តំបន់បេតិកភណ្ឌនៃឧទ្យានភូគព្ភសាស្ត្រសកល UNESCO Dak Nong
(VOVWORLD) - ឧទ្យានភូមិសាស្ត្រសកល Dak Nong ទើបតែត្រូវបានអង្គការវិទ្យាសាស្ត្រ អប់រំ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ថា ជា "ឧទ្យានភូគព្ភសាស្ត្រសកល UNESCO Dak Nong"។ ជាទឹកដីដែលមានប្រពៃណីវប្បធម៌តាំងពីយូរលង់មក ហើយត្រូវបានធម្មជាតិប្រទានពរឲ្យមានទេសភាពដ៏អស្ចារ្យ និងរមណីយដ្ឋានជាច្រើន កន្លែងនេះគឺជាគោលដៅទាក់ទាញសម្រាប់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិមកទស្សនា និងស្វែងយល់។
ខេត្ត Dak Nong ត្រូវបានធម្មជាតិប្រទានពរឲ្យមានធនធានទេសចរណ៍ដ៏សម្បូរបែប ជាមួយនឹងរមណីយដ្ឋានធម្មជាតិដ៏សម្បើមនិងស្រស់ស្អាតជាច្រើន។ នោះគឺជាល្បាក់ទឹកដ៏ធំសម្បើមជាច្រើន ប្រព័ន្ធល្អាងភ្នំភ្លើង តំបន់អភិរក្សធម្មជាតិ Nam Nung ឧទ្យានជាតិ Ta Dung បឹង Ta Dung ដោយមានកោះទាំងធំទាំងតូចជិត ៤០ ដែលត្រូវបានប្រៀបប្រដូចជា "ឈូងសមុទ្រ Ha Long នៅ Tay Nguyen" អញ្ចឹង។ ជាពិសេស ខេត្ត Dak Nong គឺសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិបងប្អូនចំនួន ៤០ រស់នៅជាមួយគ្នា។ ទាំងអស់នេះបង្កើតឡើងលំហតែមួយគត់ ដែលអាចត្រូវបានរកឃើញតែនៅក្នុងឧទ្យានភូគព្ភសាស្ត្រសកល UNESCO Dak Nong ដែលត្រូវបានពិភពលោកទទួលស្គាល់។
ឧទ្យានភូគព្ភសាស្ត្រសកល UNESCO Dak Nong គឺជាកន្លែងទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនានិងស្វែងយល់។ (រូបថត៖ VOV) |
ឃុំ Dak Ha ស្រុក Dak Glong ខេត្ត Dak Nong គឺជាគោលដៅមួយកន្លែងនៅក្នុងបេតិកភណ្ឌឧទ្យានភូគព្ភសាស្ត្រសកល UNESCO Dak Nong។ លោក K'Bang ជនជាតិ M'Nong សិប្បករត្បាញឫស្សីនៅភូមិ Ting Wel Dang ឃុំ Dak Ha បាននិយាយថា ការដែលភូមិត្រូវបានជ្រើសរើសជាទីបង្អង់ដំណើរនៅក្នុងដំណើរបេតិកភណ្ឌនេះ និងទិសដៅកសាងទេសចរណ៍សហគមន៍បានបើកទិសដៅសម្រាប់ការអភិវឌ្ឍទេសចរណ៍និងសេវាកម្ម៖
“មុខរបរប្រពៃណីរបស់ជនជាតិយើងនាបច្ចុប្បន្ន មានការអភិវឌ្ឍខ្លាំង ទាំងបម្រើតម្រូវការប្រើប្រាស់ផង និងលក់ជូនភ្ញៀវទេសចរផង។ ដូចរបរត្បាញឫស្សីនេះ បុរសណាមួយក្នុងភូមិក៏ចេះដែរ ដើម្បីថែរក្សាមុខរបរ និងបង្កើតប្រាក់ចំណូល”។
ក៏ស្ថិតនៅលើដំណើរឆ្ពោះទៅកាន់តំបន់បេតិកភណ្ឌឧទ្យានភូគព្ភសាស្ត្រសកល UNESCO Dak Nong ផងដែរ ស្រុក Krong No ជាតំបន់ដែលមានរមណីយដ្ឋានធម្មជាតិជាច្រើន ជាមួយនឹងសហគមន៍ជនជាតិភាគតិចដែលនៅតែរក្សាបាននូវលក្ខណៈវប្បធម៌ប្រពៃណី។ លោក Y Suo Hlong នៅភូមិ Dru ស្រុក Krong No បានចែករំលែកថា ទីកន្លែងដែលលោករស់នៅ គឺជាទឹកដីមួយដែលសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ និងមានរមណីយដ្ឋានល្បីៗជាច្រើន ក្នុងនោះអាចនិយាយដល់ល្បាក់ទឹក Dray Sap និងប្រព័ន្ធល្អាងភ្នំភ្លើង៖
“ខ្ញុំសប្បាយចិត្តណាស់ ដោយបានឃើញរមណីយដ្ឋានស្រស់ស្អាតដូចជាល្បាក់ទឹក Dray Sap ឬល្អាងភ្នំភ្លើង ត្រូវបានគេដាក់ឲ្យធ្វើអាជីវកម្ម និងផ្សព្វផ្សាយរួមជាមួយនឹងវប្បធម៌ប្រពៃណី ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ប្រជាជនជាច្រើនក៏បានចូលរួមដែរ ហើយសេវាកម្មទេសចរណ៍ និងជីវភាពរស់នៅកាន់តែប្រសើរឡើងៗ។”
ឧទ្យានភូគព្ភសាស្ត្រសកល UNESCO Dak Nong មានប្រព័ន្ធរូងភ្នំភ្លើងដ៏ពិសេសនិងវែងបំផុតនៅអាស៊ីអាគ្នេយ៍។ (រូបថត៖ VOV) |
ក្នុងប៉ុន្មានឆ្នាំកន្លងមក ឃុំ Nam Nung ស្រុក Krong No ដែលជាគោលដៅមួយនៅលើដំណើរទេសចរណ៍ "វីរកថារបស់ទឹកនិងភ្លើង" បានចូលរួមធ្វើទេសចរណ៍សហគមន៍។ បងប្អូនជនជាតិ Mnong ប្រចាំស្រុក អាចថែរក្សា និងផ្សព្វផ្សាយវប្បធម៌ប្រពៃណី ព្រមទាំងទទួលបានប្រាក់ចំណូលបន្ថែម ដើម្បីលើកកំពស់ជីវភាពរស់នៅផងដែរ។ ភ្ញៀវទេសចរមកដល់ Nam Nung អាចស្វែងយល់អំពីទំនៀមទម្លាប់ប្រពៃណី ពិធីបុណ្យ និងម្ហូបអាហាររបស់អ្នកស្រុក... លោក Y Kreu មេភូមិរងនៃភូមិ Yok Ju បានឲ្យដឹងថា ប្រជាជនបានបង្កើតក្រុម homestay ក្រុមម្ហូបអាហារ ក្រុមវប្បធម៌ប្រជាប្រិយ ដើម្បីបម្រើភ្ញៀវទេសចរ; សហករណ៍តម្បាញចរបាប់ និងសហករណ៍បិតស្រាពាងក៏មានផលិតផលជាច្រើនសម្រាប់លក់ចេញទីផ្សារផងដែរ៖
“ការបង្កើតគំរូទេសចរណ៍នេះ ទីមួយគឺយើងមានបំណងចង់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ប្រជាជនយើង; ទី២ គឺបន្តមុខរបរប្រពៃណីដូចជាការត្បាញឫស្សី ការតម្បាញក្រណាត់ និងធ្វើម្ហូបរបស់ជនជាតិយើង។ ពីនោះផ្សព្វផ្សាយកសិផលដែលយើងផលិតដោយខ្លួនឯង ដូចជា កាហ្វេ ផ្លែឈើ បន្លែ... ដើម្បីបម្រើភ្ញៀវទេសចរ និងនាំមកនូវប្រាក់ចំណូលជូនប្រជាជន”។
នាពេលកន្លងមក ខេត្ត Dak Nong បានកំណត់វិស័យទេសចរណ៍ជាសសរស្តម្ភមួយក្នុងចំណោម
សសរស្តម្ភសេដ្ឋកិច្ចទាំងបីរបស់ខេត្ត ដូច្នេះហើយខេត្តបានបណ្តាក់ទុន និងអភិវឌ្ឍន៍ទេសចរណ៍ជាច្រើនប្រភេទ រួមទាំងទេសចរណ៍នៅឧទ្យានភូគម្ភសាស្ត្រសកល UNESCO Dak Nong ផងដែរ ដើម្បីបន្តិចម្ដងៗ ដាក់ Dak Nong លើផែនទីទេសចរណ៍ពិភពលោក ហើយទទួលស្វាគមន៍ភ្ញៀវទេសចរកាន់តែច្រើន មកទទួលបទពិសោធន៍។ លោកស្រី Ton Thi Ngoc Hanh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dak Nong បានមានប្រសាសន៍ថា៖
“ការគួបផ្សំនិងធ្វើឲ្យគំរូទាំងអស់ចុះសម្រុងគ្នា គឺជាកិច្ចការចាំបាច់ ហើយយើងខ្ញុំបានកសាងគំរូជាបណ្តើរៗហើយ។ យើងខិតខំធ្វើយ៉ាងណា ដើម្បីឲ្យប្រជាជនអាចយល់ ចូលរួម ហើយធ្វើជាកម្មវត្ថុនៃការអភិរក្ស ផ្សព្វផ្សាយ និងអភិវឌ្ឍន៍បេតិកភណ្ឌទាំងនោះ បន្តិចម្ដងៗថែរក្សា ស្តារ ផ្សព្វផ្សាយ និងអភិវឌ្ឍន៍ទំនៀមទម្លាប់ដ៏ល្អប្រសើររបស់បណ្ដាជនជាតិ។ អភិរក្សវប្បធម៌ ធ្វើជាផលិតផលសម្រាប់អភិវឌ្ឍន៍ទេសចរណ៍ និងរួមដំណើរជាមួយការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្ត”។
ដោយផ្អែកលើមូលដ្ឋានគ្រឹះនៃវប្បធម៌វិសេសវិសាល ទេសភាពធម្មជាតិដ៏អស្ចារ្យ អាកាសធាតុស្រស់ថ្លានិងត្រជាក់ស្រួលពេញមួយឆ្នាំ រួមជាមួយនឹងទិសដៅវិនិយោគដ៏ត្រឹមត្រូវ... នាពេលអនាគត ទេសចរណ៍ Dak Nong នឹងរីកចម្រើនយ៉ាងខ្លាំងក្លា និងទាក់ទាញភ្ញៀវទេសចរមកដល់តំបន់បេតិកភណ្ឌឧទ្យានភូគម្ភសាស្ត្រសកល UNESCO Dak Nong៕