ទីលាន Ba Dinh - ទីកន្លែងកត់ត្រាកការប្រសូត្រឡើងរដ្ឋវៀតណាមប្រជាធិបតេយ្យ សាធារណរដ្ឋ
(VOVWORLD) - រដ្ឋធានីហាណូយមិនត្រឹមតែជាមជ្ឈមណ្ឌលនយោបាយសេដ្ឋកិច្ចនិងវប្បធម៌របស់ប្រទេសជាតិទាំងមូលប៉ុណ្ណោះទេ ថែមទាំងរក្សាបាននូវ កេរដំណែលប្រវត្តិសាស្ត្រ កេរដំណែលវប្បធម៌និងបដិវត្តន៍ជាច្រើនទៀតផង ជាពិសេសគឺទីលាន Ba Dinh ដែលកាលពី ៧៦ ឆ្នាំមុន នៅទីកន្លែងនេះបានប្រព្រឹត្តិទៅទិវាប្រវត្តិសាស្ត្រដ៏មហានក្ខត្តឬក្សរបស់ប្រជាជាតិ- ទិវាប្រកាសឯករាជ្យថ្ងៃទី ២ ខែកញ្ញាឆ្នាំ ១៩៤៥ ផងដែរ។
ទីលាន Ba Dinh (រូបថត៖ nhandan.vn) |
មុនបដិវត្តន៍ខែសីហា (១៩ សីហា ឆ្នាំ ១៩៤៥) ទីលាន Ba Dinh នៅមានឈ្មោះហៅផ្សេងទៀតថា ទីលានមូល (Rond Point Puginier) ឬហៅថាទីលាន Puginier។ នៅពេលដែលបដិវត្តន៍ខែសីហាទទួលបានជោគជ័យនោះ ទីលានមូលត្រូវបានប្ដូរឈ្មោះទៅជាសួនផ្កា Ba Dinh។ ឈ្មោះហៅ Ba Dinh គឺដើម្បីចងចាំការក្រោកឈរឡើងប្រឆាំងពួកអាណានិគមបារាំងរបស់ប្រជាជនខេត្ត Thanh Hoa នៅចុងសតវត្សរ៍ទី ១៩ ដែលដឹកនាំដោយលោក Dinh Cong Trang។
តាមសំណើរបស់រដ្ឋាភិបាលបណ្តោះអាសន្ននៅពេលនោះគណៈរៀបចំពិធីប្រកាសឯករាជ្យចាំបាច់ត្រូវស្វែងរកកន្លែងធំល្មមមួយសម្រាប់រៀបចំពិធីមិទ្ទិញធំ ដែលអាចប្រមូលផ្តុំមនុស្សបានរាប់ម៉ឺននាក់។ ដំបូងឡើយគណៈចាត់តាំងគ្រោងនឹងជ្រើសរើសមណ្ឌល Quan Ngua ឬសកាលវិទ្យាល័យឥណ្ឌូចិនប៉ុន្តែទីតាំងទាំងនេះមានចំងាយឆ្ងាយពីមជ្ឈមណ្ឌលទីក្រុង ។ ចំណែកទីតាំងមជ្ឈមណ្ឌលគឺទីលានរោងមហោស្រពធំគឺមានទំហំចង្អៀតពេក។ ដូច្នេះនៅទីបំផុតគណៈចាត់តាំងបានសម្រេចចិត្តជ្រើសរើសយកទីលាន Ba Dinh ។ នៅពិធីដ៏មហានក្ខត្តឬក្សថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ នៅចំកណ្ដាលទីលាន Ba Dinh នោះ គណៈចាត់តាំងបានរៀបដាក់វេទិកាធ្វើពីឈើដ៏ខ្ពស់មួយ រុំដោយក្រណាត់ បិតភ្ជាប់ពាក្យស្លោកហើយនៅលើវេទិកាមានបង្គោលទង់ជាតិមួយ។ លោក Nguyen Duc Khuong ពលរដ្ឋម្នាក់នៅខ័ណ្ឌ Ba Dinh បានចែករំលែកថា៖ “កាលនៅរស់ ជីដូនជីតាតែងតែនាំខ្ញុំទៅលេងនៅទីនេះ ហើយដំណាលអំពីអនុស្សាវរីយ៍ថ្ងៃឯករាជ្យឲ្យកូនចៅស្ដាប់…ពីរឿងរ៉ាវនៃការតស៊ូប្រឆាំងពួកអាណានិគមបារាំង រហូតដល់ថ្ងៃដែលជីដូន ជីតាបានចូលរួមពិធីមិទ្ទិញថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ ក៏ដូចជាអារម្មណ៍សប្បាយរីយរាយនៅពេលដែលប្រទេសជាតិដណ្ដើមបានឯករាជ្យផងដែរ”។
ចាប់តាំងពីពេលនោះមកទីលាន Ba Dinh គឺជាកន្លែងដែលតែងតែបានប្រព្រឹត្តិទៅពិធីមិទ្ទិញធំៗ នៃទិវាខួបអនុស្សាវរីយ៍ប្រវត្តិសាស្ត្រ ឬទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូអន្តរជាតិ អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម។ មួយរយៈក្រោយមកនៅម្ខាងទៀតនៃទីលានរដ្ឋវៀតណាមប្រជាធិបតេយ្យ សាធារណរដ្ឋ (នាបច្ចុប្បន្ននេះជាសាធារណរដ្ឋសង្គមនិយមវៀតណាម)បានសាងសង់សាលប្រជុំរដ្ឋសភា (បច្ចុប្បន្នជាសាលប្រជុំ Ba Dinh) ហើយនៅក្បែរនោះគឺជា វិមានរំលឹកវិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជនពលី ដែលបានពលីជីវិតដើម្បីសុខសន្តិភាពរបស់ប្រទេសជាតិ។
ពីធីបង្ហូតទង់ជាតិ (រូបថត៖ nhandan.vn) |
ថ្ងៃទី ២ ខែកញ្ញាឆ្នាំ ១៩៦៩ លោកប្រធានហូជីមិញបានទទួលមរណភាព។ ទីលាន Ba Dinh គឺជាកន្លែងដែលប្រព្រឹត្តិទៅពិធីរំលឹកវិញ្ញានក្ខ័ន្ធដ៏ឧឡារិករបស់លោកប្រធានហូជីមិញអគ្គមគ្គុទេសក៍ជាទីគោរពស្រឡាញ់របស់ប្រជាជាតិវៀតណាម។ ក្រោយមក បក្ស និងរដ្ឋបានសម្រេចចិត្តជ្រើសរើសយកទីលាន Ba Dinh ជាកន្លែងតំកល់សពរបស់លោក ហើយសម្រេចចិត្តសាងសង់វិមានតំកល់សពលោកប្រធានហូជីមិញ។ នៅឆ្នាំ ១៩៩០ ក្នុងឱកាសរំលឹកខួបលើកទី ១០០ ទិវាកំណើតរបស់លោក នោះ ស្ថាបត្យកម្មប្រវត្តិសាស្ត្រមួយទៀតត្រូវបានសាងសង់ឡើងនៅក្បែរទីលាន Ba Dinh នោះគឺសារមន្ទីរហូជីមិញហើយនាពេលថ្មីៗនេះជាអគាររដ្ឋសភាថ្មី (ឆ្នាំ ២០១៥) ។
នាបច្ចុប្បន្នទីលាន Ba Dinh គឺជាទីលានដ៏ធំបំផុតនៅវៀតណាម ដោយមានទីតាំងស្ថិតនៅលើវិថី Hung Vuong ដែលមានផ្ទៃក្រឡាជាង ៣២០០០ ម៉ែត្រការ៉េ។ នេះគឺជាកន្លែងដែលប្រព្រឹត្តិទៅព្រឹត្តិការណ៍សំខាន់ៗដូចជាពិធីរំលឹកវិញ្ញានក្ខ័ន្ធបណ្ដាវីរៈយុទ្ធជនពលី ពិធីត្រួតពល និងពិធីមិទ្ទិញ។ ជារៀងរាល់ថ្ងៃនៅទីលានបានប្រព្រឹត្តិទៅពិធីបង្ហូតទង់ជាតិឡើង និងពិធីបង្ហូតទង់ជាតិចុះ។ នេះ គឺជាពិធីថ្នាក់ជាតិ ដែលត្រូវបានរដ្ឋាភិបាលអនុម័ត នៅឆ្នាំ ២០០១ ក្នុងឱកាសរំលឹកខួប លើកទី ១១១ ទិវាកំណើតរបស់លោកប្រធានហូជីមិញ។ អ្នកស្រី Huong Giang មកពីខ័ណ្ឌ Binh Thach ទីក្រុងហូជីមិញបានចែករំលែកថា៖ “ខ្ញុំបានទៅកាន់ទីក្រុងហាណូយជាលើកដំបូងនៅពេលមានអាយុ ១០ ឆ្នាំ ហើយខ្ញុំបានចូលគោរពវិញ្ញានក្ខ័ន្ធលោកប្រធានហូជីមិញ នៅវិមានតំកល់សព ព្រមទាំងបានលេងកម្សាននៅទីលាន Ba Dinh ទៀតផង។ ឥឡូវនេះខ្ញុំមានឱកាសទៅបំពេញការងារនៅទីក្រុងហាណូយជាប្រចាំ ហើយខ្ញុំតែងតែឆ្លៀតពេល ដើម្បីមកលេងទីនេះ។ នៅពេលព្រឹកខ្ញុំបានក្រោកពីព្រលឹមហើយបានដើរថ្មើរជើងពីបឹង Guom ទៅកាន់ទីលាន Ba Dinh ដើម្បីចូលរួមពិធីបង្ហូតទង់ជាតិឡើង ហើយនៅពេលរាត្រីខ្ញុំបានមកទីនេះដើម្បីដើរលេងនិងចូលរួមពិធីបង្ហូតទង់ជាតិចុះផងដែរ”។
ទីលាន Ba Dinh បានក្លាយជាឈ្មោះដ៏ជិតស្និទ្ធិ និងពិសិដ្ឋ ហើយជាមោទនភាពមិនត្រឹមតែចំពោះប្រជាជននៅរដ្ឋធានីប៉ុណ្ណោះទេថែមទាំងជាមោទនភាពរបស់ប្រជាជននៅទូទាំងប្រទេស និងជាគោលដៅទេសចរណ៍ដ៏ល្បីឈ្មោះរបស់ភ្ញៀវទេសចរអន្តរជាតិទៀតផង។ អញ្ជើញមកទស្សនាទីលាន Ba Dinh ក៏ជាឱកាសសម្រាប់មនុស្សគ្រប់រូបឲ្យមានការយល់ដឹងកាន់តែច្បាស់លាស់ថែមទៀតអំពីឯករាជ្យភាពនិងសេរីភាពដ៏ថ្លៃថ្លា ក៏ដូចជាមានមោទនភាពថែមទៀតចំពោះ
ប្រពៃណីប្រវត្តិសាស្ត្រដ៏រុងរឿងរបស់ប្រជាជាតិវៀតណាមផងដែរ៕