ធ្វើអាជីវកម្មធនធានក្នុងតំបន់ - ទិសដៅសម្រាប់វិស័យទេសចរណ៍ទីក្រុង Can Tho ​ក្រោយជំងឺកូវីដ ១៩

(VOVWORLD) - ដោយទទួលបានរហសនាមជាមជ្ឈមណ្ឌលរដ្ឋបាលរបស់តំបន់ដីសណ្ដទន្លេ Cuu Long នោះ បណ្ដាគោលដៅទេសចរនៅទីក្រុង Can Tho តែងតែទាក់ទាញបានទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ដែលមានគោលបំណងចង់ស្វែងយល់ពីវប្បធម៌ និងម្ហូបអាហាររបស់អ្នកស្រុកនៅទីនេះ។ ដើម្បីជួយសម្រួលផ្នែកទេសចរណ៍ទីក្រុង Can Tho ស្ដារឡើងវិញក្រោយជំងឺកូវីដ ១៩ យ៉ាងឆាប់រហ័សនោះ ផ្នែកទេសចរណ៍ទីក្រុងកំពុងកសាងគំរូថ្មី ដោយធ្វើអាជីវកម្មពីធនធានទេសចរណ៍ក្នុងតំបន់ ដើម្បីទាក់ទាញភ្ញៀវទេសចរផងដែរ។

 

 

ធ្វើអាជីវកម្មធនធានក្នុងតំបន់ - ទិសដៅសម្រាប់វិស័យទេសចរណ៍ទីក្រុង Can Tho ​ក្រោយជំងឺកូវីដ ១៩ - ảnh 1លោក Nguyen Van Phong អ្នកសម្របសម្រួលកសិដ្ឋាន Can Tho កំពុងពិនិត្យមើលកសិដ្ឋាន Can Tho Farm 

នៅកសិដ្ឋាន Can Tho - Can Tho Farm នោះ លោក Nguyen Van Phong អ្នកសម្របសម្រួលកសិដ្ឋាន Can Tho បាននិយាយថា ទិសដៅថ្មីរបស់កសិដ្ឋានគឺនៅពេលបើកទ្វារទទួលស្វាគមន៍ភ្ញៀវទេសចរឡើងវិញនោះ តំបន់បណ្ដុះកូនឈើ ជាមួយនិងផ្លែឈើថ្មីៗគ្រប់ប្រភេទ គឺជាគោលដៅសម្រាប់ភ្ញៀវទេសចរអញ្ជើញមកទស្សនា ថតរូប ប្រមូលផល និងទទួលទានផ្លែឈើនៅហ្នឹងកន្លែងតែម្ដង។ ប្រសិនបើត្រូវបិទទ្វារដូចបច្ចុប្បន្ន តំបន់នេះនឹងក្លាយទៅជាប្រភពផ្គត់ផ្គង់កូនឈើ ជួញដូរទំនិញ និងផ្ដល់ប្រឹក្សារក្នុងការដាំដុះដំណាំតាមទម្រង់អនឡាញ។ លោកបានសំណេះសំណាលថា៖ “កសិដ្ឋាន Can Tho ជាមណ្ឌលធ្វើសាកពិសោធន៍ ពោលគឺជាទីកន្លែងបង្កើតដំណាំដាំដុះថ្មីជាបន្តបន្ទាប់។ ដូច្នេះ ក្នុងអំឡុងពេលផ្ទុះជំងឺរាតត្បាតនេះ យើងខ្ញុំបានផ្ដោតសំខាន់លើការវិនិយោគ ជួសជុលកែលម្អ និងសុក្រិតមូលដ្ឋានសំភារៈ និងបង្កើតផលិតផលថ្មី សំដៅឆ្លើយតបនឹងតម្រូវការរបស់អតិថិជនក្រោយជំងឺរាតត្បាតកូវីដ ១៩ ផងដែរ”។

នៅមណ្ឌលទេសចរណ៍ Hieu’s Cottage ស្រុក Phong Dien បុគ្គលិកជាច្រើនក្រុម កំពុងធ្វើការជួសជុលកែលម្អ សាងសង់ សំណងថ្មីៗៗ ជាច្រើន។ យោងតាមលោក Nguyen Van Nhung អ្នកគ្រប់គ្រងមណ្ឌលទេសចរ Hieu’s Cottage បានឲ្យដឹងថា ដើម្បីទាក់ទាញភ្ញៀវទេសចរក្រោយពីជំងឺកូវីដ ១៩ នោះ Hieu’s Cottage កំពុងសាងសង់សំណង់ជាច្រើន "ជាលើកដំបូងនៅទីក្រុង Can Tho" ដូចជាតំបន់ Yoga កម្ពស់ ១៥ ម៉ែត្រក្នុងបរិវេណផ្ទៃដី ២០០ ម៉ែត្រការ៉េ ហើយភ្ញៀវទេសចរនឹងមកទីនេះដើម្បីហាត់ Yoga ជាមួយគ្រូបង្វឹក និងទទួលទានកាហ្វេ; ទីលានវាយកូនហ្គោលខ្នាតតូច ដែលមានទំហំ ៣០០០ ម៉ែត្រការ៉េ; តំបន់សួនបន្លែស្អាត និងរុក្ខជាតិឱសថ។ លើសពីនេះទៅទៀត Hieu’s Cottage កំពុងបង្ហើយគំរូ “Staycation - ទេសចរណ៍នៅហ្នឹងកន្លែង” ដូចជាផ្សារជនបទ ការសម្ដែងក្បាច់គុន Vovinam, workshop សិល្បៈ និងលំហរវប្បធម៌សិល្បៈរបស់បណ្ដាជនជាតិ ដែលរស់នៅតំបន់ដីណ្ដទន្លេ Cuu Long ដើម្បីទាក់ទាញភ្ញៀវទេសចរ។ លោក Nguyen Van Nhung បានឲ្យដឹងថា៖ “បច្ចុប្បន្ននេះ ដើម្បីទាក់ទាញភ្ញៀវទេសចរអញ្ជើញមកទស្សនានោះ Hieu’s Cottage បានខិតខំប្រឹងប្រែងជួយសម្រួលសិប្បករគូរគំនូរលើជញ្ជាំង។ ពួកគេនឹងគូរគំនូរលើជញ្ជាំងទាំងអស់នៅទីនេះ ដើម្បីពិពណ៌នារូបភាពអំពីតំបន់ជនបទដ៏វិសេសវិសាលនៅតំបន់ដីសណ្ដទន្លេ Cuu Long នាប៉ុន្មានឆ្នាំដើមសតវត្សរ៍ទី២០ ឧទាហរណ៍ថា៖ បទចម្រៀង Don ca tai tu ផ្សារបណ្តែតទឹក ផ្សារជនបទនាពេលព្រឹកព្រលឹមជាដើមផងដែរ”។

ធ្វើអាជីវកម្មធនធានក្នុងតំបន់ - ទិសដៅសម្រាប់វិស័យទេសចរណ៍ទីក្រុង Can Tho ​ក្រោយជំងឺកូវីដ ១៩ - ảnh 2ផ្ទាំងគំនូរនៅមណ្ឌលទេសចរណ៍ Hieu’s Cottage ស្រុក Phong Dien

ក្រៅពីការអនុវត្តន៍គម្រោងជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធ គម្រោងអភិរក្ស និងអភិវឌ្ឍន៍បេតិកភណ្ឌវប្បធម៌អរូបី គំរូទេសចរណ៍ MICE (ទេសចរណ៍រួមបញ្ចូលគ្នាជាមួយសន្និសីទ ព្រឹត្តិការណ៍ និងពិពណ៌) ហើយនៅពេលដែលជំងឺរាតត្បាតត្រូវបានគ្រប់គ្រងនោះ មន្ទីរ វប្បធម៌ កីឡា និង ទេសចរណ៍ទីក្រុង Can Tho បានចូលរួមក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុង Busan ឆ្នាំ ២០២១ តាមទម្រង់អនឡាញជាមួយស្តង់ទំនិញជាច្រើនដោយប្រធានបទ "Can Tho វៀតណាម - ទីក្រុងនៅតំបន់ទន្លេបឹងបួរ"។ ទីក្រុង Can Tho បានផ្តល់ជូនគណៈចាត់តាំងពិព័រណ៍នូវអត្ថបទសរសេរ និងឯកសារ ដោយបានណែនាំអំពីសក្ដានុពល ប្រៀបខ្លាំង គោលដៅទេសចរណ៍គួរឲ្យទាក់ទាញនៅទីក្រុង Can Tho រូបថត និងវីដេអូអំពីគោលដៅទេសចរណ៍នៅទីក្រុង Can Tho ដូចជា ផ្សារអណ្តែតទឹក Cai Rang កំពង់ផែ Ninh Kieu ផ្សារអណ្តែតទឹក Phong Dien និងផ្ទះបុរាណ Binh Thuy ជាដើម។ លោក Nguyen Minh Tuan អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុង Can Tho បានឲ្យដឹងថា៖ “មន្ទីរបានសម្របសម្រួលជាមួយសម្ព័ន្ធសមាគមទេសចរណ៍ទីក្រុងធ្វើការបូកសរុបតម្រូវការចាក់វ៉ាក់សាំង។ នេះគឺជាក្តីប្រាថ្នា ក៏ដូចជាតម្រូវការដ៏ធំធេងរបស់សហគ្រាស និងពលករលើវិស័យទេសចរណ៍។ ក្រោយមក មន្ទីរនឹងស្នើឲ្យទីក្រុង មន្ទីរសុខាភិបាល និងខ័ណ្ឌ ស្រុកនានាដើម្បីផ្ដល់អាទិភាពចាក់វ៉ាក់សាំងជូនពលករ ដែលប្រកបអាជីពលើវិស័យទេសចរណ៍”។      

ការចូលរួមយ៉ាងសកម្មពីសំណាក់ស្ថាប័នគ្រប់គ្រង និងសហគ្រាសត្រូវបានរំពឹងថានឹងបង្កើតកម្លាំងចលករនាំ " ឧស្សាហកម្មគ្មានផ្សែង" នៅទីក្រុង Can Tho មានស្ថិរភាពយ៉ាងឆាប់រហ័សឡើងវិញ និងអភិវឌ្ឍន៍ប្រកបដោយភាពច្នៃប្រឌិតក្នុងដំណាក់កាល "គន្លងប្រក្រតីភាពថ្មី" ក្រោយពីជំងឺរាតត្បាតកូវីដ ១៩ ត្រូវបានគ្រប់គ្រងយ៉ាងល្អផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ