“ផ្ទះដាក់តាំងក្រឡ” - កន្លែងរក្សាតម្លៃវប្បធម៌នៃតំបន់ Tay Nguyen
(VOVWORLD) - ដោយមានវត្ថុតាំងជាង ១ម៉ឺន អំពីតំបន់ Tay Nguyen ដែល ភាគច្រើនជាវត្ថុបុរាណធ្វើពីកុលាលភាជន៍នោះ អ្នកប្រមូលវត្ថុបុរាណ Vo Minh Luan នៅទីក្រុង Buon Ma Thuot ខេត្ត Dak Lak កំពុងមានផែនការចង់បង្កើត “ ផ្ទះដាក់តាំងក្រឡ” មួយដើម្បីរក្សាតម្លៃវប្បធម៌នៃតំបន់ Tay Nguyen សម្រាប់មនុស្សជំនាន់ក្រោយ។ ទន្ទឹមជាមួយគ្នានេះ លោក Vo Minh Luan ក៏ចង់ប្រែក្លាយកន្លែងនេះ ទៅជាសារមន្ទីរនៃតំបន់ Tay Nguyen ដែលតាំងបង្ហាញនូវស្នាដៃសិល្បៈកុលាលភាជន៍ទៀតផង។
អ្នកសម្រាងវត្ថុបុរាណ Vo Minh Luan (អាវពណ៌ស) ណែនាំអ្នកទស្សនាអំពីកាលប្បវត្តិនិងប្រវត្តិសាស្ត្រនៃវត្ថុតាងមួយចំនួន (រូបថតៈ VOV) |
ស្ថិតនៅតាមវិថី Hai Trieu នៃទីក្រុង Buon Ma Thuot ខេត្ត Dak Lak មានផ្ទះមួយ ត្រូវបានអ្នកសម្រាំងវត្ថុ Vo Minh Luan សាងសង់ឡើងសម្រាប់ដាក់តាំងបង្ហាញវត្ថុបុរាណ។ ស្ថាបត្យកម្មនៃផ្ទះមួយខ្នងនេះ គឺបានលោក Luan រចនាឡើងយ៉ាងល្អិតល្អន់និងចំណាយពេលសម្រាប់ស្វែងរកសំភារៈសមស្រប។ នៅខាងក្នុងផ្ទះ លើផ្ទៃដីប្រមាណ ៥០០ ម៉ែត្រការ៉េ សម្រាំងប្រមូលផ្តុំ “Tay Nguyen តាមរយៈកុលាលភាជន៍” ត្រូវបានលោករៀបចំដាក់តាំងតាមជាន់នីមួយៗ ដែលមានកាលបរិច្ឆេទនិងប្រភពវត្ថុផ្សេងៗ គ្នា និងមានឈ្មោះថា “Forest House”។ យោងតាមលោក Vo Minh Luan វត្ថុបុរាណទាំងអស់ដែលលោកប្រមូលបានដាក់ដូចជាមាននិស្ស័យអញ្ជឹង មានវត្ថុខ្លះលោកបានចំណាយពេលស្វែងរកយូរណាស់ទើបរកបាន ប៉ុន្តែមានវត្ថុខ្លះ លោកត្រូវបានអ្នកប្រមូលវត្ថុបុរាណផ្សេងៗប្រគល់ឲ្យដែរ៖ “ក្រឡធ្វើពីកុលាលភាជន៍ Thanh Le គឺជាប្រភេទគ្រឿងភាជន៍ដែលខ្ញុំកំពុងប្រមូល ហើយមិនងាយស្រួលរកទិញទេ។ ខ្ញុំចាប់ផ្តើមប្រមូលប្រភេទគ្រឿងភាជន៍នេះតាំងពីឆ្នាំ ២០១៧ រហូតមកដល់បច្ចុប្បន្ន ទើបទិញបានតិចតូចប៉ុណ្ណោះ។ មានវត្ថុខ្លះ សិប្បករសម័យកាលនោះ គេធ្វើតែមួយគ្រឿងទេ។ ហេតុដូច្នេះ ប្រសិនបើយើងមិនថែរក្សា មិនប្រមូលទុក គឺវត្ថុនោះនឹង សាបសូន្យជាពុំខាន”។
វត្ថុបុរាណធ្វើពីកុលាលភាជន៍ជាង ១ម៉ឺន មានតាំងពីយុគសម័យ Dong Son, វង្សានុវង្ស Ly, Tran, Le ឬ វត្ថុបុរាណធ្វើពីកុលាលភាជន៍នៅតំបន់ដី Bien Hoa, Lai Thieu, Chau O ជាដើម គឺសុទសឹងតែមានរូបរាងនិងឆ្លាកក្បូរក្បាច់ពាក់ព័ន្ធនឹងតំបន់ Tay Nguyen ផងដែរ។ ទាំងអស់នេះ គឺជាសម្រាំងវត្ថុដែលលោក Luan ត្រូវចំណាយពេលប្រមូលផ្តុំអស់រយៈពេល៣ឆ្នាំ។ លោក Luan បានចែករំលែកថា តាមរយៈការស្វែងយល់អំពីកុលាលនុភាជន៍ធ្វើឲ្យលោកស្គាល់អំពីប្រវត្ថិសាស្ត្រជាច្រើន។ សម្រាប់រូបលោក វត្ថុបុរាណនីមួយៗ ជាពិសេសគ្រឿងភាជន៍ មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតប្លែកប៉ុណ្ណោះទេ ថែមទាំងត្រូវបង្កប់នូវរឿងរ៉ាវអំពីជីវភាពរស់នៅ វប្បធម៌ ទំនៀមទម្លាប់របស់ជនជាតិនីមួយៗ ដែលត្រូវបានវិចិត្រករគូរលើស្នៃដៃនីមួយៗ ។
ក្នុងចំណោមវត្ថុបុរាណដែលប្រមូលបាននោះ លោក Vo Minh Luan ស្រឡាញ់ជាងគេគឺចានដែលមានមានក្បូរក្បាច់បញ្ចាំងពីការសម្តែងគងឃ្មោះនៃតំបន់ Tay Nguyen។ នេះជាវត្ថុបុរាណដែលលោកទទួលបានពីអ្នកសម្រាំងវត្ថុបុរាណ Pham Hai Long (រូបថតៈ VOV) |
លោក Dang Gia Duan អនុប្រធានមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ ខេត្ត Dak Lak បានឲ្យដឹងថា សម្រាំងប្រមូល “Tay Nguyen តាមរយៈកុលាលភាជន៍” គឺជា “សារមន្ទីរខ្នាតតូចនៃវប្បធម៌របស់តំបន់ Tay Nguyen” ហើយមានតែមួយនៅខេត្ត Dak Lak។ សូម្បូតែ នៅសារមន្ទីរធំៗ ក៏ពុំមានវត្ថុតាំងបង្ហាញដូចទៅនឹងសារមន្ទីរតូចមួយនេះដែរ។ ប្រការនេះបានបង្ហាញពីក្តីស្រឡាញ់និងចំណង់ចំណូលចិត្តរបស់លោក Luan ចំពោះតម្លៃវប្បធម៌នៃតំបន់ Tay Nguyen និងបានជំរុញឱ្យលោក Luan ធ្វើការប្រមូលផ្តុំនិងបង្កើតឡើងសម្រាំងប្រមូលផ្តុំដ៏មានតម្លៃនេះ។ លោក Dang Gia Duan បានឲ្យដឹងថា៖ “យើងខ្ញុំកំពុងរំពឹងទុកថា កន្លែងនេះនឹងក្លាយជាគោលដៅទេសចរណ៍។ ពោលគឺ យើងកំពុងព្យាយាមឆក់ឱកាសនៃពិធីបុណ្យកាហ្វេ Buon Ma Thuot លើកទី ៨ នៅឆ្នាំ ២០២១ ដើម្បីបើកទីតាំងទេសចរណ៍នេះ ឲ្យក្លាយជាគោលដៅទេសចរណ៍មួយនៅពេលភ្ញៀវមកដល់មហោស្រពកាហ្វេ Buon Ma Thuot។ ម្យ៉ាងវិញទៀត យើងក៏ត្រៀមជាស្រេចជួយឧបត្ថម្ភនិងលើកទឹកចិត្តលោក Luan ឱ្យប្រែកន្លែងនេះ ទៅជាសារមន្ទីរឯកជនវិញ បន្ទាប់មកអាចធ្វើការអំពាវនាវឱ្យមានការចូលរួមពីបុគ្គល សមូហភាពសហគមន៍ក្នុងស្រុក រួមទាំងអន្តរជាតិទៀត ដើម្បីអភិវឌ្ឍសម្រាំងប្រមូលនេះ និងផ្សព្វផ្សាយសម្រាំងប្រមូលនេះដល់សាធារណជនឱ្យកាន់តែទូលំទូលាយជាង”។
បច្ចុប្បន្ននេះ លោក Luan ក៏ជាសមាជិកនៃក្លឹបស្រាវជ្រាវវត្ថុបុរាណវៀតណាម ចំណុះ សម្ព័ន្ធសមាគម UNESCO និងជាសមាជិកនៃសមាគមស្រាវជ្រាវបុរាណវិទ្យាខេត្ត An Giang។ លោក Luan បានសំណេះសំណាលថា លោកបានដើរច្រើន បានសិក្សាច្រើនលោកកាន់តែចាប់អារម្មណ៍ចំពោះវត្ថុបុរាណដែលលោកប្រមូលបាន។ ក្រៅពីនេះលោកក៏បានការបារម្ភខ្លាំងដោយការបាត់បង់វត្ថុបុរាណ។ ប្រសិនបើយើងមិនចេះថែរក្សា ការពារវត្ថុបុរាណដែលមានស្រាប់នោះទេ មិនយូរមិនឆាប់វត្ថុទាំងនេះនឹងត្រូវបាត់បង់ជាពុំខាន។ លោក Luan កំពុងមានបំណងចង់សាងសង់ “Forest House” ឲ្យក្លាយជាសារមន្ទីរវប្បធម៌នៃតំបន់ Tay Nguyen ដើម្បីថែរក្សាវត្ថុបុរាណនៅតំបន់ Tay Nguyen នេះឲ្យកាន់តែគ្រប់គ្រាន់ ពេញលេញថែមទៀត៖ “ខ្ញុំមានបំណងចង់ប្រមូលវត្ថុបុរាណធ្វើពីកុលាលភាជន៍ ដែលផលិតនៅទូទាំងប្រទេសវៀតណាម។ ខ្ញុំចង់ប្រមូល ហើយតាំងបង្ហាញនៅតំបន់ Tay Nguyen នេះតែម្តង ដើម្បីកូនចៅជំនាន់ក្រោយនឹងស្គាល់ដល់វត្ថុទាំងនោះ។ ហើយខ្ញុំក៏ចង់ប្រែក្លាយកន្លែងនេះទៅជាកន្លែងសិល្បៈមួយនៃតំបន់ Tay Nguyen ដើម្បីឱ្យពិភព លោកទាំងមូលបានស្គាល់ពីវប្បធម៌ដ៏ស្រស់ស្អាតនិងសម្បូរបែបនៃតំបន់ Tay Nguyen”។
នៅឯ “Forest House” មានរូបគំនូរជាច្រើនរបស់វិចិត្រករល្បីៗ ទូទាំងខេត្ត Dak Lak ដែលធ្លាប់ឈ្នះរង្វាន់ខ្ពស់ថ្នាក់តំបន់និងថ្នាក់ជាតិ រួមទាំងចូលរួមពិព័រណ៍គំនូរអន្តរជាតិទៀតផង។ ស្នាដៃជាច្រើន ត្រូវបានម្ចាស់ប្រគល់ឱ្យលោក Luan ផ្ទាល់ ដោយសង្ឃឹមថា ស្នាដៃទាំងនេះនឹងត្រូវរក្សាទុកនៅលើតំបន់ Tay Nguyen ជារៀងរហូត៕