំងនេះ អ្នកអាចស្វែងរកទិញរបស់របរគ្រប់យ៉ាងដែលទាក់ទងនឹងតេតដូចជា៖ គ្រឿងតុបតែងផ្ទះ; ទិញផ្កាម៉ាកខៃ ដើមឃ្វិច ដែលជាដើមឈើតាំងលម្អ មិនអាចខ្វះបានសម្រាប់គ្រួសារទាំងអស់នៅតំបន់ភាគខាងជើងក្នុងអំឡុងពេលបុណ្យតេត; ទិញសាច់មាន់ ប្រហិត បាយដំណើប និងនំអន្សមជ្រុង - ជាមុខម្ហូបដែលតែងតែមានវត្តមាននៅលើស្ពកបាយតេត របស់ប្រជាជនវៀតណាមភាគមខាងជើង ... រួមជាមួយគ្នានោះ ក្នុងឱកាសនេះដែរ គ្រប់ច្រកល្ហកនៅរដ្ឋធានីហាណូយហាក់ដូចជាត្រូវបានពាក់អាវថ្មី ពោរពេញដោយពណ៌និទាឃរដូវ ជាមួយនឹងទង់ជាតិ ផ្កា ដើមឈើតាំងលម្អ ភ្លើងតុបតែងចម្រុះពណ៌ ជាដើម។ Apixat (ឈ្មោះជិតស្និទ្ធគឺ Sat) ជនជាតិឡាវ និង Jeon Hyong Jun (ឈ្មោះជិតស្និទ្ធគឺ Tuan Jeon) ជនជាតិកូរ៉េខាងត្បូង បានចែករំលែក៖

“ខ្ញុំចូលចិត្តបំផុតគឺទិដ្ឋភាពតាមដងផ្លូវ។ ក្នុងថ្ងៃតេត តាមដងវិថីក្រុងគឺសប្បាយអ៊ូអរណាស់។ មនុស្សរាល់គ្នា លក់ដើមឈើ លក់ផ្កា លក់របស់របរជាច្រើនណាស់។ គ្រួសារណាមើលទៅក៏សប្បាយរីករាយដែរ។ ខ្ញុំចូលចិត្តប្រការនេះបំផុត”។

“នៅកូរ៉េខាងត្បូង បុណ្យតេតតាមច័ន្ទគតិក៏ជាថ្ងៃបុណ្យធំដែរ ប៉ុន្តែវាមិនត្រូវបានរៀបចំយ៉ាងអធិកអធមដូចនៅវៀតណាមទេ។ នៅកូរ៉េខាងត្បូង ប្រជាជនចាត់ទុកថ្ងៃតេត ត្រឹមតែជាថ្ងៃសម្រាក ជួបជុំជាមួយក្រុមគ្រួសារ សួរសុខទុក្ខលោកតាលោកយាយ ទៅបោសសម្អាតផ្នូរ... តែប៉ុណ្ណោះ។ ប៉ុន្តែលើកដំបូងទទួលបុណ្យតេតនៅប្រទេសវៀតណាម ខ្ញុំមានអារម្មណ៍ពិសេសណាស់។ គ្រប់ទីកន្លែងត្រូវបានតុបតែងយ៉ាងស្អាតឆើតឆាយជាមួយនឹងដើមឃ្វិច ផ្កាម៉ាកខៃ… មនុស្សទាំងអស់គ្នាមមាញឹកដើម្បីត្រៀមរៀបចំឲ្យបុណ្យតេត”។

តេតវៀតណាមក្នុងក្រសែភ្នែកជនបរទេស - ảnh 2លោក Jeon Hyong Jun (ឈ្មោះជិតស្និទ្ធគឺ Tuan Jeon) ជនជាតិកូរ៉េខាងត្បូងម្នាក់ ដែលកំពុងរស់នៅនិងធ្វើការនៅវៀតណាម។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់វៀតណាម ជំនួសឱ្យការវិលត្រឡប់ជាមួយក្រុមគ្រួសារវិញ ជនបរទេសជាច្រើនដែលកំពុងរស់នៅ និងធ្វើការនៅវៀតណាម បានជ្រើសរើសស្នាក់នៅដើម្បីស្វែងយល់ពីលក្ខណៈវប្បធម៌ស្រស់ស្អាតរបស់ប្រជាជនវៀតណាម ហើយរីករាយជាមួយនឹងបរិយាកាសបុណ្យតេត។ ក្នុងពេលជាមួយគ្នានោះ ភ្ញៀវទេសចរអន្តរជាតិជាច្រើនក៏បានជ្រើសរើសវៀតណាមជាគោលដៅទេសចរណ៍ក្នុងឱកាសនេះ ដើម្បីស្វែងយល់ពីប្រការគួរឱ្យចាប់អារម្មណ៍អំពីទំនៀមទម្លាប់របស់ជនវៀតណាមក្នុងបុណ្យតេតផងដែរ។ សម្រាប់ Onishi Kanna (ជនជាតិជប៉ុន) និង Tuan Jeon បទពិសោធន៍មួយដែលមិនអាចរំលងបានគឺការវេចនំអន្សមជ្រុង។

“នេះជាឆ្នាំទី២ហើយដែលខ្ញុំទទួលបុណ្យតេតនៅទីនេះ។ ប្រការគួរអោយចាប់អារម្មណ៍បំផុតនោះគឺការវេចនំអន្សមជ្រុង។ នំអន្សមជ្រុងត្រូវបានធ្វើយ៉ាងប្រណិត ហើយគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់។ ខ្ញុំដឹងថា នំអន្សមជ្រុងគឺជាមុខម្ហូបប្រពៃណីដែលមិនអាចខ្វះបានក្នុងថ្ងៃតេតរបស់ជនវៀតណាម”។

“លើកដំបូងដែលខ្ញុំវេចនំអន្សមជ្រុងផងហើយទទួលទាននំផង ឃើញថាវាពិសេសណាស់។ ការធ្វើនំអន្សមជ្រុងពិបាកណាស់។ ពេលវេចនំ ហើយពេលរង់ចាំស្ងោរនំ មនុស្សគ្រប់គ្នាសំណេះសំណាលជាមួយគ្នា។ ពេលនំឆ្អិនហើយ មនុស្សរាល់គ្នាទទួលទានជាមួយគ្នា ចែករំលែកជាមួយគ្នា។ សប្បាយចិត្តខ្លាំងណាស់។

តេតមានភាពអ៊ូអរ ភាពមមាញឹក ជាដើមឃ្វិច នំអន្សមជ្រុង… ប៉ុន្តែតើអ្នកដឹងថាហេតុអ្វីតេតក៏ជា “គ្រួសារ” ដែរឬទេ? ទោះបីជានៅក្នុងសម័យណាក៏ដោយ ក៏តម្លៃវប្បធម៌របស់តេត នៅតែត្រូវបានថែរក្សា និងពង្រីកតាមរយៈទំនៀមទម្លាប់ប្រពៃណីដូចជា៖ ទៅសែនផ្នូរជីដូនជីតា វេចនំអន្សមជ្រុង សម្អាតផ្ទះដើម្បីទទួលបុណ្យតេត; ជួបជុំគ្នាទទួលទានអាហារចុងឆ្នាំ; ត្រៀមរៀបចំនិងសែនវេលាចូលឆ្នាំថ្មី ទៅជូនពរឆ្នាំថ្មីដល់ញាតិមិត្ត… បុណ្យតេតប្រពៃណី គឺជាថ្ងៃបុណ្យរបស់គ្រួសារ ជាថ្ងៃនៃការជួបជុំគ្នា ជាថ្ងៃសម្រាប់មនុស្សគ្រប់រូប វិលត្រឡប់មកគ្រួសារវិញ។ ដោយយល់ពីអត្ថន័យដ៏ពិសិដ្ឋនេះ ជារៀងរាល់ឆ្នាំ លោក James Wright ជនជាតិអង់គ្លេស និងប្រពន្ធ តែងតែរៀបចំការងារដើម្បីនាំកូនៗ វិលត្រឡប់មកប្រទេសវៀតណាមវិញដើម្បីទទួលអំណរបុណ្យតេត ជាមួយក្រុមគ្រួសាររបស់ប្រពន្ធ។

“ឆ្នាំណាក៏ដូច្នេះដែរ យើងខ្ញុំនឹងវិលត្រឡប់មកវៀតណាមវិញប្រហែល ២ដល់ ៣ សប្តាហ៍ដើម្បីទទួលអំណរបុណ្យតេត ជាមួយឪពុកម្តាយរបស់ប្រពន្ធខ្ញុំ។ ខ្ញុំមានពេលវេលាទៅទិញឥវ៉ាន់ និងត្រៀមរៀបចំរបស់របរសម្រាប់បុណ្យតេតជាមួយប្រពន្ធ។ ជាពិសេស ខ្ញុំពិតជាចូលចិត្តពេលអាហារជួបជុំគ្នាក្នុងថ្ងៃបុណ្យតេត។ គ្រួសារទាំងមូលជួបជុំគ្នា សំណេះសំណាលជាមួយគ្នា បរិយាកាសគ្រួសាររីករាយ និងកក់ក្តៅណាស់។ នៅថ្ងៃបុណ្យតេត យើងខ្ញុំក៏ទៅលេងផ្ទះញាតិមិត្តផង សប្បាយរីករាយណាស់។ ប្រការនេះធ្វើឱ្យបុណ្យតេតប្រពៃណីវៀតណាមខុសប្លែកពីបុណ្យចូលឆ្នាំលោកខាងលិច។ បុណ្យតេតបានជួយខ្ញុំយល់ដឹងកាន់តែច្រើនអំពីវប្បធម៌វៀតណាម”។

បុណ្យតេតប្រពៃណីរបស់វៀតណាមគឺជាសម្រស់វប្បធម៌ដ៏ពិសិដ្ឋដែលផ្សាភ្ជាប់នឹងប្រជាជនវៀតណាមម្នាក់ៗ។ មិនត្រឹមតែប៉ុណ្ណោះទេ នេះក៏ជាស្ពានមនោសញ្ចេតនារវាងមនុស្សមកពីខឿនវប្បធម៌ផ្សេងៗគ្នា; រួមចំណែកបង្កើតឡើងសញ្ញាសម្គាល់ដ៏វិសេសវិសាលនៅក្នុងដួងចិត្តមិត្តភក្តិអន្តរជាតិអំពីប្រទេសវៀតណាមដែលសម្បូរទៅដោយវប្បធម៌និងរួសរាយរាក់ទាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ