ទេសចរណ៍សហគមន៍ Nam Nung - គោលដៅក្នុងសួនឧទ្យានភូគព្ភសាស្ត្រសកល Dak Nong
(VOVWORLD) - ដោយមានទំនៀមទម្លាប់វប្បធម៌ប្រពៃណីដ៏យូរលង់ណាស់មកហើយ ឃុំ Nam Nung (ស្រុក Krong No) ត្រូវបានខេត្ត Dak Nong កំណត់ថាជាគោលដៅបង្អង់ដំណើរក្នុងខ្សែទេសចរណ៍ “វីរកថានៃទឹក និងភ្លើង” របស់សួនឧទ្យានភូគព្ភសាស្ត្រសកល Dak Nong។ នៅពេលបើកទិសដៅធ្វើទេសចរណ៍សហគមន៍ បងប្អូនជនរួមជាតិ Mnong ក្នុងស្រុកអាចថែរក្សា ពង្រីកវប្បធម៌ប្រពៃណីផង និងមានប្រាក់ចំណូលបន្ថែម ដើម្បីកែលម្អជីវភាពរស់នៅទៀតផង។
លោកយាយ H'Krong ទើបតែបញ្ចប់ពិធីសែនស្រូវថ្មីរបស់គ្រួសារ។ រូបថត៖ VOV |
ក្នុងផ្ទះបាយរបស់គ្រួសារ នៅចំពោះថង់អង្ករ និងកាហ្វេ លោកស្រី H'Krong ពលរដ្ឋម្នាក់នៅភូមិ Yok Ju ឃុំ Nam Nung កំពុងប្រារព្ធពិធីសែនអំណររដូវអំណោយផល។ គ្រឿងតង្វាយដ៏សាមញ្ញរួមមានស្រាពាងមួយកំប៉ុង មាន់ស្ងោរមួយក្បាល ផ្លែឈើមួយចាន និងបន្លែនៅសួនផ្ទះ។ លោកស្រី H'Krong បានឲ្យដឹងថា ឆ្នាំកន្លងទៅ គ្រួសារលោកស្រីប្រមូលផលស្រូវបាន ៤០ បាវ និងកាហ្វេជាង ២ តោន ហើយជីវភាពរស់នៅក៏សម្បូរធូរធាដែរ។ ពិធីសែនស្រូវថ្មីគឺជាប្រការមិនអាចខ្វះបានក្នុងវប្បធម៌របស់ជនរួមជាតិ Mnong ដើម្បីបួងសួងសុំសេចក្ដីសុខចម្រុងចម្រើនក្នុងឆ្នាំថ្មី។
“ពិធីអំណរស្រូវថ្មីបានប្រព្រឹត្តិទៅក្រោយពេលប្រមូលផលស្រូវមកផ្ទះវិញ ទទួលស្វាគមន៍ព្រលឹងស្រូវ ព្រមទាំងកាហ្វេទៀតផង។ ទន្ទឹមនឹងនេះ នាំយកឧបករណ៍កសិកម្មទាំងអស់មកផ្ទះ ទទួលស្វាគមព្រះស្រូវ ដើម្បីបួងសួងសុំសុខភាពល្អជូនក្រុមគ្រួសារ ជៀសវាងជំងឺ ហើយឆ្នាំក្រោយរកស៊ីមានបាន និងទទួលបានផលស្រូវ និងកាហ្វេច្រើនផងដែរ”។
ដោយផ្ដើមចេញពីលក្ខណៈដ៏ស្រស់ស្អាតក្នុងវប្បធមប្រពៃណីជាតិ ក្នុងឆ្នាំកន្លងទៅ អាជ្ញាធរឃុំ Nam Nungបានជួយឧបត្ថម្ភប្រជាជនអភិវឌ្ឍន៍ទេសចរណ៍សហគមន៍ជាជំហានៗ។ លោក Y Kreu មេភូមិរង Yok Ju បានឲ្យដឹងថា បងប្អូនអ្នកភូមិបានបង្កើតក្រុមធ្វើ Homestay ក្រុមធ្វើម្ហូបអាហារ ក្រុមសម្ដែងវប្បធម៌ប្រជាប្រិយ ដើម្បីបម្រើភ្ញៀវទេសចរ។ ក្រុមសហករណ៍តម្បាញចរបាប់ និងសហករណ៍ធ្វើស្រាពាងបានផលិតចេញផលិតផលជាច្រើន ដើម្បីបញ្ចេញលក់នៅទីផ្សារ។ “ការបង្កើតរូបសណ្ឋានទេសចរណ៍ គឺមានគោលបំណងចង់ថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិ និងបន្តមុខរបរប្រពៃណីដូចជាតម្បាញចរបាប់ ព្រមទាំងថែរក្សាម្ហូបអាហាររបស់បណ្ដាជនជាតិ។ ទន្ទឹមនឹងនេះ ផ្សព្វផ្សាយកសិផលរបស់ខ្លួនដូចជា៖ កាហ្វេ ផ្លែឈើ និងបន្លែ ដើម្បីបម្រើភ្ញៀវទេសចរ និងរកប្រាក់ចំណូលជូនបងប្អូនប្រជាជនផងដែរ”។
ឃុំ Nam Nung (ស្រុក Krong No ខេត្ត Dak Nong) គឺជាតំបន់មូលដ្ឋានក្នុងសម័យកាលវីរៈបុរស N' Trang Long ក្រោកឈរប្រយុទ្ធប្រឆាំងអាណានិគមនិយមបារាំង។ នេះគឺជាទីកន្លែង ដែលមានមូលដ្ឋានបដិវត្តន៍ ក្នុងការតស៊ូសង្គ្រោះប្រទេសជាតិ ហើយត្រូវបានទទួលស្គាល់ជាកេរ្កិ៍ដំណែលប្រវត្តិសាស្ត្របដិវត្តន៍ជាតិ។ ដូច្នេះហើយ ក្នុងខ្សែទេសចរណ៍ " វីរកថានៃទឹក និងភ្លើង" របស់សួនឧទ្យានភូគព្ភសាស្ត្រសកល Dak Nong នោះ មូលដ្ឋាន Nam Nung គឺជា "អាស័យដ្ឋានក្រហម" អប់រំប្រពៃណីបដិវត្តន៍ គោលដៅបេតិកភ័ណ្ឌបម្រើភ្ញៀវទេសចរក្នុងដំណើរទេសចរណ៍។
ភូមិ Bon Nam Nung ប្រារព្ធពិធីបុណ្យ Blang M'prang Bon ។ រូបថត៖ VOV |
ដោយមានទឹកជ្រោះជាច្រើន ដែលហូរចេញពីព្រៃចំណាស់ ដូច្នេះហើយ ឃុំ Nam Nung មានទឹកធ្លាក់ស្រស់ស្អាតជាច្រើនដូចជា៖ Leng Kum Leng Oong Leng Gungtao។ ក្រៅពីនេះ គឺមានទេសភាពដ៏ស្រស់ស្អាតនៃវាលស្រូវក្រោមជើងភ្នំភ្លើង និងចំការផ្លែឈើនៅលើភ្នំ។ លោកស្រី H'Thuong អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Nam Nung បានឲ្យដឹងថា កេរ្កិ៍ដំណែលប្រវត្តិសាស្ត្របដិវត្តន៍ ទេសភាពធម្មជាតិ រួមជាមួយនឹងអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់បណ្ដាជនជាតិគឺជាគុណសម្បត្តិសម្រាប់មូលដ្ឋានបើកទិសដៅអភិវឌ្ឍន៍ទេសចរណ៍។ “ការបង្កើតរូបសណ្ឋានទេសចរណ៍សហគមន៍ពិតជាមានអំណោយផលណាស់ ព្រោះថាឃុំមានសិប្បករជាច្រើន ដែលមានជំនាណខាងគងឃ្មោះ តម្បាញចរបាប់ តម្បាញឬស្សី ផ្ដៅ ព្រមទាំងមានសិប្បករច្រៀងចម្រៀងប្រជាប្រិយ និងរឿងវីរកថា។ ប្រជាជនអាចអភិវឌ្ឍន៍ទេសចរណ៍នៅទីនេះជាជំហានៗផងដែរ”។
នារយៈពេលកន្លងទៅ ក្រុមភ្ញៀវទេសចរណ៍ជាច្រើនបានអញ្ជើញមកទស្សនាឃុំ Nam Nung។ ផលិតផលចរបាប់ និងស្រាពាងរបស់បងប្អូនអ្នកឃុំក៏ត្រូវបានបញ្ចេញលក់នៅតំបន់ជិតខាង និងដល់ភ្ញៀវទេសចរ។ ទាំងនេះគឺជាសញ្ញាសប្បាយរីករាយអំពីការ ដែលប្រជាជននៅទីនេះបានពង្រីកសក្តានុពល ដែលមានស្រាប់ ដើម្បីកសាងឃុំ Nam Nung ឲ្យក្លាទៅជាគោលដៅនៃដំណើរទស្សនាសួនឧទ្យានភូគព្ភសាស្ត្រសសកល Dak Nong ផងដែរ៕