អញ្ជើញទស្សនាស្ពានកញ្ចក់ Bach Long - ស្ពាននៃកំណត់ត្រាពិភពលោក
(VOVWORLD) - អស់រយៈពេលជាច្រើនឆ្នាំមក ស្រុក Moc Chau បានក្លាយទៅជាគោលដៅដ៏ពេញនិយមចំពោះភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិជាច្រើនដែលអញ្ជើញមកទស្សនាខេត្ត Son La។
ស្ពានកញ្ចក់ Bach Long (រូបថត៖ baovanhoa.vn) |
ទីកន្លែងនេះមានអាកាសធាតុត្រជាក់ស្រួល ស្រស់ស្រាយ ព្រមទាំងមានទេសភាពព្រៃភ្នំដ៏ធំសម្បើម រួមជាមួយជ្រលងភ្នំបៃតងដ៏ស្រស់ស្អាត ប្រៀបប្រដូចជាផ្ទាំងគំនូអញ្ចឹង។ នាបច្ចុប្បន្ន នៅពេលអញ្ជើញមកដល់ទីរួមស្រុក Moc Chau ភ្ញៀវទេសចរក៏មានឱកាសស្វែងយល់ពីប្រការគួរឱ្យចាប់អារម្មណ៍ជាមួយនឹងស្ពានកញ្ចក់ Bach Long ដែលជាស្ពាននៃកំណត់ត្រា Guinnessពិភពលោកផងដែរ។
ស្ពានកញ្ចក់ Bach Long ស្ថិតនៅមណ្ឌលទេសចរណ៍Moc Chau Islandហើយមានចម្ងាយប្រមាណ ១០ គីឡូម៉ែទ្រពីមជ្ឈមណ្ឌលស្រុក Moc Chau ខេត្ត Son La។ ស្ពានកញ្ចក់មានប្រវែងសរុបរហូតដល់ ៦៣២ ម៉ែត្រ កម្ពស់ ១៥០ ម៉ែត្រពីលើដី។ ផ្ទៃស្ពានគឺជាអារេកញ្ចក់ដ៏ធំថ្លា ហើយមានទំហំ ២,៤ x ៣ ម៉ែត្រ។ ស្ពាននេះត្រូវបានដំឡើងប្រព័ន្ធភ្លើងដ៏ទាក់ភ្នែក ដោយប្រើប្រាស់បច្ចេកវិទ្យាបែបផែន ៩D ជាមួយនឹងបែបផែន រូបភាព និងសំឡេងចំនួន ៦០ ដើម្បីនាំមកនូវបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ជូនភ្ញៀវទេសចរ នៅពេលដើរលើស្ពាន។ ស្ពាននេះមានការរចនាបែបទំនើប មានសុវត្ថិភាពខ្ពស់ ជាមួយនឹងកញ្ចក់ទំនើបរបស់ក្រុមហ៊ុនSaint Gobain (បារាំង) រួមមាន ៣ ស្រទាប់ កម្រាស់ ៤០ មីលីម៉ែត្រ។ ប្រព័ន្ធខ្សែកាបទាំងមូល និងខ្សែកាបធន់នឹងទម្ងន់របស់ស្ពានសុទ្ធតែត្រូវបាននាំចូលពីកូរ៉េខាងត្បូង។ ជាមួយនឹងរចនាសម្ព័ន្ធនេះ ស្ពានអាចផ្ទុកមនុស្សចំនួន ៤៥០ នាក់ក្នុងពេលតែមួយ។ ស្ពាននេះត្រូវបានKuraray (ប្រទេសជប៉ុន)វាយតម្លៃតាមស្តង់ដារអន្តរជាតិ។ នៅកណ្តាលព្រៃភ្នំ Moc Chau ដ៏ធំមហិមា ស្ពានកញ្ចក់ Bach Long កាន់តែរំលេច មើលពីចម្ងាយប្រៀបប្រដូចជាបន្ទះសូត្រពណ៌សនៅចំកណ្ដាលព្រៃភ្នំអញ្ចឹង។ លោក Glenn Polard តំណាងអង្គការកំណត់ត្រាពិភពលោកបានវាយតម្លៃ៖ “ខ្ញុំត្រូវទទួលស្គាល់ថា សំណង់នេះពិតជាសមិទ្ធិផលដ៏ឆ្នើមមួយអំពីផ្នែកបច្ចេកទេស សំណង់។ បច្ចេកទេសសាងសង់ស្ពានពិតជាអស្ចារ្យណាស់ នៅពេលដែលពួកគេអាចតម្លើងស្ពានកញ្ចក់ពីលើច្រាំងភ្នំថ្មបញ្ឈ ហើយនៅពេលដើរថ្នើរជើងលើស្ពាននេះ គឺមានអារម្មណ៍សុវត្ថិភាពណាស់។ សំណង់នេះពិតជាអព្ភូតហេតុ”។
ពិធីសម្ពោធស្ពានកញ្ចក់ Bach Long (រូបថត៖ baovanhoa.vn) |
នៅក្នុងពិធីសម្ពោធកាលពីចុងខែឧសភាកន្លងទៅ ស្ពានកញ្ចក់ Bach Long ត្រូវបានទទួលស្គាល់ជាមួយនឹងកំណត់ត្រាពិភពលោកចំនួន ៣ រួមមាន៖ កំណត់ត្រាផ្លូវដើរឆ្លងច្រាំងភ្នំដ៏វែងបំផុតដែលផ្តល់ដោយអង្គការកំណត់ត្រាពិភពលោកGuinness (GWR); កំណត់ត្រាស្ពានបាតកញ្ចក់វែងបំផុតលើពិភពលោក ដែលបញ្ជាក់ដោយសម្ព័ន្ធសមាគមកំណត់ត្រាពិភពលោក (WRA); ស្ពានកញ្ចក់វែងបំផុតលើពិភពលោក ដែលទទួលស្គាល់ដោយ អង្គការកំណត់ត្រាពិភពលោកOfficial (OWR) របស់អឺរ៉ុប។ តាមគម្រោងក្រោយពីបើកទ្វារទទួលស្វាគមន៍ភ្ញៀវជាផ្លូវការ ស្ពានកញ្ចក់ Bach Long នឹងទទួលភ្ញៀវទេសចរប្រមាណ ៧០ ម៉ឺនលើកនាក់ក្នុងមួយឆ្នាំ។ លោកស្រី Nguyen Thi Hoa អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Moc Chau ខេត្ត Son La បានឲ្យដឹងថា៖ “ស្ពានកញ្ចក់ Bach Long ដែលទើបបានសម្ពោធនៅស្រុក Moc Chau គឺជាផលិតផលទេសចរណ៍ថ្មីមួយ ហើយមានភាពទាក់ទាញយ៉ាងខ្លាំង ព្រោះថាវាជាប់កំណត់ត្រាពិភពលោកនានា។ តាមរយៈគម្រោងមណ្ឌលទេសចរណ៍ Moc Chau Island ប្រជាជននឹងមានបំណងចង់ទៅទស្សនាMoc Chau ច្រើនថែមទៀត ដើម្បីឆ្លងសោធន៍ផលិតផលថ្នាក់អន្តរជាតិ។ លើសពីនេះទៅទៀត នៅពេលដាក់ឱ្យដំណើរការ គម្រោងនេះបានបង្កើតការងារធ្វើជូនប្រជាពលរដ្ឋរាប់រយនាក់ក្នុងមូលដ្ឋានផងដែរ”។
ដោយបានទទួលស្គាល់នូវកំណត់ត្រាពិភពលោក ស្ពានកញ្ចក់ Bach Long ត្រូវបានចាត់ទុកថាជាមោទនភាពរបស់ប្រជាជន Son La និយាយរួម និងស្រុក Moc Chau និយាយដោយឡែក។ តាមនោះរួមចំណែកផ្សព្វផ្សាយរូបភាពមូលដ្ឋានយ៉ាងទូលំទូលាយទៅកាន់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។ លោក Phung Quang Thang អនុប្រធានអចិន្ត្រៃយ៍សម្ព័ន្ធសមាគមទេសចរណ៍វៀតណាមបានឲ្យដឹងថា៖ “ស្ពានកញ្ចក់ Bach Long គឺជាផលិតផលមួយ ដែលត្រូវបានសហគ្រាសទេសចរណ៍ដាក់បញ្ជូលទៅក្នុងកម្មវិធីទេសចរណ៍ជូនភ្ញៀវទេសចរ។ នេះនឹងក្លាយទៅជាកម្មវិធីមុខព្រួញដើម្បីទាក់ទាញភ្ញៀវទេសចរមកកាន់តំបន់ភាគពាយ័ព្យនិយាយរួម និងស្រុក Son La និយាយដោយឡែក។ ពីសំណង់ទាំងនេះ បណ្ដាសហគ្រាសកំពុងឆ្ពោះទៅការបង្កើតផលិតផលទេសចរណ៍ផ្សេងៗ ព្រោះថានៅពេលអញ្ជើញទស្សនាគោលដៅទេសចរណ៍នេះ ភ្ញៀវទេសចរអាចទៅគ្រប់ទីកន្លែង។ នេះជាកន្លែងដែលមានតម្លៃជំរុញទេសចរណ៍សម្រាប់ខេត្ត Son La”។
រូបភាព និងវីដេអូឃ្លីបអំពីស្ពានកញ្ចក់ Bach Longមិនត្រឹមតែបានទាក់ទាញចំណាប់អារម្មណ៍ចំពោះភ្ញៀវទេសចរប៉ុណ្ណោះទេ ថែមទាំងមានវត្តមាននៅតាមកាសែត និងទីភ្នាក់ងារសារព័ត៌មានអន្តរជាតិធំៗជាច្រើនដូចជា CNN, AFP, Business Insider, New York Post, USA Today, Indian Express ទៀតផង។ក្នុងនោះ កាសែត Daily Mail ក៏បានវាយតម្លៃថា ស្ពាននេះគឺជាអច្ឆរិយៈស្ថាបត្យកម្មផងដែរ។ សូមអញ្ជើញលោកអ្នកអញ្ជើញមកវៀតណាម ទស្សនាស្រុក Moc Chau ខេត្ត Son La ហើយរួមគ្នាឆ្លងអារម្មណ៍នៅពេលដើរលើស្ពានកញ្ចក់ Bach Long ដែលជាស្ពាននៃកំណត់ត្រាពិភពលោកផងណា៕