រូបសំណាកលោកប្រធានហូជីមិញនៅដែនសមុទ្រភាគឦសាន
(VOVWORLD) - ស្រុកកោះ Co To នៅខេត្ត Quang Ninh គឺជាកន្លែងតែមួយគត់នៅក្នុងប្រទេសដែលលោកប្រធានហូជីមិញកាលនៅរស់បានយល់ព្រមឲ្យតំកល់រូបសំណាករបស់លោក ។ ឆ្លងកាត់រយៈពេលជាងកន្លះសតវត្សរ៍មក រូបសំណាករបស់លោកប្រធានហូជីមិញដែលបែរមុខទៅសមុទ្រខាងកើតតែងតែស្ថិតក្នុងក្រអៅបេះដូងរបស់ប្រជាពលរដ្ឋនៅស្រុកកោះនិយាយដោយឡែក និងរបស់ប្រទេសជាតិទាំងមូលនិយាយរួមផងដែរ។
លោកយាយ Tran Thi Trac |
នៅប៉ុន្មានថ្ងៃក្នុងខែឧសភាផ្តៃសមុទ្រស្រុកកោះ Co To មានទេសភាពស្រស់ត្រកាល។ផ្កាពួចបានរីកបង្អួតសម្រស់នៅតាមវិថីនៅលើកោះ។ លោកយាយ Tran Thi Trac (ដែលមានអាយុ ៧៩ ឆ្នាំ មកពីទីរួមស្រុក Co To) នៅតែចងចាំអនុស្សាវរីយ៍កាលពី ៦០ ឆ្នាំមុន។ នៅពេលនោះ លោកយាយត្រឹមតែមានអាយុត្រឹមតែ ១៩ ឆ្នាំប៉ុណ្ណោះ ហើយជាកងជីវពលនារីម្នាក់បានរួមជាមួយកងទ័ពនៅលើកោះ ទទួលភារកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់សម្រាប់ពិធីទទួលបដិសណ្ឋារកិច្ច លោកប្រធានហូជីមិញ ដែលអញ្ជើញមកទស្សនាស្រុកកោះកាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ ១៩៦១។ នាព្រឹកថ្ងៃទី ៩ ឧសភា ឧទ្ធម្ភាគចក្រមួយគ្រឿងដែលដឹកលោកប្រធានហូជីមិញបានចុះចតលើកោះនោះ លោកប្រធានហូជីមិញក្នុងសំលៀកបំពាក់ដ៏សាមញ្ញមួយឈុត អញ្ជើញចុះមក ហើយគ្រវីដៃសួរសុខទុក្ខកងទ័ព និងប្រជាជននៅស្រុកកោះ។ លោកយាយ Tran Thi Trac បានរំលឹកឡើងវិញថា៖ “អូ! ថ្ងៃដែលលោកប្រធានហូជីមិញបានអញ្ជើញមកទស្សនាកោះនេះ គឺលោកពិតជាស្អាតណាស់។ ប្រជាជនរាប់ពាន់នាក់មកពីកោះ Thanh Lan និងកោះ Co To បានមកដល់ទីនេះ ហើយមនុស្សម្នាក់បានកាន់ទង់ក្រហមផ្កាយមាសដើម្បីគ្រវីទទួលស្វាគមន៍លោកប្រធានហូជីមិញ។ នាគ្រានោះ លោកប្រធានហូជីមិញបានអញ្ជើញទៅទស្សនាវាលដំឡូង វាល Muoi ហើយទៅសួរសុក្ខទុក្ខយុទ្ធជនការពារព្រំដែនផងដែរ”។
ដោយមានរការគោរពចំពោះលោកប្រធានហូជីមិញនោះ កងទ័ព និងប្រជាជននៅស្រុកកោះ Co To បានស្នើឱ្យតំកល់រូបសំណាកលោកនៅលើកោះ ដើម្បីគយគន់រូបសំណាករបស់លោកប្រចាំថ្ងៃ។ បំណងប្រាថ្នារបស់ប្រជាជននៅលើកោះត្រូវបានលោកប្រធានហូជីមិញយល់ព្រម។ នៅឆ្នាំ ១៩៦៨ រូបសំណាកលោកប្រធានហូជីមិញត្រូវបានសិប្បករចម្លាក់ លោក Nguyen Van Que រួមជាមួយសហការីបានចាប់ផ្ដើមឆ្លាក់។ នេះក៏ជាកន្លែងតែមួយគត់ដែលលោកប្រធានហូជីមិញបានអនុញ្ញាតឱ្យតំកល់រូបសំណាករបស់ខ្លួន កាលលោកនៅរស់។ ទីកន្លែងដែលលោកប្រធានហូជីមិញបានជួបសំណេះសំណាលជាមួយកម្មាភិបាលនិងប្រជាជននៅលើកោះនោះ ឥឡូវនេះបានក្លាយទៅជាអគារអនុស្សាវរីយ៍។ នាបច្ចុប្បន្ន អគារអនុស្សាវរីយ៍របស់លោកប្រធានហូជីមិញ គឺនៅតែរក្សាវត្ថុអនុស្សាវរីយ៍ដដែល។ នេះគឺជា តុ និងកៅអី ដែលលោកប្រធានហូជីមិញធ្លាប់អង្គុយ ទូដាក់ឥវ៉ាន់ សម្លៀកបំពាក់ដែលលោកធ្លាប់ស្លៀកពាក់ ស្បែកជើងដែលលោកធ្លាប់ពាក់ គ្រែគេងដ៏សាមញ្ញដែលលោកធ្លាប់សំរាកពេលថ្ងៃត្រង់ និងរូបថតលោកអញ្ជើញទៅទស្សនាកោះ។ អ្នកស្រី Nguyen Thi Men ពលរដ្ឋម្នាក់នៅស្រុកកោះ Co To បានឲ្យដឹងថា៖ “មិនត្រឹមតែក្នុងឱកាស ពិធីបុណ្យទាន បុណ្យតេត ឬមុនពេលចេញដំណើរទៅឯនាយសមុទ្រ ប៉ុណ្ណោះទេ ថែមទាំងក្នុងឱកាសរៀបអាពាហ៍ពិពារហ៍ គឺយើងខ្ញុំសុទ្ធតែបានទៅអុជធូបទាន ឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ ហើយបួងសួងសុំលោកជួយថែរក្សាប្រជាជន និងប្រទេសជាតិ។ រូបសំណាកលោកប្រធានហូជីមិញនៅលើកោះ Co To មិនត្រឹមតែជាទីកន្លែងព្រលឹងវិញ្ញាណ ដែលជួយការពារថែរក្សាប្រជាជនប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យដ៏ពិសេសជាសេចក្ដីស្រឡាញ់ចំពោះប្រជាជននៅស្រុកកោះទៀតផង។ មោទនភាពដ៏ធំធេងបំផុតរបស់ប្រជាជននោះកោះ Co To គឺមានរូបសំណាកលោកប្រធានហូជីមិញនៅកោះនេះជារៀងរាល់ថ្ងៃផងដែរ។”
រូបសំណាកលោកប្រធានហូជីមិញនៅដែនសមុទ្រភាគឦសាន |
ដោយធ្វើតាមពាក្យទូន្មានរបស់លោកប្រធានហូជីមិញនោះ ប្រជាជននៅស្រុកកោះ Co To បានច្បាមជាប់យ៉ាងរឹងមាំការពារស្រុកកោះ ។ កាលពីឆ្នាំ ២០១៣ នៅពេលដែលបណ្តាញអគ្គិសនីជាតិបានឆ្លងកាត់សមុទ្រជិត ៦០ គីឡូម៉ែត្រ ដើម្បីបំភ្លឺស្រុកកោះ Co To ហើយនេះគឺជាការបោះជំហានថ្មីនៅលើកោះ។ ក្នុងនាមជាគ្រូបង្រៀនមួយរូប ក្នុងចំណោមគ្រូបង្រៀនដើមដំបូង ដែលបានមកបង្រៀននៅលើកោះនេះកាលពីឆ្នាំ ១៩៨២ នោះ លោក Le Minh Tan ដែលមានអាយុ ៨២ ឆ្នាំ មកពីទីរួមស្រុក Co To បានចែករំលែកថា៖ “ការផ្លាស់ប្តូរនៅស្រុកកោះ Co To បានបង្ហាញតាមរយៈការអភិវឌ្ឍសេដ្ឋកិច្ច។ ឥឡូវនេះ ស្រុកកោះ Co To លែងមានជនក្រីក្រ ហើយមានអគ្គិសនី សាលារៀន និងសំភារៈគ្រប់គ្រាន់ ជាពិសេសគឺប្រជាជននៅ ស្រុកកោះ Co To បានសាមគ្គីគ្នា ដើម្បីជំនះពុះពារលើរាល់ការលំបាកសាកល្បងផងដែរ”។
នាបច្ចុប្បន្ននេះ ស្រុកកោះ Co To កំពុងអភិវឌ្ឍន៍លើគ្រប់វិស័យ ដោយសក្តិសមនឹងពាក្យទូន្មានរបស់លោកប្រធានហូជីមិញនោះ អាជ្ញាធរ និងប្រជាជននៅ ស្រុកកោះ Co To បានប្តេជ្ញាស្រុះចិត្តគំនិត សាមគ្គីគ្នា ដើម្បីរួមចំណែកសាង Co To ក្លាយទៅជា “ គ្រាប់ពេជ្រភ្លឺចែងចាំង” នៅតំបន់ភូមិភាគឦសាន នៃមាតុភូមិ៕