អញ្ជើញទៅវត្តបុរាណនៅទឹកដី Thanh Dong នាដើមនិទាឃដូវ
(VOVWORLD) - នៅពេលនិទាឃរដូវមកដល់ម្ដងៗនោះ ប្រជាជនវៀតណាមតែងតែទៅវត្តអារាមដើម្បីបួងសួងសុំសេចក្តីសុខ សំណាងល្អ និងបំណងប្រាថ្នាចង់អំពីប្រការដ៏ល្អប្រពៃបំផុតក្នុងឆ្នាំថ្មី។ ក្នុងឱកាសដើមនិទាឃរដូវ សូមអញ្ជើញប្រិយមិត្តទៅទស្សនាវត្តDong Ngo នៅទីក្រុង Hai Duong ដែលជាវត្តបុរាណបំផុត ក្នុងចំណោមវត្តអារាមបរុមបុរាណនៅទឹកដី Thanh Dong ។
វត្ត Dong Ngo ស្ថិតនៅភូមិ Cap Nhat សង្កាត់ Tien Tien ទីក្រុង Hai Duong |
វត្ត Dong Ngo ស្ថិតនៅភូមិ Cap Nhat សង្កាត់ Tien Tien ទីក្រុង Hai Duong។ ព្រះសង្ឃ Khuong Viet បានសាងសង់វត្តនៅឆ្នាំ ៩៧១ តាមព្រះរាជបញ្ជារបស់ស្តេច Dinh Tien Hoang។ អ្នកភូមិតែងតែហៅថា វត្ត Cap Nhat តាមឈ្មោះភូមិនៅទីនោះ។ វត្តត្រូវបានជួសជុលកែលម្អជាច្រើនដងក្នុងរជ្ជកាលស្ដេច Ly, Tran, Le និង Nguyen ហើយបច្ចុប្បន្ននេះត្រូវបានទទួលស្គាល់ជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ-វប្បធម៌ជាតិ។
ប្រាង្គ Cuu Pham Lien Hoa (ប្រាង្គផ្កាឈូក ៩ ជាន់)ដែលមានអាយុកាលជាង ៣២០ ឆ្នាំ គឺជាវណ្ណកម្មសិល្បៈដ៏មានតម្លៃ និងចំណាស់បំផុតនៅវត្ត Dong Ngo ។ សំណង់នេះមិនត្រឹមតែជាព្រះគម្ពីរពុទ្ធសាសនា ដែលជួយសង្រ្គោះមនុស្សជាតិប៉ុណ្ណោះទេ ថែមទាំងជាវណ្ណកម្មសិល្បៈស្ថាបត្យកម្មប្រជាប្រិយ ដ៏ល្អប្រណិត។ នាបច្ចុប្បន្ន នៅវៀតណាម មានប្រាង្គ ប្រាង្គផ្កាឈូក ៩ ជាន់បុរាណ ដែលធ្វើពីឈើ ហើយមានប្រាង្គចំនួនពីរទៀត ដែលស្ថិតនៅវត្ត Giam (ខេត្ត Hai Duong) និងវត្ត But Thap (ខេត្ត Bac Ninh)។ ព្រះតេជគុណ Thich Bao Son គង់នៅវត្ត Dong Ngo មានពុទ្ធិដីកាថា៖ “លក្ខណៈដ៏វិសេសវិសាលបំផុតរបស់វត្ត Dong Ngo គឺនៅតែរក្សាបានសំណង់ ប្រាង្គផ្កាឈូក ៩ ជាន់ដែលជាវណ្ណកម្មឆ្នើមនៃព្រះពុទ្ធសាសនាវៀតណាម ដែលត្រូវបានទទួលស្គាល់ជារតនៈសម្បតិជាតិ។ សំណង់ ប្រាង្គផ្កាឈូក ៩ ជាន់ មានកំពស់ជាង ៥ ម៉ែត្រ ដោយមាន ៦ ជ្រុងស្មើគ្នា។ នៅជ្រុងនីមួយមានរូបបដិមាចំនួន ៣ អង្គ ដោយមានរូបបដិមាសរុបចំនួន ១៦៣ អង្គ។ នៅវត្តក៏មានដើមឈើធំមួយចំនួន ដែលមានអាយុកាលចំណាស់ផងដែរ”។
វត្ត Dong Ngo មិនត្រឹមតែមានវត្ថុបុរាណ ដែលមានតម្លៃខាងវិញ្ញាណប៉ុណ្ណោះតែ ថែមទាំងត្រូវបានគេស្គាល់ដល់ជា "សារមន្ទីរ" ដែលមានវត្ថុបុរាណធ្វើពីថ្មជាច្រើនទៀតផង។ នៅពេលដើរឆ្លងខ្លោងទ្វារវត្តនោះ ភ្ញៀវទេសចរនឹងជួបប្រទះស្រះឈូកតូចមួយ ដែលតុបតែងដោយត្បាល់ថ្ម ដោយបានបង្កើតទេសភាពស្រស់បំព្រង។ វត្ត មានត្បាល់ថ្មគ្រប់ទំហំ ទាំងធំ និងតូច ជាង ៦០០ ដោយបានបង្កើតបណ្តុំត្បាល់ថ្មដ៏ធំសម្បើមនៅវៀតណាម។ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ Tang Ba Hoanh ដែលមានបទពិសោធន៍សិក្សាស្រាវជ្រាវប្រវត្តិសាស្រ្តនិងវប្បធម៌ទិសបូព៌ាជាង ៣០ ឆ្នាំបានឲ្យដឹងថា៖ “វត្ត Dong Ngo មិនត្រឹមតែមានវត្ថុបុរាណប៉ុណ្ណោះទេ ថែមទាំងមានគ្រឿងកុលាលភាជន៍ទៀតផង ក្នុងនោះមានផើងជើងធូបដែលផលិតក្នុងឆ្នាំ ៦១៩។ ផើងជើងធូបជារតនវត្ថុរបស់វត្ត ដោយបានបញ្ជាក់ពីរបរធ្វើគ្រឿងកុលាលភាជន៍របស់ភូមិ Cay ។ ទន្ទឹមនឹងនេះវត្តក៏មាន រូបបដិមាចំនួន ៤៨ អង្គ និងវត្ថុបុរាណដ៏មានតម្លៃជាច្រើនទៀតផង។ វត្ត Dong Ngo មានអាយុកាលតាំងពីយូរយាណាស់មកហើយ ព្រមទាំងបានរក្សាទុកនូវវត្ថុបុរាណជាច្រើន ដោយត្រូវបានទទួលស្គាល់ជាកេរ្តិ៍ដំណែលជាតិតាំងពីរយូរណាស់មកហើយ”។
ប្រាង្គផ្កាឈូក ៩ ជាន់ |
វត្ត Dong Ngo មានទេសភាពសុខសាន្ត ដែលពោរពេញទៅដោយវប្បធម៌ស្រុកស្រែនៅតំបន់ដីសណ្ត Bac Bo។ ព្រះសង្ឃគង់នៅវត្ត Dong Ngo បានដាំផ្កាភ្ញី ដោយបានបង្កើតលក្ខណៈស្រស់ស្អាតធម្មជាតិសិប្បនិម្មិត ដែលផ្សារភ្ជាប់ជាមួយលំហស្ថាបត្យកម្មពុទ្ធសាសនា នាំមកនូវអារម្មណ៍សុខសាន្តសម្រាប់អ្នកទៅវត្ត។ ភ្ញៀវទេសចរបានឲ្យដឹងថា៖ “ក្រោយពេលឆ្លងឆ្នាំថ្មី ក្រុមគ្រួសារយើងខ្ញុំតែងតែទៅវត្ត Dong Ngo ដើម្បីអុជធូបបួងសួងសុំសេចក្តីសុខចម្រុងចម្រើន។ វត្តគឺជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ វប្បធម៌ជាតិ ដោយបានជួយអប់រំអំពីប្រពៃណីវប្បធម៌របស់ស្រុកកំណើត”។ “នៅដើមឆ្នាំថ្មី គ្រួសារខ្ញុំតែងតែទៅវត្តដើម្បីបួងសួងសុំសេចក្ដីសុខ និងលាភសំណាង។ នេះជាលើកដំបូងហើយ ដែលខ្ញុំបានទៅវត្ត Dong Ngo ដោយមើលឃើញទេសភាពដ៏សុខសាន្ត ដើមឈើរីកលូតលាស់យ៉ាងល្អ។ ខ្ញុំសង្ឈឹមអំពីឆ្នាំថ្មីអំណោយផល ហើយជំងឺរាតត្បាតត្រូវបានរុញថយក្រោយ ជីវភាពវិលត្រឡប់មកគន្លងប្រក្រតីភាពផងដែរ”។
វត្ត Dong Ngo ធ្លាប់ជាមជ្ឈមណ្ឌលព្រះពុទ្ធសាសនាដ៏សំខាន់នៃនិកាយ Truc Lam Yen Tu។ អញ្ជើញទៅទស្សនាវត្ត Dong Ngo នាដើមនិទាឃរដូវ លោកអ្នកបានគយគន់ទេសភាពរបស់វត្តបុរាណ ទទួលបរិយាកាសស្ងប់ស្ងាត់ ហើយមានអារម្មណ៍នឹងនរចិត្ត ដើម្បីចាប់ផ្ដើមបំពេញការងាររបស់ខ្លួនផងដែរ៕