វិហារ Khuc Thua Du - កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិនៃខេត្ត Hai Duong
(VOVWORLD) - វីរៈបុរសជាតិKhuc Thua Du នៅភូមិ Cuc Bo ឃុំ Kien Quoc ជារមណីយដ្ឋានដ៏ស្អាតមួយនៃខេត្ត Hai Duong។ តំបន់កេរ្តិ៍ដំណែលវិហារ Khuc Thua Du ត្រូវបានរដ្ឋទទួលស្គាល់ជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រថ្នាក់ជាតិ ដោយ សារតែនៅទីនេះជាសំណង់មួយដែលមានអត្ថន័យខាងប្រវត្តិសាស្ត្រ វប្បធម៌ ព្រម ទាំងជានិមិត្តរូបនៃប្រពៃណី “ផឹកទឹកនឹកដល់ប្រភពដើម” របស់ប្រជាជាតិវៀតណាម ផងដែរ។
វិហារ Khuc Thua Du (រូបថត៖dulichhaiduong.vn) |
Khuc Thua Du ជាវីរបុរសម្នាក់ក្នុងចំណោមវីរជនប្រជាជាតិដែលមានគុណ បំណាច់ស្ថាបនាប្រទេសជាតិកាលពីសតវត្សទី១០។ ជាឧកញ៉ាម្នាក់នៃតំបន់ Hong Chau ដែលបច្ចុប្បន្ននេះគឺភូមិ Cuc Bo ឃុំ Kien Quoc នោះ Khuc Thua Du បានកសាងឡើងគ្រឹះស្ថានដើមដំបូងសម្រាប់បុព្វហេតុតស៊ូដណ្ដើមឯករាជ្យ របស់ប្រទេសជាតិ ហើយបញ្ចប់នឹមត្រួតត្រានៃរបបសក្តិភូមិភាគខាងជើងក្នុង ប៉ុន្មានឆ្នាំដើមសតវត្សទី១០។ កូននិងចៅរបស់លោកគឺ Khuc Hao និង Khuc Thua My បន្តបុព្វហេតុរបស់ដូនតា ដោយពង្រឹងខឿនឯករាជ្យនិងអនុវត្តន៍ការ គ្រប់គ្រងអាជ្ញាធរទៅថ្នាក់ភូមិឃុំ។
នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ៩០៧ លោក Khuc Thua Du បានទទួលមរណ ភាព។ ដើម្បីរំលឹកគុណូបការៈរបស់វីរជនប្រជាជាតិ Khuc Thua Du ប្រជាជន នៅតំបន់ Hong Chau បានរួមគ្នាកសាងសាលាភូមិ Cuc Bo នៅលើផ្ទៃដីធំ ទូលាយនៅប៉ែកខាងត្បូងភូមិ។ នាឆ្នាំ២០០៥ ខេត្ត Hai Duong បានកសាងវិហារ Cuc Bo ដែលជាទីធ្វើសក្ការៈបូជាវីរជនត្រកូល Khuc ទាំង៣រូបនោះគឺ Khuc Thua Du Khuc Hao និង Khuc Thua Du នៅក្បែរសាលាភូមិបុរាណ Cuc Bo។ សំណង់នេះមានទំហំសរុបប្រមាណជាង៥៧ពាន់ម៉ែត្រការ៉េ ដោយប្រើប្រាស់ វត្ថុធាតុដើមស្នូលចំនួន៣រួមមាន៖ ថ្មខៀវ ឈើ និងសំរិទ្ធ។ វិហារនេះមានស្ថាបត្យ កម្មដ៏វិសេសវិសាល ដោយមានសំណង់វប្បធម៌សិល្បៈជាច្រើនដែលត្រូវបាន កសាងតាមបែបប្រពៃណី។ លោក Bui Quang Trieu អ្នកមើលថែវិហារ Khuc Thua Du បានអោយដឹងថា៖
“នេះជាទីកន្លែងអប់រំប្រពៃណីរបស់ប្រជាជាតិ។ នាពេលភ្ញៀវទេសចរពីគ្រប់ ទិសទីមកដល់ទីនេះម្ដងៗ គេនឹងបានស្ដាប់ការឧទ្ទេសនាមអំពីប្រវត្តិសាស្ត្រនិង ប្រពៃណីស្ថាបនាប្រទេសជាតិរបស់ជីដូនជីតា”។
រូបបដិមារវីរបុរសជាតិ Khuc Thua Du (រូបថត៖ dulichhaiduong.vn) |
ប្រសិនបើមកទស្សនាវិហារ Khuc Thua Du លោកអ្នកនឹងបានសម្របខ្លួន ចូលក្នុងបរិយាកាសដ៏ពិសិដ្ឋគួរអោយចាប់អារម្មណ៍។ សម្រស់ឆើតឆាយនៃបរិវេណ វិហារនេះគឺជាការឆ្លុះបញ្ចាំងយ៉ាងសក្ដិសមចំពោះឋានៈរបស់វីរជនម្នាក់ដែលមានគុណបំណាច់បង្កើតឡើងខឿនឯករាជ្យដើមដំបូងរបស់ប្រទេសជាតិ។ ស្ថាបត្យ កម្មក្នុងវិហារត្រូវបានរៀបចំយ៉ាងសមសួន ដោយមានការគួបផ្សំរវាងវត្ថុធាតុដើម ជាច្រើនប្រភេទ ជាពិសេសគឺរូបចម្លាក់ពីឈើនិងថ្មដ៏វិសេសវិសាលដូចជា នាគថ្ម ផ្កាឈូក និងសត្វសាកសិទ្ធិទាំង៤ ជាដើម។ សិប្បករនានាបានប្រើប្រាស់បាតដៃ ប៉ិនប្រសពនិងបញ្ញាឆ្លាតវៃរបស់ខ្លួនដើម្បីប្រសូត្រឡើងស្នាដៃសិល្បៈពិសេស ទាំងនេះ ព្រមទាំងក៏ជានិមិត្តរូបនៃកម្លាំងនិងសិទ្ធិអំណាច ដើម្បីបង្ហាញនូវឋានៈនិងគុណ បំណាច់របស់ត្រកូល Khuc ចំពោះជោគវាសនាប្រទេសជាតិផងដែរ។
នៅក្នុងវិហារ Khuc Thua Du ក៏មានគំនូរសិល្បៈដោយចំណងជើងថា “បទចម្រៀងសុខសាន្តត្រាណ” ដែលពិពណ៌នាជីវភាពរស់នៅដ៏សប្បាយរីករាយ របស់ប្រជាជនក្រោមឯករាជ្យភាព។ ខ្លឹមសារនេះគំនូរនេះក៏ជាការឆ្លុះបញ្ចាំង នៃបំណងប្រាថ្នាអំពីសុខសន្តិភាព ស្ថិរភាពនិងវិបុលភាពរបស់ប្រជាជាតិវៀត ណាមផងដែរ។ លោក Pham Viet San ថ្នាក់ដឹកនាំឃុំ Kien Quoc ស្រុក Ninh Giang បានអោយដឹងថា៖
“នាពេលកន្លងទៅ ឃុំបានរៀបចំសកម្មភាពជាច្រើនដើម្បីផ្សព្វផ្សាយអំពី វិហារ Khuc Thua Du ។ ចាប់តាំងពីការបើកសម្ពោធកាលពីឆ្នាំ២០០៩មក ជា រៀងរាល់ឆ្នាំមានភ្ញៀវទាំងជាតិនិងអន្តរជាតិចំនួន២ពាន់នាក់មកទស្សនាវិហារ Khuc Thua Du នេះ”។
វិហារ Khuc Thua Du ជាសំណង់ដ៏មានអត្ថន័យមួយដែលលើកតម្កើងគុណ បំណាច់ដ៏ធំធេងរបស់វីរជនប្រជាជាតិនៃត្រកូល Khuc។ រួមជាមួយអត្ថន័យខាង វប្បធម៌វិញ្ញាណនិងទេសចរណ៍ វិហារ Khuc Thua Du ក៏ជារមណីយដ្ឋានគួរអោយ ទាក់ទាញនៅខេត្ត Hai Duong ដែលរួមចំណែកអប់រំប្រពៃណីស្នេហាជាតិ និង មោទនភាពជាតិសម្រាប់ជំនាន់ក្រោយៗផងដែរ៕