អភិរក្សនិងពង្រីកតំលៃវិសេសវិសាលនៃឧទ្យានភូគព្ភសាស្ត្រ Non Nuoc Cao Bang
(VOVWORLD) - នាថ្ងៃទី១២ មេសា អង្គការ UNESCO បានទទួលស្គាល់ឧទ្យានភូគព្ភសាស្ត្រ Non Nuoc Cao Bang ជាឧទ្យានភូគព្ភសាស្ត្រសកលលោក។ ជាមួយទេសភាព ធម្មជាតិដ៏អស្ចារ្យ ឧទ្យានភូគព្ភសាស្ត្រ Non Nuoc Cao Bang ជាកន្លែង ទេសចរណ៍គួរឲ្យចាប់អារម្មណ៍ដែលប្រមូលផ្ដុំនូវតំលៃបេតិកភណ្ឌធម្មជាតិផងនិង វប្បធម៌បណ្ដាជនជាតិទៀតផង។
ទឹកជ្រោះ Ban Gioc នៅក្នុងឧទ្យានភូគព្ភសាស្ត្រ Non Nuoc Cao Bang |
ឧទ្យានភូគព្ភសាស្ត្រ Non Nuoc Cao Bang មានទំហំជាង៣០០០គីឡូម៉ែត្រក្រឡា ដែលស្ថិតនៅតំបន់ប៉ែកខាងជើងវៀតណាម មានចម្ងាយប្រវែង៣០០គីឡូម៉ែត្រពីរដ្ឋធានីហាណូយ។ នេះជាទីកន្លែងរស់នៅរបស់ជនជាតិផ្សេងគ្នាចំនួន៩ដូចជា Tay Nung H’mong Kinh Dao San Chay ជាដើម។ ឧទ្យានភូគព្ភសាស្ត្រ Non Nuoc Cao Bang បានក្លាយទៅជាឧទ្យានភូគព្ភសាស្ត្រសកលលោកទី២នៅវៀតណាម ក្រោយពីឧទ្យានភូគព្ភសាស្ត្រខ្ពង់រាប ថ្ម Dong Van នៅខេត្ត Ha Giang។ ឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្មវៀតណាមអមអង្គការ UNESCO លោកស្រី Tran Thi Hoang Mai បានឲ្យដឹងថា៖
“យោងតាមជំនាញការ UNESCO ថា ទីនេះបានឆ្លើយតបនឹងបទដ្ឋានទាំងអស់ដើម្បីក្លាយទៅជាឧទ្យានភូគព្ភសាស្ត្រសកលលោក។ ទីមួយគឺមានទំហំធំល្វឹងល្វើយ ដែលពេលក្រោយ នឹងជះឥទ្ធិពលសកម្មទៅលើសេដ្ឋកិច្ចសង្គមនៃតំបន់ទាំងមូល។ ទីពីរគឺមានតំលៃខាងភូគព្ភសាស្ត្រជាច្រើន។ នៅឧទ្យាន Non Nuoc Cao Bang មានបេតិកភណ្ឌ ភូគព្ភសាស្ត្រជាង១៣០កន្លែង។ ក្រៅពីនោះ ឧទ្យាននេះមានតំលៃផ្សេងៗជាច្រើនទៀតអំពីទេសភាព ជីវចម្រុះ អត្តសញ្ញាណវប្បធម៌និងកម្រាស់ប្រវត្តិសាស្ត្រផងដែរ។”
នៅឧទ្យានភូគព្ភសាស្ត្រ Non Nuoc Cao Bang មានបេតិកភណ្ឌវប្បធម៌រូបីនិងអរូបីជាច្រើន ពិសេសគឺកេរ្តិ៍ដំណែលប្រវតិ្តសាស្ត្របដិវត្តន៍។ ក្នុងនោះមានកេរ្តិ៍ដំណែកជាតិពិសេស Pac Bo ជាកន្លែងដែលលោកប្រធានហូជីមិញធ្លាប់ស្នាក់នៅដើម្បីដឹកនាំចលនាបដិវត្តន៍ វៀតណាម កេរ្តិ៍ដំណែលជាតិពិសេសព្រៃឈើ Tran Hung Dao ជាកន្លែងដែលនាយឧត្តមសេនីយ៍ Vo Nguyen Giap នាឆ្នាំ១៩៤៤ បានបង្កើតឡើងកងកម្លាំងឃោសនារំដោះ វៀតណាម ដែលជាកងទ័ពប្រជាជនវៀតណាមនាបច្ចុប្បន្ន ហើយទឹកជ្រោះ Ban Gioc ជាទឹកជ្រោះមួយក្នុងចំណោមទឹកជ្រោះតាមបណ្ដោយព្រំដែនដ៏ធំនិងស្អាតបំផុតលើពិភពលោក។
លោក Hoang Xuan Anh ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Cao Bang |
ដើម្បីអភិរក្សនិងអភិវឌ្ឍន៍រាល់តំលៃនៃ ឧទ្យានភូគព្ភសាស្ត្រ Non Nuoc Cao Bang នោះគឺខេត្តបានធ្វើការវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធ និងលើកកំពស់គុណភាពប្រភាពធនធានមនុស្សផ្នែកទេសចរណ៍។ ព្រមទាំងជំរុញខ្លាំងការងារឃោសនា ផ្សព្វផ្សាយអំពីភាពស្រស់បំព្រងនៃឧទ្យានភូគព្ភសាស្ត្រ Non Nuoc Cao Bang ជាមួយភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ លោក Hoang Xuan Anh ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Cao Bang បានឲ្យដឹងថា៖
“យើងខ្ញុំបានផ្តោតយកចិត្តទុកដាក់ពិសេសដល់ការកសាងនិងអភិវឌ្ឍន៍ឧទ្យាន ភូគព្ភសាស្ត្រ Non Nuoc Cao Bang ដោយផ្សាភ្ជាប់នឹងនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងតំបន់។ យើងខ្ញុំនឹងកសាងផែនការគ្រប់គ្រងឲ្យបានត្រឹមត្រូវតាមសំណូមពររបស់ UNESCO និងបណ្ដាញឧទ្យានភូគព្ភសាស្ត្រសកលលោក ដោយផ្តោតសំខាន់លើការកសាងហេដ្ឋារចនាសម្ព័ន្ធ បង្កើនការបណ្ដុះបណ្ដាលប្រភពធនធានមនុស្ស បង្កើនការងារឃោសនា លើកកំពស់ចំណេះដឹងរបស់ប្រជាជន រៀបចំសិក្ខាសាលាវិទ្យាសាស្ត្រ ផ្លាស់ប្ដូរបទពិសោធន៍នៅក្នុងនិងក្រៅប្រទេសដើម្បីពង្រីកតំលៃនៃឧទ្យាននេះ។”
ការដែលឧទ្យានភូគព្ភសាស្ត្រ Non Nuoc Cao Bang ត្រូវបានទទួលស្គាល់ជាឧទ្យាន ភូគព្ភសាស្ត្រសកលលោក នឹងជួយខេត្ត Cao Bang ការពារបរិស្ថាន អភិរក្សធម្មជាតិ បេតិកភណ្ឌ ថែរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ប្រជាជាតិ។ ម្យ៉ាងវិញទៀតទាក់ទាញការវិនិយោគ អភិវឌ្ឍន៍ទេសចរណ៍ សំដៅទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកដល់ Cao Bang ផងដែរ៕