ធ្វើទេសចរណ៍នៅខេត្ត Dong Nai - ទិសដៅគួរឲ្យទាក់ទាញ

(VOVWORLD) -  ធ្លាប់បានគេស្គាល់ដល់ជាតំបន់ដែលមានឧត្តមភាពក្នុងការអភិវឌ្ឍឧស្សាហកម្ម ប៉ុន្តែ ខេត្ត Dong Nai នៅមានគុណសម្បត្តិជាច្រើនទៀតក្នុងការអភិវឌ្ឍន៍វិស័យ ទេសចរណ៍ ជាពិសេសគឺអេកូទេសចរណ៍តែម្តង។ តំបន់អេកូទេសចរណ៍គួរឲ្យទាក់ទាញនិងពោរពេញទៅដោយលក្ខណៈស្រស់ស្អាតនៅខេត្ត Dong Nai  បានផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធន៍គួរឱ្យចាប់អារម្មណ៍។

ធ្វើទេសចរណ៍នៅខេត្ត Dong Nai - ទិសដៅគួរឲ្យទាក់ទាញ - ảnh 1តំបន់អេកូទេសចរណ៍ Bo Cap Vang  (រូបថត៖ binhduong.tintuc.vn)

 សូមស្តាប់សម្លេងនៅទីនេះ៖

 

និយាយអំពីអេកូទេសចរណ៍នៅខេត្ត Dong Nai គឺមិនអាចមិននិយាយដល់តំបន់អេកូទេសចរណ៍ដែលមានឈ្មោះថា Bo Cap Vang (ដើមផ្កាលឿងរាជ)។ ស្ថិតក្នុងឃុំ Phuoc Khanh ស្រុក Nhon Trach ខេត្ត Dong Nai ដោយចំណាយពេលត្រឹមតែ ១ ម៉ោងប៉ុណ្ណោះ ធ្វើដំណើរពីទីក្រុងហូជីមីញ អ្នកទេសចរអាចទៅដល់តំបន់ Bo Cap Vang ដើម្បីសម្របខ្លួនជាមួយធម្មជាតិធំល្វឹងល្វើយ។

ហេតុផលដែលតំបន់ទេសចរណ៍នេះមានឈ្មោះថា Bo Cap Vang គឺនៅទីនេះ ពោរពេញទៅដោយផ្កាលឿងរាជ ជាពិសេសនៅពេលរដូវផ្ការីក ដែលបញ្ចេញសម្រស់គួរឱ្យគយគន់សម្រាប់អ្នកដំណើរ។ មកដល់ទីនេះ ក្រៅ ពីការរីករាយគយគន់ផ្កាលឿងរាជ រីកស្គុះស្គាយលាតសន្ធឹងពាសពេញតំបន់ទេសចរណ៍មក អ្នកទេសចរក៏បានសម្របខ្លួនជាមួយនឹងធម្មជាតិរួមទាំងល្បែងកម្សាន្តមានលក្ខណៈពិសេសនៃតំបន់ដីនេះទៀតផង។

ចាកចេញពីតំបន់អេកូឡូស៊ី Bo Cap Vang ដោយមានផ្កាចម្រុះពណ៌ អ្នកទេសចរអាចទៅទស្សនាភូមិក្រូចថ្លុង Tan Trieu ស្ថិតក្នុងឃុំ Tan Binh ស្រុក Vinh Cuu ខេត្ត Dong Nai។ ដោយមានចម្ងាយប្រហែល ៣ គីឡូម៉ែត្រ ពីទីក្រុង Bien Hoa ភូមិក្រូចថ្លុង Tan Trieu ជាកូនកោះតូចមួយព័ទ្ធជុំវិញដោយទឹកពីដងទន្លេ Dong Nai និងដីល្បាប់ហេតុដូច្នេះ ដើមក្រូចថ្លុងនៅទីនេះ មានការីកលូតលាស់ពេញមួយឆ្នាំ។ នៅទីនេះ គ្រួសារស្ទើរតែទាំងអស់ សុទ្ធតែដាំដើមក្រូចថ្លុងគ្រប់ប្រភេទ។ ស្តីពីលក្ខណៈពិសេសរបស់ក្រូចថ្លុងនៃតំបន់ដីនេះ  អ្នកស្រី Lam Thi Giang ដែលជាម្ចាស់ចំការក្រូចថ្លុងបានឲ្យដឹងថា៖ “ក្រូចថ្លុងនៅទីនេះឆ្ងាញ់ពិសារណាស់។ លក្ខណៈពិសេសនៃប្រភេទក្រូចថ្លុងសំបកខៀវ Tan Trieu គឺស្ថិតនៅត្រង់ថា កាន់តែទុកយូរ រស់ជាតិរបស់វាកាន់តែផ្អែមដូចស្ករ។ ផ្លែក្រូចថ្លុងយកទៅធ្វើម្ហូបអាហារគឺមិនអាចបោះចោលអ្វីទេ ពោលគឺ សំបកក្រូចថ្លុងត្រូវបានគេយកទៅកែច្នៃធ្វើបង្អែម សាច់ក្រូចថ្លុង គេយកទៅធ្វើសាឡាត និងស្រាក្រូចថ្លុងជាដើម”

ប្រជាជននៅ Tan Trieu មានភាពរាក់ទាក់រួសរាយនិងស្លូតបូតណាស់។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ មូលដ្ឋានធ្វើទេសចរណ៍អេកូ តាមចំការក្រូចថ្លុងបានក្លាយទៅជាទិសដៅបង្កើតការទាក់ទាញដ៏អស្ចារ្យសម្រាប់ភ្ញៀវទេសចរក្នុងខេត្ត និងក្រៅខេត្ត រួមទាំងភ្ញៀវទេសចរបរទេសទៀតផង។

ធ្វើទេសចរណ៍នៅខេត្ត Dong Nai - ទិសដៅគួរឲ្យទាក់ទាញ - ảnh 2 ក្រូចថ្លុង Tan Trieu ដែលចេញផ្លែពេញមួយឆ្នាំ (រូបថត៖ ttxtdldongnai.vn)

ក្រៅពីភូមិក្រូចថ្លុង Tan Trieu យើងត្រូវនិយាយដល់តំបន់ទេសចរណ៍អេកូឡូស៊ី Long Khanh។  ផ្លែឈើនៅ Long Khanh មានភាពល្បីឈ្មោះដោយរស់ជាតិខុសប្លែកពីផ្លែឈើនៅតំបន់ផ្សេងៗ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វិស័យអេកូទេសចរណ៍ផ្សាភ្ជាប់ជាមួយកសិកម្ម បានលេចឡើងដូចជាផលិតផលទេសចរណ៍ល្អឯកនិងមានសក្តានុពល។ ក្នុងទិសដៅយុទ្ធសាស្ត្រអភិវឌ្ឍន៍បច្ចុប្បន្ន អេកូទេសចរណ៍ផ្សាភ្ជាប់នឹងកសិកម្ម កសិករនិងជនបទត្រូវបានកំណត់ថា ជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពទាំងបួន សម្រាប់ការអភិវឌ្ឍមូលដ្ឋាន។ នេះជាវិធីសាស្រ្តកាត់បន្ថយភាពក្រីក្រនៅតាមសហគមន៍ដែលជួបការលំបាក បង្កើតការងារធ្វើ និងបង្កើនប្រាក់ចំណូលកាន់តែច្រើន បានរួមចំណែកជួយដល់ជីវភាពរស់នៅរបស់ប្រជាកសិករ។ លោក Huynh Vu Bao Giang ប្រធានក្រុមសហករណ៍ទេសចរណ៍អេកូ សួនច្បារ Binh Loc, Long Khanh បានឲ្យដឹងថា៖ “ទន្ទឹមនឹងការធ្វើកសិកម្មតាមបែបប្រពៃណីតាំងពីយូរយារនោះ គឺខ្ញុំបានអភិវឌ្ឍសេវាកម្មអេកូទេសចរណ៍កាន់តែច្រើន តាមនោះ ជីវភាពរស់នៅរបស់ខ្ញុំមានភាពប្រសើរឡើង ហើយប្រាក់ចំណូលរបស់ខ្ញុំបានកើនឡើងពី ៥០ ដល់ ១៥០% បើប្រៀបធៀបទៅនឹងអំឡុងពេលមុននេះ”

នៅថ្ងៃធម្មតា ចំនួនអ្នកមកទស្សនាតំបន់នេះគឺមិនទៀងទាត់ទេ គឺមានពេលច្រើនពេលតិច ប៉ុន្តែ នៅចុងសប្តាហ៍ឬថ្ងៃបុណ្យទានវិញ គឺមានមនុស្សមកលេងច្រើនកុះករ។ មិនត្រឹមតែប៉ុណ្ណោះ  នៅថ្ងៃសៅរ៍រៀងរាល់សប្តាហ៍ អ្នកទេសចរក៏អាចរីករាយកម្សាន្តជាមួយនឹងបទចំរៀងប្រជាប្រិយ Don ca tai tu ដ៏ពិរោះនិងពោរពេញដោយលក្ខណៈស្រុកស្រែទៀតផង។

ជាមួយនឹងតំបន់អេកូទេសចរណ៍សិប្បនិម្មិតមក វិស័យទេសចរណ៍ខេត្ត Dong Nai នៅមានទិសដៅធម្មជាតិជាច្រើនផងដែរ ដូចជាឧទ្យានជាតិ Nam Cat Tien, តំបន់ទេសចរណ៍កោះ O Dong Truong ជាដើម។  ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខេត្ត Dong Nai បានផ្តោតសំខាន់លើការលើកកម្ពស់និងផ្សព្វផ្សាយអំពីតម្លៃពាណិជ្ជសញ្ញាអំពី ទេសចរណ៍ កសាងផែនការអភិវឌ្ឍទេសចរណ៍រយៈពេលវែងសម្រាប់អភិវឌ្ឍន៍ទេសចរណ៍។ លោក Nguyen Minh Thuc ប្រធានសម្ព័ន្ធសមាគមទេសចរណ៍ Dong Nai បានឲ្យដឹងថា៖ “ទេសចរណ៍ Dong Nai បានកំណត់ថា ឧត្តមភាពរបស់ខ្លួនគឺជាអេកូទេសចរណ៍។ ដើម្បីអភិវឌ្ឍអេកូទេសចរណ៍យ៉ាងខ្លាំងក្លា ខេត្តត្រូវមានដំណោះស្រាយ  ដើម្បីទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្ត Dong Nai ឲ្យកាន់តែច្រើនថែមទៀត។ ម្យ៉ាងវិញទៀត ត្រូវកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដោយផ្សាភ្ជាប់ទិសដៅទេសចរណ៍ជាមួយគ្នា។ លើសពីនេះទៀត តំបន់ទេសចរណ៍ចាំបាច់ត្រូវកែលំអការវិនិយោគឱ្យកាន់តែសមស្របទៅនឹងចំណង់ចំណូលចិត្តរបស់អតិថិជន”

 Dong Nai ក៏ជាតំបន់មួយដែលមានប្រព័ន្ធកេរ្តិ៍ដំណែលប្រវត្តិសាស្រ្តចម្រុះដែលមានច្រើនប្រភេទ មូលដ្ឋានបដិវត្តជាច្រើនក្នុងសង្គ្រាម ដែលបានរៀបចំណាត់ថ្នាក់តាមថ្នាក់ខេត្តនិងថ្នាក់ជាតិ។ ហេតុដូច្នេះ ការអភិវឌ្ឍវិស័យទេសចរណ៍ខាងវិញ្ញាណក៏បញ្ហាស្នូលនៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ Dong Nai ផងដែរ។

ដោយមានឧត្តមភាពជាច្រើនក្នុងការអភិវឌ្ឍន៍ទេសចរណ៍ ហើយដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍ឲ្យសក្តិសមនឹងសក្តានុពលដែលខេត្តមានស្រាប់  Dong Nai បាននិងកំពុងខិតខំប្រឹងប្រែង អនុវត្តដំណោះស្រាយស៊ីសង្វាក់គ្នា ខិតខំធ្វើឲ្យវិស័យទេសចរណ៍ក្លាយជាវិស័យសេដ្ឋកិច្ចដ៏សំខាន់របស់ខេត្តក្នុងប៉ុន្មានឆ្នាំខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ