ស្រុក Tay Giang ខេត្ត Quang Nam - គោលដៅទាក់ទាញរបស់ភ្ញៀវទេសចរ
(VOVWORLD) - ស្រុក Tay Giang ខេត្ត Quang Nam ត្រូវបានវាយតម្លៃថាមានសក្ដានុពលដើម្បីអភិវឌ្ឍន៍ទេសចរណ៍បៃតង និងទេសចរណ៍សហគមន៍។ ជាមួយនឹងលក្ខណៈវប្បធម៌ពោរពេញទៅដោយអត្តសញ្ញាណរបស់បងប្អូនបណ្ដាជនជាតិភាគតិច អាកាសធាតុត្រជាក់ស្រួល រម្មណីយដ្ឋានជាច្រើន និងម្លប់ព្រៃឈើខ្ពស់ស្រឡះនោះ ស្រុក Tay Giang បានក្លាយទៅជាគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។
បន្ទាប់ពីបើកសកម្មភាពទេសចរណ៍ឡើងវិញ ភ្ញៀវទេសចរក្នុងស្រុក និងបរទេសរាប់ពាន់នាក់បានមកលេងស្រុក Tay Giang (រូបថត៖ VOV) |
ដោយបានប្រៀបប្រដូចជា Da Lat, Sapa នៃតំបន់ភាគកណ្តាលនោះ Tay Giang ត្រូវបានគេស្គាល់ថាជាស្រុកព្រៃភ្នំមួយនៅខេត្ត Quang Nam ដែលមានចំងាយត្រឹមតែ ១២០ គីឡូម៉ែត្រ ពី Da Nang - Hoi An ហើយស្ថិតនៅលើកំពូលជួរភ្នំ Truong Son នៃរឿងព្រេងនិទាន ដែលជាកន្លែងមានភ្នំពពកអ័ព្ទ ផ្សែងផ្ទះបាយ និងខ្យល់ដង្ហើមរបស់មនុស្សបានរួមបញ្ចូលគ្នាដើម្បីបង្កើតសម្រស់ដ៏រហោស្ថាន ស្រស់បំព្រងទាក់ទាញចិត្តមនុស្ស។ ព្រៃឈើបេតិកភណ្ឌ Po mu, Do Quyen និងព្រៃផ្ចឹក រួមទាំងវប្បធម៌ជនជាតិដ៏វិសេសវិសាលរបស់ជនរួមជាតិ Co Tu បានបង្កើតភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍អញ្ជើញមកទស្សនា Tay Giang។ ក្រោយពីបើកសកម្មភាពទេសចរណ៍ឡើងវិញ ភ្ញៀវទេសចររាប់ពាន់នាក់ទាំងជាតិ និងអន្តរជាតិបានអញ្ជើញមកស្រុកព្រៃភ្នំនេះដើម្បីឆ្លងពិសោធន៍ទេសចរណ៍បៃតង។
ជនរួមជាតិ Co Tu នៅស្រុកព្រៃភ្នំ Tay Giang ខេត្ត Quang Nam មានមោទនភាពចំពោះធនធានព្រៃឈើ និងវប្បធម៌ជនជាតិ ដោយចាត់ទុកថាជា “កំណប់ទ្រព្យនៅតំបន់ព្រៃភ្នំ”។ យោងតាមលោកបណ្ឌិត Vu Ngoc Long អតីតប្រធានវិទ្យាស្ថានបរិស្ថានវិទ្យាភាគខាងត្បូងបានឲ្យដឹងថា ស្រុក Tay Giang មានគុណសម្បត្តិជាច្រើនដើម្បីអភិវឌ្ឍន៍ទេសចរណ៍សហគមន៍ដោយផ្អែកលើព្រៃឈើធម្មជាតិដ៏កម្រនៅលើជួរភ្នំ Truong Son រួមជាមួយនឹងវប្បធម៌ភូមិជាមួយ លក្ខណៈសហគមន៍យ៉ាងច្បាស់លាស់របស់ជនរួមជាតិ Co Tu ។ លោក Vu Ngoc Long បានចាត់ទុកថា ប្រសិនបើទទួលបានការវិនិយោគ ធ្វើអាជីវកម្ម និងអភិរក្សក្នុងទិសដៅត្រឹមត្រូវនោះ កន្លែងនេះនឹងបង្កើតគោលដៅទេសចរណ៍ដ៏វិសេសវិសាលនៅតំបន់ Truong Son ភូមិភាគភាគកណ្តាល៖ “គំនិតផ្ដូចផ្ដើមបង្កើតព្រៃឈើបេតិកភណ្ឌ ដើម្បីបើកផ្លូវអភិវឌ្ឍន៍ឲ្យក្លាយទៅជាតំបន់ទេសចរណ៍សហគមន៍ ព្រមទាំងក្លាយទៅជាទីកន្លែងទាក់ទាញចំណាប់អារម្មណ៍របស់មិត្តភក្តិមកពីគ្រប់ទិសទី។ ទន្ទឹមនឹងនេះ យើងក៏ចាំបាច់ត្រូវវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសម្រាប់កន្លែងនេះ ដើម្បីអភិវឌ្ឍតំបន់បេតិកភណ្ឌ Pơ mu នេះ ឲ្យក្លាយទៅជាកន្លែងសិក្សារៀនសូត្រ និងពង្រីកអំពីព្រៃឈើត្រូពិក និងតម្លៃអភិរក្សធម្មជាតិផងដែរ”។
អញ្ជើញមក Tay Giang ភ្ញៀវទេសចរណ៍អាចទៅទស្សនាច្រកឋានសួគ៌ Azứt ស្ថិតនៅតំបន់ព្រំដែនវៀតណាម - ឡាវ ដែលមានភាពស្រស់ស្អាតដូចសុបិន ជាមួយនឹងរូងភ្នំអាថ៌កំបាំង។ កន្លែងនេះមានក្លោងទ្វារថ្មកំបោរយក្សតភ្ជាប់ទួលដីទាំងពីរ បង្កើតជាក្លោងទ្វារមួយ។ ហើយចេញពីក្លោងទ្វារ ភ្ញៀវទេសចរអាចដើរចូលទៅខាងក្នុងបានមាណ ៣០ នាទី ហើយនឹងជួបប្រទះល្អាងមួយមានរូងភ្នំតូចធំជាច្រើនដែលបង្កើតឡើងដោយទឹកហូររាប់ពាន់ឆ្នាំ ជាមួយនឹងថ្មកែវស្អាតៗជាច្រើន ហើយកន្លែងនេះក៏មានល្បាក់ទឹក និងទឹកជ្រោះដ៏ត្រជាក់ជាច្រើន ដោយទាក់ទាញភ្ញៀវទេសចរជាច្រើនអញ្ជើញមកស្វែងយល់។
នាពេលថ្មីៗនេះ នៅស្រុកព្រៃភ្នំ Dong Giang ខេត្ត Quang Nam តំបន់អេកូទេសចរណ៍ច្រកទ្វារឋានសួគ៌ Dong Giang ដែលជាគម្រោងទេសចរណ៍ទ្រង់ទ្រាយធំបំផុតបានវិនិយោគនៅតំបន់ភ្នំ Quang Nam ត្រូវបានដាក់ឱ្យដំណើរការ។ លោក Nguyen Van Luom ប្រធានគណៈកម្មាធិការប្រជាជនស្រុក Tay Giang ខេត្ត Quang Nam បានឲ្យដឹងថា៖ “កម្លាំងចលករដើមដំបូង ដែលយើងខ្ញុំចង់បានគឺប្រព័ន្ធផ្លូវគមនាគមន៍តភ្ជាប់ ព្រោះថានាបច្ចុប្បន្បន្ននេះផ្លូវថ្នល់សម្រាប់ធ្វើដំណើរមានការលំបាកខ្លាំងណាស់។ ប្រសិនបើប្រព័ន្ធផ្លូវគមនាគមន៍តភ្ជាប់ទៅកាន់ស្រុក Tay Giang ត្រូវបានកែលំអ រួមជាមួយនឹងការបង្កើតតំបន់អេកូទេសចរណ៍ច្រកទ្វារមេយ Dong Giang នោះ ខ្ញុំសង្ឃឹមថាសក្តានុពលទេសចរណ៍របស់ស្រុក Tay Giang នឹងកាន់តែអភិវឌ្ឍន៍នាពេលខាងមុខឆាប់ៗនេះផងដែរ”។
វប្បធម៌ជនជាតិដើមភាគតិចដ៏វិសេសវិសាលរបស់ជនជាតិ Co Tu តែងតែទាក់ទាញភ្ញៀវទេសចរ (រូបថត៖ VOV) |
តាមរយៈបណ្ដាព្រឹត្តិការណ៍ឆ្នាំទេសចរណ៍ជាតិ ២០២២ កន្លងទៅ ខេត្ត Quang Nam បានឧទ្ទេសនាមអំពីផលិតផលទេសចរណ៍បៃតងជាច្រើន ដែលផ្សារភ្ជាប់ជាមួយការអភិរក្សវប្បធម៌ជនជាតិនៅតំបន់ព្រៃភ្នំភាគខាងលិច។ លោក Le Tri Thanh ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Nam បានឲ្យដឹងថា៖ “បណ្ដាគម្រោងវិនិយោគនៅតំបន់ព្រៃភ្នំ ជាពិសេសគឺការវិនិយោគអភិវឌ្ឍន៍វិស័យទេសចរណ៍ គឺសុទ្ធតែត្រូវបានវាយតម្លៃ យ៉ាងយកចិត្តទុកដាក់អំពីផលប៉ះពាល់ដល់បរិស្ថានជុំវិញ ជាពិសេសគឺផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីព្រៃឈើ។ មិនចាប់យកគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលប៉ះពាល់ដល់បរិស្ថានព្រៃឈើឡើយ។ យើងខ្ញុំបានទាក់ទាញវិនិយោគិនធំៗ ដែលមានការយល់ដឹងអំពីការទាញយកតម្លៃអេកូឡូស៊ី វប្បធម៌ និងប្រវត្តិសាស្រ្ត។ ការងារនេះតម្រូវឲ្យមានការខិតខំប្រឹងប្រែង ចក្ខុវិស័យ និង ទំនួលខុសត្រូវដ៏ធំធេងផងដែរ”។
ជាពិសេសនៅពេលមកទស្សនាស្រុក Tay Giang ភ្ញៀវទេសចរនឹងបានបរិភោគម្ហូបអាហារអាំងក្នុងបំពង់ឬស្សី ដូចជា មាន់អាំង សាច់ជ្រូកអាំង បាយក្រឡាន នៅក្បែរចង្ក្រានភ្លើងក្រហមជាមួយស្នូរសម្លេងដ៏ពិរោះរណ្ដំ នៃចង្វាក់ចម្រៀងរាំ ព្រមទាំងស្នូរសំឡេងគងឃ្មោះដ៏រស់រវើកនៅទូទាំងតំបន់ព្រៃភ្នំផងដែរ៕