អញ្ជើញទៅទស្សនាសួនឧទ្យានកុក Bang Lang នៅទីក្រុង Can Tho

(VOVWORLD) - ទីក្រុង Can Tho - មជ្ឈមណ្ឌលនៃតំបន់ដីសណ្ដទន្លេ Cuu Long ហើយក៏ជាទីកន្លែង ដ៏ល្បីឈ្មោះដោយសារនៅទីនេះមានទេសភាពធម្មជាតិដ៏ស្រស់បំព្រង ជាមួយវាល ស្រូវខៀវស្រងាត់ដែលលាតសន្ធឹងរហូតដល់ជើងមេឃនិងសួនឧទ្យានដំណាំហូបផ្លែរីកលូតលាស់យ៉ាងត្រសុំត្រសាយផងដែរ។ ទេសភាពធម្មជាតិនៅទីនេះកាន់តែស្អាតនិង សុខសាន្តត្រាណ ថែមទៀត នាពេលលោកអ្នកបានគយគន់ទស្សនីយភាពហ្វូង កុកហោះ ហើរពេញផ្ទៃមេឃនៅសួនឧទ្យានកុក Bang Lang ដែលជាសួនឧទ្យានបក្សីដ៏ វិសេសវិសាលបំផុតនៅតំបន់ប៉ែកខាងលិចភូមិភាគខាងត្បូងវៀត ណាម។
អញ្ជើញទៅទស្សនាសួនឧទ្យានកុក Bang Lang នៅទីក្រុង Can Tho - ảnh 1 សួនឧទ្យានកុក Bang Lang 


 
សួនឧទ្យានកុក Bang Lang ស្ថិតនៅភូមិ Thoi Binh ឃុំ Thoi Thuan ស្រុក Thot Not ដែលមានចម្ងាយប្រមាណ៦០គីឡូម៉ែត្រពីទីក្រុង Can Tho។ នេះជាសួនឧទ្យាន បក្សីមួយក្នុងចំណោមសួនឧទ្យានបក្សីធំបំផុតនៅតំបន់ដីសណ្ដទន្លេ Cuu Long។ ដើម្បី ទៅកាន់សួនឧទ្យានកុក Bang Lang លោកអ្នកអាចដើរតាមផ្លូវគោកដែលពោរពេញទៅ ដោយម្លប់ដើមឫស្សីនៅសង្ខាងផ្លូវ។ ប៉ុន្តែ ប្រសិនបើលោកអ្នកទៅក្នុងនិទាឃរដូវ គឺលោកអ្នកនឹងជិះទូកចូលសួនឧទ្យានកុក ហើយបានទស្សនាផ្កាឥន្ទនេលពណ៌ស្វាយ រីកស្គុះស្គាយនៅតាមមាត់ទន្លេ ដែលធ្វើអោយទេសភាពកាន់តែរ៉ូម៉ង់តិច។ មើលពីចម្ងាយ យើងអាចឃើញសួនឧទ្យានកុកធំល្វឹងល្វើយដោយមានសូរសម្លេងកុកយំយ៉ាងត្រហឹងអើងកង។ ម្ចាស់សួនឧទ្យានកុកនេះគឺលោក Nguyen Ngoc Thuyen ដែលអ្នកភូមិតែងតែ ហៅថា លោក Bay Thuyen។ លោក Bay Thuyen បានសំណេះសំណាលថា៖

        “សួនឧទ្យានកុកនេះត្រូវបានប្រសូត្រឡើងចាប់តាំងពីឆ្នាំ១៩៨៣។ នាគ្រាដំបូង មានកុកតែរាប់រយក្បាលប៉ុណ្ណោះ ប៉ុន្តែដល់ឆ្នាំ១៩៩២ ពពួកកុកមកកាន់តែច្រើនពី មួយថ្ងៃទៅមួយថ្ងៃ ដូច្នេះបានជាខ្ញុំត្រូវដាំឈើបន្ថែមទៀតដើម្បីអោយកុកទំនិង ផ្ដល់កំណើត។ ដល់ខែមេសាឆ្នាំ១៩៩៧ ភ្ញៀវទេសចរចាប់ផ្ដើមមកទស្សនានៅ ទីនេះ។ ខ្ញុំគិតថា នេះជាតំបន់ដែនដីដែលមានលក្ខណៈអំណោយ ផលនៃខេត្ត Can Tho ដូច្នេះហើយហ្វូងកុកមករស់នៅទីនេះយ៉ាងច្រើនលើសលុប។ នេះជា ធនធានធម្មជាតិ ជាទ្រព្យសម្បត្តិជាតិ មិនមែនរបស់អ្នកណាមួយឡើយ។ ប្រសិនបើពួកុកមកដល់តំបន់ដែនដីរបស់យើងគឺយើងមានការទទួលខុសត្រូវថែ រក្សានិងអភិរក្សវា”។

        រហូតដល់ពេលនេះ សួនឧទ្យានកុករបស់លោក Bay Thuyen មានទំហំចំនួន១២ ពាន់៥រយម៉ែត្រការ៉េ ដោយមានបរិមាណកុកឡើងដល់ទៅ២សែនក្បាលហើយ។ នៅទីនេះមានកុកជាង២០ប្រភេទ រួមជាមួយបក្សីទឹកជាច្រើនប្រភេទផ្សេងៗ ទៀត ផង។ ដើម្បីអាចគយគន់ទស្សនីយភាពដ៏ស្រស់ស្អាតដែលមិនអាចបំភ្លេចបាន ឡើយ ភ្ញៀវទេសចរគប្បីមកដល់សួនឧទ្យានក្នុងចន្លោះពីវេលាម៉ោង៦ដល់វេលាម៉ោង៧ ព្រឹក ជាពេលដែលហ្វូងកុកហោះហើរទៅរកស៊ី ឬនាវេលាម៉ោង៥ល្ងាច ជាពេល ដែលហ្វូងកុកហោះហើរវិលត្រឡប់រកទ្រនំវិញ។

អញ្ជើញទៅទស្សនាសួនឧទ្យានកុក Bang Lang នៅទីក្រុង Can Tho - ảnh 2ភ្ញៀវទេសចរមកទស្សនា 

        ដើម្បីអភិរក្សហ្វូងកុកនេះ ក្នុងអំឡុងពេលរាប់សិបឆ្នាំ លោក Bay Thuyen បានចំណាយកម្លាំងនិងទឹកប្រាក់ជាច្រើន។ នាបច្ចុប្បន្ន លោក Bay Thuyen ត្រូវ បានគេប្រសិទ្ធនាមថា “អ្នកជំនាញ កុក” នៅតំបន់ភាគខាងត្បូង អាស្រ័យដោយ មានចំណេះដឹងក៏ដូចជាបទពិសោធន៍ជាក់ស្ដែងដ៏ទូលំទូលាយអំពីកុក។ លោក បានស្វែងយល់អំពីទំនៀមទំលាប់ របៀបរកស៊ី និងផ្ដល់កំណើតរបស់សត្វកុក គ្រប់ប្រភេទ។ នារដូវរីងស្ងួត កុកខ្វះចំណី លោកត្រូវជីកស្រះទឹកចិញ្ចឹមត្រី ដើម្បី មានចំណីបម្រុងសម្រាប់បក្សីក្នុងសួនឧទ្យាន។ ហើយមានពេលខ្លះៗ ដែលកុកមកដល់ កាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ លោកត្រូវដាំដើមឈើនិងឫស្សីបន្ថែមទៀត ដើម្បីអោយកុកមានកន្លែងផ្ដល់កំណើត ផងដែរ។ លោក Bay Thuyen បានរៀបរាប់ថា៖

        “កាលពីឆ្នាំ២០១១ ទឹកជំនន់ធំមួយបណ្ដាលអោយដើមឈើងាប់ជាច្រើន អញ្ចឹងខ្ញុំត្រូវដាំឡើងវិញ។ ជារៀងរាល់ថ្ងៃ ខ្ញុំទៅមើលសួនឧទ្យាន ហើយដាំដើមឈើ បន្ថែមទៀត។ ពេលណាដែលមានកុក រងរបួស ហើយធ្លាក់ចុះ គឺខ្ញុំត្រូវយកមកផ្ទះ ដើម្បីថែទាំដល់ពេលណាវាសេះស្បើយទើបដោះលែងមក សួនឧទ្យានវិញ”។

        អាស្រ័យដោយមានកិច្ចខិតខំប្រឹងប្រែងថែទាំហ្វូងកុករបស់លោក Bay Thuyen នាសព្វថ្ងៃ សួនឧទ្យានកុក Bang Lang នៅស្រុក Thot Not ខេត្ត Can Tho ត្រូវបានចាត់ទុកថា ជាសួនឧទ្យានបក្សីស្អាតបំផុតនៅតំបន់ប៉ែកខាងលិចភូមិភាគខាង ត្បូង។ សួនឧទ្យានកុក Bang Lang ទាក់ទាញភ្ញៀវទេសចរនិងអ្នកស្រាវជ្រាវមកទស្សនា យ៉ាងច្រើនកុះករជារៀងរាល់ថ្ងៃ។ ទីនេះជាអាស័យដ្ឋានមួយក្នុងចំណោមអាស័យ ដ្ឋានអេកូឡូស៊ីគួរអោយចាប់អារម្មណ៍បំផុតចំពោះភ្ញៀវទេសចរទាំងជាតិនិង អន្តរជាតិនាពេលមកដល់ Can Tho ម្ដងៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ