លក្ខណៈពិសេសនៃផ្សារណាត់ Sang Thang

(VOVWORLD) - ខេត្ត Lai Chau មិនត្រឹមតែត្រូវបានធម្មជាតិប្រទានឲ្យទេសភាពធម្មជាតិដ៏ធំសម្បើម ដោយមានពពករសាត់អណ្ដេត ភូមិស្រុកស្រស់ស្អាតក្រោមជ្រលងភ្នំ និងនៅលើភ្នំប៉ុណ្ណោះទេ ថែមទាំងមានពេលប្រជុំផ្សារចុងសប្តាហ៍ដ៏វិសេសវិសាលទៀតផង។ ក្នុងចំណោមផ្សារណត់ដែលទាក់ទាញភ្ញៀវទេសចរណ៍ទាំងក្នុង និងក្រៅប្រទេសអញ្ជើញមកទស្សនា និងស្វែងយលគឺ ផ្សារណត់Sang Thang (ឃុំ San Thang ទីក្រុង Lai Chau)។
លក្ខណៈពិសេសនៃផ្សារណាត់ Sang Thang - ảnh 1ផ្សារណាត់ Sang Thang (រូបថត៖ dangcongsan.vn)

ផ្សារណត់Sang Thang បានបើកនៅជិតផ្លូវជាតិលេខ ៤D រៀងរាល់ថ្ងៃព្រហស្បតិ៍ និងថ្ងៃអាទិត្យ។ នេះគឺជាកន្លែងផ្លាស់ប្តូរទំនិញរវាងបងប្អូនជនជាតិក្នុងតំបន់។ នៅពេលប្រជុំផ្សារ ក្រុមមនុស្សមកពីភូមិស្រុកនានានៃទីក្រុង Lai Chau ស្រុក Phong Tho និងស្រុក Tam Duong បាននាំគ្នាមកទីនេះយ៉ាងច្រើនកុះករ។អញ្ជើញទៅប្រជុំផ្សារបានក្លាយទៅជាលក្ខណៈវប្បធម៌ដែលមិនអាចខ្វះបានរបស់ក្រុមជនជាតិនៅទីនេះ។

ដើម្បីទៅប្រជុំផ្សារ ប្រជាជនបានក្រោកពីគេងតាំងពីពេលព្រឹកព្រលឹមងងឹត។ ពួកគេទៅផ្សារដោយភ្ជាប់ជាមួយអីវ៉ាន់សាមញ្ញៗ គឺកន្ត្រកមួយដែលមានអង្ករពីរបីគីឡូក្រាម បន្លែពីរបីបាច់  ចេកពីរបី ស្និត ឬបាវតូចមួយដែលមានចបកាប់ កាំបិត កន្ត្រៃ ប៉ែល ចង្រ្កានបាយ ឬជ្រូកមាន់ ក្ងានពីរបីក្បាល។ ផលិតផលទាំងនេះគឺជាសមិទ្ធផលមកពីការធ្វើខិតខំប្រឹងប្រែងធ្វើពលកម្ម ក៏ដូចជាផលិតផលប្រចាំតំបន់របស់បងប្អូនជនជាតិ។ ទំនិញទាំងនេះគឺសាមញ្ញណាស់ ហើយរបៀបដាក់លក់ក៏មានលក្ខណៈសាមញ្ញដែរ ត្រឹមតែមានក្រណាត់មួយ ហើយលាលើដីតែប៉ុណ្ណោះ។ ទោះបីជាសាមញ្ញក៏ដោយ ប៉ុន្តែសុទ្ធតែជាទំនិញប្រចាំតំបន់ព្រៃភ្នំ។ លោកស្រី Dong Thi Thoa កម្មាភិបាលនៃការិយាល័យគ្រប់គ្រងទេសចរណ៍ នៃមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Lai Chau បានឲ្យដឹងថា៖

“ផ្សារណត់ San Thang របស់ខេត្ត Lai Chau បានដំណើរការអស់រយៈពេលជាយូរមកហើយ។ នាពេលកន្លងទៅ ខេត្តបានតម្លើងផលិតផលផ្សារណត់ San Thangទៅជាផលិតផលទេសចរណ៍ឆ្នើមមួយរបស់តំបន់ភូមិភាគពាយ័ព្យ។ ក្រៅពីពេលប្រជុំផ្សារ ដែលបានរៀបចំឡើងជារាល់ថ្ងៃព្រហស្បតិ៍ និងថ្ងៃអាទិត្យ យើងខ្ញុំក៏បានរៀបចំពេលប្រជុំផ្សារបន្ថែមនារាត្រីថ្ងៃសៅរ៍ផងដែរ។ អញ្ជើញមកពេលប្រជុំផ្សារណត់ San Thang ភ្ញៀវទេសចរបានទទួលទានម្ហូបអាហារដ៏ឆ្ងាញ់ពិសាររបស់បងប្អូនជនជាតិ។ យើងខ្ញុំមានមោទនភាពយ៉ាងក្រៃលេង នៅពេលដែលបានឧទ្ទេសនាមផលិតផលទាំងនេះដល់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិផងដែរ”។

ផ្សារណត់ San Thang បានដាក់លក់ផលិតផលសម្បូរប្រចាំតំបន់ព្រៃភ្នំជាមួយទំនៀមទម្លាប់វប្បធម៌របស់បងប្អូនជនជាតិនៅតំបន់ព្រៃភ្នំ។ របស់របរខ្លះត្រូវបានដាក់តាំងបង្ហាញនៅលើតូប ហើយមានរបស់របរខ្លះត្រូវបានដាក់តាំងបង្ហាញនៅលើផ្តៃដី សុទ្ធតែមានភាពទាក់ទាញជាមួយនឹងពណ៌រស់រវើក។ អ្នកស្រី Dong Thi Thoa បានឲ្យដឹងថែមទៀតថា៖

“នំបាញ bò គឺជាផលិតផលដ៏ល្បីឈ្មោះមួយ ដែលត្រូវបានគេហៅថាជាផលិតផលប្រពៃណីរបស់បងប្អូនជនជាតិ Giay នៅភូមិ San Thang ។ នៅពេលមកប្រជុំផ្សារ San Thang ម្ដងៗ គ្រួសារនាងខ្ញុំតែងតែទទួលទានបាញហ្វើ និងនំបាញ bò របស់ជនជាតិ Giay ផងដែរ”។

នៅពេលមកផ្សារណត់ San Thang មនុស្សម្នាបានចូលហាងលក់ម្ហូបអាហារយ៉ាងច្រើនកុះក រក្លិនឈ្ងុយឆ្ងាញ់របស់មុខម្ហូប ជាពិសេសគឺម្ហូបហ្វើបានទាក់ទាញភ្ញៀវទេសចរណាស់។ អ្នកស្រី Dong Thi Thoa បានឲ្យដឹងថែមទៀតថា៖

“ហ្វើគឺជាមុខម្ហូបមួយ ដែលភ្ញៀវទេសចរគួរតែទទួលទាននៅផ្សារណត់San Thang។ គ្រឿងផ្សំទាំងអស់របស់ហ្វើសុទ្ធតែជាគ្រឿងផ្សំធម្មជាតិ ហើយប្រជាជនបានកែច្នៃតាមរបៀបផ្ទាល់ខ្លួន។ អញ្ជើញមកទីនេះ យើងនឹងបានឃើញសិប្បករជនជាតិ Giay បង្ហាញរបបៀបកាត់ហ្វើ។ ស្នូរសំឡេងកាត់សរសៃហ្វើ និងបាតដៃដ៏ប៉ិនប្រសប់របស់នារី Giay បានទាក់ទាញភ្ញៀវទេសចរយ៉ាងខ្លាំងផងដែរ”។

លក្ខណៈពិសេសនៃផ្សារណាត់ Sang Thang - ảnh 2ផ្សាររាត្រីរៀងរាល់យប់ថ្ងៃសៅរ៍។ រូបថត៖ កាសែតឧស្សាហកម្ម និងពាណិជ្ជកម្ម

ផ្សារណត់ San Thang ត្រូវបានបើកនារាត្រីថ្ងៃសៅរ៍ ក្រៅពី ម្ហូបអាហារសម្រាប់បម្រើភ្ញៀវទេសចរ ពេលប្រជុំផ្សារក៏មានឆាកមួយសម្រាប់ក្រុមសិល្បៈមកពីភូមិស្រុកនានាមកសម្តែងផងដែរ។ អ្នកស្រី Dong Thi Thoa បានចែករំលែកថា៖

“ឈុតសម្តែងសិល្បៈនានាពោរពេញទៅដោយអត្តសញ្ញាណជនជាតិនៅទីនេះ ហើយបង្កើនភាពទាក់ទាញសម្រាប់ផ្សារណត់ San Thang ។ ពេលប្រជុំផ្សារម្ដងៗ យើងខ្ញុំសុទ្ធតែរៀបចំកម្មវិធីដែលសំដែងដោយក្រុមសិល្បកររបស់ទីក្រុង Lai Chau ដើម្បីបម្រើភ្ញៀវទេសចរផងដែរ”។

ផ្សារណត់ San Thangគឺជាលក្ខណៈសម្រស់វប្បធម៌ដ៏វិសេសវិសាលរបស់បងប្អូនជនជាតិនៅតំបន់ព្រៃភ្នំព្រោះថាពួកគេទៅផ្សារមិនត្រឹមតែនាំមកនូវទំនិញប៉ុណ្ណោះទេ ថែមទាំងនាំមកនូវលក្ខណៈ ស្រស់ស្អាតដ៏វិសេសវិសាលដោយឡែករបស់ជនជាតិខ្លួនបន្ថែមពណ៌ចម្រុះសម្រាប់ពេលប្រជុំផ្សារ។ ផ្សារណត់ San Thang មិនត្រឹមតែជាកន្លែងផ្លាស់ប្តូរ ទិញលក់ និងផ្លាស់ប្តូរផលិតផលមានលក្ខណៈវិសេសវិសាល ដែលត្រូវបានបងប្អូនជនជាតិធ្វើដោយខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកអភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ល្អប្រសើររបស់សហគមន៍បណ្ដាជនជាតិទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ