លក្ខណៈវិសេសវិសាលនៃផ្សារបសុសត្វធំបំផុតនៃតំបន់ព្រៃភ្នំភាគខាងជើងវៀតណាម
(VOVWORLD) - ចំពោះបណ្ដាជនជាតិនៅតាមខេត្តព្រៃភ្នំនានានៃប្រទេសវៀតណាម ផ្សារមិន ត្រឹមតែជាទីកន្លែងដើម្បីជួញដូរទំនិញប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែងពោរពេញ ទៅដោយអត្តសញ្ញាណវប្បធម៌ពិសេសដោយឡែកនៃតំបន់នីមួយៗទៀតផង។ ប្រសិនបើមកដល់ផ្សារក្របី Tra Linh ខេត្ត Cao Bang ម្ដងៗ លោកអ្នកនឹងមាន ចំណាប់អារម្មណ៍ថា ផ្សារនេះគឺជាទិវាបុណ្យមួយ ដែលប្រជាជនជួបជុំគ្នា ជួញដូរ សត្វគោ ក្របី ដើម្បីបម្រើការផលិតកសិកម្ម។
ទិដ្ឋភាពនៃផ្សារគោក្របី Tra Linh (រូបថត៖ VOV) |
ផ្សារ Tra Linh ស្រុក Hung Quoc ខេត្ត Cao Bang ប្រជុំនាថ្ងៃទី៤ ទី៩ ទី១៤ ទី១៩ ទី២៤និង ទី២៩ ជារៀងរាល់ខែតាមច័ន្ទគតិ។ នាថ្ងៃប្រជុំផ្សារ ចាប់តាំងពី ព្រឹកព្រលឹម មនុស្សយ៉ាងច្រើនកុះករមកពីគ្រប់ទិសទី ដឹកសត្វគោ សត្វក្របី និង ទំនិញ ឆ្ពោះទៅរកផ្សារ ក្នុងបរិយាកាសពោរពេញទៅដោយសូរសម្លេងសំណើច យ៉ាងសប្បាយក្រៃលែង។ ផ្សារ Tra Linh ត្រូវបានចាត់ទុកថា ជាផ្សារគោ ក្របីធំបំផុតនៃតំបន់ភាគខាងជើងវៀតណាម ព្រោះថា ពេលដែលប្រជុំផ្សារម្ដងៗ គេអាចជួញដូរបសុសត្វទាំង២ប្រភេទនេះឡើងដល់ទៅ១០០០ក្បាល។ ផ្សារនេះ ទាក់ទាញការចូលរួមរបស់ពាណិជ្ជករយ៉ាងច្រើនកុះករមកពីតំបន់ផ្សេងៗក្នុង ស្រុកនិងប្រទេសជិតខាង ដែលទៅទិញគោក្របីមកធ្វើស្រែ ឬដើម្បី យកសាច់ ឬ ក៏ជ្រើសរើសសត្វក្របីល្អប្រពៃដើម្បីចិញ្ចឹមទុកប្រជល់។ ផ្សារនេះក៏ជាទី កន្លែងដើម្បីអោយប្រជាជនជួបជួបជុំគ្នា ចែករំលែកបទពិសោធន៍ជួញដូរ ជ្រើសរើស ពូជសត្វ របៀបចិញ្ចឹម និងស្វែងយល់តម្លៃលើទីផ្សារ ផងដែរ។ លោក Nong Quoc Tuan ពលរដ្ឋម្នាក់នៅស្រុក Hung Quoc បានថ្លែងថា៖
“ខ្ញុំចូលរួមបាន៥ឆ្នាំហើយ ទិញបានសត្វ១០០ក្បាល ភាគច្រើនគឺសត្វគោ។ ខ្ញុំតែងតែជ្រើសរើសសត្វធំ ហើយអ្នកលក់ត្រូវតែជាអ្នកស្គាល់ទើបខ្ញុំទិញ”។
សត្វក្របីឈ្មោលធំមួយក្បាលត្រូវបានលក់ក្នុងតម្លៃពី៤០ទៅ៦០លានដុង ខណៈដែលកូនក្របីមានតម្លៃពី១៥ទៅ២០លានដុងមួយក្បាលតែប៉ុណ្ណោះ។ ក្របី ញីមានរូបរាងស្អាត (ឬមានផ្ទៃពោះ) មានតម្លៃពី៣០ទៅ៤០លានដុងមួយក្បាល។ លោក Nong Van Quang ពលរដ្ឋម្នាក់នៅទីរួមស្រុក Tra Linh បានចែករំលែកថា៖
“ប្រសិនបើទិញក្របីដើម្បីធ្វើស្រែគឺត្រូវជ្រើសរើសសត្វក្របីធំនិងខ្លាំង។ ទោះ បីជាវាមានតម្លៃថ្លៃបន្តិចក្ដី ប៉ុន្តែមិនខ្ជះខ្ជាយលុយទេ។ យើងចិញ្ចឹមវាដើម្បីភ្ជួរស្រែ ហើយមួយឆ្នាំក្រោយលក់ទៅ គឺនៅតែមានតម្លៃដដែល”។
ផ្សារបសុសត្វ Tra Linh មិនត្រឹមតែនាំមកនូវប្រាក់ចំណូលសម្រាប់ពាណិជ្ជ ករប៉ុណ្ណោះទេ ថែមទាំងសម្រាប់មនុស្សប្រកបរបរផ្សេងៗទៀតផង ដូចជារបរម៉ូតូ ឌូប របរប្ដូរលុយ របរលក់ចម្បើង ឬរបរងូតទឹកអោយគោក្របីជាដើម។ នាបច្ចុប្បន្ន ដោយសារតែតម្រូវការកាន់តែកើនឡើង ហេតុដូច្នេះហើយ ការប្រជុំផ្សារម្ដងៗ នឹងអូសបន្លាយពី២ទៅ៣ថ្ងៃ។ លោក Nguyen Xuan Luc នៅស្រុក Quynh Luu ខេត្ត Nghe An ភាគកណ្ដាលវៀតណាម បានដឹកជញ្ជូនហ្វូងក្របីចាប់ពីផ្ទះមក ដល់ផ្សារនេះ។ លោកបានថ្លែងថា៖
“លើកនេះខ្ញុំនាំទៅផ្សារហ្វុងក្របីចំនួន៣០ក្បាលដោយមានតម្លៃពី២០ទៅ ៥០លានដុងមួយក្បាល។ ទៅមួយលើករកបានចំណេញប្រមាណ១០លានដុង ហើយទៅ៦លើកក្នុងមួយខែគឺរកបាន ៦០លាន។ ក្របីទាំងនេះត្រូវបានគ្រួសារ ខ្ញុំចិញ្ចឹម ហើយពេលដែលត្រូវការប្រាក់ គឺខ្ញុំយកទៅលក់”។
ផ្សារនេះមិនត្រឹមតែជាទីកន្លែងដើម្បីជួញដូរគោក្របីប៉ុណ្ណោះទេ ថែមទាំង ជាឱកាសដើម្បីជនរួមជាតិនៃបណ្ដាជនជាតិមកជួបជុំគ្នា ផ្លាស់ប្ដូរទំនិញនិង កសិផលទៀតផង។ អាស្រ័យដោយមានលក្ខណៈវិសេសវិសាលនេះ ផ្សារគោ ក្របី Tra Linh តាំងពីយូរណាស់មកហើយបានក្លាយទៅជាគោលដៅទេសចរណ៍ គួរអោយចាប់អារម្មណ៍ចំពោះអ្នកណាដែលចង់ស្វែងយល់អំពីវប្បធម៌នៃតំបន់ ព្រៃភ្នំភាគពាយ័ព្យវៀតណាម៕