ទៅទស្សនាតំបន់ខ្ពង់រាបថ្ម Dong Van Meo Vac នៅខេត្ត Ha Giang

(VOVWORLD) - ខ្ពង់រាបថ្ម Dong Van នៅខេត្ត Ha Giang ភាគខាងជើងវៀតណាម ជារមណីយដ្ឋានមួយក្នុងចំណោមរមណីយដ្ឋានដ៏ធំមហិមារបំផុតនៅវៀតណាម។ នៅទីនេះប្រមូលផ្ដុំនូវទេសភាពធម្មជាតិដ៏ស្រស់បំព្រងមានតំលៃវិទ្យាសាស្ត្រផងហើយបង្កប់នូវតំលៃវប្បធម៌ដ៏វិសេសវិសាលរបស់បណ្ដាជនជាតិភាគតិចទៀតផង។ ស្រុក Meo Vac ជាស្រុករហោស្ថានបំផុតដែលស្ថិតនៅក្នុងខ្ពង់រាបថ្ម Dong Van ប៉ុន្តែទីនេះមានកម្លាំងទាក់ទាញដ៏ខ្លាំងក្លាចំពោះភ្ញៀវទេសចរដែលចូលចិត្តរូបសណ្ឋានដំណើរទេសចរណ៍ផ្សងព្រេង។
ទៅទស្សនាតំបន់ខ្ពង់រាបថ្ម Dong Van Meo Vac នៅខេត្ត Ha Giang - ảnh 1ផ្លូវទៅកាន់ខ្ពង់រាបថ្ម Dong Van 

  ពីទីក្រុង Ha Giang ភ្ញៀវទេសចរធ្វើដំណើរប្រហែល៤៣គ.មតាមផ្លូវជាតិ 4C គឺទៅដល់កណ្ដាលស្រុក Quan Ba។ បន្តធ្វើដំណើរតាមផ្លូវជាតិនេះហើយឆ្លងកាត់ជ្រលងភ្នំ Can Ty ព្រៃស្រល់ធំជង្រឹងនិងជម្រាលរដិបរដុប ភ្ញៀវទេសចរនឹងទៅកាន់តំបន់ត្រីកោណដោយមានរមណីយដ្ឋានចំនួន៣នោះគឺ Yen Minh Dong Van និង Meo Vac ដើម្បីទស្សនាខ្ពង់រាបថ្ម Dong Van។ ស្ថិតនៅកម្ពស់ពី១ពាន់៤រយដល់១ពាន់៦រយម៉ែត្រពីនីវ៉ូទឹកសមុទ្រលើផ្ទៃដីជាង២ពាន់៤រយគ.មការ៉េ ខ្ពង់រាបថ្ម Dong Van ជាតំបន់ថ្មកំបោរមួយក្នុងចំណោមតំបន់ថ្មកំបោរពិសេសបំផុតនៅក្នុងទូទាំងប្រទេស ដែលបង្កប់នូវស្លាកស្នាមលេចធ្លោអំពីប្រវត្តិសាស្ត្រអភិវឌ្ឍនៃសំបកផែនដី។ ៨០%នៃផ្ទៃដីសរុបខ្ពង់រាបថ្ម Dong Van ត្រូវបានគ្របដណ្ដប់ដោយថ្មកំបោរ ដែលត្រូវបានបង្កើតឡើងដោយលក្ខណៈធម្មជាតិនិងដំណាក់កាលអភិវឌ្ឍប្លែកៗពីគ្នា។

រហូតមកដល់ពេលនេះ មជ្ឈដ្ឋានអ្នកវិទ្យាសាស្ត្រកំណត់បាននូវបេតិកភណ្ឌភូគព្ភសាស្ត្រសរុបចំនួន១៣៩នៅ Dong Van ក្នុងនោះមានបេតិកភណ្ឌភូគព្ភសាស្ត្រថ្នាក់អន្តរជាតិចំនួន១៥ ថ្នាក់ជាតិចំនួន៦៨និងថ្នាក់តំបន់ចំនួន៥៦។ នៅលើសិលាអវសាទនៅទីនេះ មជ្ឈដ្ឋានបុរាណវិទូក៏បានរកឃើញហ្វូស៊ីលជាច្រើនដែរ។ រូបសំណាកហ្វូស៊ីលទាំងនេះបានជួយមជ្ឈដ្ឋានអ្នកវិទ្យាសាស្ត្រសម្រេចបាននូវផ្ទាំងគំនូរស្ដីពីប្រវត្តិសាស្ត្រអភិវឌ្ឍភូគព្ភសាស្ត្រនៅតំបន់ខ្ពង់រាបថ្ម Dong Van និយាយដោយឡែកនិងតំបន់ភាគឦសានវៀតណាមនិយាយរួម។ លក្ខណៈភូគព្ភសាស្ត្រដ៏សម្បូរបែបរួមជាមួយបម្រែបម្រួលអាកាសធាតុក្នុងអំឡុងរាប់លានឆ្នាំ បានបង្កើតឡើង “ចម្ការថ្ម” និង “ព្រៃថ្ម” នៅតំបន់ខ្ពងរាប់ថ្ម Dong Van នេះ។ លោក Ho Tien Trung អ្នកស្រាវជ្រាវភូគព្ភសាស្ត្រមួយរូបបានឲ្យដឹងថា៖

“តាមការស្រាវជ្រាវរបស់វិទ្យាស្ថានវិទ្យាសាស្ត្រភូគព្ភសាស្ត្រនិងសារធាតុរ៉ែ សហការជាមួយអ្នកស្រាវជ្រាវរូងភ្នំមកពីប៊ែលហ្សិកដែលបានប្រកាសនាពេលថ្មីៗនេះឲ្យដឹងថា ក្នុងតំបន់ខ្ពង់រាបថ្ម Dong Van នៅតែមានកត្តាសំខាន់ៗជាច្រើនដើម្បីស្រាវជ្រាវ ក្នុងនោះមានប្រព័ន្ធរូងភ្នំ។ ការរកឃើញរូងភ្នំដោយជម្រៅឡើងដល់ទៅរាប់ពាន់ម៉ែត្រ គឺមានអត្ថន័យសំខាន់ណាស់ចំពោះការស្រាវជ្រាវវិទ្យាសាស្ត្រនិងការអភិវឌ្ឍទេសចរ”។

ទៅទស្សនាតំបន់ខ្ពង់រាបថ្ម Dong Van Meo Vac នៅខេត្ត Ha Giang - ảnh 2ប្រជាជនស្រុក Meo Vac ដាំពោត 

នៅក្នុងតំបន់ខ្ពង់រាបថ្ម Dong Van ស្រុក Meo Vac ជាកន្លែងរហោស្ថានជាងគេបំផុត។  រហូតដល់ឆ្នាំ១៩៦៥ ផ្លូវចូលក្នុង Meo Vac ត្រឹមតែជាផ្លូវលំសំរាប់អ្នកដើរថ្មើជើងនិងសំរាប់សេះដឹកជញ្ជូនទំនិញប៉ុណ្ណោះ។ នាសព្វថ្ងៃ គេបានកសាងផ្លូវថ្នល់នៅតាមជ្រលងភ្នំ Ma Pi Leng ដោយម្ខាងជាច្រាំងថ្មចំណោតហើយម្ខាងទៀតជាអន្លង់ជ្រៅចុះទៅទន្លេ Nho Que ខាងក្រោម។ មើលពីជ្រលងភ្នំ Ma Pi Leng ភ្ញៀវទេសចរអាចឃើញទឹកជ្រោះហូរ វាលស្រែកាំជណ្ដើ ដំបូលផ្ទះឈើរបស់សហគមន៍ជនជាតិភាគតិច ហើយចម្ការផ្កាម៉ាកខៃរីកស្គុះស្គាយនាពេលនិទាឃរដូវមកដល់ម្ដងៗ។ ទាំងអស់នេះបានបង្កើតឡើងទេសភាពស្រស់ស្អាតគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។ កំពូលជ្រលងភ្នំ Ma Pi Leng បានក្លាយទៅជាទីបង្អង់ដំណើរដែលមិនអាចរំលងបានចំពោះភ្ញៀវទេសចរនាពេលមកទស្សនាខ្ពង់រាបថ្ម Dong Van ម្ដងៗ។ លោក Tran Thanh Hoang មគ្គុទេសទេសចរខេត្ត Ha Giang បានឲ្យដឹងថា៖

“គេបានប្រសិទ្ធនាមឲ្យ Ma Pi Leng ជាជ្រលងភ្នំមួយក្នុងចំណោមជ្រលងភ្នំទាំង៤ដ៏ស្អាតបំផុតនៃតំបន់ភាគឦសាន។ ឈ្មោះ Ma Pi Leng តាមភាសាតំបន់មានន័យថា “ក្ដោងច្រមុះរបស់សត្វសេះ” ដែលចង់និយាយថា ជ្រលងភ្នំនេះគឺជ្រងោទៀងលើនិងខ្ពស់ណាស់។ មុននេះសត្វសេះឡើងជ្រលងភ្នំនេះអាចស្លាប់ដោយអស់កម្លាំង។ ផ្លូវថ្នល់នៅលើជ្រលងភ្នំត្រូវបានកសាងឡើងដោយដៃទាំងស្រុង។ លោកប្រធានហូជីមិញបានប្រសិទ្ធនាមឲ្យផ្លូវនេះជាផ្លូវសុភមង្គលដែលមានន័យថា នាំមកនូវសុភមង្គលសំរាប់សហគមន៍ជនជាតិភាគតិចនៅទីនេះ”។

        ក្នុងប៉ុន្មានឆ្នាំថ្មីនេះ ការអភិវឌ្ឍទេសចរណ៍-វប្បធម៌ បានក្លាយទៅជាទិសដៅថ្មីរបស់ស្រុក Meo Vac។ ចាប់ពីពេលដែល UNESCO ទទួលស្គាល់ខ្ពង់រាបថ្ម Dong Van ជាឧទ្យានភូគព្ភសាស្ត្រសកលលោក កាលពីខែតុលាឆ្នាំ២០១៣មក ការអភិវឌ្ឍទេសចរណ៍វប្បធម៌ត្រូវបានកំណត់ជាទិសដៅថ្មីរបស់ស្រុក Meo Vac។ ហេដ្ឋារចនាសម្ព័ន្ធ ពិសេសគឺចរាចរណ៍ត្រូវបានយកចិត្តទុកដាក់វិនិយោគ។ ពិធីបុណ្យនិងទីប្រជុំផ្សារប្រពៃណីជាច្រើនរបស់ប្រជាជននៅតំបន់នេះត្រូវបានថែរក្សានិងស្ដារឡើងវិញ។ អាចនិយាយដល់ផ្សារស្នេហ៍ Khau Vai ពិធីបុណ្យបួងសួងសុំឲ្យភ្លៀងធ្លាក់របស់ជនជាតិ Lo Lo ពិធីបុណ្យអំណរឆ្នាំថ្មីរបស់ជនជាតិ Giay ជាដើម។ ទេសភាពធម្មជាតិដ៏ស្រស់បំព្រងដែលគួបផ្សំជាមួយនឹងលក្ខណៈវប្បធម៌ដ៏សម្បូរបែប បានបង្កើតឡើងគំនូរចម្រុះពណ៌សំរាប់តំបន់ Dong Van Meo Vac ជួយទីនេះទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ