“បឹងទន្លេ Quynh Nhai” - គោលដៅទេសចរណ៍​ដ៏ស្រស់បំព្រង​នៅតំបន់​ព្រៃភ្នំ​ភាគ​ពាយ័ព្យ

(VOVWORLD) - ជាមួយនឹងទេសភាពដ៏ធំសម្បើម ស្រស់បំព្រងរួមជាមួយនឹងវប្បធម៌ចម្រុះពណ៌ដ៏វិសេសវិសាលរបស់ជនរួមជាតិនៅទីនេះ តំបន់បាតបឹង Quynh Nhai ចំណុះវារីអគ្គិសនី Son La គឺជាគោលដៅដ៏ទាក់ទាញនៅពែលអញ្ជើញមកទស្សនាខេត្ត Son La។ មិនត្រឹមតែជាចំណុចភ្លឺ ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្ត Son La ប៉ុណ្ណោះទេ បឹង Quynh Nhai កំពុងត្រូវបានកែលម្អឲ្យក្លាយទៅជាផ្នែកមួយនៃតំបន់ទេសចរណ៍ជាតិជាមួយនិងពាណិជ្ជសញ្ញា “សមុទ្រខៀវនៅចំកណ្តាលភ្នំ” នៅតំបន់ព្រៃភ្នំភាគពាយ័ព្យដ៏ធំសម្បើមអស្ចារ្យ។
“បឹងទន្លេ Quynh Nhai” - គោលដៅទេសចរណ៍​ដ៏ស្រស់បំព្រង​នៅតំបន់​ព្រៃភ្នំ​ភាគ​ពាយ័ព្យ - ảnh 1“បឹងទន្លេ Quynh Nhai” - គោលដៅទេសចរណ៍ដ៏ស្រស់បំព្រងនៅតំបន់ព្រៃភ្នំភាគពាយ័ព្យ

ផ្ទៃដីសរុបនៃតំបន់បឹងវារីអគ្គិសនី Son La នៅ Quynh Nhai មានទំហំជាង ១ ម៉ឺន ហិកតា ហើយស្ថិតនៅកណ្តាលជ្រលងភ្នំធំល្វឹងល្បើយ ហ៊ុំព័ទ្ធដោយជួរភ្នំខ្ពស់មហិមា ហើយត្រូវបានគ្របដណ្តប់ដោយព្រៃឈើចំណាស់បៃតង។ ទឹកទន្លេ Da ហូរពេញជ្រលងភ្នំ Quynh Nhai ប្រែក្លាយកន្លែងនេះទៅជាតំបន់កោះបណ្តែត កោះលិច ភ្ជាប់គ្នាលើផ្ទៃទឹកដែលមានប្រវែងជិត ៣០ គីឡូម៉ែត្រ។ លោកស្រី Trinh Thi Van Anh ភ្ញៀវទេសចរម្នាក់មកពីទីក្រុងហាណូយបានចែករំលែក៖

“ឆ្នាំនេះ គ្រួសារនាងខ្ញុំជ្រើសរើសទៅទស្សនាបាតបឹង Quynh Nhai។ ទេសភាពនៅទីនេះពិតជាស្រស់ស្អាតណាស់ ទឹកខៀវថ្លា  ប្រជាជននៅទីនេះរួសរាយរាក់ទាក់ណាស់ ហើយយើងខ្ញុំបានថតរូបស្អាតៗជាច្រើន។ យើងខ្ញុំនឹងឧទ្ទេសនាម និងផ្សព្វផ្សាយទឹកដី និងមនុស្សខេត្ត Son La ជាពិសេស Quynh Nhai ដល់មនុស្សគ្រប់រូបផងដែរ។”

នៅលើបាតបឹង ទូកបង្វែររលក នាំភ្ញៀវទេសចរឆ្លងគោលដៅដ៏ទាក់ទាញដូចជា កោះ Trái Tim, ឈូងសមុទ្រ Uy Phong និងឈូងសមុទ្រ Bình Yên; ធ្វើដំណើរទស្សនាភូមិ Bon រួមជាមួយនឹងការងូតទឹកជ្រោះរ៉ែក្តៅឧណ្ណៗ; ទស្សនាប្រាសាទ Nang Han - ព្រះនាងតែមួយអង្គគត់នៃម្ចាស់ទឹកដី ជនជាតិ Khơ-mú នៅ Chieng Phung (ឥឡូវជាស្រុក Quynh Nhai) ដែលបានប្រយុទ្ធជាមួយខ្មាំងសត្រូវរក្សាសុខសន្តិភាពដល់ស្រុកកំណើត។

ជាទឹកដីដែលមនុស្សមិនសូវស្គាល់ដល់ នាបច្ចុប្បន្ននេះ ស្រុក Quynh Nhai នៅតែមានសោភណភាពរហោស្ថានដាច់ដោយឡែក។ នេះគឺជាសក្តានុពល និងឧត្តមភាពសម្រាប់ស្រុក Quynh Nha អភិវឌ្ឍន៍ទេសចរណ៍អេកូឡូស៊ី សម្រាកលំហែកាយនៅលើផ្ទៃបឹង។ នាប៉ុន្មានឆ្នាំថ្មីៗនេះ ផលិតផលទេសចរណ៍ និងសេវាកម្មទេសចរណ៍ប្រកបដោយវិជ្ជាជីវៈ និងវិសេសវិសាលត្រូវបានបង្កើតឡើងដើម្បីទាក់ទាញភ្ញៀវទេសចរ។ លោក Dieu Duc Trong នាយករងក្រុមហ៊ុនភាគហ៊ុន Quynh Nhai Travel បានឲ្យដឹងថា៖

“នៅពេលអញ្ជើញមកស្រុក Quynh Nhai ភ្ញៀវទេសចរនឹងបានប្រើប្រាស់ផលិតផលទេសចរណ៍ដូចជា៖ ធ្វើដំណើរតាមនាវាទេសចរណ៍ធានាសុវត្ថិភាព ហើយត្រូវបានរចនា និងតុបតែងយ៉ាងស្រស់ស្អាតសម្រាប់ភ្ញៀវទេសចរថតរូប  ទស្សនា កោះដ៏ស្រស់ស្អាតនៅលើផ្ទៃបឹង; ប្រើប្រាស់សេវាកម្មដូចជាជិះទូក នេសាទត្រី និងទទួលទានម្ហូបអាហារ Song Da នៅឈូងសមុទ្រ Uy Phong។ នៅឆ្នាំ ២០២៣ យើងខ្ញុំនឹងខិតខំប្រឹងប្រែងបង្កើតផលិតផលថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរមកស្រុក Quynh Nhai”។

យោងតាមផែនការអភិវឌ្ឍទេសចរណ៍ខេត្ត Son La ស្រុក Quynh Nhai ត្រូវបានកំណត់ថាជាតំបន់ទេសចរណ៍ស្នូលមួយ; ជាពិសេសគឺក្លាយទៅជាតំបន់ទេសចរណ៍ជាតិផ្សារភ្ជាប់ជាមួយពាណិជ្ជសញ្ញា “សមុទ្រខៀវក្នុងកណ្ដាលភ្នំ” តាមគោលដៅរបស់ខេត្ត Son La ដែលបានដាក់ចេញដល់ឆ្នាំ ២០៣០។ ដើម្បីអនុវត្តន៍គោលដៅនេះ ក្រៅពីការទាញយកសក្តានុពល ស្រុក Quynh Nhai កំពុងផ្ដោតសំខាន់លើការដោះស្រាយ “ចំណោត” អំពីប្រភពធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធបម្រើទេសចរណ៍ ក៏ដូចជាប្រព័ន្ធផ្លូវគមនាគមន៍ធានាការតភ្ជាប់ដ៏ងាយស្រួលជាមួយគោលដៅទេសចរណ៍នៅ Moc Chau, Dien Bien, Sa Pa (ខេត្ត Lào Cai), Mu Cang Chai (ខេត្ត Yen Bai); កសាងទួរទេសចរណ៍រយៈពេលច្រើនថ្ងៃ ទាំងផ្លូវទឹក និងផ្លូវគោក បង្កើតផលិតផលទេសចរណ៍ដ៏វិសេសវិសាល ប្លែកៗនិងមានពាណិជ្ជសញ្ញា។ លោក Lo Thanh Thuy អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Quynh Nhai បានឲ្យដឹងថា៖

“យើងខ្ញុំកំណត់ថា ភ្ជាប់សកម្មភាពអភិរក្សរាល់តម្លៃវប្បធម៌ជាមួយសកម្មភាពទេសចរណ៍ ដូចទស្សនាផ្ទៃបឹងភ្ជាប់ជាមួយនឹងការទស្សនាមណ្ឌលទេសចរណ៍ខាងវិញ្ញាណជាស្នូល សម្រាប់ការអភិវឌ្ឍសកម្មភាពទេសចរណ៍។ នេះជាភារកិច្ចស្នូលមួយ ដែលត្រូវបានស្រុកកំណត់ថាជាជំហានមួយក្នុងជំហានទម្លុះទម្លាយទាំង ៣ របស់ស្រុកផងដែរ”។

ជាមួយនឹងធនធានទេសចរណ៍ដ៏សម្បូរបែប តំបន់បាតបឹងវារីអគ្គិសនី Quynh Nhai នឹងក្លាយទៅជាកន្លែងណាត់ជួបដ៏ទាក់ទាញសម្រាប់មនុស្សចូលចិត្តភាពសុខសាន្ត សម្របខ្លួនទៅក្នុងស្នូរសម្លេងរលកដ៏ធំល្វឹងល្វើយ ហើយដើម្បីយល់ដឹងអំពី"សមុទ្រខៀវ" ដ៏វិសេសវិសាលនៅតំបន់ព្រៃភ្នំភាពពាយ័ព្យផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ