ទេសចរណ៍ក្សេត្រកម្ម - ផលិតផលទេសចរណ៍ដ៏វិសេសវិសាលរបស់ខេត្ត Lam Dong
(VOVWORLD) - ក្នុងខែវិច្ឆិកាឆ្នាំ២០១៩ ទីក្រុង ដាឡាត ខេត្ត លឹមដុង ទទួលស្វាគមន៍ភ្ញៀវ ទេសចរជាង៥សែននាក់ បង្កើនចំនួនភ្ញៀវទេសចរតាំងពីដើមឆ្នាំកន្លងមកនេះ ឡើងដល់ទៅ៦,២លាននាក់។ ក្រៅពីផលិតផលទេសចរណ៍ប្រពៃណីនានា គឺគំរូ ទេសចរណ៍ក្សេត្រកម្មត្រូវបានចាត់ទុកថា ជាផលិតផលថ្មីគួរអោយទាក់ទាញ ចំពោះភ្ញៀវទេសចរ ហើយរួមវិភាគទានគួរអោយកត់សម្គាល់ទៅក្នុងកំណើននៃ វិស័យសេដ្ឋកិច្ចនេះ។ ដោយបន្តពង្រីកប្រៀបខ្លាំងនេះ ទីក្រុងដាឡាតកំពុងលើក ទឹកចិត្តប្រជាជននិងសហគ្រាសបណ្ដាក់ទុនអភិវឌ្ឍទេសចរណ៍ក្សេត្រកម្ម។
ភ្ញៀវទេសចរទៅទស្សនានិងបេះផ្លែស្ត្រប៊េរីនៅចម្ការមួយនៃទីក្រុងដាឡាត (រូបថត៖ datlattravel.vn) |
រួមជាមួយមិត្តភក្តិរបស់ខ្លួនចូលរួមទួរទេសចរណ៍ នៅមូលដ្ឋានផលិតកសិ កម្មមួយនៅសង្កាត់៧ ទីក្រុងដាឡាត អ្នកស្រី Nguyen Thi Lan Huong ភ្ញៀវ ទេសចរម្នាក់មកពីខេត្ត Binh Thuan បានអោយដឹងថា គ្មានអ្វីគួរអោយចាប់ អារម្មណ៍ជាងការបេះដោយខ្លួនឯងហើយភ្លក់បន្លែ ផ្លែឈើខ្លះៗនៅ ហ្នឹងសួនចម្ការ។ ចំពោះអ្នកស្រីរូបនេះ ទួរទេសចរណ៍លើកនេះបាននាំមកនូវ ចំណាប់អារម្មណ៍ខុសប្លែកជាច្រើន ដោយមានឱកាសចូលរួមធ្វើសកម្មភាពជា មួយប្រជាកសិករហើយបង្កើតឡើងរាល់អនុស្សាវរីយ៍គួរអោយចងចាំ។ អ្នកស្រី Huong បានថ្លែងថា៖
“ខ្ញុំចូលចិត្តខ្លាំងណាស់ ដោយសារទីនេះមានទេសភាពធម្មជាតិដ៏ស្រស់ បំព្រង ហើយបន្លែ ផ្លែឈើក៏អនាម័យស្អាតថែមទៀតមែនទែន។ បទពិសោធន៍ជ្រើសរើស បេះផ្លែឈើដោយខ្លួនឯងហើយភ្លក់នៅហ្នឹងចម្ការតែងតែនាំមកនូវចំណាប់ អារម្មណ៍ដ៏សប្បាយយ៉ាងក្រៃលែង”។
ចំណែកឯលោក Tran Dang មកពីខេត្ត Binh Duong បានអោយដឹងថា នេះ ជាលើកទី៤ហើយដែលលោកនិងក្រុមគ្រួសារមកទស្សនាទីក្រុងដាឡាត។ ក្រោយពីបានទៅទស្សនារមណីយដ្ឋានល្បីល្បាញនានានៃទីក្រុងដូចជា ល្បាក់ ទឹក Prenn ល្បាក់ទឹក Datanla បឹង Than Tho ជ្រលងភ្នំ ស្នេហ៍ ឬឧទ្យានផ្កា ទីក្រុង រួចមកនោះ គឺការចូលរួមប្រភេទទេសចរណ៍ក្សេត្រកម្មបាននាំមកនូវបទ ពិសោធន៍ដ៏ថ្មីថ្មោង។ លោក Tran Dang បានសំណេះសំណាលថា៖
“ទៅទស្សនាសួនចម្ការផ្លែឈើយ៉ាងដូច្នេះធ្វើអោយខ្ញុំមានអារម្មណ៍ ស្រស់ស្រាយខ្លាំងណាស់។ ទេសភាពនៅទីនេះពិតជាស្រស់ត្រកាល ហើយប្រជា ជនក៏រួសរាយរាក់ទាក់ផងដែរ។ គេតែងតែឧទ្ទេសនាមយ៉ាងសកម្មដល់ភ្ញៀវ ទេសចរអោយបានជ្រាបថា ផ្លែឈើនៅទីនេះត្រូវបានផលិតយ៉ាងដូចម្ដ៉េច”។
យោងតាមលោក Vuong Dinh Thi ម្ចាស់កសិដ្ឋានស្ត្រប៊េរីនៅសង្កាត់ ៨ ទីក្រុង ដាឡាត បានអោយដឹងថា មុននេះការទទួលភ្ញៀវទេសចរមកទស្សនានៅ សួនចម្ការត្រឹមតែមានលក្ខណៈឯកឯងប៉ុណ្ណោះ។ ហេតុនេះបានជា សួនចម្ការ ភាគច្រើនមិនធានាលក្ខខ័ណ្ឌចាំបាច់ខាងហេដ្ឋារចនាសម្ព័ន្ធ ផលិតផលបន្លែ ផ្លែ ឈើក៏មិនសម្បូរបែបនិងមានគុណភាពខ្ពស់បំផុតដែរ។ ប៉ុន្តែចាប់ពីពេល ដែលអាជ្ញាធរតំបន់កសាងគម្រោងការណ៍ដើម្បីលើកទឹកចិត្ត ណែនាំ និងជួយ ឧបត្ថម្ភប្រជាជនចូលរួមអភិវឌ្ឍគំរូទេសចរណ៍ក្សេត្រកម្មរួចមក គឺការងារបម្រើ ភ្ញៀវទេសចរត្រូវបានអនុវត្តប្រកបដោយលក្ខណៈវិជ្ជាជីវៈជាងមុន ហើយនាំមក នូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជាង។ លោក Vuong Dinh Thi បានអោយដឹងថា៖
“គំរូនេះកំពុងអភិវឌ្ឍយ៉ាងងាយស្រួល ដោយសារតម្រូវការមានច្រើន ណាស់។ ភ្ញៀវទេសចរចង់ទៅកាន់ចម្ការហើយជ្រើសរើសបេះផ្លែស្ត្រប៊េរី ផ្លែប៉េង ប៉ោះដោយខ្លួនឯង ឬក៏បេះផ្កាខាត់ណាខៀវ បន្លែវីតាមីននៅហ្នឹងកន្លែង។ អញ្ចឹង គេពេញចិត្តណាស់។ យើងខ្ញុំកំពុងមានផែនការអភិវឌ្ឍទេសចរណ៍គុណភាពខ្ពស់ ដោយផ្សាភ្ជាប់នឹងកសិកម្មបច្ចេកវិទ្យាខ្ពស់ ដើម្បីបង្កើតកម្លាំងទាក់ទាញថែមទៀត ចំពោះភ្ញៀវទេសចរ”។
នាបច្ចុប្បន្ន តម្រូវការរបស់ភ្ញៀវទេសចរចំពោះគំរូទេសចរណ៍ក្សេត្រកម្មនេះ កាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ លោកស្រី Nguyen Thi Bich Ngoc នាយិការងមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Lam Dong បានអោយដឹងថា ផ្នែកទេសចរណ៍ខេត្ត Lam Dong កំពុងលើកទឹកចិត្តប្រជាកសិករនិងសហគ្រាស នានាក្នុងខេត្តបន្តបណ្ដាក់ទុនអភិវឌ្ឍនិងលើកកំពស់គុណភាពនៃគំរូទេសចរណ៍នេះអោយបានខ្ពស់ថែមទៀត។ លោកស្រី Ngoc បានថ្លែងថា៖
“ចាប់ពីពេលពាណិជ្ជសញ្ញាទេសចរណ៍ក្សេត្រកម្មត្រូវបានប្រសូត្រឡើង កន្លងមកនេះ គឺអង្គភាពភាគច្រើនសុទ្ធតែមានចំនួនអតិថិជនប្រកបដោយស្ថិរ ភាព។ មានអង្គភាពខ្លៗដែលប្រាក់ចំណូលពីការលក់សំបុត្រជូនភ្ញៀវទេសចរ គឺខ្ពស់ជាងប្រាក់ចំណូលពីការលក់ផលិតផលដែរ។ យើងខ្ញុំកំពុងបង្កើនការងារ ផ្សព្វផ្សាយ ហើយរួមដំណើរជាមួយបណ្ដាអង្គភាព អង្គការនិងបុគ្គលនានា លើក កំពស់គុណភាពសេវាកម្មនៃបណ្ដាគំរូទេសចរណ៍ក្សេត្រកម្មដែលត្រូវបានទទួលស្គាល់”។
ក្រោយរយៈពេល៣ឆ្នាំអភិវឌ្ឍ រហូតមកដល់ពេលនេះទីក្រុងដាឡាតនិង ខេត្ត Lam Dong មានគោលដៅទេសចរណ៍ក្សេត្រកម្មជាង៣០កន្លែង ដែលត្រូវ បានផ្ដល់វិញ្ញាបនប័ត្រសម្រេចបានបទដ្ឋានបម្រើភ្ញៀវទេសចរ។ ការយកចិត្តទុក ដាក់និងបង្កគ្រប់លក្ខណៈងាយស្រួលសម្រាប់គំរូទេសចរណ៍ក្សេត្រកម្មនេះបានធ្វើអោយផលិតផលទេសចរណ៍នៅក្នុងតំបន់កាន់តែសម្បូរបែបថែមទៀត ហើយ រួមចំណែកនាំវិស័យទេសចរណ៍ដែលជាវិស័យសេដ្ឋកិច្ចស្នូលនៃទីក្រុងដាឡាតនិងខេត្ត Lam Dong មានការរីកចម្រើនយ៉ាងខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕