ផ្លូវនិទាឃរដូវដ៏ធំទូលាយនៅខេត្ត Lai Chau

(VOVWORLD) - ដោយកំណត់ថាផ្លូវគមនាគមន៍គឺជាសរសៃឈាមនៃខឿនសេដ្ឋកិច្ចនោះ នារយៈពេលប៉ុន្មានឆ្នាំមកនេះ ខេត្តជាប់ព្រំដែន Lai Chau បានកៀរគរប្រភពធនធានទាំងអស់ ដើម្បីលើកកម្រិតគុណភាព និងបើកខ្សែផ្លូវថ្មីៗ។ 
ផ្លូវនិទាឃរដូវដ៏ធំទូលាយនៅខេត្ត Lai Chau - ảnh 1ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវអន្តរតំបន់ និងអន្តរឃុំភាគច្រើន
នៅ Lai Chau ត្រូវបានក្រាលបេតុងហើយ ។ រូបថត៖ VOV

ខ្សែផ្លូវដ៏ធំទូលាយតភ្ជាប់ខេត្ត Lai Chau ជាមួយតំបន់នានា ព្រមទាំងជំរុញសេដ្ឋកិច្ច សង្គម ក៏ដូចជារួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រផងដែរ។ ដោយមានចម្ងាយពីមជ្ឈមណ្ឌលស្រុកមិនដល់ ៣ គីឡូម៉េត្រនោះ ភូមិ Hoi Han ឃុំ Bum To ស្រុក Muong Te ខេត្ត Lai Chau ធ្លាប់ជាកន្លែងដាច់ស្រយាលអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ការតភ្ជាប់ទាំងអស់របស់ប្រជាជននៅទីនេះជាមួយខាងក្រៅ គឺពឹងផ្អែកទាំងស្រុងលើអាកាសធាតុភ្លៀង ឬក្រៅ  តាមរយៈផ្លូវលំតែមួយគត់នៅតាមដងជ្រោះ។ រប់ដ៏ធំមួយបានកើតឡើង កាលពី ៧ ឆ្នាំមុន នៅពេលដែលរដ្ឋបានវិនិយោគលើកកម្រិតគុណភាពផ្លូវលំនេះឲ្យក្លាយទៅជាផ្លូវបេតុង ហើយក្រុមគ្រួសារនានាដែលធ្លាប់រស់នៅលើទួលដីបានប្រមូលផ្តុំគ្នាមករស់នៅតំបន់មជ្ឈមណ្ឌល ដើម្បីប្រកបអាជីព។ មេភូមិ Hoi Han Vang លោក Po Xu បានចែករំលែកថា៖ “តាំងពីរពេលមានផ្លូវមក ការធ្វើដំណើរមានភាពងាយស្រួលណាស់។ ប្រជាជនមិនចាំបាច់ដើរច្រើនទេ ពោលគឺនៅពេលប្រមូលផលកសិកម្ម គឺអាចដឹកទៅលក់យ៉ាងងាយស្រួលផងដែរ”។

Muong Te គឺជាស្រុកព្រំដែនឆ្ងាយដាច់ស្រយាល និងមានស្ថានភាពលំបាកបំផុតរបស់ខេត្តព្រៃភ្នំ Lai Chau ។ គណៈកម្មការគ្រប់ជាន់ថ្នាក់ និងអាជ្ញាធរមូលដ្ឋានបានផ្ដល់អាទិភាពចម្បងលើហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍។ ក្រៅពីផ្លូវជាតិ ដែលជាខ្សែផ្លូវគមនាគមន៍តភ្ជាប់អន្តរតំបន់នោះ ស្រុក Muong Te ក៏ទើបបានសាងសង់រួចរាល់ខ្សែផ្លូវរបៀងព្រំដែន Tá Pạ - Pa Ủ ហើយនាបច្ចុប្បន្ននេះ ស្រុកទាំងមូលមានផ្លូវគមនាគមន៍ជនបទជាង ៦០០ គីឡូម៉ែត្រ។ យោងតាមលោក Nguyen Quang Vinh ប្រធានការិយាល័យសេដ្ឋកិច្ច-ហេដ្ឋារចនាសម្ព័ន្ធស្រុក Muong Te បានឲ្យដឹងថា ដោយសារលក្ខណៈតំបន់ព្រៃភ្នំ ការចំណាយទុនវិនិយោគច្រើន ហើយនាបច្ចុប្បន្ននេះ ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍របស់ខេត្តត្រឹមតែឆ្លើយតបនឹងតម្រូវការជាមូលដ្ឋានតែប៉ុណ្ណោះ ប៉ុន្តែនេះគឺជាការបោះជំហានទម្លុះទម្លាយ បើប្រៀបធៀបនឹងរយៈពេលមុន។ “នៅពេលដែលវិនិយោគប្រព័ន្ធផ្លូវគមនាគមន៍នៅតាមភូមិនីមួយៗនោះ ល្បឿនអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ស្រុក Muong Te ត្រូវបានលើកកម្ពស់យ៉ាងច្បាស់លាស់។ នាបច្ចុប្បន្ននេះ ឈ្មួញបានមកប្រមូលទិញកសិផលរបស់ប្រជាជននៅហ្នឹងកស្រុក រួមចំណែកលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ក៏ដូចជាបង្កើនប្រាក់ចំណូលជូនជនរួមជាតិនៅភូមិសាស្ត្រស្រុកផងដែរ”។

ផ្លូវនិទាឃរដូវដ៏ធំទូលាយនៅខេត្ត Lai Chau - ảnh 2ផ្លូវនាំមកនូវរដូវផ្ការីកដល់ប្រជាជន Muong Te។
រូបថត៖ VOV

ទោះបីជាតំបន់មួយ ក្នុងចំណោមតំបន់ដែលមានស្ថានភាពលំបាកបំផុតនៅទូទាំងប្រទេសក៏ដោយ ប៉ុន្តែនាបច្ចុប្បន្ននេះ ឃុំទាំង ១០០% នៅខេត្ត Lai Chau មានផ្លូវបេតុងទៅកាន់មជ្ឈមណ្ឌល ហើយភូមិស្រុកចំនួន ៩៨% មានផ្លូវសម្រាប់ម៉ូតូ និង រថយន្តធ្វើដំណើរហើយ។ ដោយឡែកនៅក្នុងឆ្នាំ ២០២២ ផ្នែកផ្លូវគមនាគមន៍ខេត្តបានផ្តោតលើការជួសជុលខ្សែផ្លូវធំៗចំនួន ១៤ ដើម្បីធានាបាននូវចរាចរណ៍យ៉ាងរលូន។ លោក Ta Duc Hung អនុប្រធានមន្ទីរគមនាគមន៍ និងដឹកជញ្ជូន-ខេត្ត Lai Chau បានឲ្យដឹងថា៖ “មន្ទីរគមនាគមន៍បានផ្ដល់អាទិភាពលើការជួសជុលផ្ទៃផ្លូវ ហើយក្រាលកៅស៊ូលើខ្សែផ្លូវសំខាន់ៗ និងខ្សែផ្លូវ ដែលមានលក្ខណៈតភ្ជាប់តំបន់ និងអន្តរតំបន់។ បច្ចុប្បន្ននេះ ផ្លូវជាតិ និងផ្លូវខេត្តទាំង ១០០% ត្រូវបានក្រាលកៅស៊ូ និងពង្រីកហើយ។ ចំណែកឯខ្សែផ្លូវស្រុកវិញ គឺជាង ៨០% ត្រូវបានក្រាលកៅស៊ូ ហើយបច្ចុប្បន្ននេះ ខេត្តកំពុងបន្តក្រាលកៅស៊ូលើផ្លូវនៅសល់ផងដែរ”។

នាប៉ុន្មានឆ្នាំខាងមុខ គម្រោងគមនាគមន៍ធំៗរបស់ខេត្ត Lai Chau នឹងត្រូវបានសាងសង់ ដូចជាខ្សែផ្លូវល្បឿនលឿន Noi Bai - Lao Cai - Lai Chau; ផ្លូវរូងក្រោមដីឆ្លងកាត់ភ្នំ Hoang Lien; ខ្សែផ្លូវតភ្ជាប់ជាមួយច្រកទ្វារព្រំដែន។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ដោយព្រមៗគ្នានឹងជួយបង្កើតជាប្រព័ន្ធ "សរសៃឈាម" យ៉ាងរលូន បង្កើតកម្លាំងចលករយ៉ាងខ្លាំងក្លា ដើម្បីខេត្ត Lai Chau អនុវត្តន៍គោលដៅក្លាយទៅជាខេត្តអភិវឌ្ឍន៍មធ្យមនៅក្នុងតំបន់ព្រៃភ្នំប៉ែកខាងជើងនាឆ្នាំ ២០៣០ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ