មកទស្សនាផ្ទះ Vuong - វិមានស្ដេចឆ្មា
(VOVWORLD) - លោកតា Vuong Chinh Duc (១៨៦៥-១៩៤៧) ជាមនុស្សតែមួយគត់ដែល ត្រូវបានជនជាតិ Mong លើកតម្កើងជាស្ដេចឆ្មា។ វិមានត្រកូល Vuong ឬបានហៅ ថា វិមានស្ដេចឆ្មា Vuong Chinh Duc នៅឃុំ Sa Phin ស្រុក Dong Van ជា សំណង់ស្ថាបត្យកម្មដ៏វិសេសវិសាលជួរមុខនៃខេត្ត Ha Giang ភាគខាងជើងវៀត ណាម។ វិមាននេះត្រូវបានទទួលស្គាល់ជាកេរ្តិ៍ដំណែលជាតិកាលពីឆ្នាំ១៩៩៣។
ខ្លោងទ្វារចូលវិមានស្ដេចឆ្មា Vuong Chinh Duc (រូបថត៖ baovanhoa) |
មុននេះ ស្ដេចឆ្មា Vuong Chinh Duc ជាអ្នកគ្រប់គ្រងតំបន់ Quan Ba Yen Ninh Meo Vac និង Dong Van ហើយនេះក៏ជាតំបន់ស្វយ័ត្នរបស់ជនជាតិ Mong នៅខេត្ត Ha Giang ដែរ។ ប្រមាណ ១០០ឆ្នាំមុននេះ លោក Vuong Chinh Duc បានជួលជាងសំណង់ពីប្រទេសចិនមកកសាងវិមានត្រកូល Vuong រួមជាមួយ ជាងសំណង់វៀតណាមរាប់ហ្មឺននាក់។ ការចំណាយនៃវិមាននេះគឺធំណាស់ដែល មិនអាចស្ថិតិបានឡើយ។ គិតដោយឡែកតែការបង់ប្រាក់ឈ្នួលសម្រាប់ជាង សំណង់បានចំណាយ១៥ហ្មឺនកាក់ប្រាក់ឥណ្ឌូចិន ដែលជាឯតទគ្គកម្មនាគ្រានោះ នៅខេត្ត Ha Giang។ អ្នកស្រី Vuong Thi Cho ក្មួយម្នាក់របស់ស្ដេចឆ្មានិងជា មគ្គុទ្ទេសនៅវិមានត្រកូល Vuong បានដំណាលថា៖
“លោកតា Vuong Chinh Duc មានឈ្មោះជនជាតិថា Vang Giong Lung។ លោកតាជាមេដឹកនាំនៃតំបន់នេះ កើតនាឆ្នាំ១៨៦៥ លាចាកលោកនាឆ្នាំ១៩៤៧ ក្នុងជន្មាយុ៨២ឆ្នាំ។ ផ្នូរលោកតាស្ថិតនៅខាងក្រោយភ្នំនេះ ដោយចម្ងាយប្រមាណ ៣គីឡូម៉ែត្រ។ ប៉ុន្តែ មនុស្សដែលត្រូវបានស្គាល់ដល់ច្រើនជាងគឺកូនប្រុសទី២ របស់លោកតា មានឈ្មោះថា Vuong Chi Sinh។ លោក Vuong Chi Sinh ជាបង ប្អូនមេត្រីភាពរបស់លោកប្រធានហូជីមិញ ហើយជាសមាជិកសភានីតិកាលទី១ ទី២ និងជាប្រធានស្រុក Dong Van ដើមដំបូង”។
មើលពីខាងលើ វិមានត្រកូល Vuong មានរូបរាងដូចនឹងស្នូកអណ្ដើកមួយ ដ៏លេចធ្លោនៅកណ្ដាលជ្រលង់ភ្នំ Sa Phin។ វិមានត្រូវបានរចនាដូចនឹងបន្ទាយ មួយដ៏រឹងមាំ ដែលព័ទ្ធជុំវិញដោយជួរភ្នំខ្ពស់។ នៅខាងក្នុងគឺបណ្ដុំសំណង់ស្ថាបត្យ កម្មដ៏ធំទូលាយមួយ ដោយមានជួរអគារ២ជាន់ស្ថិតនៅជាប់ៗគ្នាដូចទៅនឹងជួរភ្នំ នៅតំបន់ខ្ពង់រាបថ្មនេះ។ នៅខាងក្រៅ មានប៉មចំនួន២ដើម្បីការពារវិមាន និងផ្នូរ របស់កូនចៅលោកតា Vuong Chinh Duc។ នៅក្នុងវិមាននេះ ក៏មានឃ្លាំងផ្ទុក អាវុធ ឃ្លាំងផ្ទុកទ្រព្យសម្បត្តិ ឃ្លាំងគ្រឿងញៀន អគារលំនៅដ្ឋាន អគារធ្វើការ តំ បន់ផ្ទះបាយ និងតំបន់ចិញ្ចឹមបសុសត្វបសុបក្សី ជាដើម។ ក្រៅពីនោះ ក្នុងបរិវេណ ក៏មានសួនចម្ការដែលដាំដើមឈើហូបផ្លែនិងផ្កាគ្រប់ប្រភេទទៀតផង។ បណ្ដា ក្បូរក្បាច់រចនាដោយថ្មនិងឈើនៃវិមាននេះត្រូវបានឆ្លាក់យ៉ាងល្អប្រណិតគួរ អោយទាញភ្នែក ដែលជានិមិត្តរូបនៃត្រកូលថ្លៃថ្នូរមួយដោយមានទ្រព្យសម្បត្តិ ច្រើនស្ដុកស្ដម។ អ្នកស្រី Vuong Thi Cho បានអោយដឹងថែមទៀតថា៖
“វិមានត្រូវបានកសាងចាប់ពីឆ្នាំ១៨៩៨ដល់ឆ្នាំ១៩០៣ ដោយមានបន្ទប់សរុប ចំនួន៦៤។ វិមានរួមមាន៣ផ្នែកគឺអគារខាងមុខ អគារកណ្ដាលនិងអគារខាង ក្រោយ។ អគារខាងមុខជាលំនៅដ្ឋានរបស់ឆ្មាំយាម អគារកណ្ដាលជាលំនៅដ្ឋាន របស់ប្រពន្ធនិងកូនៗ ចំណែកឯអគារខាងក្រោយជាលំនៅដ្ឋានរបស់ស្ដេចឆ្មា Vuong Chinh Duc។ វិមាននេះត្រូវបានជួសជុលឡើងវិញនាឆ្នាំ២០០៤ ប៉ុន្តែ ជញ្ជាំង ក្បឿងនិងថ្មនៅតែរក្សាបាននូវសភាពដើមដដែលតាំងពីមុនមក”។
ភ្ញៀវទេសចរមកទស្សនាវិមាន |
ជារៀងរាល់ថ្ងៃ មានភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិជាច្រើនមកទស្សនា វិមានត្រកូល Vuong។ លោក Ben Brenner ភ្ញៀវទេសចរមកពីរដ្ឋ California អាមេរិក បានចែករំលែកថា៖ “ខ្ញុំចូលចិត្តស្ដាប់រឿងរ៉ាវស្ដីពីប្រវត្តិសាស្ត្រនៃវិមាននេះ។ ស្ថាបត្យកម្មនៅទី នេះជាការលាយឡំដ៏ប៉ិនប្រសប់រវាងស្ថាបត្យកម្មអឺរ៉ូប ស្ថាបត្យកម្មជនជាតិ Mong និងស្ថាបត្យកម្មចិន។ ស្ថាបត្យកម្មនិងរឿងរ៉ាវស្ដីពីវិមាននេះពិតជាគួរអោយចាប់ អារម្មណ៍ខ្លាំងមែន”។
កាលពីឆ្នាំ២០០៤ គ្រួសារត្រកូល Vuong បានសម្រេចចិត្តប្រគល់វិមាននេះ ជូនរដ្ឋដើម្បីអភិរក្ស។ ចាប់តាំងពីពេលនោះមក ទីនេះបានក្លាយទៅជាគោលដៅ ទេសចរណ៍ដែលមិនអាចរំលងបានចំពោះភ្ញៀវទេសចរម្នាក់ៗនាពេលមកដល់ ខេត្ត Ha Giang៕