ប្រាសាទ Po Klong Garai - កេរ្កិ៍ដំណែលជាតិពិសេសនៅខេត្ត Ninh Thuan
(VOVWORLD) - ប្រាសាទ Po Klong Garai ស្ថិតនៅលើទួលដី Trau សង្កាត់ Do Vinh ទីក្រុង Phan Rang - Thap Cham ខេត្ត Ninh Thuan ។ កេរ្កិ៍ដំណែលស្ថាបត្យកម្មសិល្បៈ ប្រាសាទ Po Klong Garai ត្រូវបានលោកនាយករដ្ឋមន្ត្រីរៀបចំណាត់ថ្នាក់ជាកេរ្កិ៍ដំណែលជាតិពិសេសក្នុងឆ្នាំ ២០១៦។
ប្រាសាទ Po Klong Garai - កេរ្កិ៍ដំណែលជាតិពិសេសនៅខេត្ត Ninh Thuan |
យោងទៅតាមរឿងព្រេងរបស់ជនជាតិចាម ប្រាសាទ Po Klong Garai ត្រូវបានព្រះបាទ Jaya Simhavarman ទី ៣ (ប្រវត្តិសាស្ត្រវៀតណាមហៅថា Che Man) សាងសង់កាលពីចុងសតវត្សរ៍ទី ១៣ ដើម្បីធ្វើសក្ការបូជាព្រះបាទ Po Klong Garai (១១៥១ - ១២០៥) - ស្តេចដែលមានគុណបំណាច់ជាច្រើនចំពោះជនជាតិចាមក្នុងការប្រយុទ្ធប្រឆាំងខ្លាំងសត្រូវឈ្លានពាន ធ្វើប្រឡាយ សាងសង់ទំនប់សម្រាប់វាលស្រែ ដើម្បីទទួលបានរដូវអំណោយផល។
ប្រាសាទ Po Klong Garai គឺជាប្រជុំប្រាង្គចាមដ៏ធំសម្បើម និងស្រស់ស្អាតបំផុតដែលនៅសល់នៅវៀតណាម។ សំណង់នេះមានរចនាបទស្ថាបត្យកម្ម សិល្បៈចម្លាក់ឈានដល់កម្រិតកំពូល។ លោក Thanh Nhay នាយករងសារមន្ទីរខេត្ត Ninh Thuan បានឲ្យដឹងថា៖ “ប្រាសាទ Po Klong Grai គឺជាសំណង់ស្ថាបត្យកម្មសិល្បៈប្រាង្គចាមដែលរក្សាបានស្ថានភាពដដែលបំផុតក្នុងប្រព័ន្ធប្រាង្គចាមបច្ចុប្បន្ន។ ក្រោយពីពេលលោកនាយករដ្ឋមន្ត្រីបានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តទទួលស្គាល់ប្រាង្គនេះជាកេរ្កិ៍ដំណែលជាតិពិសេសមក បរិមាណភ្ញៀវទេសចរអញ្ជើញមកទស្សនាកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២២ យើងខ្ញុំបានទទួលស្វាគមន៍ និងបម្រើភ្ញៀវជាង ១២ ម៉ឺនលើកនាក់។ ក្នុងរយៈពេល ៣ ខែខាងមុខ ជាពិសេសក្នុងខែតុលា ជាមួយនឹងពិធីបុណ្យ kate យើងខ្ញុំគ្រោងថានឹងទទួលភ្ញៀវជាង ៨៧ ០០០ លើកនាក់។ យើងខ្ញុំបានឧទ្ទេសនាមអំពីប្រាង្គនេះជា ២ ភាសា គឺវៀតណាម និងអង់គ្លេសជូនភ្ញៀវទេសចរ។ បច្ចុប្បន្នយើងខ្ញុំមានសេវារថភ្លើងដឹកភ្ញៀវទេសចរទៅទស្សនា។ ទន្ទឹមនឹងនេះ យើងខ្ញុំបានរៀបចំកម្មវិធីសិល្បៈចុងសប្តាហ៍ និងពិធីបុណ្យទាននានាជូនភ្ញៀវ។ កេរ្កិ៍ដំណែល ប្រាសាទ Po Klong Garai គឺជាគោលដៅទេសចរណ៍រំលេចរបស់ខេត្ត Ninh Thuan ផងដែរ”។
នាបច្ចុប្បន្ន កេរ្កិ៍ដំណែល ប្រាសាទ Po Klong Garai មានរូបសំណាកលិង្គ យោនីរូបសំណាកព្រះគោ Nandin សិលាចារឹកចំនួន ២ ឆ្លាក់លើខ្លោងទ្វាប្រាង្គ សិលាចារឹកឆ្លាក់អក្សរ ៣ ជ្រុង សិលាចារឹកមួយគ្មានអក្ស រូបសំណាក Kut ព្រះនាងគុត និងលិង្គនៅខាងក្រៅកំពែងភាគខាងត្បូងនៃប្រជុំកេរ្កិ៍ដំណែល។ ក្រៅពីនេះ នៅមានវត្ថុតាងមួយចំនួនរបស់កេរ្កិ៍ដំណែលកំពុងតាំងបង្ហាញនៅសារមន្ទីរខេត្ត Ninh Thuan។ ក្នុងបរិវេណកេរ្កិ៍ដំណែលមានតូបលក់វត្ថុអនុស្សាវរីយ៍ និងផលិតផលប្រចាំតំបន់បម្រើភ្ញៀវទេសចរ។ លោក Van Quang Phu Don នាយកក្រុមហ៊ុនចំកាត់ភូមិរបរចាមបានឲ្យដឹងថា៖ “ខ្ញុំតំណាងឱ្យភូមិរបរគ្រឿងស្មូន Bau Truc និងភូមិរបរតម្បាញ My Nghiep ដើម្បី នាំ ផលិតផលគ្រឿងស្មូន និងតម្បាញមកលក់ជូនភ្ញៀវទេសចរនៅ ប្រាសាទ Po Klong Garai។ ខ្ញុំបានលក់នៅទីនេះអស់រយៈពេល ៥ ឆ្នាំហើយ។ ភ្ញៀវទេសចរមក ពីគ្រប់ទិសទីនិយមចូលចិត្ត ហើយទិញផលិតផលរបស់ភូមិរបរទាំងពីររបស់ជនជាតិចាម ដើម្បីធ្វើជាវត្ថុអនុស្សាវរីយ៍ណាស់។ លើសពីនេះទៅទៀត ភ្ញៀវទេសចរអាចមក ភូមិរបររបស់យើងខ្ញុំ ដើម្បីទស្សនាផ្ទាល់ការសម្ដែងរបស់សិប្បករនៅហ្នឹងកន្លែង និងទិញវត្ថុអនុស្សាវរីយ៍ផងដែរ”។
ភ្ញៀវទេសចរអញ្ជើញទៅទស្សនាប្រាសាទ Po Klong Garai |
ប្រាសាទ Po Klong Garai មានប្រាង្គចំនួន ៣ គឺ៖ ប្រាសាទកណ្តាល (KaLan) ប្រាសាទខ្លោងទ្វារ (Gopura) និងប្រាសាទផ្ទះ (ប្រាសាទភ្លើង)។ មណ្ឌលកេរ្កិ៍ដំណែល ប្រាសាទ Po Klong Garai មានសំណង់តូចៗមួយចំនួនដូចជា៖ ទីធ្លា សួនច្បារ របង ផ្លូវខាងក្នុង ខ្លោងទ្វារ (ខ្លោងទ្វារចូល និងខ្លោងទ្វារទិសខាងកើត) សំណង់បម្រើទេសចរណ៍ - វប្បធម៌ អាស្រមជាដើម។ អញ្ជើញទស្សនា ប្រាសាទ Klong Garai លោក Thach Dai Duy ភ្ញៀវទេសចរម្នាក់មកពីទីក្រុង Hai Phong មានអារម្មណ៍៖ “ខ្ញុំឃើញថាវប្បធម៌របស់ជនជាតិចាមគួរឱ្យចាប់អារម្មណ៍ណាស់។ ប្រាង្គនេះមានលក្ខណៈស្ថាបត្យកម្មដ៏វិសេសវិសាល។ ដូនតាយើងពិតជាពូកែណាស់ ដែលបានសាងសង់ប្រាង្គដ៏ស្រស់ស្អាតដូច្នេះ។ ស្ថាបត្យកម្មប្រាង្គនេះមានលក្ខណៈខុសប្លែកពីកន្លែងដទៃ។ ឧទាហរណ៍ថា នៅតំបន់Tay Nguyen មានផ្ទះ rong និងផ្ទះវែង ហើយនៅតំបន់ភាគពាយ័ព្យ មានផ្ទះឈើផុតពីដី។ ខ្ញុំមកទីនេះជាលើកដំបូង ហើយខ្ញុំនឹងមកទស្សនាម្ដងទៀតផងដែរ”។
ប្រាសាទ Po Klong Garai គឺជានិមិត្តរូបខាងវិញ្ញាណនៃខឿនវប្បធម៌ចាម្ប៉ា ហើយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញពិសេស ដែលមិនគួរឲ្យរំលងបានចំពោះភ្ញៀវទេសចរនៅពេលមានឱកាសទស្សនាខេត្ត Ninh Thuan ផងដែរ៕