ត្រីខភូមិ Nhan Hau - ម្ហូបប្រចាំខេត្ត Ha Nam

(VOVWORLD) - មិនដឹងថាមានតាំងពីពេលណាមកឡើយ អ្នកភូមិ Nhan Hau ឃុំ Hoa Hau ស្រុក Ly Nhan ខេត្ត Ha Nam មានទំនៀមទំលាប់ខត្រី ក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណី ដើម្បីសែនដូនតា និងធ្វើជាម្ហូប។ គ្រួសារនីមួយៗ សុទ្ធតែមានឆ្នាំងត្រីខ Nhan Hau ចំនូន ពីរ បីឆ្នាំងដើម្បីទុកទទួលទានក្នុងឱកាសបុណ្យតេត និងឲ្យកូនចៅធ្វើជាកាដូជូនគេ។ យូរៗទៅ ការធ្វើត្រីខបានក្លាយទៅជារបរមួយនៅភូមិ Nhan Hau ហើយល្បីឈ្មោះនៅគ្រប់ទិសទីផងដែរ។

 

 

ត្រីខភូមិ Nhan Hau - ម្ហូបប្រចាំខេត្ត Ha Nam - ảnh 1សកម្មភាពធ្វើត្រីខ Nhan Hau (រូបថត៖ VNA)

ត្រីខ Nhan Hau ឬត្រីខភូមិ Dai Hoang, ត្រីខភូមិ Vu Dai, ត្រីខ Ha Nam គឺសុទ្ធតែជាឈ្មោះហៅនៃម្ហូបត្រីខប្រៃប្រពៃណីរបស់ភូមិ Vu Dai (ភូមិ Dai Hoang) បច្ចុប្បន្ននេះជាភូមិ Nhan Hau ស្រុក Ly Nhan  ខេត្ត Ha Nam ។ ម្ហូបត្រីខប្រពៃណីនេះល្បីឈ្មោះនៅទូទាំងប្រទេស ហើយថែមទាំងបាននាំចេញទៅកាន់បរទេសទៀតផង។ នាបច្ចុប្បន្ន នៅភូមិ Nhan Hau មានសហគ្រាសធ្វើត្រីខចំនួន ៧ ដោយទ្រង់ទ្រាយធំ និងក្រុមគ្រួសារចំនួនរាប់រយគ្រួបានប្រកបរបរធ្វើខត្រី។ ក្នុងឱកាសពិធីបុណ្យតេត ត្រីខរាប់ម៉ឺនឆ្នាំងត្រូវបានផ្គត់ផ្គង់នៅទីផ្សារជាតិ និងអន្តរជាតិ។ លោក Tran Xuan Thuc ប្រធានសម្ព័ន្ធសមាគមផលិតកម្ម និងធ្វើអាជីវកម្មត្រីខ Nhan Hau ឃុំ Hoa Hau បានឲ្យដឹងថា៖ “ឃុំ Hoa Hau មានរបរធ្វើខត្រីប្រពៃណីតាំងពីយូរយារណាស់មកហើយ។ កាលពីមុន ត្រីខភាគច្រើនគឺសម្រាប់ធ្វើជាកាដូរជូនបងប្អូន និងមិត្តភក្តិ ហើយក្រោយពីតម្រូវការកើនឡើងនោះ ផលិតផលត្រីខត្រូវបានដាក់លក់នៅតាមទីផ្សារ។ គ្រួសារខ្ញុំបានប្រកបអាជីពធ្វើត្រីខអស់រយៈពេល ២០ ឆ្នាំហើយ”។

គ្រឿងផ្សំសម្រាប់ធ្វើខត្រី Nhan Hau គឺសាមញ្ញណាស់ ពោលគឺសុទ្ធតែបានផ្សំពីគ្រឿងទេសដែលមានស្រាប់នៅស្រុកស្រែវៀតណាមដូចជា៖ ខ្ញី ក្រូចឆ្នា ផ្លែស្ពឺជាដើម។ ប្រភេទត្រីដែលត្រូវបានជ្រើសរើសគឺត្រីគល់រាំងខ្មៅ និងធំៗ។ ត្រីត្រូវបានធ្វើស្រកាឲ្យបានស្អាត ហើយកាត់ជាកង។ គេតែងតែប្រើប្រាស់ឆ្នាំងដីសម្រាប់ធ្វើត្រីខ ដើម្បីរក្សាឲ្យបានក្លិនឆ្ងាញ់ពិសាររបស់ត្រី។ លោក Tran Ba Toan ម្ចាស់សប្បកម្មត្រីខToan Huong បានឲ្យដឹងថា៖ “ដើម្បីធ្វើត្រីខឆ្ងាញ់ពិសារគឺត្រូវពឹងផ្អែកលើបទពិសោធន៍របស់ចុងភៅ។ ទីពីរ គឺយើងខ្ញុំត្រូវជ្រើសរើសត្រីធម្មជាតិ ធំៗ ដែលនៅរស់។ ជាពិសេស នៅពេលធ្វើត្រី ក្រោយពេលធ្វើស្រកាត្រី ហើយលាងស្អាតរួចមក យើងខ្ញុំទើបវះត្រី ដើម្បីរក្សារស់ជាតិរបស់ត្រី។ លើសពីនេះទៅទៀត គ្រឿងផ្សំទាំងអស់ដូចជា ខ្ទឹម ម្ទេស ទឹកក្រូចឆ្មាគឺត្រូវជ្រើសរើសយ៉ាងយកចិត្តទុកដាក់។ ឆ្នាំងត្រីខនីមួយៗតែងតែមានរូបមន្តគ្រឿងទេសដោយឡែក ឲ្យសមស្របនឹងចំណងចំណូលចិត្តរបស់អតិថិជននៅតាមតំបន់នានាផងដែរ”។

ត្រីខភូមិ Nhan Hau - ម្ហូបប្រចាំខេត្ត Ha Nam - ảnh 2សកម្មភាពវេចខ្ចប់ត្រីខNhan Hau (រូបថត៖ VNA)

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២២ នោះ អ្នកភូមិ Nhan Hau បានធ្វើត្រីខយ៉ាងមមាញឹក ដើម្បីដាក់លក់នៅតាមខេត្ត ក្រុងនានានៅទូទាំងប្រទេស ក៏ដូចជាបម្រើប្រជាអាណិកជននៅពេលវិលត្រឡប់មកប្រទេសវិញ ដែលមានតម្រូវការទិញត្រីខយកទៅបរទេស។ នាប៉ុន្មានថ្ងៃនេះ សិប្បកម្មត្រីខ Toan Huong របស់លោក Tran Ba Toan កំពុងរៀបចំយ៉ាងសកម្មនូវគ្រឿងផ្សំសម្រាប់ធ្វើត្រីខជាង ១៥០០ ឆ្នាំងជូនអតិថិជន។ លោក Tran Ba Toan បានឲ្យដឹងថា៖ សហគ្រាសរបស់ខ្លួនបានបញ្ជាទិញត្រី និងគ្រឿងទេសតាំងពីដើមឆ្នាំមកម្ល៉េះ៖ “យើងខ្ញុំបានប្រើប្រាស់អុសពីឈើមៀនសម្រាប់ចម្អិនខត្រី។ ដូច្នេះហើយ សហគ្រាសយើងខ្ញុំបានរៀបដាក់អុសទាំងអស់នៅក្នុងឃ្លាំង ដើម្បីទុកឲ្យស្ងួតហើយ។ ឆ្នាំនេះយើងខ្ញុំបានត្រៀមរៀបចំអុសចំនួន ៣០ តោនផងដែរ”។

អស់រយៈពេលជាច្រើនឆ្នាំមកហើយ សហគ្រាស និងក្រុមគ្រួសារនានាដែលប្រកបរបរខត្រី បានប្រើប្រាស់បច្ចេកវិទ្យាវេចខ្ចប់ផលិតផលដោយវិធីបូមខ្យល់ចេញ ដូច្នេះហើយត្រីខអាចរក្សាទុកបានយូរជាង ហើយមានរសជាតិឆ្ងាញ់ពិសារដដែល។ វៀតណាមមានសុភាសិតមួយឃ្លាដែលថា “ម្ហូបឆ្ងាញ់ពិសារនឹងចងចាំបានយូរ” ហើយប្រសិនបើបានភ្លក់ត្រីខ Nhan Hau ម្ដងនោះ លោកអ្នកនឹងមិនអាចបំភ្លេចបានរសជាតិត្រីខដ៏ឆ្ងាញ់ពិសារដ៏ឆ្ងាញ់ពិសារនៅ
តំបន់នេះជាក់ជាមិនខានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ