ផ្ទះវែងដ៏វិសេសវិសាលនៅតំបន់ តី ង្វៀន
(VOVWORLD) - សម្រាប់បងប្អូនជនជាតិភាគតិចនៅតំបន់ តី ង្វៀន រួមជាមួយនឹងគងឃ្មោះនោះ ផ្ទះរ៉ុង និងផ្ទះវែង ត្រូវបានចាត់ទុកថា ជាវប្បធម៌ ជាប្រភពដើម និងជាដួងព្រលឹងរបស់ពួកគេ។ ផ្ទះវែង គឺជាកន្លែងរស់នៅរបស់គ្រួសារ វង្សត្រកូលនីមួយៗ និងសហគមន៍ទាំងមូល នៅពេលមានពិធីបូជា ឬពិធីបុណ្យទានម្ដងៗ ហើយក៏ជាកន្លែងរក្សាទុកពាងស្រាដ៏ឈ្ងុយឆ្ងាញ់ទៀតផង។
ផ្ទះវែងរបស់ជនជាតិ Ede នៅសារមន្ទីរបណ្ដាជនជាតិវៀតណាម។ (រូបថត៖ baodantoc.vn) |
នៅតំបន់តី ង្វៀន ខណៈដែលជនជាតិ Bana Ja-rai ឬ Xo Dang រស់នៅក្នុងផ្ទះរ៉ុង គឺជនជាតិ E de និង M'nong រស់នៅក្នុងផ្ទះវែង ដែលអាចមានប្រវែងរហូតដល់មួយរយម៉ែត្រ។ ផ្ទះកាន់តែវែង វាកាន់តែតំណាងឱ្យភាពសម្បូរធូធារស្ដុកស្តម្ភនៃគ្រួសារ និងត្រកូលនោះ។ ពេលកូនចៅរៀបការ ផ្ទះនឹងត្រូវបានពង្រីកមួយល្វែងទៀត។ យោងតាមលោក Dang Nang Long ជនជាតិ M'nong នៅស្រុក Lak (ខេត្ត Dak Lak) លក្ខណៈពិសេសនៅខាងក្នុងផ្ទះវែងរបស់ជនជាតិ M'nong និង Ede ត្រូវបានបង្ហាញតាមរយៈស្ថាបត្យកម្ម នោះគឺប្រព័ន្ធធ្នឹមផ្ដេកនិងសសរស្តម្ភនៃផ្ទះវែង៖
“ធ្នឹមផ្ដេកនិងសសរស្តម្ភ ត្រូវបានដាក់ត្រួតគ្នា មិនត្រូវចោះប្រហោងដូចស្ថាបត្យកម្មផ្ទះឈើរបស់ជនជាតិខ្លះដទៃទៀតទេ។ ដូច្នេះពេលផ្លាស់ទីផ្ទះ ធ្នឹមឈើត្រូវបានរុះរើ ហើយដាក់ចូលគ្នាវិញ”។
ដើម្បីចូលផ្ទះវែង អ្នកត្រូវដើរឡើងតាមជណ្តើរ។ ផ្ទះវែងនីមួយៗរបស់ជនជាតិ Ede និងជនជាតិ M’nong សុទ្ធតែមានជណ្តើរឡើងចុះចំនួនពីរ ដែលហៅថាជណ្ដើរប្រុសនិងស្រី។ ជណ្ដើរស្រី នៅខាងមុខផ្ទះសម្រាប់ភ្ញៀវនិងបុរសប្រើប្រាស់។ ចំណែកជណ្ដើរប្រុស លាក់នៅក្រោយផ្ទះសម្រាប់ស្ត្រីប្រើប្រាស់។ ពេលឡើងជណ្តើររួច នឹងមានទីធ្លាធំមួយ នៅទាំងផ្នែកខាងមុខនិងខាងក្រោយ។ ទីធ្លាខាងមុខត្រូវបានគេហៅថាទីធ្លាទទួលភ្ញៀវ។ ផ្ទះកាន់តែវែង ទីធ្លាទទួលភ្ញៀវកាន់តែធំទូលាយ។ ពីទីធ្លាខាងមុខ អ្នកនឹងចូលទៅក្នុងទីកន្លែងដ៏សំខាន់បំផុតនៃផ្ទះនោះគឺល្វែងទទួលភ្ញៀវ (Gah)។ នេះជាកន្លែងទទួលភ្ញៀវ និងរៀបចំពិធីប្រចាំឆ្នាំរបស់ម្ចាស់ផ្ទះ ក៏ដូចជាកន្លែងប្រជុំជីវភាពរួម របស់សមាជិកគ្រួសារទាំងអស់ផងដែរ។ សិប្បករ Y Mang នៅស្រុក Cu M'gar ខេត្ត Dak Lak បាននិយាយថា៖
“ប្រជាជនទាំងអស់ធ្វើពិធីនៅក្នុងផ្ទះ មានតែពិធីបញ្ចុះសពប៉ុណ្ណោះដែលធ្វើនៅខាងក្រៅ។ មានដើម neu នៅក្នុងផ្ទះ។ ពិធីមួយរបស់ជនជាតិ Ede ធ្វើឡើងក្នុងរយៈពេល ១ ថ្ងៃ។ បន្ទាប់មក យុវជនរួមគ្នាស៊ីផឹក ជួបប្រាស្រ័យគ្នា”។
ពីកណ្តាលល្វែងទទួលភ្ញៀវ នៅខាងស្តាំផ្ទះវែង មានកៅអីសម្រាប់អង្គុយលេងគងឃ្មោះ ដែលត្រូវបានឆ្លាក់ជារូបទូក ដាក់តាមជញ្ជាំង ដើម្បីឲ្យសិប្បករនៅពេលអង្គុយលេងគងឃ្មោះនោះ នឹងបែរខ្នងទៅទិសខាងលិច ហើយបែរមុខទៅទិសខាងកើត។ លោក Dang Nang Long ជនជាតិ M'nong នៅស្រុក Lak (ខេត្ត Dak Lak) បានឲ្យដឹងថែមទៀតថា៖
“កៅអី Kpan តាមភាសារបស់ជនជាតិ Kinh ជាកៅអីវែងសម្រាប់អង្គុយ។ ពេលមានព្រឹត្តិការណ៍ គេអង្គុយជាជួរ ដើម្បីលេងគងឃ្មោះ។ មានសិប្បករលេងគង១០នាក់ និងសិប្បករលេងស្គរម្នាក់”។
របៀបរៀបចំខាងក្នុងផ្ទះវែងបង្ហាញពីលក្ខណៈវប្បធម៌ដ៏ពិសេស ឆ្លុះបញ្ចាំងពីបំណងប្រាថ្នាសម្រាប់សេចក្ដីសុខចម្រុងចម្រើន។ (រូបថត៖ baodantoc.vn) |
ក្នុងផ្ទះវែងក៏មានកៅអីដោយឡែកសម្រាប់ម្ចាស់ផ្ទះ កៅអីសម្រាប់ទទួលភ្ញៀវ ចង្ក្រានអុស កីតម្បាញ និងកន្ទេលគ្រប់ប្រភេទសម្រាប់ភ្ញៀវនិងបងប្អូនក្នុងភូមិអង្គុយចូលរួមពិធីនានារបស់គ្រួសារ ឬស្តាប់រឿងវីរកថា រឿងនិទានបុរាណ ច្រៀងចម្រៀងប្រជាប្រិយ និងធ្វើសកម្មភាព
សហគមន៍។ ជាពិសេស នៅពេលអង្គុយជួបជុំគ្នាជុំវិញចង្ក្រានអុស នៅក្នុងផ្ទះវែងបែបនេះ ព្រឹទ្ធាចារ្យភូមិ និងមេភូមិនឹងចែករំលែករឿងរ៉ាវជាច្រើនដល់សំណាក់យុវជន។ សិល្បករ Y Mang ឲ្យដឹងថែមទៀតថា៖
“ពេលនិទានរឿងនៅជុំវិញចង្ក្រានអុស ព្រឹទ្ធាចារ្យភូមិនឹងបង្រៀនក្មេងៗជំនាន់ក្រោយឲ្យចេះគួរសមនៅពេលឡើងផ្ទះវែង ហើយប្រាប់គេឲ្យដឹងពីទីតាំងអង្គុយរបស់គេនៅក្នុងផ្ទះវែង”។
ជនជាតិ Ede និង M'nong មានភាពរួសរាយរាក់ទាក់ ដូច្នេះបានជារាល់ពេលដែលភ្ញៀវមកលេងផ្ទះ ពួកគេតែងតែស្វាគមន៍យ៉ាងកក់ក្តៅ។ ផ្ទះបាយនៅក្នុងផ្ទះត្រូវមានភ្លើងឆេះរហូត។ អាហារនិងភេសជ្ជៈមានស្រាប់ជានិច្ច ដើម្បីត្រៀមចម្អិនមុខម្ហូបឈ្ងុយឆ្ងាញ់ រួមជាមួយស្រាពាងសម្រាប់អញ្ជើញភ្ញៀវ។ យោងតាមសិប្បករ H'Hoa Ni-a Kaso នៅស្រុក Cu M'Gar (Dak Lak) ជនជាតិ Ede ជឿថាភ្លើងគឺជាព្រះនៃសំណាង ដរាបណាភ្លើងនៅតែឆេះនៅក្នុងផ្ទះនោះ គ្រួសារនៅតែប្រកបដោយសេចក្ដីសុខចម្រុងចម្រើននិងសុភមង្គល៖
“ចង្ក្រានអុសត្រូវតែមានភ្លើងឆេះជានិច្ច ដែលតំណាងឱ្យកម្លាំងដើម្បីការពារក្រុមគ្រួសារ។ មានន័យថា ភ្លើងចង្ក្រានតំណាងឲ្យកម្លាំង ដែលមិនដែលនាំយកសំណាងអាក្រក់មកក្នុងគ្រួសារទេ ហើយការងារទាំងអស់ដំណើរការដោយរលូន ជីវភាពជួបតែភ័ព្ទសំណាង”។
នៅតាមភូមិនីមួយៗ នៅក្នុងផ្ទះនីមួយៗ គងឃ្មោះត្រូវបានដាក់ឬព្យួរនៅទីតាំងឱឡារិកបំផុត ព្រោះគងឃ្មោះជាឧបករណ៍ភ្លេងដ៏សំខាន់ពិសេសសម្រាប់ជនជាតិ Ede និង M'nong និយាយដោយឡែក ក៏ដូចជាសហគមន៍បណ្ដាជនជាតិនៅតំបន់តី ង្វៀន និយាយរួម។ ដោយមានលក្ខណៈពិសេសដោយឡែក ផ្ទះវែងរបស់ជនជាតិ Ede និង M'Nong បានចូលទៅក្នុងវីរកថា រឿងនិទានបុរាណ តន្ត្រី គំនូរ ... ដូចផ្នែកមួយដែលមិនអាចខ្វះបាននៃអត្តសញ្ញាណវប្បធម៌ តី ង្វៀន៕