អញ្ជើញទស្សនាតំបន់ដីនៅសង្ខាងទន្លេ Da

(VOVWORLD) - អាស្រ័យដោយមានបឹងវារីអគ្គីសនីដោយទំហំជាង១ហ្មឺន ៥រយហិកតា រួមជា មួយសោភ័ណ្ឌភាពស្រស់ស្អាតយ៉ាងដូច្នេះ បានជា Quynh Nhai ត្រូវបានគេ ប្រសិទ្ធនាមថា ជា “ឈូងសមុទ្រហាឡុងលើដីគោក” នៃតំបន់ប៉ែកពាយ័ព្យ។ ទី នេះក៏ជាតំបន់ដីពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ ដោយមានពិធីបុណ្យ ប្រពៃណីដ៏វិសេសវិសាលជាច្រើនរបស់ប្រជាពលរដ្ឋនៅតាមសង្ខាងទន្លេ Da ទៀតផង។
អញ្ជើញទស្សនាតំបន់ដីនៅសង្ខាងទន្លេ Da - ảnh 1 វិហារ Nang Han (កញ្ញា ហាន)


 
នៅពេលមកដល់តំបន់ដីនៅតាមសង្ខាងទន្លេ Da ម្ដងៗ ទីបង្អង់ដំណើរដើម ដំបូងរបស់ភ្ញៀវទេសចរនោះគឺវិហារ Nang Han (កញ្ញា ហាន) នៅឃុំ Muong Giang។ តាមរឿងព្រេងនិទានថា តាំងពីយូរលង់ណាស់មកហើយ មានឧត្តមសេនីយ៍ស្ត្រី ម្នាក់មានឈ្មោះថា កញ្ញា Han។ នាពេលដែលកញ្ញា Han ដឹកនាំទ័ពវាយឈ្នះ លើសត្រូវឈ្លានពានក៏ជាពេលល្ងាចថ្ងៃចុងក្រោយមុនចូលឆ្នាំថ្មីប្រពៃណីដែរ។ កញ្ញា បានបញ្ជាអោយទាហានទាំងអស់ចុះទន្លេងូតទឹក កក់សក់ដើម្បីទទួលឆ្នាំថ្មីនិង អបអរសាទរភូមិស្រុកទទួលបានសុខសាន្តត្រាណឡើងវិញ។ ចាប់តាំងពីនោះមក ពិធីបុណ្យកក់សក់បានក្លាយទៅជាពិធីបុណ្យសំខាន់មួយក្នុងជីវភាពរស់នៅខាងវិញ្ញាណរបស់ជនជាតិ Thai សនៅទីនេះ។ មុនពេលចូលឆ្នាំថ្មី អ្នកភូមិគ្រប់រូបសុទ្ធ តែកក់សក់ងូតទឹកសំដៅជម្រះចោលការលំបាកលំបិននិងឧទ្រុបចង្រៃទាំងអស់ ក្នុងឆ្នាំចាស់ ព្រមទាំងបួងសួងសុំអោយខ្លួនឯងជួបតែសេចក្ដីសុខសំណាងល្អ អាកាសធាតុអំណោយផលក្នុងឆ្នាំថ្មីផងដែរ។ លោក Dieu Chinh Hien អនុប្រធានការិយាល័យវប្បធម៌ព័ត៌មាននៃស្រុក Quynh Nhai បានអោយដឹងថា៖

“ក្រោយពេលដែលវារីអគ្គីសនី Son La ត្រូវបានកសាងរួចនោះ គឺបានបង្កើត សោភ័ណ្ឌភាពដ៏ស្អាតអស្ចារ្យណាស់សម្រាប់ស្រុក Quynh Nhai ហើយត្រូវបាន គេប្រសិទ្ធនាមថា ជាឈូងសមុទ្រហាឡុងលើដីគោក។ ជារៀងរាល់ឆ្នាំ ស្រុកតែង តែរៀបចំអោយប្រជាជនជិះទូកទៅទស្សនាសោភ័ណ្ឌភាពក្នុងប៉ុន្មានថ្ងៃចូលឆ្នាំថ្មីប្រពៃណី។ ស្រុកក៏រៀបចំសកម្មភាពវប្បធម៌សិល្បៈនិងពិធីបុណ្យប្រណាំងទូកនា ថ្ងៃទី១០ ខែទី១តាមច័ន្ទគតិ ដោយមានការចូលរួមរបស់ប្រជាជនក្នុងតំបន់និង ភ្ញៀវទេសចរយ៉ាងច្រើនកុះករ”។

ចាកចេញពីវិហារ Nang Han ភ្ញៀវទេសចរនឹងទៅកាន់ស្ពាន Pa Uon ឆ្លងកាត់ ទន្លេ Da ដែលតភ្ជាប់ខេត្ត Son La ជាមួយខេត្តផ្សេងៗនៅតំបន់ប៉ែកពាយ័ព្យ។ ប្រសិនបើមើលពីចម្ងាយ ស្ពាននេះហាក់ដូចជាខ្សែសូត្រពណ៌សមួយដែលឆ្លង កាត់ផ្ទៃបឹងខៀវស្រងាត់ធំល្វឹងល្វើយ។ ស្ពាន Pa Uon ត្រូវបានអង្គការឯតទគ្គ កម្មវៀតណាមទទួលស្គាល់ថា ជាស្ពានដែលមានសសរខ្ពស់បំផុតនៅវៀតណាម ពោលគឺមានកំពស់ឡើងទៅ៩៨,៦ម៉ែត្រ។ ស្ពាននេះមិនត្រឹមតែស្ថិតនៅក្នុងសំណង់វារីអគ្គីសនី ធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ថែមទាំងបង្កើតកម្លាំងទាក់ទាញចំពោះ ភ្ញៀវទេសចរពេលមកទស្សនាខេត្ត Son La ម្ដងៗ។ អ្វីៗដែលដែលភ្ញៀវទេសចរចាប់អារម្មណ៍យ៉ាងខ្លាំង បំផុតនាពេលមកដល់ទីនេះ គឺការជិះទូកទៅទស្សនាទេសភាពដ៏ស្រស់បំព្រងនៅ ជុំវិញបឹងវារីអគ្គីសនីនេះតែម្ដង។ និយាយអំពីការចាប់បដិសន្ធិនៃផ្ទៃបឹងនេះ លោក Dieu Chinh Hien បានអោយដឹងថា៖

“មុនពេលដែលសំណង់វារីអគ្គីសនីត្រូវបានកសាងឡើងនោះ គឺតំបន់ដីនេះ ត្រឹមតែជាទន្លេមួយដែលហូរតាមជ្រោះជ្រៅតែប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីសំណង់វារី អគ្គីសនីត្រូវបានកសាងឡើង គឺធ្វើអោយទឹកក៏កើនឡើងខ្ពស់ដែរ ហើយជ្រោះ ជ្រៅទាំងនេះបានក្លាយទៅជាកំពកផុសលើផ្ទៃទឹក។ ហេតុនេះហើយគេបាន ប្រៀបធៀបទីនេះដូចជាឈូងសមុទ្រហាឡុងលើដីគោកដែរ”។

អញ្ជើញទស្សនាតំបន់ដីនៅសង្ខាងទន្លេ Da - ảnh 2 ជិះទូកទៅទស្សនាបឹងវារីអគ្គីសនី Son La


ក្នុងដំណើរជិះទូកទៅទស្សនាបឹងវារីអគ្គីសនី Son La ភ្ញៀវទេសចរនឹងបង្អង់ ដំណើរនៅភូមិ Bon ឃុំ Muong Chien ដែលស្ថិតនៅលើច្រាំងទន្លេ Da។ មកដល់ ភូមិ Bon ភ្ញៀវទេសចរនឹងបានគយគន់នូវទេសភាពស្រស់ស្អាតដោយមានវាលស្រែលិច ទឹក និងផ្ទះឈើប្រពៃណីពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌របស់ជនរួម ជាតិនៅទីនេះ។ ក្រៅពីនោះ ភ្ញៀវទេសចរក៏មានឱកាសស្វែងយល់អំពីលក្ខណៈ វប្បធម៌របស់ជនជាតិ Thai ស ក៏ដូចជាបានបរិភោគម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់និង ចូលរួមរាំរបាំ xoe ប្រពៃណីជាមួយជនរួមជាតិនៅទីនេះទៀតផង។ ភាពស្និទ្ធ ស្នាលរួសរាយរាក់ទាក់របស់អ្នកភូមិតែងតែធ្វើអោយភ្ញៀវទេសចរគ្រប់រូបមានការចាប់អារម្មណ៍ដែលមិនអាចបំភ្លេចបានឡើយ។ លោកស្រី Nguyen Thu Huyen ភ្ញៀវទេសចរមួយនាក់មកពីទីក្រុង Da Lat បានអោយដឹងថា៖

“នេះជាលើកដំបូងដែលនាងខ្ញុំបានជិះទូកទៅទស្សនាបឹងវារីអគ្គីសនី Son La យ៉ាងដូច្នេះ។ សោភ័ណ្ឌភាពនៅទីនេះមានលក្ខណៈស្ងៀមស្ងាត់ផងនិងធំ មហិមារទៀតផង។ ប្រជាជននៅទីនេះក៏រួសរាយរាក់ទាក់ដែរ។ នាងខ្ញុំសង្ឃឹមថា នឹងមានឱកាសបានវិលត្រឡប់មកតំបន់ដីនេះ”។

នាបច្ចុប្បន្ន បឹងវារីអគ្គីសនី Son La កំពុងក្លាយទៅជារមណីយដ្ឋានគួរ ទាក់ទាញមួយនៃស្រុក Quynh Nhai។ នេះជាទីកន្លែងដើម្បីធ្វើការនេសាទផង ហើយជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ពិសេសគឺវិស័យទេសចរណ៍ទៀតផង។ ស្រុក Quynh Nhai កំពុងផ្តោតទៅលើការស្រាវជ្រាវនិងកសាងសេវាសកម្មទេសចរណ៍ សហគមន៍និងទេសចរណ៍បឹងវារីអគ្គីសនី Son La ដោយផ្សាភ្ជាប់ការរក្សា និងពង្រីកអត្តសញ្ញាណវប្បធម៌របស់បណ្ដាជនជាតិនៅទីនេះ ព្រមទាំងទាក់ទាញ ការវិនិយោគដើម្បីកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបម្រើទេសចរណ៍ ក៏ដូចជា លើកស្ទួយចំណេះដឹងរបស់ប្រជាជនអំពីរបៀបធ្វើទេសចរណ៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ