អញ្ជើញទស្សនា ឃុំ Ky Thuong នៅទីក្រុង Ha Long
(VOVWORLD) - ឃុំ Ky Thuong មានចម្ងាយប្រមាណ ៦០ គីឡូម៉ែត្រពីមជ្ឈមណ្ឌលទីក្រុង Ha Long ខេត្ត Quang Ninh ។ នៅទីនេះមានមណ្ឌលអភិរក្សធម្មជាតិ Dong Son ដែលមានផ្ទៃដីធំទូលាយ ហើយមានតម្លៃជីវចម្រុះខ្ពស់ ព្រមទាំងមានសក្តានុពល ទេសចរណ៍ធំបំផុតក្នុងចំណោមតំបន់ព្រៃឈើនៅភូមិភាគឥសានវៀតណាម។ រាល់តម្លៃវប្បធម៌ក្នុងស្រុករបស់បងប្អូនបណ្ដាជនជាតិនៅឃុំ Ky Thuong ក៏អាចក្លាយទៅជាផលិតផលទេសចរណ៍គួរឱ្យចាប់អារម្មណ៍ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវទេសចរនៅពេលអញ្ជើញមកដល់ទីក្រុង Ha Long ផងដែរ។
មណ្ឌលអភិរក្សធម្មជាតិ Dong Son នៅឃុំ Ky Thuong មានផ្ទៃដីជាង ១៥ ៦០០ ហិកតា។ តាមផែនការ នៅឆ្នាំ ២០២១ មណ្ឌលអភិរក្សនេះបានអភិវឌ្ឍន៍ផ្ទៃដីប្រមាណ ២០ ០០០ ហិកតា ដែលមានទំហំធំជាងគេនៅភាគឥសានវៀតណាម។ មណ្ឌលអភិរក្សធម្មជាតិ Dong Son មានអំបូរសត្វ និងរុក្ខជាតិសម្បូរបែប រួមមានរុក្ខជាតិចំនួន ១ ១៦៣ ប្រភេទ និងអំបូរសត្វចំនួន ២២៤ ប្រភេទ ក្នុងនោះមានអំបូរសត្វ និងរុក្ខជាតិកម្រចំនួន ៥១ ប្រភេទ ដែលមានឈ្មោះក្នុង សៀវភៅក្រហមវៀតណាម ហើយមានអំបូរសត្វមួយប្រភេទ ដែលត្រូវបានកត់ត្រា ក្នុងសៀវភៅក្រហមពិភពលោក។ ជាពិសេសនៅ Dong Son មានសត្វកម្រពីរប្រភេទគឺបង្គួយកន្ទុយក្រពើ និងត្រីរ៉ស់កម្រមួយប្រភេទនៅវៀតណាម។ សកម្មភាពដើរថ្មើរជើង ឬជិះកង់ក្នុងព្រៃ ដើម្បីស្វែងយល់ និងសិក្សាស្រាវជ្រាវដើមឈើ និងសត្វព្រៃធម្មជាតិ ព្រមទាំងក្រេបយកខ្យល់អាកាសបរិសុទ្ធ សម្របខ្លួនជាមួយធម្មជាតិ គឺពិតជាគួរអោយចាប់អារម្មណ៍ណាស់។
នៅពេលនិយាយអំពីមណ្ឌលអភិរក្សធម្មជាតិ Dong Son លោក Ban Van Vi លេខាសាខាបក្ស និងជាប្រធានភូមិ Khe Phuong ឃុំ Ky Thuong បានរៀបរាប់ជូនភ្ញៀវទេសចរអំពីឈើប្រណិត និងកំពូលភ្នំខ្ពស់ ក្នុងនោះមានកំពូលភ្នំ Thien Son ដែលមានកម្ពស់ជាង ១០០០ ម៉ែត្រ ហើយពីនេះលោកអ្នកអាចមើលឃើញឆ្ងាយរហូតដល់មជ្ឈមណ្ឌលទីក្រុង Ha Long និងទីក្រុង Cam Pha។ យោងតាមលោករូបនេះបានឲ្យដឹងថា ព្រៃឈើនានាចំណុះមណ្ឌលអភិរក្សធម្មជាតិ Dong Son មានតម្លៃជីវៈចម្រុះដ៏ធំធេង ហើយត្រូវបានការពារយ៉ាងតឹងរ៉ឹង ដោយបានចាត់ទុកថាជា “ កំណប់ទ្រព្យ” ពិតប្រាកដរបស់ជនជាតិ Dao នៅទីនេះអស់រយៈពេលជាច្រើនជំនាន់មកហើយ។
នាំភ្ញៀវទេសចរទៅទស្សនាផ្ទះឈើផុតពីដីធំមួយខ្នង ដែលកំពុងបានសាងសង់នោះ លោកបានប្រាប់ថា ផ្ទះនេះ គឺជាគម្រោងអភិវឌ្ឍន៍ទេសចរណ៍សហគមន៍របស់យុវជនក្នុងឃុំ។ គេកំពុងសាងសង់ផ្ទះសហគមន៍ ដើម្បីតាំងបង្ហាញវប្បធម៌របស់ជនជាតិ Dao សម្លៀកបំពាក់ប្រពៃណី ឧបករណ៍ធ្វើពលកម្ម ណែនាំអំពីទំនៀមទម្លាប់បុណ្យតេតនិងពិធីឡើងស័គ្គ ព្រមទាំង សម្របសម្រួលជាមួយអង្គភាពទេសចរណ៍នានា ដើម្បីរៀបចំគម្រោងនាំភ្ញៀវទេសចរពីទីក្រុង Ha Long ទៅទស្សនា និងឆ្លងកាត់បទពិសោធន៍ដើរថ្មើរជើងក្រោមម្លប់ព្រៃឈើដ៏ត្រឈឹងត្រឈៃ គយគន់ទឹកជ្រោះ ហូរធ្លាក់បីភ្នំ ងូតទឹកជាមួយស្លឹកថ្នាំរបស់ជនជាតិ Dao។ លោក Ban Van Vi បាននិយាយយ៉ាងសប្បាយរីយរាយថា បងប្អូនជនជាតិ Dao នៅឃុំ Ky Thuong បានចូលរួមអភិវឌ្ឍន៍ទេសចរណ៍សហគមន៍យ៉ាងសកម្ម ដោយផ្អែកលើប្រៀបខ្លាំងវប្បធម៌ប្រពៃណីរបស់ជនជាតិ និងធនជានអេកូឡូស៊ីក្នុងស្រុក៖ “បងប្អូនមានការផ្លាស់ប្ដូរការយល់ដឹងយ៉ាងច្បាស់លាស់ ពោលគឺបងប្អូនបានឧទ្ទេនាមវប្បធម៌របស់ខ្លួនដល់មនុស្សគ្រប់រូប ។ ដោយទទួលបានការយកចិត្តទុកដាក់អភិវឌ្ឍន៍នោះ បងប្អូនជនជាតិមានអារម្មណ៍សប្បាយរីយរាយណាស់ ដូច្នេះហើយ អ្នកភូមិគ្រប់រូបបានស្រុះចិត្តគំនិតគ្នា ដើម្បីនាំលក្ខណៈវប្បធម៌ ដែលពោរពេញទៅដោយអត្តសញ្ញាណទាំងនេះទៅកាន់សហគមន៍ សំដៅអភិរក្ស និងបន្តមរតកដល់ជំនាន់ក្រោយៗផងដែរ”។
សត្វល្មូន (រូបថត៖ nongnghiep.vn) |
យោងតាមលោក Ban Van Vi បានឲ្យដឹងថា ភ្ញៀវទេសចរបានអញ្ជើញមកទស្សនាឃុំ Ky Thuong កាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ព្រោះថានៅទីនេះមានទេសភាពដ៏វិសេសវិសាល ដែលពោរពេញទៅដោយលក្ខណៈវប្បធម៌ប្រពៃណីរដ៏ល្អប្រពៃរបស់បងប្អូនជនជាតិនៅទីនេះ។ លោក Linh Du Hong លេខាគណៈកម្មាធិការបក្ស និងជាប្រធានគណៈកម្មាធិការប្រជាជនឃុំ Ky Thuong បាន ឲ្យដឹង ថា បច្ចុប្បន្ននេះ ឃុំកំពុងបំពេញបែបបទ ដើម្បីស្នើឲ្យទទួលស្គាល់ឃុំ Ky Thuong ជាប់ស្តង់ដាជនបទថ្មី។ លោកបានឲ្យដឹងថា៖ “ក្នុងឆ្នាំ ២០២០ ក្រោយពីពេល សង្កាត់ Hoang Bo ត្រូវបានរួមបញ្ជូលទៅក្នុងទីក្រុង Ha Long នោះ ការផ្លាស់ផ្ដូរធំបំផុតក្នុងការតម្រង់ទិសដៅរយៈពេលយូរគឺ ការរៀបចំផែនការមេស្ដីពីមជ្ឈមណ្ឌលឃុំ ត្រូវបានអនុម័តជាស្ថាពរ ដើម្បីអភិវឌ្ឍន៍តាមស្តង់ដារឃុំចំណុះទីក្រុង។ នាពេលខាងមុខ យើងខ្ញុំមិនត្រឹមតែរៀបចំគម្រោងវិនិយោគលើព្រៃឈើប៉ុណ្ណោះទេ ថែទាំងពង្រីកទេសចរណ៍អេកូឡូស៊ី និងទេសចរណ៍តភ្ចាប់ការអភិវឌ្ឍលក្ខណៈវប្បធម៌ប្រពៃណីរបស់ជនជាតិ Dao ទៀតផង”។
ធ្វើដំណើរចាកចេញពីភូមិ Ky Thuong ទៅកាន់មជ្ឈមណ្ឌលទីក្រុង Ha Long តាមផ្លូវខ្វាត់ខ្វែងជុំវិញជួរដើមស្រល់ បានទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរ។ នៅពេលខាងមុខ បណ្ដាគម្រោងទេសចរណ៍នៅទីនេះនឹងសម្រេចជាស្ថាពរ ដូច្នេះហើយ ក្រុមភ្ញៀវទេសចរជាច្រើននឹងអញ្ជើញមកដល់ទីនេះ ដើម្បីស្វែងយល់អំពីឃុំ Ky Thuong ដ៏វិសេសវិសាល និងប្លែកៗក្នុងទីក្រុង Ha Long ផងដែរ៕