ល្បាក់ទឹក Lung Phinh – គោលដៅគួរឲ្យទាក់ទាញភ្ញៀវទេសចរនៅខេត្ត Lao Cai
(VOVWORLD) - ស្ថិតនៅកម្ពស់ប្រមាណ ១ ៩០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រនោះ ឃុំ Lung Phinh ស្រុក Bac Ha ខេត្ត Lao Cai មិនត្រឹមតែមានផ្សារណាត់ Lung Phinh ដ៏វិសេសវិសាល ភូមិស្រុករហោស្ថានដ៏សាមញ្ញាប៉ុណ្ណោះទេ ថែមទាំងមានល្បាក់ទឹកដ៏ស្រស់ស្អាត ដែលហូរធ្លាក់ពីព្រៃចំណាស់ទៀតផង។ ល្បាក់ទឹក Lung Phinh គឺជាគោលដៅថ្មីគួរឲ្យចាប់អារម្មណ៍ ដោយទាក់ទាញភ្ញៀវទេសចរអញ្ជើញមកទស្សនាផងដែរ។
ល្បាក់ទឹក Lung Phinh |
ធ្វើដំណើរពីទីក្រុង Lao Cai តាមបណ្ដោយផ្លូវជាតិលេខ 4D ភ្ញៀវទេសចរនឹងអញ្ជើញមកដល់ឃុំ Phong Nien ស្រុក Bao Thang ខេត្ត Lao Cai ។ បន្តធ្វើដំណើរតាមបណ្ដោយផ្លូវខេត្តលេខ ១៥៣ ឆ្លងកាត់ទីរួមស្រុក Bac Ha ប្រមាណ ១០ គីឡូម៉ែត្រទៀត ភ្ញៀវទេសចរនឹងមកដល់ឃុំ Lung Phinh។ ល្បាក់ទឹក Lung Phinh នៅភូមិ Ta Chai មានចម្ងាយប្រមាណ ៣ គីឡូម៉ែត្រពីមជ្ឈមណ្ឌលឃុំ Lung Phinh។ ធ្វើដំណើរពីផ្សារ Lung Phinh ឆ្លងកាត់ភូមិ Ta Chai លោកអ្នកបានឃើញជ្រោះថ្លាហូរពេញមួយឆ្នាំ។ នៅម្ខាងជ្រោះគឺជាវាលស្រែជម្រាលភ្នំ ហើយម្ខាងទៀតគឺជាតំបន់ព្រៃចំណាស់ខៀវត្រជុំត្រកាល។ តាមបណ្ដោយជ្រោះប្រមាណ ៥០០ ម៉ែត្រ លោកអ្នកនឹងមកដល់ល្បាក់ទឹក Lung Phinh។ ភ្ញៀវទេសចរម្នាក់បានសំណេះសំណាលថា៖ “ធ្វើដំណើរទៅកាន់ល្បាក់ទឹក Lung Phinh តាមភ្លឺស្រែម្ខាង ពិតជាងាយស្រួលណាស់។ ខ្ញុំកំពុងឈរលើកំពូលល្បាក់ទឹក ហើយត្រៀមចុះក្រោមល្បាក់ទឹកវិញ។ ទឹកនៅទីនេះពិតជាថ្លាណាស់។ ផ្ទៃកក៏ស្រស់ស្អាតផងដែរ។ រដូវទឹកឡើងមិនទាន់មកដល់ទេ ដូច្ចេះហើយទឹកនៅទីនេះនៅតែមិនទាន់ឡើងច្បើនឡើយ ដូច្នេះ យើងអាចមើលឃើញថ្មផុសចេញពីផ្ទៃទឹកជ្រោះ។ ល្បាក់ទឹកនេះពិតជាស្រស់ស្អាត និងរ៉ូម៉ង់ទិកមែនទែន”។
ល្បាក់ទឹក Lung Phinh គឺជាស្នាដៃល្អឯក ដែលធម្មជាតិបានប្រទានជូន ដោយមានកម្ពស់ត្រឹមតែ ១០ ម៉ែត្រ និងទទឹងប្រមាណ ៤០ ម៉ែត្រតែប៉ុណ្ណោះ។ ល្បាក់ទឹកនេះមានសម្រស់ស្រស់ស្អាតបំផុតនៅរដូវទឹកធ្លាក់ ពោលគឺនៅរដូវក្ដៅ និងសិសិរដូវ ខណៈពេលដែលភ្លៀងធ្លាក់ជោគជាំ ល្បាក់ទឹកបានបន្លឺសូរសម្លេង។ លោក Thao Seo Su អ្នកឃុំ Lung Phinh ម្នាក់បានឲ្យដឹងថា៖ លោកនិងក្រុមគ្រួសារបានមកលេងកម្សាន្ត ហើយថតរូបល្បាក់ទឹក Lung Phinh ដើម្បីបង្ហោះនៅលើ Facebook ក្រោយមកមានភ្ញៀវទេសចរជាច្រើនបានស្គាល់ដល់ ហើយមកលេងល្បាក់ទឹក Lung Phinh។ លោកបានសំណេះសំណាលថា៖ “ក្នុងពិធីបុណ្យទាននានា ភ្ញៀវទេសចរតែងតែមកទស្សនាល្បាក់ទឹក ជាពិសេសគឺក្នុងឱកាសទិវាបុណ្យឯកភាពជាតិ ទី ៣០ មេសា ទិវាពលកម្មអន្តរជាតិ ទី ១ ឧសភា និងបុណ្យជាតិ ថ្ងៃទី ២ កញ្ញា។ កាលពីមុនមានត្រឹមតែអ្នកស្រុក Bac Ha ទើបស្គាល់ដល់ល្បក់ទឹកនេះប៉ុណ្ណោះ ហើយប្រជាជនមកពីកន្លែងផ្សេងមិនសូវស្គាល់ដល់ឡើយ។ លើសពីនេះទៅទៀត ល្បាក់ទឹកក៏មានកន្លែងងូតទឹកផងដែរ”។
អញ្ជើញមកដល់ល្បាក់ទឹក Lung Phinh លោកអ្នកនឹងឃើញទេសភាពធម្មជាតិរហោស្ថាន ជាមួយសូរសំឡេងល្បាក់ទឹកហូរទាំងយប់ទាំងថ្ងៃ សម្លេងចាបយំក្នុងលំហរដ៏ស្រស់បំព្រង។ ល្បាក់ទឹក Lung Phinh ប្រៀបប្រដូចជាផ្ទាំងគំនូរដ៏ទាក់ទាញភ្ញៀវទេសចរ។ លោក Thao Seo Lu អ្នកឃុំ Lung Phinh ម្នាក់បានឲ្យដឹងថា៖ “ល្បាក់ទឹក Lung Phinh មានសក្តានុពលអភិវឌ្ឍន៍ទេសចរណ៍។ នារយៈពេលកន្លងទៅមានភ្ញៀវទេសចរមកពីគ្រប់ទិសទីអញ្ជើញមកទស្សនា។ ពួកគេបាននិយាយថា ល្បាក់ទឹកនេះពិតជាស្រស់ស្អាតណាស់។ នៅស្រុក Bac Ha មានល្បាក់ទឹកចំនួន ពី បី ប៉ុណ្ណោះ។ ដើម្បីទាញយកផលប្រយោជន៍សេដ្ឋកិច្ចនោះ នាពេលខាងមុខ បងប្អូនអ្នកភូមិគប្បីនាំយកផលិតផលទេសចរណ៍របស់ខ្លួនដូចជា៖ មាន់ ជ្រូក និងត្រី មកដាក់លក់នៅទីនេះ ហើយបើកអាហារដ្ឋាន ដើម្បីបម្រើតម្រូវការរបស់ភ្ញៀវទេសចរផងដែរ”។
ដោយមានទេសភាពធំមហិមានោះ ល្បាក់ទឹក Lung Phinh បានក្លាយទៅជាគោលដៅគួរឲ្យទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិមកទស្សនា ពិសោធន៍ នៅពេលមកដល់ឃុំ Lung Phinh ម្កងៗ។ អញ្ជើញមកទីនេះ ភ្ញៀវទេសចរមិនត្រឹមតែបានទៅផ្សារណាត់ Lung Phinh ប៉ុណ្ណោះទេ ថែមទាំងអាចស្វែងយល់អំពីទំនៀមទំលាប់របស់បងប្អូនបណ្ដាជនជាតិភាគតិច ឬគយគន់ទិដ្ឋភាពចំការផ្កា បាក់វីត (buckwheat) ដែលលាតសន្ធឹងលើជម្រាលភ្នំទៀតផង៕