អាស្រមលោកតា- អាស្រមលោកយាយ សញ្ញាសម្គាល់​វប្បធម៌​នៅតំបន់​ព្រំដែន​នៃមាតុភូមិ

(VOVWORLD) - កម្រមានទីកន្លែងណា ដែល នៅលើដងទន្លេតែមួយមានទីអាស្រមដ៏ពិសិដ្ឋចំនួនពីរបែរមុខទល់គ្នាជាមួយនឹងប្រវត្តិសាស្ត្រយូរយាណាស់មកហើយ ដូចជា អាស្រមលោកតា- អាស្រមលោកយាយ នៅស្រុក Ba Che ខេត្ត Quang Ninh។
អាស្រមលោកតា- អាស្រមលោកយាយ សញ្ញាសម្គាល់​វប្បធម៌​នៅតំបន់​ព្រំដែន​នៃមាតុភូមិ - ảnh 1អាស្រមលោកតានៅស្រុក Ba Che ខេត្ត Quang Ninh

កេរ្តិ៍ដំណែល អាស្រមលោកតា- អាស្រមលោកយាយ គឺជាសក្ខីភាពនៃដំណើរការជម្នះលើធម្មជាតិ កាប់ឆ្កាតំបន់ដីភាគខាងជើងនៃមាតុភូមិ ក៏ដូចជាការប្រឆាំងនឹងខ្មាំងងសត្រូវ ការពារមាតុភូមិរបស់ដូនតា។ កេរ្កិ៍ដំណែលនេះ មិនត្រឹមតែជាអាស័យដ្ឋានប្រជុំជីវភាពខាងជំនឿរបស់បណ្ដាជនជាតិភាតរៈនៅស្រុក Ba Che ខេត្ត Quang Ninh ប៉ុណ្ណោះទេ ថែមទាំងជាគោលដៅរបស់ភ្ញៀវទេសចរមកពីគ្រប់ទិសទីក្នុងឱកាសបុណ្យទាន និងបុណ្យតេតទៀតផងដែរ។ ទន្លេ Ba Che មានប្រវែង ៨០ គីឡូម៉ែត្រ ដែលលាតសន្ធឹងឆ្លងកាត់តាមភូមិនានានៅតាមបណ្តោយផ្លូវជាតិលេខ ១៨ ហើយហូរចូលទីរួមស្រុក Ba Che (ស្រុក Ba Che ខេត្ត Quang Ninh) ។ អស់រយៈពេលជាច្រើនជំនាន់មកហើយ នៅច្រកទ្វារទន្លេនេះ នៅតែមានអាស្រមចំនួនពីរគឺ អាស្រមលោកតា- អាស្រមលោកយាយ ដែលផ្សារភ្ជាប់នឹងរឿងរ៉ាវ ដកទ័ពថយប្រឆាំងនឹងខ្មាំងសត្រូវ ម៉ុងហ្គោលរបស់សស្ដេច Tran ពីរអង្គ។

នៅខែកុម្ភៈឆ្នាំ ១២៨៥ ក្នុងប្រិបត្តិការយុទ្ធសាស្ត្រប្រឆាំងនឹងខ្មាំងសត្រូវម៉ុងហ្គោលនោះ ព្រះវររាជបីតា ព្រះនាម Tran Thanh Tong និងព្រះមហាក្សត្រ Tran Nhan Tong បានយាងឆ្លងកាត់ទន្លេ Ba Che។ នៅចំពោះមុខកម្លាំងរបស់ខ្មាំងសត្រូវនៅពេលនោះ ឧត្តមសេនីយ៍ Le Ba Duc ដែលអមដំណើរ ព្រះមហាក្សត្រ និង ព្រះវររាជបីតាដកថយប្រកបដោយសុវត្ថិភាព។ លោក Hoang Minh Duc អនុលេខាគណៈកម្មាធិការបក្សឃុំ Nam Son ស្រុក Ba Che និងជាប្រធានគណកម្មការគ្រប់គ្រងកេរ្កិ៍ដំណែល អាស្រមលោកតា- អាស្រមលោកយាយ បានអោយដឹងថា៖ “មណ្ឌលកេរ្កិ៍ដំណែល អាស្រមលោកតា- អាស្រមលោកយាយមានទីតាំង ភូមិសាស្ត្រយុទ្ធសាស្ត្រលើវិស័យយោធា ហើយជាកន្លែងលាក់ទ័ពដើម្បីហ្វឺកហ្វឹន ។ នៅគ្រានោះ ដោយសារកម្លាំងខ្មាំងសត្រូវខ្លាំងជាង បានជាព្រះមហាក្សត្រ Tran ច្រើនអង្គបានដកទ័ពមកន្លែងនេះ ហើយបញ្ជាឲ្យមេទ័ព Le Ba Duc ដាក់ពង្រាយទ័ពនៅទីនេះ ដើម្បីបន្តការប្រយុទ្ធ។ ក្រោយមក ព្រះមហាក្សត្របានចាកចេញពីទូក យាងទៅកាន់ Thuy Chu (ស្រុក Thuy Nguyen ទីក្រុង Hai Phong) ហើយយាងទៅកាន់ ខេត្ត Thanh Hoa ដើម្បីបន្តប្រឆាំងនឹងខ្មាំងសត្រូវ ម៉ុងហ្គោល”។

 ព្រឹទ្ធាចារ្យភូមិបានដំណាលថា អ្នកភូមិបានកសាង អាស្រមលោកតា ដើម្បីគោរពបូជាមេទ័ព Le Ba Duc ។ អាស្រមលោកតាបានបែរមុខទៅទិស និរតី ដែលមានផ្ទៃដីប្រហែល ៥០ ម៉ែត្រការ៉េ។ ដោយឆ្លងកាត់ពេលវេលា អាស្រមលោកតាបានបាក់បែកខ្ទេចខ្ទី។ នៅឆ្នាំ ២០១៥ កេរ្កិ៍ដំណែល អាស្រមលោកតាត្រូវបានជួសជុលឡើងវិញឈរលើផ្ទៃដីជាង ៥០០ ម៉ែត្រការ៉េ យ៉ាងស្រស់ស្អាត។

អាស្រមលោកតា- អាស្រមលោកយាយ សញ្ញាសម្គាល់​វប្បធម៌​នៅតំបន់​ព្រំដែន​នៃមាតុភូមិ - ảnh 2ទល់មុខនឹង អាស្រមលោកតានៅត្រើយម្ខាងគឺអាស្រមលោកយាយ

ទល់មុខនឹង អាស្រមលោកតានៅត្រើយម្ខាងគឺអាស្រមលោកយាយ ដើម្បីគោរពបូជាព្រះម៉ែ Mau Thuong Ngan (មហាក្សត្រីនៃព្រៃ) ។ យោងទៅតាមរឿងព្រេងបានដំណាលថា ព្រះម៉ែ គឺជាបុត្រីរបស់ Son Tinh (Tan Vien Son Thanh) និងម្ចាស់ក្សត្រី My Nuong (បុត្រីរបស់ស្តេច Hung ទី ១៨) ។ ព្រះម៉ែមានគុណបំណាច់បង្រៀនប្រជាជននៅតំបន់ព្រៃភ្នំរបៀបដាំដំណាំហូបផ្លែ ដាំស្រូវជម្រាលភ្នំ សាងសង់ផ្ទះ និងបេះរុក្ខជាតិឱសថសម្រាប់ព្យាបាលជំងឺ។ អ្នកភូមិតែងតែជឿជាក់ថា  ព្រះម៉ែ Mau Thuong Ngan និងមេទ័ព Le Ba Duc តែងតែផ្ដល់សេចក្ដីសុខចម្រុងចម្រើនដល់ជនជាតិជាភាតរៈទាំង ១០ នៅស្រុក Ba Che។

នាថ្ងៃទី ១កើត ខែទី ៣ (តាមច័ន្ទគតិ) ជារៀងរាល់ឆ្នាំ ប្រជាជនក្នុងតំបន់បានរៀបពិធីបុណ្យ អាស្រមលោកតា អាស្រមលោកយាយ។ ក្នុងពិធីបុណ្យនេះ ក៏បានប្រព្រឹត្តិទៅល្បែងលែងកំសាន្តប្រជាប្រិយជាច្រើនដូចជា ការប្រកួតវេចនំអន្សម រុញដំបង និងចែវទុកដោយជើង។ លោកស្រី Luc Mai Phuong អ្នកភូមិមួយរូប នៅឃុំ Nam Son ស្រុក Ba Che ខេត្ត Quang Ninh បានឲ្យដឹងថា៖ “នៅថ្ងៃពេញបូរមី ថ្ងៃទី ១កើត ឬបុណ្យតេតនោះ អ្នកឃុំ Nam Son តែងតែមកដល់ទីនេះ ដើម្បីអុជធូប បួងសួងសុំសេចក្ដីសុខចម្រុងចម្រើន សុខភាពល្អ លាភសំណាងដល់គ្រួសសារ ជីវភាពរស់នៅ និងការងារ។ អ្នកឃុំពិតជាមានមោទនភាពណាស់”។

នាប៉ុន្មានឆ្នាំថ្មីៗនេះ អាស្រមលោកតា អាស្រមលោកយាយបានក្លាយទៅជាគោលដៅមួយ ដោយទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ។ លោក Ha Ngoc Tung ប្រធានការិយាល័យវប្បធម៌ និងព័ត៌មាននៃស្រុក Ba Che បានឲ្យដឹងថា៖ ជាមធ្យមក្នុងមួយឆ្នាំមានភ្ញៀវទេសចរជិត ១០ ០០០ នាក់បានមកទស្សនាអាស្រមលោកតា អាស្រមលោកយាយ និងគយគន់ទេសភាពទន្លេ Ba Che។ លោកបានសំណេះសំណាលថា៖ “ជាកេរ្កិ៍ដំណែលមួយដែលមានប្រវត្ដិសាស្ដ្រជាង ៧០០ ឆ្នាំនោះ កេរ្កិ៍ដំណែលអាស្រមលោកតា អាស្រមលោកយាយនឹងក្លាយទៅជាអាស័យដ្ឋានវប្បធម៌ខាងព្រលឹងវិញ្ញាណ ដោយតភ្ជាប់ជាមួយប្រព័ន្ធកេរ្កិ៍ដំណែលវត្តអារ៉ាមនិងកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រដទៃទៀតក្នុងតំបន់ ដើម្បីបង្កើតជាមណ្ឌលកេរ្កិ៍ដំណែល ដោយឆ្លើយតបនឹងតម្រូវការទស្សនា ឆ្លងបទពិសោធន៍ សិក្សាស្រាវជ្រាវរបស់ភ្ញៀវទេសចរមកពីគ្រប់ទិសទីផងដែរ”។

នៅដំណាច់ឆ្នាំ ២០២០ អាស្រមលោកតា អាស្រមលោកយាយនៅឃុំ Nam Son ស្រុក Ba Che ខេត្ត Quang Ninh ត្រូវបានទទួលស្គាល់ជាកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រថ្នាក់ជាតិ។ នេះជាមោទនភាពដ៏ធំធេងរបស់ប្រជាជននៅទីនេះដែលសរឲ្យឃើញនូវតំបន់ដី និងមនុស្ស ដែលបានគូសសញ្ញាប្រវត្តិសាស្ត្ររាប់រយឆ្នាំមុន។ អាស្រមលោកតា អាស្រមលោកយាយមានតម្លៃប្រៀបប្រដូចជា“ សញ្ញាសំគាល់វប្បធម៌” ដ៏អមតៈ ដោយអះអាងនូវអធិបតេយ្យភាពទឹកដីរបស់វៀតណាមនៅតំបន់ឦសានមាតុភូមិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ