ទីលាន Ba Dinh - កន្លែងទាក់ទាញចំណាប់អារម្មណ៍និងពោរពេញទៅដោយមោទនភាពជាតិ

(VOVWORLD) -  ចាប់តាំងពីរដូវស្លឹកឈើជ្រុះនៃបដិវត្តខែសីហា នាឆ្នាំ ១៩៤៥ មក ទីលាន Ba Dinh បានក្លាយជាទីកន្លែងជិតស្និទ្ធនិងពិសិដ្ឋសម្រាប់ប្រជាជនទីក្រុងហាណូយនិងប្រជាជនទូទាំងប្រទេស។ នេះជាទីលានធំជាងគេក្នុងប្រទេស វៀតណាម ដែលមានទីតាំងស្ថិតនៅលើវិថី Hung Vuong ខ័ណ្ឌ Ba Dinh ហើយនេះក៏ជាកន្លែងមានវិមានតម្កល់សពលោកប្រធានហូជីមីញផងដែរ។ ទីលាន Ba Dinh មានទីតាំងស្ថិតនៅក្នុងតំបន់បេតិកភ័ណ្ឌប្រវត្តិសាស្ត្រ-វប្បធម៌  Ba Dinh និងបានក្លាយជាសាក្សីរួមដំណើរជាមួយពេលវេលា ដើម្បីចារឹកនិងរក្សាទុកស្លាក ស្នាមនៃប្រវត្តិសាស្រ្ត។ កន្លែងនេះក៏ជាបេះដូងនៃរដ្ឋធានី និងជាមោទនភាពរបស់ប្រជាជនរដ្ឋធានីនិយាយដោយឡែកនិងប្រជាជនវៀតណាមទាំងមូលនិយាយរួម។
ទីលាន Ba Dinh - កន្លែងទាក់ទាញចំណាប់អារម្មណ៍និងពោរពេញទៅដោយមោទនភាពជាតិ - ảnh 1លោកប្រធានហូជីមិញអញ្ជើញអានសេចក្តីប្រកាសឯករាជ្យនៅទីលាន Ba Dinh នាថ្ងៃទី ២ ខែកញ្ញាឆ្នាំ ១៩៤៥ (រូបថតៈ Tuyengiao.vn)

 

ប្រជាជនវៀតណាមសឹងតែគ្រប់រូបសុទ្ធតែមានមោទនភាពយ៉ាងក្រៃលែង ពេលដែលមានវត្តមាននៅលើទីលាន Ba Dinh នៅគ្រប់ពេលវេលាក្នុងឆ្នាំ ជាពិសេសគឺព្រឹកព្រលឹមនារដូវស្លឹកឈើជ្រុះនៃទិវាបុណ្យជាតិតែម្តង។ អំឡុងពេលប៉ុន្មានថ្ងៃនាខែ កញ្ញា ទីលាន Ba Dinh បានទទួលស្វាគមន៍មនុស្សរាប់ម៉ឺននាក់ មកពីបណ្តាខេត្តនិងក្រុងនានាលើទូទាំងប្រទេស ដើម្បីចូលរួមសប្បាយរីករាយអបអរសាទរ ទិវាបុណ្យឯករាជ្យជាតិ ក្រោមទង់ជាតិក្រហម ផ្កាយពណ៌លឿង។ ធ្វើដំណើរពីខេត្ត Dong Nai មកលេងរដ្ឋធានីក្នុងឱកាសទិវាបុណ្យជាតិ លោកស្រី Nguyen Bich Hanh មានអារម្មណ៍រំជួលចិត្តណាស់! លោកស្រីសំណេះសំណាលថា៖ “នេះជាលើកដំបូងហើយដែលខ្ញុំបានមកទស្សនាទីលាន Ba Dinh ក្នុងឱកាសទិវាបុណ្យជាតិ។ មិនត្រឹមតែប៉ុណ្ណោះ ខ្ញុំថែមទាំងបានចូលរួមពិធីគោរពទង់ជាតិនៅវេលាម៉ោង ៦ ព្រឹកទៀតផង។ អារម្មណ៍ពេលនោះគឺពិបាកពណ៌នាណាស់។ អារម្មណ៍រំជួលចិត្តលាយឡំនឹងមោទនភាពជាតិ។ ពេលវេលានៅទីនេះគឺពិសិដ្ឋណាស់!”

ទីលាន Ba Dinh - បេះដូងនៃទីក្រុងហាណូយ គឺជាបេតិកភណ្ឌប្រវត្តិសាស្រ្តនិងជារមណីដ្ឋានដ៏ល្បីឈ្មោះរបស់រដ្ឋធានី។ កន្លែងនេះ តែងតែប្រារព្ធនូវព្រឹត្តិការណ៍សំខាន់ៗរបស់ប្រជាជនវៀតណាម។ នាថ្ងៃទី ២ ខែកញ្ញាឆ្នាំ ១៩៤៥ នៅចំពោះមុខប្រជាជននៃទីក្រុងហាណូយនិងតំបន់ជុំវិញ ចំនួន ៥ ម៉ឺននាក់នោះ លោកប្រធានហូជីមិញបានថ្លែងសេចក្តីប្រកាសឯករាជ្យ បង្កើតវៀតណាមប្រជាធិបតេយ្យសាធារណរដ្ឋ ហើយបច្ចុប្បន្នជាសាធារណរដ្ឋសង្គមនិយមវៀតណាម។

ពាក្យពេជ្រជាអមតៈដែលលោកប្រធានហូជីមិញថ្លែងក្នុងសេចក្តីប្រកាសឯករាជ្យនៅទីលាន Ba Dinh ជាប្រវត្តិសាស្ត្រក្នុងរដូវស្លឹកឈើជ្រុះ នៅតែលាន់លឺរន្ទឺនិងដិតជាប់ក្នុងដួងចិត្តរបស់ជនជាតិវៀតណាមជាច្រើននាក់ពេលមកដល់ទីលាន Ba Dinh ម្តងៗ។

ទីលាន Ba Dinh - កន្លែងទាក់ទាញចំណាប់អារម្មណ៍និងពោរពេញទៅដោយមោទនភាពជាតិ - ảnh 2ទីលាន Ba Dinh (រូបថត៖ vi.wikipedia.org

ទីលាន  Ba Dinh គឺជាទីលានធំជាងគេនៅវៀតណាម ដោយមានបណ្តោយ ៣២០ មែត្រនិងទទឹង ១០០ ម៉ែត្រ។ មានវាលស្មៅចំនួន ២១០ ក្រឡា នៅកណ្តាលគឺជាផ្លូវដើរដែលមានទទឹង ១,៤ ម៉ែត្រ។ លេចធ្លោនៅចំកណ្តាលទីលាន គឺមានបង្គោលទង់ជាតិកំពស់ ២៥ ម៉ែត្រ ជាមួយនឹងទង់ជាតិក្រហម ផ្កាយពណ៌លឿង បក់រវិចៗ ជារៀងរាល់ថ្ងៃ ដើម្បីអះអាងឯករាជ្យភាពនិងអធិបតេយ្យភាពរបស់ប្រទេសជាតិ។ កាលពីមុន ទីលាននេះគឺជាតំបន់មួយស្ថិតនៅក្នុងបរមរាជវាំង Thang Long។ នៅឆ្នាំ ១៨៩៤ ពេលកាន់កាប់ទីក្រុងហាណូយ អាណានិគមនិយមបារាំងបានសាងសង់សួនផ្កាតូចមួយ ដែលមានឈ្មោះថា ទីលានមូល ឬ ទីលាន Puginier។ នៅពេលដែលជប៉ុនធ្វើរដ្ឋប្រហារបារាំងនិងប្រកាសទទួលស្គាល់ឯករាជ្យសម្រាប់វៀតណាម អភិបាលទីក្រុងហាណូយកាលនោះគឺលោក Tran Van Lai បានប្តូរឈ្មោះសួនផ្កា Pugininer ទៅសួនផ្កា Ba Dinh ដើម្បីរំលឹកដល់ការតស៊ូប្រឆាំងបារាំងរបស់កម្លាំង Dinh Cong Trang ក្នុងតំបន់Ba Dinh ស្រុក Nga Son ខេត្ត Thanh Hoa នាចុងសតវត្សរ៍ទី ១៩។ ក្នុងអតីតកាលទីលាន Ba Dinh មានឈ្មោះជាច្រើនទៀតដែរ។ សាស្រ្ដាចារ្យប្រវត្តិសាស្ត្រលោក Le Van Lan បានឲ្យដឹងថា៖ “នៅខែកក្កដាឆ្នាំ ១៩៤៥ កន្លែងនេះត្រូវបានប្តូរឈ្មោះជា Ba Dinh ក្នុងន័យថា សួនផ្កា Ba Dinh។ ដល់ថ្ងៃទី ២ ខែកញ្ញាឆ្នាំ ១៩៤៥ នៅកន្លែងនេះ លោកប្រធានហូជីមិញបានអានសេចក្តីប្រកាសឯករាជ្យ ហេតុដូច្នេះ នៅខែធ្នូឆ្នាំ ១៩៤៥ កន្លែងនេះត្រូវបានប្តូរឈ្មោះទៅជាសួនផ្កាឯករាជ្យ។ អំឡុងពេលបារាំងកាន់កាប់ជាបណ្តោះអាសន្ននោះ អភិបាលក្រុងហាណូយលោក Tham Hoang Tin បានប្តូរឈ្មោះកន្លែងនេះទៅជាសួនផ្កា Hong Bang។ ដល់ថ្ងៃរំដោះរដ្ឋធានី នៅថ្ងៃទី ១០ ខែតុលាឆ្នាំ ១៩៥៤ គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានសម្រេចចិត្ត ប្រគល់ឈ្មោះចាស់សម្រាប់កន្លែងនេះទៅសួនផ្កា Ba Dinh វិញ។ បន្ទាប់មកប្តូរឈ្មោះពីសួនផ្កាទៅជាទីលាន។ ហើយថ្ងៃទី ២ ខែកញ្ញាឆ្នាំ ១៩៧៥ បានសម្ពោធជាផ្លូវការប្រាង្គតម្កល់សពលោកប្រធានហូជីមិញ ហើយទីតាំងនេះបានក្លាយជាផ្នែកមួយដែលមិនអាចខ្វះបាននៃតំបន់ដ៏ពិសិដ្ឋនិងគួរឱ្យគោរពនេះ”

ព័ទ្ធជុំវិញទីលាន Ba Dinh ក្រៅពីស្នាដៃស្ថាបត្យកម្មដែលត្រូវបានសាងសង់តាំងពីដំបូងមកដូចជា វិមានរបស់ អគ្គទេសាភិបាលបារាំង ហើយអស់រយៈពេលជាច្រើនឆ្នាំមកនេះក៏មានការលេចចេញនូវស្នាដៃសំខាន់ៗដូចជា វិមានប្រធានរដ្ឋ សាលប្រជុំ Ba Dinh វិមានរដ្ឋសភានិងពិសេសបំផុតមួយនៅក្នុងក្រអៅបេះដូងរបស់ប្រជាជនវៀតណាមគ្រប់រូបគឺប្រាង្គតម្កល់សពរបស់លោកប្រធានហូជីមិញ កន្លែងដែលកុលបុត្រ កុលធីតា ពេលមកដល់ទីនេះ សុទ្ធតែមានអារម្មណ៍រំជើបរំជួលលាយឡំនឹងមោទនភាពជាតិ។ លោក Do Chien Thang មកពីខ័ណ្ឌ Ba Dinh នៃទីក្រុងហាណូយបានចែករំលែកថា៖ “ខ្ញុំតែងតែមានភាពស្រណុកស្រួលពេលបានមកទស្សនាប្រាំង្គតម្កល់សពលោកប្រធានហូជីមិញម្តងៗ។ ឥលូវនេះ ទោះបីខ្ញុំស្ថិតក្នុងវ័យអាយុចំណាស់ក៏ដោយ ប៉ុន្តែនៅមានអារម្មណ៍ដូចថ្ងៃដំបូងដែលប្រាង្គតម្កល់សពទើបបានសម្ពោធអញ្ជឹង”

ទីលាន Ba Dinh ដែលមានទេសភាពនិងប្រជុំស្ថាបត្យកម្មស្រស់ស្អាតបំផុតនៅនៃរដ្ឋធានីហាណូយ រួមជាមួយតម្លៃវប្បធម៌និងប្រវត្តិសាស្ត្រ តែងតែផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរខ្លាំងក្លារបស់ប្រទេសជាតិ។ មិនថានៅអតីតកាល បច្ចុប្បន្នឬអនាគតកន្លែងនេះតែងតែជាកន្លែងដែលមានតម្លៃខាងស្មារតី ហើយត្រូវបានដិតជាប់ក្នុងដួងចិត្តរបស់ប្រជាជនវៀតណាមជានិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ