វប្បធម៌និងស្ថាបត្យកម្មវិសេសវិសាលនៃតំបន់ Dong Van ខេត្ត Ha Giang
Lan Anh -  
(VOVWORLD) /  
VOVWORLD_អញ្ជើញមកទស្សនាខេត្ត Ha Giang ភូមិភាគខាងជើងវៀតណាម ភ្ញៀវ
ទេសចរនឹងបានគយគន់សោភ័ណភាពដ៏ស្រស់ស្អាតនៃផ្កាស្រូវសាឡីម្យ៉ាងដែលគេ
ហៅថាផ្កា Tam giac mach រួមជាមួយផ្កាស្បៃរឿងនិងផ្កាម៉ាក់ខៃ។ នៅទីនេះក៏មាន
សំណង់ស្ថាបត្យកម្មបុរាណល្បីឈ្មោះដូចជាគេហដ្ឋាននៃគ្រួសារត្រកូល Vuong និង
វិថីបុរាណ Dong Van ទៀតផង។
|
តំបន់ Dong Van ខេត្ត Ha Giang |
ចាប់ពីកណ្ដាលក្រុង Ha Giang ធ្វើដំណើរតាមផ្លូវជាតិលេខ៤C ឆ្លងកាត់ជ្រលង
ភ្នំ Can Ty ដ៏គ្រោះថ្នាក់ដោយម្ខាងជាជញ្ជាំងភ្នំម្ខាងទៀតជាជ្រលងជ្រៅភ្ញៀវ ទេសចរ
នឹងទៅដល់ទីរួមស្រុក Dong Van ជាកន្លែងដែលមានវិថីបុរាណល្បីឈ្មោះ។ ទីរួម
ស្រុកស្ថិតនៅលើតំបន់ខ្ពង់រាបថ្មដែលមានកំពស់ជាមធ្យមពី១០០០ដល់១៦០០
ម៉ែត្រប្រៀបនឹងនីវ៉ូទឹកសមុទ្រ។ នាដើមសតវត្សទី២០ខណៈដែលមណ្ឌលវិថីបុរាណ
នៃទីរួមស្រុក Dong Van ទើបនឹងបានកកើតឡើងនោះនៅទីនេះមានគ្រួសារជនជាតិ
Tay Hoa និង H’mong មួយចំនួនរស់នៅតែប៉ុណ្ណោះ។ នាឆ្នាំ១៩២០ ជនបារាំងបាន
រៀបចំគំរោងដោយផ្លាស់ប្ដូរស្ថាបត្យកម្មនិងកសាងទីរួមស្រុក Dong Van ក្លាយទៅជា
មណ្ឌលវិថីដ៏វិសេសវិសាលដោយប្រើសំភារៈសំណង់ជាថ្មបាយក្រៀម រួមជាមួយ
ជញ្ជាំងក្រាស់និងសសរធំធ្វើអំពីថ្មដ៏រឹងមាំ។ ចំណុចវិសេសវិសាលមួយទៀតគឺនៅពី
មុខផ្ទះនិមួយសុទ្ធតែមានព្យួរប្រទីពនៅពេលយប់ហាក់ដូចជាចង់បក់ផាត់ទៅភាព
ត្រជាក់ខ្លាំងនៅតំបន់ព្រៃភ្នំប៉ូលខាងជើងវៀតណាមនេះ។ ក្រៅពីផ្ទះធ្វើពីថ្មនានាក៏
មានបណ្ដាផ្ទះធ្វើអំពីដីផងដែរ។ តាមលោក Luong Huy Ngo ជាជនជាតិ Tay មួយរូប
រស់នៅ Dong Van បានឲ្យដឹងថា ត្រកូល Luong Huy ជាត្រកូលធំមួយនៅវិថីបុរាណ
នេះ។ នាបច្ចុប្បន្ន គ្រួសារនានាក្នុងត្រកូលរបស់លោកជាម្ចាស់នៃផ្ទះជាច្រើនខ្នង
នៅវិថីបុរាណហើយផ្ទះទាំងនេះនៅតែបានប្រើល្អ។ លោក Luong Huy Ngo ថ្លែងថា
“រស់នៅក្នុងផ្ទះនេះក្នុងរដូវក្ដៅគឺរហើយស្រួលណាស់ រីឯនៅអំឡុងពេលរដូវ
រងារវាកក់ក្ដៅទៅវិញ។ ជញ្ជាំងមានកម្រាស់ប្រមាណពី៦៥ដល់៨៥សង់ទីម៉ែត្រ។
ការកសាងផ្ទះប្រភេទនេះត្រូវការកម្មករ២ក្រុមដែលមួយក្រុមធ្វើការបង្ហាប់ដី មួយ
ក្រុមទៀតធ្វើគ្រឿងឈើ។ សសរពីមុនល្អណាស់ដោយបានធ្វើអំពីខ្លឹមឈើរីឯសសរ
នាសព្វថ្ងៃគ្រាន់តែធ្វើអំពីដើមឈើខ្ចីៗប៉ុណ្ណោះ។ រយៈពេលធ្វើផ្ទះដីនេះគឺប្រមាណ
មួយខែដោយត្រូវការជាងសំណង់ចំនួន៦នាក់។ គេយកដីឥដ្ឋមកបង្ហាប់ជាបាតនិង
ជញ្ជាំងផ្ទះ”។
|
តំបន់ Dong Van ខេត្ត Ha Giang |
ចាកចេញពីវិថីបុរាណ Dong Van ហើយបន្តធ្វើដំណើរចំងាយជាង១០០គីឡូ
ម៉ែត្រទៀតភ្ញៀវទេសចរនឹងទៅដល់កេតិ៍្តតំណែលគេហដ្ឋានគ្រួសារត្រកូល Vuong
ដែលមុននេះហៅថាស្ដេច Meo។ ធ្វើដំណើរលើផ្លូវលំមួយដែលម្ខាងជាជញ្ជាំងភ្នំម្ខាង
ទៀតជាច្រលងជ្រៅភ្ញៀវទេសចរអាចឃើញពីចំងាយនូវគេហដ្ឋានមួយដ៏ល្អប្រណិត
ស្ថិតនៅក្រោមម្លប់ដើមស្រល់ខៀវស្រងាត់។ សំណង់នេះមានផ្ទៃដី១២០០ម៉ែត្រ
ក្រឡាដោយមានភ្នំខ្ពស់ៗព័ទ្ធជំវិញ។ អ្នកស្រី Vuong Thi Cho ប្រកបរបរមគ្គុយ
ទេសទេសចរណ៍ជាចៅស្រីជំនាន់ទី៤របស់លោក Vuong Chinh Duc បានរៀបរាប់ថា
“នាគ្រានោះគេបានចំណាយប្រាក់ឥណ្ឌូចិនដែលជាកាក់ធ្វើអំពីប្រាក់សុទ្ធ
ចំនួន១៥ហ្មឺនកាកស្មើនឹង១៥០ពាន់លានដុងនាបច្ចុប្បន្នសំរាប់កសាងគេហដ្ឋាន
នេះ។ នោះជាប្រាក់ជួលជាងពូកែនិងស្ថាបត្យករ រីឯវត្ថុធាតុដើមបានមានស្រាប់នៅ
Dong Van ហើយដោយគ្រាន់តែចំណាយពេលនិងកំលាំងដើម្បីធ្វើអាជីវកម្មប៉ុណ្ណោះ
។ ជើងសសរថ្ម២នេះជានិមិត្តរូបនៃផ្លែពីរនៃដើមផ្កាអាភៀន។ ថ្មនេះមានតំលៃនៅ
ត្រង់ចំណុចវាបានស្រោបប្រាក់សុទ្ធដែលជើងសសរមួយមានតំលៃ៩០០លានដុង
នាសព្វថ្ងៃ”។
ល្វែងធំៗនៅកណ្ដាលគេហដ្ឋានគឺជាកន្លែងរស់នៅរបស់សេដ្ឋីត្រកូល Vuong ។
ក្រៅពីនោះក្នុងគេហដ្ឋាននៅមានល្វែងទទួលភ្ញៀវ ល្វែងជីវភាពរួមដែលបង្ហាញឲ្យ
ឃើញច្បាស់នូវវប្បធម៌របស់ជនរួមជាតិជនជាតិ H’mong នៅតំបន់ខ្ពង់រាបថ្មនេះ។
ក្នុងនោះមានឡកំដៅ អាងហែលទឹក នឹងអាងមុជទឹកដោះពពែដែលបានដាប់ពីថ្ម
មួយផ្ទាំងដ៏ធំ។ ដោយសារស្ថានភាពសង្គមស្មុកស្មាញនាសម័យសកិ្តភូមិនៅតំបន់
ពាយ័ព្យនាគ្រានោះលោក Vuong បានសាងសង់គេហដ្ឋានរបស់ខ្លួនដូចជាកំពែង
មួយ។ នៅខាងក្រៅលោកសាងសង់ជញ្ជាំងយ៉ាងខ្ពស់ហើយពីលើបន្ទប់ធំចំនួន៣
នៃគេហដ្ឋានមានកសាងប៉មយាមពីថ្មដ៏រឹងមាំ។ នៅខាងក្រោយផ្ទះមានកសាងអាង
ស្ដុកទឹកភ្លៀងធំមួយហើយក៏ធ្វើពីថ្មដែរ។ រចនាបទស្ថាបត្យកម្មនិងប្រវតិ្តសាស្រ្តនៃ
កេតិ៍្តតំណែលនេះបានទាក់ទាញភ្ញៀវទេសចរមកទស្សនាកាន់តែច្រើនឡើងៗពី
មួយថ្ងៃទៅមួយថ្ងៃ។ អ្នកស្រី Vuong Thi Cho ឲ្យដឹងថា
“ក្រោយពីពេលខ្ពង់រាបថ្ម Dong Van ត្រូវបានទទួលស្គាល់ជាឧទ្យាន
ភូគព្ភសាស្រ្តសកលមកគឺភ្ញៀវទេសចរមកទស្សនាច្រើនជាងមុន។ មានពិធីបុណ្យ
ខ្លះចំនួនភ្ញៀវមកទស្សនាឡើងដល់ទៅ១០០០នាក់។ រីឯជាធម្មតាក្នុងមួយខែមាន
ភ្ញៀវប្រមាណ៣០០០នាក់។ ចាប់ផ្ដើមពីខែកញ្ញាភ្ញៀវទេសចរបរទេសមកច្រើន
ណាស់”។
រួមជាមួយវិថីបុរាណ Dong Van គេហដ្ឋានគ្រួសារត្រកូល Vuong មួយនេះបានក្លាយ
ទៅជារមនីយដ្ឋានមកទស្សនាដែលមិនអាចរំលងបានចំពោះភ្ញៀវទេសចរក្នុងដំណើរ
ការស្វែងយល់ទឹកដីនិងមនុស្ស Ha Giang ព្រោះទាំងអស់នោះជាអត្តសញ្ញាណនិង
លក្ខណៈវិសេសវិសាលនៃតំបន់ខ្ពង់រាបថ្មនេះ៕
Lan Anh
-VOVWORLD