មណ្ឌលឧស្សាហកម្មអេកូឡូស៊ី Nam Cau Kien៖ ការផ្លាស់ប្តូរឌីជីថលគឺជាកូនសោរអភិវឌ្ឍន៍ប្រកបដោយចីរភាព
(VOVWORLD) - ដោយស្ថិតនៅស្រុក Thuy Nguyen ទីក្រុង Hai Phong Shinec Nam Cau Kien (Nam Cau Kien Industrial Park) គឺជាមណ្ឌលឧស្សាហកម្មអេកូឡូស៊ីជួរមុខនៅទូទាំងប្រទេស ដែលអភិវឌ្ឍន៍តាមទិសដៅសេដ្ឋកិច្ច សង្គម និងបរិស្ថាន "បៃតង ប្រកបដោយនិរន្តរភាព"។ នេះជាគម្រោងឈានមុខក្នុងការអភិវឌ្ឍមណ្ឌលឧស្សាហកម្មអេកូឡូស៊ី វិលជុំ និងបេតិកភណ្ឌ។ ជាមួយនឹងការតភ្ជាប់ពឹងផ្អែកជួយគ្នាទៅវិញទៅមកក្នុងគំរូសេដ្ឋកិច្ចវិលជុំនោះ Nam Cau Kien បានប្រើប្រាស់ការផ្លាស់ប្តូរឌីជីថលសម្រាប់អភិបាលកិច្ច និងការអភិវឌ្ឍ ប្រកបដោយចីរភាព។
លោក Pham Hong Diep ប្រធានក្រុមប្រឹក្សាភិបាល អគ្គនាយកក្រុមហ៊ុនភាគហ៊ុន Shinec (ម្ចាស់វិនិយោគមណ្ឌលឧស្សាហកម្ម Nam Cau Kien) |
អញ្ជើញមកដល់ Nam Cau Kien គេមានអារម្មណ៍ដូចជាកំពុងឈានជើងចូលក្នុងតំបន់អេកូឡូស៊ីដែលមានសួនច្បារ ស្រះត្រី។ តំបន់ផលិតកម្ម និងរោងចក្រត្រូវបានសាងសង់លើផ្ទៃដីជិត ១៧០ ហិកតា ក្នុងចំណោមផ្ទៃដីសរុបចំនួន ២៦៣ ហិកតា នៅក្នុងតំបន់ទាំងមូល (ស្រូបយក ៦០%) ។ ផ្ទៃដីចំនួន ៤០% ទៀតរបស់មណ្ឌលឧស្សាហកម្មត្រូវបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធសង្គមដូចជាសួនឧទ្យាន ដើមឈើ ដីសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍។
បច្ចុប្បន្ន មណ្ឌលឧស្សាហកម្ម Nam Cau Kien បានទាក់ទាញ វិនិយោគិនជាង ៦០ មកពីប្រទេស និងតំបន់ដែនដីជុំវិញពិភពលោក ដូចជា ជប៉ុន កូរ៉េខាងត្បូង ហូឡង់ អ៊ីតាលី សិង្ហបុរី ចិន ហុងកុង (ចិន)។ បច្ចុប្បន្ន មណ្ឌលឧស្សាហកម្ម Nam Cau Kien ត្រូបានគ្រប់ដំណ្ដប់ដោយផ្ទៃដីឧ្សាហកម្មទាំង ១០០% ហើយកំពុងវិនិយោគសាងសង់មណ្ឌលឧស្សាហកម្មដំណាក់កាលទី ២ ។
លោក Pham Hong Diep ប្រធានក្រុមប្រឹក្សាភិបាល អគ្គនាយកក្រុមហ៊ុនភាគហ៊ុន Shinec (ម្ចាស់វិនិយោគមណ្ឌលឧស្សាហកម្ម Nam Cau Kien) មានប្រសាសន៍ថា៖ “ការផ្លាស់ប្តូរឌីជីថលដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនប្រសិទ្ធភាពផលិតកម្ម គ្រប់គ្រង ជាពិសេសសម្រាប់សហគ្រាសមានហេដ្ឋារចនាសម្ព័ន្ធក្នុងចំណោមសហគ្រាសប្រមាណ ១០០ទាំងក្នុង និងក្រៅប្រទេសដែលមកវិនិយោគជាមួយផ្នែករបរសម្បូរបែប។ ក្រៅពីជួរបុគ្គលិកគ្រប់គ្រងដែលមានចំណេះដឹង ជំនាញវិជ្ជាជីវៈ និងជំនាញគ្រប់គ្រងនោះ ល្បឿន និងដំណើរការការងារចាំបាច់ត្រូវមានការជួយឧបត្ថម្ភ ដើម្បីដោះស្រាយរាល់សំណើរបស់អតិថិជន ទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម ការគ្រប់គ្រង និងបង្កើតតម្លៃបន្ថែម។
សកម្មភាពឌីជីថលភាវូបនីយកម្មនៅមណ្ឌលឧស្សាហកម្ម Nam Cau Kien ទើបតែត្រូវបានអនុវត្តន៍ជាផ្លូវការតាំងពីឆ្នាំ ២០១៨ តាមរយៈការចាប់ផ្តើមគម្រោងផ្លាស់ប្តូរឌីជីថលជាមួយ Base.vn។ ផ្នែកដែលត្រូវបានផ្លាស់ប្ដូរឌីជីថលនៅមណ្ឌលឧស្សាហកម្ម Nam Cau Kien ត្រូវបានរួមបញ្ចូលនៅលើមូលដ្ឋានគ្រឹះតែមួយគត់ ជួយគណៈគ្រប់គ្រងអាចអភិបាលកិច្ចការងារ វាយតម្លៃលើលទ្ធផល ផលិតភាពការងាររបស់បុគ្គលិក។ លោក Pham Hong Diep ប្រធានក្រុមប្រឹក្សាភិបាល
អគ្គនាយកក្រុមហ៊ុនភាគហ៊ុន Shinec (ម្ចាស់វិនិយោគមណ្ឌលឧស្សាហកម្ម Nam Cau Kien) បានចាត់ទុកថា៖ “អាចនិយាយបានថាការផ្លាស់ប្តូរឌីជីថលនៃប្រព័ន្ធអភិបាលកិច្ចប្រតិបត្តិការគឺជាជំហានដំបូងក្នុងដំណើរការនវានុវត្តន៍ និងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៃខ្សែសង្វាក់មណ្ឌលឧស្សាហកម្មអេកូឡូស៊ី Nam Cau Kien ក្នុងរយៈពេលមធ្យម និងវែង។ ធ្វើជាម្ចាស់បច្ចេកវិទ្យា និងអភិបាលកិច្ចតាមរយៈកម្មវិធីផ្នែកទន់ជួយយើងខ្ញុំសម្របសម្រួលសហគ្រាសយ៉ាងហ្មត់ចត់ គ្រប់គ្រងបរិស្ថាន ផលិតកម្ម និងកម្មករយ៉ាងទូលំទូលាយ។ មណ្ឌលឧស្សាហកម្មមានគោលបំណងអភិវឌ្ឍន៍ខ្សែសង្វាក់ប្រព័ន្ធអេកូទូឡូស៊ីនៅទូទាំងប្រទេស ដូច្នេះការផ្លាស់ប្តូរឌីជីថលគឺជាកូនសោរដ៏សំខាន់ ជួយកាត់បន្ថយពេលវេលា ប្រសិទ្ធភាពវិនិយោគ អភិបាលកិច្ចកាន់តែប្រសើរឡើងតាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន”។
មណ្ឌលឧស្សាហកម្មអេកូឡូស៊ី Nam Cau Kien |
Nam Cau Kien កំពុងក្លាយទៅជាគំរូនៃការផ្លាស់ប្ដូរឌីជីថល ដែលត្រូវបានស្ថាប័ន សហគ្រាសទាំងក្នុង និងក្រៅប្រទេសយកចិត្តទុកដាក់ និងសិក្សារៀនសូត្រ។ អត្ថាធិប្បាយអំពីគំរូអេកូឡូស៊ីបៃតង និងប្រកបដោយនិរន្តរភាពជាមួយនឹងការ ផ្លាស់ប្តូរឌីជីថលនៅក្នុងប្រព័ន្ធអភិបាលកិច្ច លោក Heru Kutanto ប្រធាននាយកដ្ឋានឧស្សាហកម្មនៃក្រសួងឧស្សាហកម្មឥណ្ឌូនេស៊ីបានមានប្រសាសន៍ ថា៖ “យើងខ្ញុំភ្ញាក់ផ្អើលដែលបានឃើញថា សហគ្រាសជាច្រើនបានជួយគ្នាទៅវិញទៅមក ហើយវិនិយោគក្នុងតំបន់មួយបៃតង ស្រស់ស្អាត និងសុខុមរមនាជាមួយ
ធម្មជាតិដូច្នេះ។ ខាងក្នុងមណ្ឌលឧស្សាហកម្មត្រូវបានដំណើរការយ៉ាងរលូន វិលជុំតាមរយៈប្រព័ន្ធអភិបាលកិច្ចឌីជីថល។ យើងខ្ញុំវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្ត និងគោលនយោបាយរបស់រដ្ឋាភិបាលវៀតណាមក្នុងការសាងសង់មណ្ឌលឧស្សាហកម្មអេកូឡូស៊ីដូចច្នេះ”។
ក្នុងអំឡុងពេលស្វែងយល់ និងផ្លាស់ប្ដូរគំរូឌីជីថល គណៈគ្រប់គ្រងមណ្ឌលឧស្សាហកម្មបានស្វែងយល់ និងប្រើប្រាស់ឧបករណ៍ជាច្រើន។ នាពេលខាងមុខ Nam Cau Kien គ្រោងនឹងរួមជាមួយ Base បន្តសិក្សាស្រាវជ្រាវ និងធ្វើបច្ចុប្បន្នភាពច្ចេកវិទ្យាព័ត៌មាន សំដៅកែលម្អប្រព័ន្ធឱ្យកាន់តែមានភាពសមស្របក្នុងការគ្រប់គ្រងមណ្ឌលឧស្សាហកម្មទាំងមូល ក៏ដូចជាអនុវត្តន៍គម្រោងមណ្ឌលឧស្សាហកម្មអេកូឡូស៊ីថ្មីនៅទូទាំងប្រទេសវៀតណាម៕