អភិវឌ្ឍន៍ទេសចរណ៍សហគមន៍នៅតំបន់ព្រៃភ្នំ Quang Ninh
(VOVWORLD) - ទេសចរណ៍សហគមន៍កំពុងជារូបសណ្ឋាន ដែលត្រូវបានបងប្អូនជនរួមជាតិនៅតាមតំបន់ជាច្រើនអនុវត្តន៍។ នាប៉ុន្មានឆ្នាំថ្មីៗនេះ នៅខេត្ត Quang Ninh ទេសចរណ៍សហគមន៍តំបន់ជនជាតិភាគតិចបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា បានជួយប្រជាជនមានប្រាក់ចំណូលបន្ថែមមានស្ថិរភាព កាត់បន្ថយភាពក្រីក្រ និងថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិផងដែរ។
តំបន់ទេសចរណ៍ Am Vap Farm ។ រូបថត៖ FB Ky Thuong Am Vap Farm |
នាចុងសប្តាហ៍ តំបន់ Thuong ភូមិ Khe Phuong ឃុំ Ky Thuong មានការមមាញឹក ទទួលស្វាគមន៍ក្រុមភ្ញៀវទេសចរ អញ្ជើញមកទស្សនា និងសម្រាកលំហែកាយ។ នារយៈពេលកន្លងទៅនេះគឺជាគោលដៅដ៏ពេញនិយមរបស់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។ បើទោះបីជាត្រូវឆ្លងកាត់ផ្លូវព្រៃប្រមាណ ៦០ គីឡូម៉ែត្រ ដែលមានកំណត់ផ្លូវដ៏ខ្វាត់ខ្វែង គ្របដណ្តប់ដោយអ័ព្ទក៏ដោយ ប៉ុន្តែ ភ្ញៀវទេសចរបានគយគន់ទេសភាពធម្មជាតិដ៏ធំសម្បើម។
អាស្រ័យលើធម្មជាតិអំណោយផលនៃភូមិ Thuong ភូមិ Ky Thuong លោក Ly Tai Ngan ជនជាតិ Dao ម្នាក់ រួមជាមួយសហការីបានអនុវត្តន៍រូបសណ្ឋានទេសចរណ៍សហគមន៍ ដែលមានឈ្មោះថា Am Vap Farm។ រូបសណ្ឋាននេះបានទាញយកផលិតផលវប្បធម៌ជាច្រើនរបស់តំបន់ ក្រោមផ្ទះឈើផុតពីដីដែលមានក្លិនក្រអូបរបស់ឈើ Sa Moc កំពុងលាក់ខ្លួនក្រោមព្រៃឈើចាស់ខៀវស្រងាត់។ លោក Ly Tai Ngan នាយកក្រុមហ៊ុន Am Vap Farm នៅតំបន់ព្រៃភ្នំ Ky Thuong បានឲ្យដឹងថា៖ “ដំបូងឡើយ ប្រជាជនមានការស្ទាក់ស្ទើរណាស់ ប៉ុន្តែនៅពេលភ្ញៀវទេសចរណ៍មកទីនេះ ហើយប្រជាជនអាចលក់ត្រាវអាំង ស្ពៃ និងទឹកឃ្មុំដល់គេដោយផ្ទាល់ ដូច្នេះហើយអ្នកភូមិគាំទ្ររូបសណ្ឋាននេះណាស់។ អ្នកភូមិក៏អាចទៅបេះស្លឹកថ្នាំក្នុងព្រៃ ដើម្បីផ្គត់ផ្គង់ដល់ក្រុមហ៊ុន បង្កើតប្រភពចំណូលបន្ថែមដល់ប្រជាពលរដ្ឋផងដែរ”។
ចំណែកឯ លោក Do Duc Uyen ជនជាតិ Tay ម្នាក់ មកពីសហករណ៍រុក្ខជាតិ Tue Lam ឃុំ Vo Ngai ស្រុក Binh Lieu បានធ្វើការផលិតប្រេងពីស្លឹកគ្រៃ ផ្លែប៉ូចកាក់ ទេព្វិរូ និងក្រូចថ្លុង ដែលជាវត្ថុធាតុដើមមានស្រាប់ក្នុងស្រុក។ ទាំងនេះគឺជាផលិតផលនៃកម្មវិធីឃុំមួយផលិតផលមួយ (OCOP) របស់ខេត្ត Quang Ninh។ សហករណ៍មិនត្រឹមតែបានឧទ្ទេសនាមផលិតផលនៅតាមពិព័រណ៍ប៉ុណ្ណោះទេ ថែមទាំងដាក់តាំងបង្ហាញលក់នៅតាមទីកន្លែងស្នាក់នៅ ឬមហោស្រព So Binh Lieu ទៀតផង ដោយទទួលបានការនិយមចូលចិត្តពីសំណាក់ភ្ញៀវទេសចរ។ លោក Do Duc Uyen បានឲ្យដឹងថា៖ “ក្នុងពិធីបុណ្យរដូវមាស ស្តង់នីមួយៗទទួលបានប្រាក់ចំណេញពី ២ ទៅ ៣ លានក្នុងមួយថ្ងៃ។ ក្រោយរយៈពេលច្រើនថ្ងៃ យើងខ្ញុំទទួលបានប្រាក់ចំណូលច្រើនណាស់។ នៅពេលបញ្ចេញលក់ទំនិញបានច្រើន យើងខ្ញុំក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋប្រមូលវត្ថុធាតុដើមឲ្យបានច្រើនផងដែរ”។
ការអភិវឌ្ឍន៍ទេសចរណ៍តាមសហគមន៍ជួយប្រជាជនក្នុងឃុំ Ky Thuong មានឱកាសឧទ្ទេសនាមវប្បធម៌ពិសេសរបស់ជនជាតិ Dao ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ រូបថត៖ FB Ky Thuong Am Vap Farm |
ដំបូងលើយ ដោយសារការធ្វើដំណើរពិបាក បានជាភ្ញៀវទេសចរជាច្រើនលែងមានគោលបំណងមកទស្សនា ឃុំ Ky Thuong ឡើងវិញ។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ ផ្លូវបេតុងតភ្ជាប់ពីទីក្រុង Ha Long ទៅឃុំ Ky Thuong ជាមួយនឹងតម្លៃអំពីព្រៃឈើ វប្បធម៌របស់បងប្អូនជនរួមជាតិបានទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ។ តាមរយៈរូបសណ្ឋានទេសចរណ៍សហគមន៍នេះ បងប្អូនជនរួមជាតិបានជួបប្រាស្រ័យទាក់ទងគ្នាប្រកបដោយទំនុកចិត្ត ចេះថែរក្សាអនាម័យបរិស្ថាន អនាម័យម្ហូបអាហារ និងសុវត្ថិភាព និងរីយសាយភាយរាល់តម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់ភូមិស្រុក។ ដើម្បីជំរុញការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយវិជ្ជាជីវៈ និងជំនាញ ស្រុកBinh Lieu សហការជាមួយទីភ្នាក់ងារទេសចរណ៍កសាងសេណារីយ៉ូបណ្តុះបណ្តាលជំនាញដល់បងប្អូនអ្នកភូមិ និងឆ្ពោះទៅរកការអភិរក្យរាល់តម្លៃវប្បធម៌របស់ជនជាតិ Tay Dao និង San Chi នៅពេលធ្វើទេសចរណ៍សហគមន៍។ លោក Phung Huu Ngoc Anh អគ្គនាយកក្រុមហ៊ុនភាគហ៊ុនទេសចរណ៍ហាណូយ ដែលជាអង្គភាពអនុវត្តន៍រាល់គម្រោងទេសចរណ៍សហគមន៍នៅទីរួមស្រុក Binh Lieu បានឲ្យដឹងថា៖ “យើងខ្ញុំបានធ្វើការបណ្ដុះបណ្ដាលនៅហ្នឹងកន្លែងជូនបងប្អូនជនរួមជាតិ។ ជាពិសេស យើងខ្ញុំមានគោលបំណងចង់ថែរក្សា និងអភិរក្សលក្ខណៈស្ថាបត្យកម្មផ្ទះរបស់ជនជាតិ Dao Thanh Phan Tay និង San Chi ដើម្បីបម្រើភ្ញៀវទេសចរណ៍។ ទន្ទឹមនឹងនេះ មនុស្សជំនាន់ក្រោយនៅតែធំដឹងក្ដីក្នុងដំបូលផ្ទះទាំងនេះ ហើយជួយភ្ញៀវទេសចរយល់ដឹងបន្ថែមអំពីវប្បធម៌ និងសម្លេងរបស់ជនជាតិខ្លួន”។
ទោះបីនៅមានការងារជាច្រើនដែលត្រូវធ្វើក៏ដោយ ប៉ុន្តែ ការអភិវឌ្ឍទេសចរណ៍សហគមន៍នៅទីរួមស្រុក Binh Lieu បានរួមចំណែកផ្សព្វផ្សាយលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិភាគតិចទៅកាន់ភ្ញៀវទេសចរយ៉ាងច្រើនកុះករ។ ដោយម្ចាស់ការផ្លាស់ប្ដូរថ្មីទាំងការត្រិះរិះ និងរបៀបធ្វើ ប្រជាជននៅភូមិ Khe Phuong និយាយដោយឡែក និងនៅឃុំ Ky Thuong និយាយរួមកំពុងខិតខំប្រឹងប្រែងពីមួយថ្ងៃទៅមួយថ្ងៃជាមួយគោលបំណងចង់ភ្ជាប់ទេសចរណ៍សហគមន៍ជាមួយការអភិវឌ្ឍជីវភាពរស់នៅផងដែរ៕